រដ្ឋាភិបាល​ផ្អាក​បា្ររព្ធ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំ​ពេញ​ក្នុង​ឆ្នាំ​នេះ​ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ

សកម្មភាពហ្វឹកហាត់សមរបស់ក្រុមកីឡាករអុំទូក មុននឹងចាប់ផ្ដើមពិធីប្រណាំងទូកចាប់ផ្ដើម នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

រដ្ឋាភិបាល​ប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញនាឆ្នាំ២០២២នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកនោះឡើយ។

ការផ្អាកនេះ ធ្វើឡើងក្នុងសេចក្ដីប្រកាសព័ត៌មានមួយ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៅគណៈរដ្ឋមន្ត្រីនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដីប្រកាសព័ត៌មាន ឱ្យដឹងថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិឆ្នាំ២០២២ រដ្ឋាភិបាលសម្រេចផ្អាក ប៉ុន្តែអាជ្ញាធរនៅតាមបណ្ដារាជធានីខេត្តនានា អាចរៀបចំពិធីបុណ្យអុំទូកនេះ នៅក្នុងខេត្តរបស់ខ្លួនបាន  ដើម្បីបង្ក ភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃ ការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ការផ្អាកពិធីបុណ្យអុំទូក អាចបណ្ដាលមកពីរដ្ឋាភិបាលខ្វះខាតថវិកា បន្ទាប់ពីវិបត្តិកូវីដ-១៩។ ម្យ៉ាងទៀត លោកយល់ថា ការមិនរៀបចំពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ អាចមកពីរដ្ឋាភិបាលបារម្ភការជួបជុំ និងប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋជាដើម។

លោកថា៖«ប៉ុន្តែរឿងសំខាន់បំផុតពិធីបុណ្យបែបហ្នឹង វាមិនមានបញ្ហាអីធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ បើសិនយើងថា ពិធីបុណ្យ ពិធីអីប៉ះពាល់សណ្ដាប់ធ្នាប់អាហ្នឹងធ្វើឱ្យសេរីភាព ធ្វើឱ្យភាពរីករាយកាន់តែបាត់បង់។ អ៊ីចឹងសុភមង្គលរបស់ប្រជាពលរដ្ឋ គឺផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យជាតិផ្សេងៗ។ អាហ្នឹងជាសុភមង្គលជារួមរបស់ប្រជាជាតិ។ អ៊ីចឹងកាលណាយើងមិនបានធ្វើទេ ធ្វើឱ្យបាត់បង់សុភមង្គលជាតិរួមរបស់ប្រជាជាតិ ហើយពិធីបុណ្យជាតិនេះ ធ្វើឱ្យម្នាក់ៗមានមោទនភាពក្នុងការទៅលេង ទៅដើរកម្សាន្ត។ កាលណាអត់មាន ហាក់ដូចជាគាត់អត់បានស្គាល់អត្តសញ្ញាជាតិ យល់ដឹងពីពិធីហ្នឹងច្រើន ហើយក៏អត់សូវចាប់អារម្មណ៍ដែរ»។

លោកបន្តថា បើរដ្ឋាភិបាលគួរតែបញ្ជាក់ពីមូលហេតុផលឱ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋ ខណៈការខនខានបា្ររព្ធពិធីបុណ្យជាតិជាបន្តបន្ទាប់បែបនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ និងលែងមានអ្នកចាប់អារម្មណ៍ពិធីបុណ្យជាតិថែមទៀតផងដែរ។

លោកថា៖«អ៊ីចឹងរដ្ឋាភិបាលគួរតែបង្ហាញនូវហេតុផល  ហើយនឹងជំហរជាក់លាក់ណាមួយ ថាយ៉ាងម៉េច ហើយពេលណារដ្ឋាភិបាល ធ្វើឱ្យបានប្រាកដប្រជា។ ការរៀបចំពិធីបុណ្យជាតិនីមួយៗគេកម្របោះបង់ចោលណាស់ ក្នុងស្ថានភាពធម្មតាអ៊ីចឹង នៅក្នុងស្ថានភាពកូវីដគ្រប់គ្រងបានហើយ យើងឃើញនៅបណ្ដា​ប្រទេសផ្សេងៗក៏គេមានការរៀបចំពិធីរបស់គេដែរ គេមិនទុកពិធីហ្នឹងចោលទេ។ រឿងពិធីជាតិ គឺជាពិធីកិត្តិយសជាតិ មុខមាត់របស់ជាតិ ជាកិត្តិយស ជាមុខមាត់របស់រដ្ឋាភិបាល»។

កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសផ្អាកពិធីបុណ្យអុំទូកអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមហេតុផលថា ទប់ស្កាត់ការឆ្លងរីករាលដានជំងឺកូវីដ-១៩ ។

តែយ៉ាងណាក៏ដោយ ការសម្រេចផ្អាកបា្ររព្ធពិធីបុណ្យអុំទូកពេលនោះ រដ្ឋាភិបាល​មិនបានបញ្ជាក់ពីមូលហេតុឡើយ ទោះបីជាបច្ចុប្បន្នជំងឺកូវីដ-១៩ បានធូរស្រាលក្ដី។

​កម្ពុជា​ក៏​ធ្លាប់​ខកខាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​មួយ​នេះ​​រយៈ​ពេល ៣ឆ្នាំ​ជាប់ៗគ្នាកាល​ពី​ឆ្នាំ២០១១ ឆ្នាំ២០១២ និង​ឆ្នាំ២០១៣ ក្រោយ​ពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ ដែល​បណ្ដាល​ឱ្យ​​​មនុស្ស​ជាង៣៥០នាក់​ស្លាប់ និង​​ដោយសារ​ហេតុ​ផល​គ្រោះ​ទឹក​ជំនន់ និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ នរោត្ដម សីហនុ។

ក្នុង​ឆ្នាំ២០១៤ ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​វិញ តែ​ក៏​បាន​ខកខាន​ម្ដង​ទៀត​នៅ​ឆ្នាំ២០១៥ ​ដោយសារ​កម្ពស់​ទឹក​ទន្លេ​រាក់​​ពេក​ ​មិន​អាច​អុំទូក​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ