ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​ប្រកាស​ជំហរ​មិន​យក​ការ​ដោះដូរ ខណៈ​អាជ្ញាធរ​ឱ្យ​បំបែក​ជាក្រុមតូចៗ​ដើម្បី​រក​ដំណោះស្រាយ​ដីធ្លី

ពលរដ្ឋដែលមានជម្លោះដីធ្លីករណីបឹងតាមោក អង្គុយផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងវិវាទមួយនេះ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋ​មួយចំនួនដែល​រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ ប្រកាសជំហរមិនទទួលយកការដោះដូរដី​ទៅទីតាំង​ថ្មី ខណៈអាជ្ញាធរឱ្យពួកគេបំបែកជាក្រុមតូចៗ ដើម្បីជួបពិភាក្សាជាមួយអាជ្ញាធរ​ក្នុង​ការ​រក​ដំណោះស្រាយរឿង​ដីធ្លី។

ការប្រកាសជំហររបស់ក្រុមពលរដ្ឋនេះ ធ្វើឡើងក្រោយពីពួកគាត់បានជួបប្រជុំជាមួយតំណាងរដ្ឋបាល​រាជធានីភ្នំពេញ និងតំណាងរដ្ឋបាលខណ្ឌព្រែកព្នៅ នៅសាលាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ។

ពលរដ្ឋ​ម្នាក់ អ្នក​ស្រី ខេន សាអយ ប្រាប់​វីអូឌី​ថា ការ​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​ព្រឹក​មិញ​នេះ គឺខាងអាជ្ញាធរនៅតែបង្ខំឱ្យ​ពលរដ្ឋ​​ដោះដូរ​ដី​ទៅនៅ​ទីតាំង​ថ្មី ស្ថិតនៅក្នុង​សង្កាត់សំរោងត្បូងនោះដែរ ប៉ុន្តែ​អ្នកភូមិ​មិន​ព្រម​ទទួលយក​ការដោះដូរតាមការកំណត់របស់អាជ្ញាធរនោះទេ។

ពលរដ្ឋរូបនេះបន្តថា ក្រោយពីចរចា​មិនត្រូវគ្នា ខាង​អាជ្ញាធរបានតម្រូវឱ្យពលរដ្ឋបំបែកគ្នា​ជាក្រុមតូចៗ ដោយមួយក្រុមមានគ្នា​៥នាក់ ដើម្បីទៅជួបចរចា​រកដំណោះស្រាយជាមួយអាជ្ញាធរម្តងទៀត ដោយ​ចាប់ផ្តើមពីថ្ងៃពុធ​ខាងមុខនេះទៅ។ អ្នកស្រីថា ពលរដ្ឋបានយល់​ព្រមបំបែក​ជាក្រុមតូចៗទៅតាមសំណូម​ពររបស់អាជ្ញាធរ។

អ្នកស្រី ខេន សាអយ ឱ្យដឹងថា អាជ្ញាធរបានត្រៀមដី៥ហិកតា នៅជាប់ផ្លូវលេខ១៥១ ក្នុ​ងសង្កាត់សំរោងត្បូង ដោយក្នុង​មួយគ្រួសារ​អាច​ទទួល​បាន​ដីឡូត៍ «៤ម៉ែត្រកន្លះ គុណ ១​៨ម៉ែត្រ» ប៉ុន្តែពលរដ្ឋនៅតែមិនព្រមទទួលយក។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំរស់នៅតាំងពីឆ្នាំ១៩៩០ ហើយអាជ្ញាធរថាពួកខ្ញុំរស់នៅលើដីសាធារណៈរបស់រដ្ឋ។ ចុះខ្ញុំជាប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិរស់នៅលើដីរដ្ឋទេ? ឱ្យខ្ញុំទៅនៅណា? បើគាត់ដោះដូរ ឱ្យគាត់ដោះតែគាត់ទៅ ពួកខ្ញុំនៅក្នុងសហគមន៍គឺអត់​ទៅទាំងអស់គ្នា។ មូលហេតុខ្ញុំនៅកន្លែងនេះបានសុខស្រួលហើយ។ ខ្ញុំរស់នៅតាំងពីកន្លែងនេះផ្លូវ​ពិបាក ដល់​ពេលអភិវឌ្ឍស្រួល គាត់មកដេញពួកខ្ញុំចេញ។ បុរីគេនៅជុំវិញនេះ គេមកនៅក្រោយខ្ញុំនៅឆ្នាំ២០១៥ និងអ្នកនៅក្នុងបឹង គេបែរជាមាន​បណ្ណសិទ្ធិ។ សម្រាប់ពួកខ្ញុំរស់នៅមានដីបន្តិចបន្តួ​ច​ អត់មានបណ្ណកម្មសិទ្ធិ។ អ៊ីចឹងពួកខ្ញុំមិន​ទៅទេ ស៊ូស្លាប់លើដីនេះ»

ពលរដ្ឋម្នាក់ទៀត ​អ្នក​ស្រី ផន សុខុម និយាយថា អ្នកស្រី និងពលរដ្ឋផ្សេងទៀត ទាមទារការអភិវឌ្ឍ​នៅ​នឹង​កន្លែង ដោយមិនព្រម​ដោះដូរទៅកន្លែងថ្មី ដោយបារម្ភពីការបាត់បង់មុខរបរ និងមានបញ្ហាជីវភាពគ្រួសារ។ អ្នកស្រីបន្តថា បើទោះបីជារដ្ឋាភិបាលចង់ពង្រីកផ្លូវលេខ១៥១ ឱ្យដល់៥០ម៉ែត្រតាមគម្រោងនោះ ក៏មិន​បានប៉ះ​ពាល់ដល់ប្រជាពលរដ្ឋរស់នៅជាប់ផ្លូវនោះដែរ ដោយសារពួកគាត់អាចរំកិលផ្ទះថយក្រោយបាន​។

ពលរដ្ឋរូបនេះក៏​បានច្រានចោល​ចំពោះអាជ្ញាធរដែលចោទពួកគាត់ថា​រស់នៅលើចំណីផ្លូវសាធារណៈ និងនៅលើផ្ទៃបឹងតាមោកដោយខុសច្បាប់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «សព្វថ្ងៃនេះ អាជ្ញាធរថ្នាក់ក្រោមធ្វើបាបពួកខ្ញុំទាំងរស់។ ទាំងរស់រឿងអី? ព្រោះមនុស្សយើងរស់នៅពឹងលើលំនៅឋាន ចុះបើគាត់ដកយកលំនៅឋានពួកខ្ញុំហើយ ហាក់បី​ដូចជាគាត់យកជីវិតពួកខ្ញុំអ៊ីចឹង។ អីចឹងពួកខ្ញុំត្រូវតែមានការតស៊ូ ហើយបើតស៊ូរឿងដី រឿងផ្ទះ ខ្ញុំមានទោស ក៏ខ្ញុំមិនដឹងធ្វើម៉េច​ដែរ។ ខ្ញុំជឿជាក់ថា សម្តេចគាត់មិនលើកដៃធ្វើដាក់ពលរដ្ឋបែប​នេះដែរ មានតែអាជ្ញាធរថ្នាក់ក្រោមទេដែលគាត់ធ្វើអ៊ីចឹងនោះ»

បើតាមអ្នកស្រី ផន សុខុម រហូតមកដល់ពេលនេះ មានពលរដ្ឋ៧នាក់ហើយបានជាប់បណ្តឹងនៅតុលាការ ក្រោយពួកគាត់នាំគ្នាតវ៉ារកដំណោះស្រាយដីធ្លីនេះ។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ សុំមិន​ឆ្លើយតបចំពោះលទ្ធផលប្រជុំព្រឹកមិញនេះទេ ដោយ​ថា លោកមិន​បានចូល​រួម។ ​ប៉ុន្តែលោកធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរ​មិនអាចអភិវឌ្ឍនៅនឹងកន្លែងបានឡើយ ដោយសារ​​ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវ​លេខ​១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីក៥០ម៉ែត្រ។

ប្រធានគម្រោង​សិទ្ធិ​លំនៅ​ឋាន និង​ស្រាវ​ជ្រាវ​ នៃ​អង្គការ​សមាគម​ធាង​ត្នោត​ លោក ស៊ាង មួយឡៃ មានប្រសាសន៍ថា រដ្ឋាភិបាលបាន​កាត់ដីផ្ទៃបឹងតាមោករាប់ពាន់ហិកតា​ទៅឱ្យក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាច បង្កឱ្យ​មាន​​ភាព​អយុត្តិធម៌សង្គម។

មន្ត្រីសង្គមស៊ីវិល​ផ្នែកសិទ្ធិលំនៅឋានរូបនេះ បន្តថា ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាច មានសិទ្ធិទទួលបានដីបឹង​មក​ធ្វើជា​កម្ម​សិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅនិងអាស្រ័យផលនៅជាប់បឹងនោះ​រាប់ឆ្នាំ បែរ​​​ជាមិន​​ទទួល​បាន​​កម្ម​សិទ្ធិ​លើដីរបស់ខ្លួន និងត្រូវរងនូវ​ការបណ្តេញចេញពីលំនៅឋាន​ទាំងបង្ខំ​ថែមទៀត។

លោក ស៊ាង មួយឡៃ បាន​ទទូចដល់អាជ្ញាធរដោះស្រាយជូនពលរដ្ឋ ដោយឈរលើគោលការណ៍យុត្តិធម៌ និង​តម្លាភាព ដើម្បី​កុំឱ្យប៉ះពាល់​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋាន និងសិទ្ធិដីធ្លី ដែលធានាដោយ​ច្បាប់ជាតិ និងអន្តរជាតិ។

លោក​បន្ថែម​ថា៖ «យើងឃើញថា ប្រជាពលរដ្ឋក្រីក្រដែលរស់នៅតាំងពីយូរណាស់មក​ហើយ នៅតាមទីតាំង​តំបន់ជាប់បឹងនោះ ត្រូវ​បាន​គេ​បណ្ដេញចេញ ឬគំរាមកំហែងឱ្យចេញពីទីតាំង​ហ្នឹង ហើយយកដីនៅទីតាំងហ្នឹង​ទៅឱ្យអ្នក​មាន​លុយ​មានអំណាច​​វិញ ដែលបញ្ហានេះ វាបង្ក​ឱ្យមានការឈឺចាប់ និងប៉ះពាល់ធ្ងន់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ»

គួរបញ្ជាក់​ថា បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់យក​បឹង​ធម្មជាតិ​មួយ​នេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង២ ០០០​ហិកតា​ហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ពន្ធផ្សេង​ៗ ព្រម​ទាំង​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ