សង្គមស៊ីវិល​ទទូច​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ចំពោះ​អាជ្ញាធរ​បង្ក​ហិង្សា​លើ​កូដករ​ណាហ្គាវើលដ៍

កូដករជាស្ត្រីម្នាក់បានសន្លប់បាត់ស្មារតី ដោយសារប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលចាត់វិធានការច្បាប់លើសមត្ថកិច្ចនិងកងកម្លាំងសន្តិសុខខណ្ឌដែលបង្កហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ជាថ្មីទៀត ដើម្បីលុបបំបាត់ការរំលោភសិទ្ធិមនុស្ស និងវប្បធម៌និទណ្ឌភាពនៅកម្ពុជា។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា ចាប់តាំងពីក្រុមកូដករណាហ្គាវើលដ៍ចេញធ្វើកូដកម្មរយៈពេលជិត៩ខែកន្លងមកនេះ សមត្ថកិច្ចនិងសន្តិសុខតែងតែប្រើអំពើហិង្សាលើពួកគេជាហូរហែ ដោយអ្នកខ្លះរងរបួសធ្ងន់ ស្រាល សន្លប់ និងខ្លះទៀតត្រូវបានចាប់ដាក់ពន្ធនាគារ ជាដើម ខណៈជនបង្កមិនទាន់ឃើញមានវិធានការច្បាប់នៅឡើយ។

ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើជនបង្កហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ ដើម្បីលុបបំបាត់ការរំលោភសិទ្ធិមនុស្ស និងវប្បធម៌និទណ្ឌភាពនៅកម្ពុជា។

លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធទាំងអស់គប្បីពិនិត្យឡើងវិញ អំពីការអនុវត្តរបស់ក្រុមសមត្ថកិច្ចកន្លងមក គួរតែមានការចាត់វិធានការស្រាវជ្រាវរកជនដែលប្រព្រឹត្តទាំងអស់ហ្នឹងមកផ្តន្ទាទោសតាមច្បាប់ មិនអាចបណ្តែតបណ្តោយឱ្យរឿងនេះកើតឡើងបន្តទៀតទេ។ វាអាចទៅដល់ស្ថានភាពធ្ងន់ធ្ងរថ្ងៃក្រោយ បើសិនជាមិនអនុវត្តចំពោះអ្នកដែលប្រព្រឹត្តល្មើសច្បាប់ ខ្ញុំគិតថាអំពើហិង្សាវាអាចកើនឡើង ហើយអាចប៉ះពាល់ដល់អាយុជីវិតទៅទៀត»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកកងកម្លាំងសមត្ថកិច្ចនិងសន្តិសុខខណ្ឌដែលរារាំងនិងប្រើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ ជាការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការប្រមូលផ្តុំ ការជួបជុំគ្នាសម្តែងមតិដោយសន្តិវិធី។

ករណីនេះ លោកថា បើរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃមិនចាត់វិធានការច្បាប់លើមន្ត្រីក្រោមឱវាទ និងសន្តិសុខដែលបង្កហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកបន្ថែមថា៖ «ពេលដែលផ្ទុះអំពើហិង្សា អ្នកណាដែលជាអ្នករងផលប៉ះពាល់ គឺមុខមាត់របស់រដ្ឋាភិបាល ប៉ុន្តែកើតឡើងចេញពីបុគ្គលម្នាក់ ពីរនាក់ហ្នឹង! វាជាវប្បធម៌មួយអាក្រក់ ដែលគួរតែបំបាត់ចោល»។

ចំណែកអនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន និយាយថា នៅពេលក្រុមកូដករចេញធ្វើកូដកម្មជិត៩ខែកន្លងមកនេះ ពួកគាត់បានយកញត្តិដាក់នៅស្ថាប័នរដ្ឋមួយចំនួន ដូចជា ក្រសួងការងារ ទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាដើម ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំស្ថាប័នទាំងនោះជួយអន្តរាគមន៍ទៅក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយបញ្ចប់វិវាទជាមួយកូដករដែរ ប៉ុន្តែរហូតមកដល់ថ្ងៃទី១២ ខែកញ្ញានេះ មិនទាន់មានដំណោះស្រាយនៅឡើយ។ ប៉ុន្តែត្រូវបានអាជ្ញាធរមួយចំនួនចោទពួកគាត់ថា នាំគ្នាធ្វើការប្រមូលផ្តុំគ្នាដោយខុសច្បាប់ទៅវិញ។

ទាក់ទិននឹងការលើកឡើងថា ក្រុមហ៊ុនណាហ្គាវើលដ៍រំលោភសិទ្ធិសហជីព រំលោភសិទ្ធិកម្មករ ហេតុអ្វីបានជាកូដករនៅតែចង់ធ្វើការងារនៅក្រុមហ៊ុននោះបន្តទៀត? 

អ្នកស្រីឆ្លើយថា ពួកគាត់ចង់ធ្វើការនៅក្នុងក្រុមហ៊ុនបន្តទៀត ដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភសិទ្ធិកម្មករ និងទាមទារឱ្យមានសហជីព ពង្រឹងប្រសិទ្ធភាពការងារនៅក្នុងក្រុមហ៊ុន កុំឱ្យថៅកែបន្តធ្វើបាបកម្មករ ជាដើម។

អ្នកស្រីនិយាយថា៖ «កន្លែងហ្នឹងមិនល្អហើយ បានចាំបាច់ត្រូវតែមានសហជីពនៅក្នុងក្រុមហ៊ុន ដើម្បីការពារសិទ្ធិកម្មករ ការពារអត្ថប្រយោជន៍អ្វីផ្សេងៗ ពីការរំលោភកម្មករពីថៅកែអីហ្នឹង! អ៊ីចឹងកម្មករផ្សេងទៀតនៅក្នុងស្រុកខ្មែរ ចាំបាច់មានសិទ្ធិសេរីភាព ចាំបាច់មានសហជីពធ្វើអ្វី? ឱ្យតែថៅកែធ្វើអ្វីមិនល្អ ពួកយើងនាំគ្នាដើរចេញ ហើយទុកឱ្យកម្មករផ្សេងទៀតនៅធ្វើការដូចជាទាសករទៅអ៊ីចឹង»។

កាលពីម្សិលមិញនេះ ​កូដករណាហ្គាវើលដ៍ចំនួន២នាក់ដួលសន្លប់ និងមួយចំនួនទៀតរងរបួសស្រាល។ កូដករថា ក្រុមសមត្ថកិច្ច និងកងសន្តិសុខខណ្ឌទួលគោករាប់សិបនាក់បានប្រើហិង្សាលើកូដករ ខណៈពួកគេនាំគ្នាដើរហែក្បួនពីក្រសួងការងារឆ្ពោះទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន។

ប៉ុន្តែអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានច្រានចោលការលើកឡើង ដែលថា សមត្ថកិច្ចបង្កហិង្សាលើក្រុមកូដករណាហ្គាវើលដ៍បណ្តាលឱ្យរងរបួសជាបន្តបន្ទាប់។ លោកថា សមត្ថកិច្ចអនុវត្តការងាររបស់ខ្លួន ដើម្បីថែរក្សាសណ្តាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «ការលើកឡើងមកថា សមត្ថកិច្ចបង្កហិង្សា វាមិនពិតនោះទេ! ដូចខ្ញុំបានជម្រាបអ៊ីចឹង ក្រុមបាតុករខុសច្បាប់ទាំងអស់ គឺតែងតែធ្វើអ្វីខុសច្បាប់ជាប្រចាំ បន្តការហែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ទូទៅ ក៏ដូចជាការបង្កហេតុ បង្កើតជារូបភាពផ្សេងៗ ញុះញង់ ប្រមាថមកលើសមត្ថកិច្ច បង្កើតជារូបភាព ហើយបែរជាចោទមកលើសមត្ថកិច្ចថាជាអ្នកបង្កបញ្ហាទៅវិញ»។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបានបញ្ឈប់​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។

យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជិត៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ ដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះតែម្តង បើទោះបីជាច្បាប់តម្រូវឱ្យមានសហជីពក្នុងក្រុមហ៊ុនយ៉ាងណាក្ដី។​

នេះគឺជាលើកទីមួយដែលក្រុមកូដករណាហ្គាវើលដ៍បានទទួលរងនូវអំពើហិង្សាជាថ្មីទៀតក្នុងពេលប្រមូលផ្តុំតវ៉ា នៅក្រោយដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីខែសីហាកន្លងទៅ។ គេសង្កេតឃើញថា នៅពេលអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សមានវត្តមាននៅកម្ពុជា អាជ្ញាធររាជធានីភ្នំពេញមិនបានប្រើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍នោះទេ បើទោះជាកូដករបានប្រមូលផ្តុំតវ៉ានៅពីមុខក្រុមហ៊ុនក្តី។ លោក វីទិត មុនតាប៊ន បានចាត់ទុកសកម្មភាពរបស់អាជ្ញាធរនៅពេលនោះថា ជាជំហានវិជ្ជមានក្នុងការគោរពសិទ្ធិសេរីភាពបញ្ចេញមតិរបស់ក្រុមកូដករ និងបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់បើកនូវលំហសេរីភាព និងបន្តអនុវត្តនូវសកម្មភាពល្អនេះទៅថ្ងៃមុខបន្តទៀត៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ