មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា ការផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ គឺដោយសារតែរដ្ឋាភិបាលមានភាពមមាញឹកខ្លាំងក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលអាស៊ាន» ដែលចាំបាច់ត្រូវធានានូវសន្តិសុខជូនមេដឹកនាំបរទេស រួមទាំងមេដឹកនាំប្រទេសមហាអំណាចផង ដែលត្រូវចូលរួមប្រជុំនៅកម្ពុជា។ រីឯ សង្គមស៊ីវិលយល់ថា វត្តមានភ្ញៀវសំខាន់ៗចំពេលពិធីបុណ្យជាតិដ៏ធំនេះ វារឹតតែជារឿងដែលមិនគួរផ្អាក ពោលគឺជាឱកាសបង្ហាញពីប្រពៃណីដ៏ល្អរបស់ជាតិ។
ការអះអាងរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែកញ្ញា បានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបអកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នាឆ្នាំ២០២២នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា នៅខែវិច្ឆិកាខាងមុខនេះ កម្ពុជាមានភាពមមាញឹកខ្លាំងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលជាការងារចាំបាច់របស់កម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំនេះ។
លោក ផៃ ស៊ីផាន ថាភ្ញៀវដែលនឹងអញ្ជើញមកកម្ពុជានាឱកាសនោះ សុទ្ធតែជាភ្ញៀវសំខាន់ៗបំផុត ខណៈកម្ពុជាចាត់ទុកព្រឹត្តិការណ៍នេះជាកិត្តិយសណាស់។ ដូច្នេះ រដ្ឋាភិបាលនឹងមានភាពមមាញឹកច្រើនក្នុងការធានានូវសន្តិសុខ។
លោកថា៖ «រាជរដ្ឋាភិបាលជាមួយនឹងអាជ្ញាធរហ្នឹង គឺរវល់ណាស់ ក្នុងការទទួលភ្ញៀវ ក៏ដូចជាការផ្តល់ជាសន្តិសុខសម្រាប់ភ្ញៀវបរទេសដែលជាមហាអំណាចធំៗច្រើនមកកាន់កម្ពុជា អាហ្នឹងជាហេតុផល។ អាស្រ័យហេតុដូច្នេះហើយបានជាសម្តេចលោកសុំអធ្យាស្រ័យ មិនបានធ្វើពិធីហ្នឹងទេ ទុកឱ្យតាមខេត្តធ្វើទៅ យើងចង់បំបែកមនុស្សដើម្បីទៅប្រជុំរីករាយនៅតាមខេត្ត ដោយរាជធានីភ្នំពេញទទួលភ្ញៀវច្រើន»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះថា រដ្ឋាភិបាលមិនបំភ្លេចចោលពិធីបុណ្យអុំទូកនេះទេ។ ពលរដ្ឋអាចនៅតែទៅទស្សនាការប្រណាំងទូក ឬដើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនេះនៅតាមបណ្ដាខេត្ត។
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហាប់ ទូច សុំមិនធ្វើអត្ថាធិប្បាយបន្ថែមពាក់ព័ន្ធការផ្អាកនេះទេ។ លោកបានប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅអ្នកនាំពាក្យក្រសួងវប្បធម៌វិញ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បដិសេធធ្វើការអត្ថាធិប្បាយ ដោយថាលោកកំពុងប្រជុំ។
លោកថា៖ «មួយភ្លែតក៏អត់បានដែរប្អូន កំពុងប្រជុំ»។
ចំណែកសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង្ស សុធារ៉ា យល់ថា បុណ្យជាតិតំណាងឱ្យអត្តសញ្ញាណរបស់ជាតិ បង្ហាញពីកម្លាំងរបស់ជាតិ សេដ្ឋកិច្ច នយោបាយ និងសន្តិភាព។ លោកថា វប្បធម៌តែងតែប្រែប្រួលជានិច្ចទៅតាមពេលវេលា កាលៈទេសៈប្រទេសជាតិជាដើម។ លោកថា ការផ្អាកមួយរយៈក្រោមហេតុផលណាមួយដែលរដ្ឋាភិបាលគិតថាចាំបាច់ វាមិនបានធ្វើឱ្យប្រែប្រួល ឬនាំឱ្យបាត់បង់ប្រពៃណីនោះឡើយ។
លោក វង្ស សុធារ៉ា ថា៖ «ប៉ុន្តែឥលូវ នៅក្នុងកាលៈទេសៈយើងកំពុងតែឆ្លងរាលដាលជំងឺហ្នឹង វាមិនទាន់ចប់នៅឡើយ រដ្ឋាភិបាលគ្រាន់តែផ្អាកអ៊ីចឹង ដូចជាអត់អីទេ តាមការយល់ឃើញរបស់ខ្ញុំ។ […] អត្តសញ្ញាណរបស់ជាតិ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ វប្បធម៌របស់ជាតិ យើងថែរក្សាហើយ ប៉ុន្តែបើសិនជាយើងនៅថែរក្សា ហើយធ្វើឱ្យសង្គមវាមានគ្រោះថ្នាក់ ក៏រដ្ឋាភិបាលគិតចំណេញឬខាតទៅតាមហ្នឹងដែរ។ រដ្ឋាភិបាលមានសិទ្ធិនៅក្នុងការគិតគូររឿងហ្នឹង»។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មិនមែនជាពិធីបុណ្យសម្រាប់តែពលរដ្ឋខ្មែរនៅកម្ពុជានោះទេ ពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម ក៏ខិតខំថែរក្សា ការពារ និងប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ បើទោះជាពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមក្តី។
អគ្គលេខាធិការ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន ថ្លែងថា ពិធីបុណ្យអុំទូកជាពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់ជាតិរបស់ខ្មែរតាំងពីដើមមក ដែលមិនគួររំលង។
លោកទទួលស្គាល់ថា កាលពីឆ្នាំមុន នៅពេលដែលមានការរីករាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរ វាជារឿងសមហេតុផលដែលតម្រូវឱ្យមានការផ្អាក។ ប៉ុន្តែសម្រាប់ឆ្នាំ២០២២នេះ លោកថា រដ្ឋាភិបាលមិនគួរផ្អាកការប្រារព្ធពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងនោះទេ។
ក្រៅពីនោះ បណ្ឌិត សឺន ជុំជួន បារម្ភដែរថា បើរដ្ឋាភិបាលកម្ពុជាដែលប្រៀបដូចជាឪពុកម្តាយ ដឹកនាំពិធីបុណ្យជាតិសម្រាប់ពលរដ្ឋខ្មែរ រួមទាំងខ្មែរក្រោមផងនោះ ផ្អាកការប្រារព្ធពិធីបុណ្យនេះញឹកញាប់ពេក យូរទៅនឹងធ្វើឱ្យកូនខ្មែរហាក់រសាយចិត្តពីនិមិត្តរូបបុណ្យជាតិដ៏ធំរបស់ខ្មែរមួយនេះ។
លោកថា៖ «អ៊ីចឹងកាលណាមានការបង្អាក់ហ្នឹងជាហូរហែតរៀងទៅ វាអាចធ្វើឱ្យមានការព្រួយបារម្ភទៅអនាគត ដែលរដ្ឋាភិបាលវៀតណាមគេអាចជាលេសមួយ ដែលគិតថា បើសូម្បីតែរដ្ឋាភិបាលនៅកម្ពុជាហ្នឹងក៏គេមិនធ្វើផង ហើយចុះទម្រាំនៅកម្ពុជាក្រោមអីជាដើម? សម្រាប់ប្រពៃណីខ្មែរដែលនៅកម្ពុជាក្រោម ក៏អាចជាលេសមួយដែលរដ្ឋាភិបាលវៀតណាម គេមិនអាចអនុញ្ញាតអី ខ្ញុំមិនដឹងថាម៉េចទេ! ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំគិតថា ស្មារតីបងប្អូនពលរដ្ឋយើងដែលនៅកម្ពុជាក្រោម ដែលជាខ្មែរហ្នឹង មិនអាចទុកឱ្យទង្វើហ្នឹងជាការបង្អាក់ដោយរដ្ឋាភិបាល [វៀតណាម] បានទេ»។
សម្រាប់បណ្ឌិត សឺន ជុំជួន ការដែលពិធីបុណ្យជាតិដ៏ធំនេះមានកាលបរិច្ឆេទកៀកពេល ឬស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានកើតឡើងនៅរាជធានីភ្នំពេញ លោកយល់ថា វាកាន់តែជារឿងដែលមិនគួរផ្អាកបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងទៅវិញទេ។
លោក សឺន ជុំជួន បន្តថា៖ «បើជាមូលហេតុថា វាកៀកពេល ឬក៏វាស្របជាមួយប្រជុំរឿងអាស៊ានអីជាដើមហ្នឹង ខ្ញុំគិតថា វាជារឿងល្អវិញ។ រដ្ឋាភិបាលគួរតែមានពិធីប្រពៃណីហ្នឹងបង្ហាញឡើង ស្របពេលដែលកម្ពុជាយើងជាម្ចាស់ផ្ទះនៅក្នុងការប្រជុំអាស៊ានហ្នឹង ហើយនេះជាឱកាសមួយបង្ហាញទៅដល់ប្រទេសដែលជាសមាជិកអាស៊ានហ្នឹង ជាពិសេសអ្នកដែលចូលរួមកម្មវិធីអាស៊ានហ្នឹងបានស្គាល់បន្ថែមទាក់ទងទៅហ្នឹងប្រពៃណីរបស់ខ្មែរយើង នៅក្នុងពិធីបុណ្យអុំទូកនេះ»។
មន្រ្តីសង្គមស៊ីវិលរូបនេះស្នើរដ្ឋាភិបាលពិចារណាឡើងវិញក្នុងការប្រារព្ធពិធីបុណ្យអុំទូក ដើម្បីជាចំណែកជួយបង្ហាញទំនៀមទម្លាប់របស់ខ្មែរទៅដល់រដ្ឋដែលជាសមាជិកអាស៊ានដែលនឹងមានវត្តមាននៅកម្ពុជានាខែវិច្ឆិកា។
រដ្ឋាភិបាលប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នៅឆ្នាំនេះ ប៉ុន្តែអាជ្ញាធរនៅតាមបណ្ដារាជធានីខេត្តនានាអាចរៀបចំពិធីបុណ្យអុំទូកនេះនៅក្នុងខេត្តរបស់ខ្លួនបាន ដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់ពលរដ្ឋ។
កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសផ្អាកពិធីបុណ្យអុំទូកអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមហេតុផលថា ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
កម្ពុជាក៏ធ្លាប់ខកខានប្រារព្ធព្រះរាជពិធីបុណ្យមួយនេះរយៈពេល៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឱ្យមនុស្សជាង៣៥០នាក់ស្លាប់ និងដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្ដម សីហនុ។
ក្នុងឆ្នាំ២០១៤ ពិធីបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ តែក៏បានខកខានម្ដងទៀតនៅឆ្នាំ២០១៥ ដោយសារកម្ពស់ទឹកទន្លេរាក់ពេក មិនអាចអុំទូកបាន។
ពិធីបុណ្យអុំទូកឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែវិច្ឆិកា ខាងមុខនេះ។ ចំណែកកិច្ចប្រជុំអាស៊ាននឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកាផងដែរ៕