ពលករ​ខ្មែរ​មក​ពី​ប្រទេស​កូរ៉េ​តាម​ការ​ឃោសនា​លោក ខឹម វាសនា ចាប់​ផ្ដើម​វិល​ត្រលប់​ទៅ​បំពេញ​ការងារ​វិញ

ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ខឹម វាសនា ឈរនិយាយពន្យល់ធម៌ដល់អ្នកគាំទ្រខ្លួន ស្ថិតនៅចម្ការម្រេចរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀម​រាប ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Khem Veasna)

សមាគមខ្មែរមួយនៅប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ពលករខ្មែរដែលចាកចេញពីការងារនៅក្នុងប្រទេសនេះមកកម្ពុជា ដោយសារតែជឿ​លើ​ការ​ឃោសនា​របស់លោក ខឹម វាសនា បានចាប់ផ្តើមវិលត្រលប់មកធ្វើការងារវិញហើយ ដោយសង្ឃឹមថានឹងអាចទទួលបានការងារចាស់របស់ពួកគេឡើងវិញ។

គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេសកម្ពុជា និងមានមួយចំនួនមកពីក្រៅប្រទេសផងដែរនោះ កាលពីសប្ដាហ៍មុន បាននាំគ្នាទៅប្រមូលផ្តុំនៅទីតាំងចម្ការរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បន្ទាប់ពីជឿ​លើ​ការ​ឃោសនារបស់លោក ដែលថា ពិភពលោកទាំងមូលនឹងលិចលង់ដោយទឹកជំនន់។

ទោះជាយ៉ាងណា ការជួបជុំនេះត្រូវបានរំសាយវិញជាបណ្ដើរៗ ខណៈពលរដ្ឋដែលនៅក្នុងទីតាំងដីចម្ការ​នោះបច្ចុប្បន្ននៅសល់ប្រមាណតែ១ ០០០​នាក់ ប៉ុណ្ណោះ។

ទាក់ទិននឹងករណីនេះ លោក ម៉េង ជា ប្រធានសមាគមកម្ពុជាសាមគ្គី​ (Khmer Solidarity Association) ក្នុង​ប្រទេស​កូរ៉េ ​បាន​ថ្លែង​ថា កម្មករ​ប្រមាណជា៤០០ទៅ៥០០នាក់​បាន​នាំគ្នាចាកចេញ​យ៉ាង​ប្រញាប់​ប្រញាល់​កាលពី​ចុង​ខែ​សីហាកន្លងទៅ ប៉ុន្តែពួកគេមួយចំនួនបានវិលត្រលប់មកវិញហើយ និងបច្ចុប្បន្ន​កំពុងតែ​ព្យាយាម​មកកាន់​ការងារចាស់របស់ពួកគេ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ។

លោកថា៖ «បច្ចុប្បន្ននេះ ពួកគេមួយចំនួនបានវិល​ត្រលប់​មក​វិញហើយ ដែលក្នុងនោះមួយចំនួនបាន​លាលែង​ពី​ការងារ និងអ្នក​ខ្លះ​ទៀត​បានសុំច្បាប់ឈប់​សម្រាក​រយៈពេលមួយ​ខែ»។​

ប្រធានសមាគមខាងលើបន្ថែមថា៖ «​កម្មករ​ភាគច្រើន​ពុំបាន​សុំ​ច្បាប់ត្រឹមត្រូវឡើយ ដោយពួកគេ​បាន​កុហក​ថា​ម្ដាយឬ​ឪពុក​របស់​ពួកគេ ​[នៅកម្ពុជា] ឈឺ ដែល​ពួកគេ​ត្រូវ​លាឈប់​ពី​ការងារ​។ ពួក​គេនៅពេលនោះក៏បាន​ចាក​ចេញ​ដោយ​ប្រញាប់ [ពីប្រទេសកូរ៉េមកកម្ពុជា]»។

លោកបន្តថា ការនាំគ្នាសម្រុកចាកចេញដែលមានករណីខ្លះធ្វើឡើងជាក្រុមក្នុងចំនួន៤៥នាក់ចេញពីរោងចក្រទាំងឡាយនេះ ក៏បានដាក់បន្ទុកបន្ថែមលើកម្មករកម្ពុជាផ្សេងទៀតដែលមិនចាកចេញផងដែរ។ ពួកគេគឺបានបង្កបញ្ហាដល់ជនចំណាកស្រុកកម្ពុជាផ្សេងទៀត ខណៈផលប៉ះពាល់នេះក៏អាចនឹងបន្តទៅថ្ងៃខាងមុខទៀតផងដែរ។

លោក ម៉េង ជា ថា​៖ «​នៅ​ពេល​ដែល​មានករណី​កម្មករ​ខ្មែរ​បានបង្កជាបញ្ហា​ជាមួយនិយោជកយ៉ាងដូច្នេះ គឺខាងពួកគេ​ [និយោជក] មិន​ចង់​ជួល​កម្មករ​ខ្មែរតទៅ​ទៀត​ទេ»។

ទោះជាយ៉ាងណា លោកបន្ថែមថា ​អ្នក​ដែល​ត្រលប់​មក​វិញ​នៅ​ពេល​នេះ និងបានចាកចេញពីការងារក្នុងរយៈពេល​តែ​មួយ​សប្ដាហ៍​ គឺភាគច្រើន​អាច​ចូល​ធ្វើ​ការ​វិញ​បាន ប៉ុន្តែសម្រាប់​អ្នក​ដែល​មិនទាន់វិលត្រលប់មកវិញ ​អាចនឹង​មាន​បញ្ហា។

ជាមួយគ្នានេះ លោក ជា សុភ័ក្រ្ត ជាកម្មករខ្មែរបម្រើការនៅរោងចក្រអេឡិចត្រូនិចមួយកន្លែងនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា មិត្តរួមការងាររបស់គាត់ចំនួនប្រាំពីរនាក់បានចាកចេញពីការងាររបស់ពួកគេ ដើម្បីទៅកាន់ចម្ការរបស់លោក ខឹម វាសនា។

លោកបន្ត​ថា​៖ «​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា​ ពូ​[លោក ខឹម វាសនា]របស់​ពួកគេ​បាន​​ដឹងជាមុនថា ពិភពលោកទាំងមូលនឹងលិចលង់ដោយទឹកជំនន់​ ដូច្នេះហើយពួកគេ​ត្រូវតែប្រញាប់​ចាកចេញ​ជា​បន្ទាន់​ ដោយថ្លៃសំបុត្រយន្តហោះ គឺមានខាងសកម្មជនជាអ្នកចេញឱ្យមុនសិន ហើយកម្មករអាចបង់សងនៅពេលក្រោយ»។

ទោះជាយ៉ាងណា លោក​បន្ថែមថា រោងចក្រ​មិន​សប្បាយ​ចិត្ត​ឡើយ។

លោកថា៖ «និយោជកនៅកន្លែងធ្វើការរបស់ខ្ញុំ និងមួយចំនួនទៀតបាននាំគ្នាប្ដឹងទៅកាន់ក្រសួងការងារកូរ៉េ ឱ្យបញ្ឈប់ការអនុញ្ញាតឱ្យកម្មករខ្មែរមកធ្វើការនៅទីនេះ ខណៈរោងចក្រខ្លះអាចនឹងក្ស័យធននៅពេលដែលមានករណីកម្មករក្នុងចំនួនច្រើនពីកន្លែងធ្វើការតែមួយចាកចេញទៅព្រមៗគ្នាយ៉ាងដូច្នេះ។»

បើតាមលោក ជា សុភ័ក្រ្ត ក្នុងចំណោមមិត្តរួមការងាររបស់លោកទាំងប្រាំពីរនាក់នេះ ក្នុងនោះមានម្នាក់បច្ចុប្បន្នមានគោលបំណងចង់ត្រលប់មកកាន់ប្រទេសកូរ៉េវិញ ដោយសារតែជំពាក់បំណុលគេ ខណៈអ្នកផ្សេងទៀតកំពុងតែជាប់នៅក្នុងចម្ការភ្នំគូលេន ដោយសារតែមិនមានទីតាំងទៅ។

គួរបញ្ជាក់ថា​ តំណាងបក្ស LDP កាលពីដើមសប្ដាហ៍នេះ ក៏បានស្នើ​អាជ្ញាធរ​ខេត្តសៀមរាប​មាន​ចំណាត់ការ​លើ​ពលរដ្ឋ​ដែល​មិនមែនជាសមាជិក​គណបក្យហើយបន្ត​ស្នាក់​នៅ​លើ​ដី​ចម្ការ​របស់​ខ្លួនផងដែរ។​

យោងតាម​លិខិត​មួយចេញថ្ងៃទី​៦ ខែកញ្ញា​ ដែលចុះហត្ថលេខាដោយតំណាងរបស់គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យមួយរូប បានឱ្យដឹងថា គណបក្ស LDP ​​បាន​ធ្វើ​កិច្ច​សន្យា​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ដែលបានស្នាក់នៅក្នុងដីចម្ការរបស់​​ខ្លួន ​​ចំនួន​​​២​ទីតាំង ​ឱ្យ​ចាកចេញ​​ត្រលប់ទៅផ្ទះវិញរៀងៗខ្លួន ​រយៈ​ពេល​៥ថ្ងៃ ចាប់​ពី​ថ្ងៃទី១ ​​ដល់​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២២ ត្រឹមម៉ោង៥និង៣០​នាទីល្ងាច ប៉ុន្តែ​រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួន​ក្រៅពីក្រុម​ការងារគណបក្ស ពុំព្រមចាកចេញពីចម្ការរបស់ខ្លួនឡើយ។

ករណីនេះ តំណាងគណបក្សខាងលើ ស្នើ​ទៅ​អភិបាល​នៃ​គណៈអភិបាលខេត្តសៀមរាបជួយ​អន្ត​រា​គមន៍ឬចាត់វិធានការផ្លូវច្បាប់ឱ្យពួកគាត់ចាកចេញពីដីចម្ការទាំង២ទីតាំងនោះ។

ជាការឆ្លើយតប អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានឱ្យដឹង​កាលពីថ្ងៃពុធកន្លងទៅ​ថា ក្រុមការងារជំនាញរបស់ខេត្តបានបន្តសហការជាមួយក្រុមការងារ​​គណបក្សនោះ ក្នុងការ​ចុះស្រង់ស្ថិតិ និង​នាំ​ពលរដ្ឋចេញ​ពីទីតាំងនោះតាម​ការ​ស្ម័គ្រចិត្តររបស់គាត់ ដោយមិនមានការកំណត់ពេលវេលាទេ។

លោកបន្តថា៖ «យើងធ្វើទាល់តែអស់ ប៉ុន្តែយើងសង្ឃឹមថាមិនយូរទេ ដោយ​សារ​ខាង​ក្នុង​ហ្នឹង​មិនមានអ្វីសម្រាប់ការផ្គត់ផ្គង់អ្វីបន្តទៀតទេ បានពួកគាត់​ព្រមទទួលថាកិច្ចសន្យា​របស់​គាត់​​ចប់​ហើយ ហើយគាត់ប្រគល់ប្រជាពលរដ្ឋដែលមិនព្រមចាកចេញឱ្យអាជ្ញាធរចាត់ចែង»៕


រាយការណ៍​បន្ថែម​ដោយលោក ណាត សុភាព

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Workers Who Left Korea to Escape End of World Begin to Return

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ