​​រដ្ឋាភិបាល​​​បញ្ជា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​​ធ្វើ​យុទ្ធនាការ​​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀននិង​​ការ​ជួញ​ដូរ​​មនុស្ស​

កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដោយ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​(​កោះ​ព្រាប​)​ បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណីដឹកជញ្ជូននិងជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ នៅទីតាំងចំនួន៣ ក្នុងខេត្តព្រះសីហនុ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០២២​។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

រាជរដ្ឋាភិបាលដាក់បទបញ្ជាជាថ្មីទៀតទៅអាជ្ញាធរគ្រប់រាជធានី ខេត្ត និងស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ត្រូវបើកធ្វើយុទ្ធនាការប្រឆាំង និងបង្រ្កាបឧក្រិដ្ឋជនកម្មគ្រឿងញៀន ការជួញដូរមនុស្ស ​ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែលកំពុងកើតឡើងនៅកម្ពុជា។

ការដាក់ចេញបទបញ្ជាជាថ្មីទៀតនេះ ក្រោយរដ្ឋាភិបាលបានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការបង្ក្រាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្សនាពេលកន្លងមក ប៉ុន្តែនៅតែ​ត្រូវបានគេមើលឃើញបរាជ័យ។

ជាក់ស្តែង រដ្ឋាភិបាល បានបើកយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៧ ប៉ុន្តែរហូតដល់បច្ចុប្បន្ន កម្ពុជាត្រូវអន្តរជាតិមើលឃើញថា ជាកន្លែងសម្រាប់ឧក្រិដ្ឋជនផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនថែមទៀតផង។

សេចក្ដីប្រកាលព័ត៌មាន បន្ទាប់បិទបញ្ចប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលដាក់បទបញ្ជាម៉ឹងម៉ាត់ឱ្យគ្រប់រាជធានី ខេត្ត ​ ព្រមទាំងស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ត្រូវបើកយុទ្ធនាការប្រឆាំងនិងបង្រ្កាបឧក្រិដ្ឋជនកម្មគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែលបាន​កើតឡើងនៅកម្ពុជាឱ្យមានប្រសិទ្ធភាព។

វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀនលោក ម៉ក់ ជីតូ បានទេនៅថ្ងៃសៅរ៍នេះ។  

ប៉ុន្តែពាក់ព័ន្ធបញ្ហាជួញដូរមនុស្សវិញ នៅថ្ងៃទី១០ ខែកញ្ញានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចរបស់ក្រសួងដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។

​សេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌នៅ​ថ្ងៃទី១០ ខែកញ្ញា ​ បានឱ្យយដឹងថា ក្រុមការងារចំពោះកិច្ច គឺមានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន អមដោយ អនុប្រធាន១រូប និងមានសមាជិកចំនួនចំនួន១៦រូប។

ក្រុមការងារចំពោះកិច្ចនេះ ​មានតួនាទី និងភារកិច្ច​សម្របសម្រួលនីតិវីធីក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យជនបរទេសតាមបណ្តាគោលដៅសង្ស័យ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនល្មើស និងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។

លើសពីនេះ ជំរុញ និងពង្រឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្តន្ទាទោស ពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ឱ្យបានតឹងរ៉ឹងស្របតាមច្បាប់ ព្រមទាំងជំរុញការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោស ពីបទល្មើសសម្អាតប្រាក់ ស្របតាមច្បាប់ និងនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ​ក្នុងករណីរក​ឃើញ​តម្រុយនៃបទល្មើស សម្អាតប្រាក់ ដែលកើតចេញពីបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទជាដើម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ទោះបីជាកន្លងទៅ រដ្ឋាភិបាលបានតាំងចិត្តជាបន្តបន្ទាប់  ក្នុងទប់ស្កាត់បញ្ហាគ្រឿង និងការជួញដូរមនុស្សជាដើម ប៉ុន្តែបញ្ហាទាំងអស់នេះមិនបានថមថយឡើយ។

លោកបន្តថា ​ការជួញដូរគ្រឿងញៀនបន្តកើតមានឡើង បណ្ដាលមកពីមន្ត្រីមួយចំនួនជាអ្នកអនុវត្តច្បាប់នោះ មានពាក់ព័ន្ធនឹងអំពើពុករលួយឬជនល្មើស ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀនមានយុទ្ធសាស្ត្រថ្មីៗ ក្នុងការធ្វើសកម្មភាព។ លើសពីនេះ ការរឹតបន្តឹងតាមព្រំដែននៅមានភាពខ្វះចន្លោះច្រើន ដែលធ្វើឱ្យឧក្រិដ្ឋជនមានឱកាសក្នុងនាំចូលគ្រឿងញៀនមកកម្ពុជា។

លោក យង់ គិមអេង បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនមានការតាំងចិត្ត និងឆន្ទៈពិតប្រាកដ ក្នុងការ​ទប់ស្កាត់បទល្មើសទាំងនេះឱ្យបានដូចភ្លៀងរលឹម និងមិនអាចលុបបំបាត់អំពើពុករលួយ បក្ខពួកនិយមបានទេ លោកថា បញ្ហាគ្រឿងញៀនឹងមិនថមថយឡើយ។

លោកថា៖«យើងពិបាកវាយតម្លៃពីភាពជោគជ័យ ដោយសារ បញ្ហាគ្រឿងញៀននេះ ចេះតែកើតឡើងច្រើន មិនថានៅទីក្រុង ឬជនបទទេ  ទោះបីជារដ្ឋាភិបាលមានការប្ដេជ្ញាចិត្ត ធ្វើសកម្មភាពមួយចំនួនហើយ ប៉ុន្តែបញ្ហាគ្រឿងញៀនវានៅតែកើតឡើង»។

លោកបន្តថា គ្រឿងញៀនបាន​ជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិជាពិសេសទៅលើកុមារ  យុវជន  ដែលធ្វើឱ្យពួកគេបាត់បង់ឱកាសសិក្សា អភិវឌ្ឍន៍ខ្លួន និងបង្កអសន្តិសុខក្នុងសង្គម កាន់តែខ្លាំង។

ម្យ៉ាងទៀត កម្ពុជាពិបាកក្នុងការងើបចេញពីបញ្ជីប្រផេះ ហើយអាចធ្លាក់ចូលក្នុងបញ្ជីខ្មៅដែលអាមេរិក និងអឺរ៉ុបបានដាក់កន្លងមក។ លោកថា  ​បញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជាក៏ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដែរ  បើរដ្ឋាភិបាលដោះស្រាយ​មិនបាន។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កម្ពុជាត្រូវបានសហរដ្ឋអាមេរិកដាក់ចំណាក់លេខ៣ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ហើយសហភាពអឺរ៉ុបដាក់កម្ពុជាក្នុងបញ្ជីប្រផេះ នៃការលាងលុយកខ្វក់ថែមទៀត។ លោកថា បញ្ហានេះ បានធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលកម្ពុជាលើឆាតអន្តរជាតិ។

លោកបន្តថា បើរដ្ឋាភិបាលមិនអាចទប់ស្កាត់បញ្ហាគ្រឿងញៀន ការជូញដូរមនុស្សដូចការតាំងចិត្តទេនោះ  កម្ពុជានឹងរងប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារអ្នកវិនិយោគនឹងអាចពិចារណាមុនចូលមករកស៊ីនៅកម្ពុជា។ បន្ថែមពីនេះ នឹងប៉ះពាល់ភ្ញៀវទេសចរ​បរទេស និងបង្កអសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រទេសកម្ពុជាផងដែរ។

លោកថា៖«អ៊ីចឹងខ្ញុំយល់ថា ប្រសិទ្ធភាពមិនមែននៅលើបទបញ្ជាទេ ប្រសិទ្ធភាពទៅលើការអនុវត្ត ការអនុវត្តច្បាប់យើងមានស្រាប់ហើយ។  បើយើងអនុវត្តឱ្យបានតឹងរឹង ហើយថែមបទបញ្ជានេះ គ្រាន់តែជាការក្រើនរំលឹកឱ្យស្ថាប័នពាក់ព័ន្ធនឹងអនុវត្តឱ្យបានតឹងរឹងជាដាច់ខាត ទោះបីអ្នកពាក់ព័ន្ធនឹងការជួញដូរមនុស្ស  ឬការជួញដូរអំណាចហ្នឹងស័ក្តិប៉ុណ្ណាក៏ដោយត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់។ អាហ្នឹងអាចនឹងមានប្រសិទ្ធភាពហើយ»។

ទាក់ទិនករណីបង្ខាំង អំពើឆបោក និងការជួញដូរមនុស្សនៅកម្ពុជានេះដែរ កាលពីថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២២ ក្រសួងការបទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយដោយ​ដាក់ប្រទេសកម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅរបស់ខ្លួន។

ចំណាត់ថ្នាក់របស់សហរដ្ឋអាមេរិកនេះ  បន្ទាប់ពីរកឃើញថា ​ ​​កា​រ​ជួញ​ដូរ​​ជនបរទេស​​​ចូល​មក​​ក្នុង​​ប្រទេស​កម្ពុជាកំពុ​ង​មានការ​កើ​នឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀតពាក់ព័ន្ធនឹងវិស័យការងារ ពលករ​ចំណាក​ស្រុក ហើយ​​ម​ន្ត្រី​​​មួ​យ​ចំនួន​សម​​គំនិត​ក្នុង​​ប្រតិ​បត្តិ​ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។

អាមេរិក ក៏​បាន​អំពាវ​នាវ​ឱ្យ​កម្ពុជាបង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​អនុវត្ត​ច្បាប់ប្រឆាំងនឹងប្រតិ​បត្តិ​ការឆបោកតាម​អ៊ីនធឺណិត រួមទាំង​ការចោទប្រកាន់ពីការ​​ងារ​ដោយ​បង្ខំ និង​ប្រឆាំងចំពោះមន្ត្រី​ដែល​សម​គំនិ​ត​ក្នុង​ប្រតិបត្តិការឆបោក​ និងឧក្រិដ្ឋកម្មជួញដូរមនុស្សទាំងនោះ។

បើតាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង លើកឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា ក្នុងឆ្នាំ២០២១កន្លងទៅ បទល្មើសជួញដូរមនុស្សសមត្ថកិច្ចបង្ក្រាបបាន៣​៥៩លើក ដែលជាការកើនឡើង២ដង ធៀបនឹងឆ្នាំ២០១៩ មានត្រឹម១៥៥ករណីប៉ុណ្ណោះ។

អ្ន​ក​ស្រី បង្ហាញពីការឈឺចាប់ ទៅលើឧក្រិដ្ឋជនមួយចំនួន ដែលត្រូវបានគេរាយការណ៍បានយកកម្ពុជាធ្វើ​​​ជា​​ក​ន្លែងជួញដូរដែលជាផ្នែកមួយត្រូវបានគេរាប់បញ្ជូលទៅក្នុងរបាយការណ៍វាយតម្លៃចំណាត់ថ្នាក់លេ​ខ​​៣​​​ ដែលអ្នកស្រីថាជាចំណាត់ថ្នាក់បាតតារាង។

ចំណែកបញ្ហាគ្រឿងញៀនវិញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភខ្លាចអន្តរជាតិដាក់ធនាគារជាតិនៃកម្ពុជាក្នុងបញ្ជីខ្មៅ ជាហេតុធ្វើឱ្យ​ប្រឈមហានិភ័យធំធេងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។

លោកជំរុញឱ្យសមត្ថកិច្ចស្រាវជ្រាវ ឱ្យដល់ឫសគល់ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនដោយថា  បច្ចុប្បន្នឧក្រិដ្ឋជន ឬ ឈ្នួញគ្រឿងញៀន យកប្រាក់ដែលពួកគេរកបានពីការជួញដូរគ្រឿងញៀនទៅទិញដី  ផ្ទះ បើកក្រុមហ៊ុន និងដាក់ក្នុងធនាគារជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ