ពលរដ្ឋ​ប្រកប​របរ​លក់​ផ្កា​និង​ដឹក​ភ្ញៀវ​ទេសចរ​ឡើង​ប្រាសាទ​ព្រះវិហារ​ត្អូញ​ត្អែរ​ពី​ការ​ធ្លាក់​ចុះ​ចំណូល​ ​

ទិដ្ឋភាពភ្ញៀវទេសចរទៅលេងកម្សាន្តនៅលើប្រាសាទព្រះវិហារ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

ពលរដ្ឋប្រកបរបរ​លក់ផ្កា និង​​ដឹកនាំភ្ញៀវឡើងប្រាសាទវិហារ ត្អូញត្អែរពីការបាត់បង់ចំណូល​ ក្រោយភ្ញៀវទេចរមកលេងកម្សាន្តនៅមានសភាពស្ងប់ស្ថាត់នៅឡើយ ទោះបីប្រាសាទបុរាណមួយនេះបានរៀបចំយ៉ាងស្រស់ស្អាត អមដោយសម្រស់ធម្មជាតិ ​ និងទោះបីវិបត្តិជំងឺកូវីដ-១៩ មានភាពប្រសើរឡើងវិញក៏ដោយ។

ឈរនៅក្រោមដំណក់ទឹកភ្លៀវ កំពុងនិយាយជាមួយ​អ្នកលក់​ផ្កាដូចគ្នានៅកណ្ដាលផ្លូវឡើងទៅប្រាសាទព្រះវិហារ អ្នកស្រី សុខ ឃឿន រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្តអះអាងថា តាមការសង្កេតរបស់អ្នកស្រីគឺ មានភ្ញៀវទេសចរតិចតូចដែលមកទស្សនានៅតំបន់ប្រាសាទមួយនេះ បើប្រៀបធៀបកាលមុខមានវិបត្តិកូវីដ-១៩​។

អ្នកស្រីលើកឡើងថា៖«ឥឡូវលក់មិនសូវបានទេ ព្រោះភ្លៀងច្រើន មានពេលខ្លះភ្ញៀវគេជិះឡាន ជិះម៉ូតូមកអ៊ីចឹងទៅ មានភ្លៀងមានអីក៏ជិះទៅវិញទៅ។ យើងពិបាកលក់ដូរ ទោះស្ថានភាពកូវីដ-១៩ ល្អប្រសើរមែន តែអ្នកដែលមកលេងនេះក៏ខ្សោយដែរ គេមិនសូវទិញផ្កាយើងដែរ បើទោះគេមកលេងក៏ដោយ»។

អ្នកស្រី សុខ ឃឿន ជាអ្នកលក់ផ្កានៅតំបន់ប្រាសាទព្រះវិហារ ឈរផ្ដល់បទសម្ភាសន៍នៅមុខផ្លូវឡេីងទៅប្រាសាទព្រះវិហារនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

ស្រ្តីពាក់អាវភ្លៀវពីលើខ្លួន និងមានសម្បុរស្រអែមនិយាយរាងរដឺនៗរូបនេះបន្ថែមថា អ្នកស្រីមកប្រកបអាជីពអ្នកលក់ផ្កានៅប្រាសាទព្រះវិហារនេះ តាំងពីក្រោយ​មានផ្ទុះអាវុធដាក់គ្នារវាងខ្មែរនិងថៃរួចមក។ អ្នកស្រីបន្តថា  ​អាជីពលក់ដូរផ្កាឱ្យភ្ញៀវនេះ ក្នុងមួយថ្ងៃអាចរកចំណូលបាន១០ម៉ឺនរៀល ទៅ២០ម៉ឺន​ ប៉ុន្តែបច្ចុប្បន្នរកចំណូលមិនបានដូចមុនទៀតឡើយ​។

ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត​ លោក ផាន់ ភារម្យ ជាអ្នកស៊ីឈ្នួលដឹកភ្ញៀវទេសចរអស់រយៈពេលជិត១០ឆ្នាំមកហើយ។ ឈរក្បែរម៉ូតូរបស់ខ្លួនបានប្រាប់វីអូឌីថា ក្រៅពីរបរ​ជាអ្នកស្រែចម្ការ  លោកបានមកប្រកបរបរជាអ្នកបើកម៉ូតូដឹកភ្ញៀវឡើងប្រាសាទវិហារ ដោយក្នុងមួយជើងយកពីភ្ញៀវក្នុងតម្លៃ១ម៉ឺន៥ពាន់រៀល(១៥ ០០០រៀល)សម្រាប់អ្នកជិះម្នាក់។

លោកបន្តថា កាលពីមុនមានវិបត្តិជំងឺកូវីដ-១៩ នៅពេលមានភ្ញៀវឡើងច្រើន ពេលខ្លះអាចរកចំណូលបាន​ដល់ទៅជិត ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នទម្រាំមានដឹកភ្ញៀវបានមួយជើង ឬពីរជើងពិបាក ព្រោះមិនសូវមានភ្លៀវតែម្តង។

លោកអះអាងថា ភាគច្រើននៃភ្ញៀងមកលេងតែពេលបុណ្យទានធំៗ ម្ដងៗ ដូចជាបុណ្យកឋិន បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌជាដើម។

បលោក ផាន់ ភារម្យ ជាអ្នកប្រកបរបរបេីកម៉ូតូដឹកភ្ញៀវឡេីងប្រាសាទព្រះវិហារ កំពុងឈរក្រោយពីផ្ដល់បទសម្ភាសន៍នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

លោកឡើងថា៖ «អ្វីដែលជាបញ្ហាគឺថាយើងត្រូវប្រឹងប្រយ័ត្នខ្ពស់នៅពេលដឹកភ្ញៀវម្ដងៗ។ ដូច្នេះវាពិបាក ណាមួយមិនសូវមានភ្ញៀវដឹកទៀត គេនិយមជិះឡានច្រើនជាង ដោយសារតែពួកគេមកដើរលេងលក្ខណៈគ្រួសារ ឬក្រុម។ អ៊ីចឹងគេម៉ៅ[ជួល]ឡានជិះ ដល់ពេលយើងមានតែម៉ូតូអត់មានអ្នកជួល យូរៗអីទើបបានមួយ ហើយឥឡូវមិនសូវមានភ្លៀងទៀតហ៎ា មិនសូវបានចំណូលទេ»។

ដោយឡែក មន្រ្តីទាហានម្នាក់ដែល ឈរជើងប្រចាំនៅលើប្រាសាទព្រះវិហារអស់រយៈពេលជាង១០ឆ្នាំ គឺលោក សំាង សុវុទ្ធី បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរមានភាពល្អប្រសើរជាងកំឡុងពេលកូវីដ-១៩ ដោយលោកមើលឃើញថា មានពលរដ្ឋខ្មែរ និងបរទេសមកលេងជាហូរហែ ប៉ុន្តែមិនទាន់ច្រើនគួរឱ្យគត់សម្គាល់ខ្លាំងនោះទេ។ លោកបន្តថា ​ប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទប់ពីមានភ្លៀងធ្លាក់ខ្លាំង អត្រា​ភ្ញៀវមកលេងកម្សាន្តក៏បានធ្លាក់ចុះច្រើនផងដែរ។

លោកលើកឡើងថា៖«ភាគច្រើននៃអ្នកមកលេងប្រាសាទច្រើនតែមកពីបណ្ដាខេត្តដូចជាសៀមរាប កំពង់ធំ កំពង់ឆ្នាំង ក្រចេះ និងភ្នំពេញជាដើម។ ដោយភាគច្រើនគេមកជាលក្ខណៈគ្រួសារ និងលក្ខណៈក្រុមដើម្បីបានមកទស្សនាសម្រស់ធម្មជាតិប្រាសាទ និងដើរថតលេងនៅតាមចំណុចនីមួយៗ ដោយសារតែប្រាសាទមានដល់ទៅ៥គោបុរៈ មានប្រាសាទទី១ ទី២ ទី៣ ទី៤ និងទី៥ដែលមានសម្រស់ធម្មជាតិស្អាត»។

កំពុងតែឈរនៅក្នុងរោងកំឡុងពេលដែលមេឃភ្លៀងខ្លាំង និយាយសម្ដីមួយៗរួមដោយទឹកមុខញញឹម លោក សុខ ម៉ៅ ជាភ្ញៀវទេសចរមកទស្សនាប្រាសាទព្រះវិហារលើកទី១ មានដើមកំណើតនៅខេត្តស្វាយរៀងប្រាប់​ថា ស្ថានភាពនៅតំបន់ប្រាសាទមានភាពស្រស់ស្អាត រួមទាំងសំណង់ប្រាសាទបុរាណច្រើនដែលនៅសល់។ លោកថា ពលរដ្ឋខ្មែរគួរតែមកទស្សនាឱ្យបានច្រើន ដើម្បីលើកកម្ពស់ដល់ជីវភាពពលរដ្ឋនៅតំបន់ក្បែរនោះតាមរយៈការទិញសម្ភារៈឬម្ហូបអាហារ និងជួលម៉ូតូឬឡាន ឡើងប្រាសាទជាដើម។

លោកបន្តថា៖ «លើកទី១របស់ខ្ញុំដែលមកដល់ទីនេះ ហើយមានអារម្មណ៍ថាសប្បាយ ព្រោះប្រាសាទស្អាត បើសិនជាសំណង់នៅល្អដូចធាតុដើមមិនដឹងល្អប៉ុណ្ណា។ អីចឹងទេ ពលរដ្ឋខ្មែរយើងដែលមិនទាន់បានមកដល់ គួរតែមកដើម្បីអភិរក្សប្រាសាទរបស់យើង និងចូលរួមលើកកម្ពស់ផ្នែកសេដ្ឋកិច្ចអ្នកនៅក្បែរនោះដែរ»។

វិអូឌីមិនអាចទាក់ទង លោក គង់ វិបុល ប្រធានមន្ទីរទេចរណ៍ខេត្តព្រះវិហារ បានទេនៅថ្ងៃទី៩ ខែកញ្ញា​ ដោយហៅទូរសព្ទចូលតែគ្មានអ្នកទទួល។ ​

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិម អេង មានប្រសាសន៍ថា​ ​ ការរៀបចំឱ្យមានលំហូរភ្ញៀវជាតិ និងអន្តរជាតិបានលឿនរហ័ស​គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល​។ លោកអះអាងថា ប្រសិនបើបញ្ហានេះដោះស្រាយបាន ​ ប្រាកដណាស់វាជាផ្នែកមួយជួយដល់សេដ្ឋកិច្ចពលរដ្ឋ និងអាចកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន មើលឃើញថា រយៈពេល​ប៉ុន្មានខែចុងក្រោយនេះ ​កំណើនភ្ញៀវទេសចរ​នៅតំបន់ទេសចរណ៍មានការកើនឡើងច្រើន បើទោះបីជាអត្រាភ្ញៀវអន្តរជាតិមានតិចតូចក៏ដោយ។​

តែយ៉ាងណា អ្នកស្រីបារម្ភថា កំណើនភ្ញៀវទេសចរនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ បណ្ដាលឱ្យសេវាកម្មមួយចំនួនដូចអាជីវករលក់ដូរ និងអ្នករត់រឺម៉ក់ទេសចរជាដើមអាចជួបការលំបាកក្នុងការរកប្រាក់ចំណូល។

​អ្នកស្រីមានប្រសាសន៍ថា៖« យើងស្នើថាឱ្យរដ្ឋាភិបាល ធ្វើម៉េចឱ្យបើកភ្ញៀវទេសចរចូលមកប្រទេសយើងឱ្យដូចវគ្គៗមុន[មុនវិបត្តិកូវីដ-១៩]យើងស្រួលរក។ តាមពិតទៅមិនមែនតែតំបន់ប្រាសាទព្រះវិហារទេដែលអត្រានៃភ្ញៀវទេសចរធ្លាក់ចុះ សូម្បីតែតំបន់ទេសចរណ៍ធំៗដូចជាសៀមរាប ឬកំពង់សោមក៏មានបញ្ហាដែរ។ អ៊ីចឹងដើម្បីសម្រួលដល់ពួកគាត់នៅទីនោះបាន ប្រជាពលរដ្ឋគួរតែជួយទិញ និងប្រើប្រាស់សេវាកម្មដឹកជញ្ជូនដូចជាម៉ូតូឡានផងដែរ ដើម្បីឱ្យពួកគាត់អាចមានចំណូល និងបន្តការងារដឹកជញ្ជូនទាំងនោះដូចដើម»។

​​ប្រាសាទ​ព្រះវិហារ មានទីតាំងនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក ជាប់ព្រំដែនថៃ។

ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ 

​ឯកសារ​ស្ថាបត្យកម្ម​ប្រាសាទ​បុរាណ​ខ្មែររបស់​បណ្ឌិត​សាស្ត្រាចារ្យ មីសែល ត្រាណេ បោះពុម្ព​ឆ្នាំ​២០០៨ បាន​ឱ្យដឹង​ថា ​​ប្រាសាទ​​ព្រះវិហារ​​ ត្រូវ​បាន​ផ្ដើម​កសាងឡើង​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ​មួយ​ព្រះ​អង្គព្រះនាម ​​ព្រះបាទ យសោវរ្ម័ន​ទី​១ ដែល​គ្រង​រាជ្យ​ចន្លោះពី​ឆ្នាំ​៨៨៩ ដល់​ឆ្នាំ​៩០០ នៃ​គ្រិស្ត​សករាជ។ ព្រះអង្គ​ក៏ជា​​​ស្ថាបនិកទីក្រុង យសោធបុរៈ ឬ​ទីក្រុង​អង្គរ​ នៅ​ខេត្ត​សៀមរាប​​សព្វ​ថ្ងៃផងដែរ។

ប្រភពដដែល​បន្ត​ថា ប្រាសាទ​ព្រះ​វិហារ ​ត្រូវ​បាន​ស្ថាបនា​បង្ហើយ​តាម​ព្រះរាជ​បំណង​របស់​ព្រះបាទ សូរ្យវរ្ម័ន​ទី​១ ដែល​សោយ​រាជ្យ​ពី​ឆ្នាំ​១០០២ ដល់​ឆ្នាំ​១០៥០ នៃ​គ្រិស្ត​សករាជ។  រីឯ​ព្រះ​បាទ សូរ្យវរ្ម័ន​ទី​២ ដែល​បាន​សោយ​រាជ្យ​ពី​ឆ្នាំ​១១១៣ ដល់​ក្រោយ​ឆ្នាំ​១១៤៥ នៃ​គ្រិស្ត​សក​រាជ និង​ជាព្រះមហាក្សត្រកសាងប្រាសាទអង្គរវត្តផងនោះ ​ព្រះអង្គ​ក៏​បានរួមចំណែក​សាង​សង់​បន្ថែម​​លើ​ទម្រ​ចាស់នៃប្រាសាទព្រះវិហារ ក្នុងរជ្ជកាលរបស់ព្រះអង្គ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ