អាជ្ញាធរ​ខេត្តស្វាយរៀង​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ស្រែ​ពលរដ្ឋ​៤គ្រួសារ​ដែល​មិនព្រម​ទទួល​យក​សំណង​រឿង​ដីធ្លី

ប្រជា​​សហគមន៍ចេកមាស ឃុំឈើទាល អ្នកស្រី ប៉ុល ស៊ី ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងវិវាទដីធ្លីដែលអ្នកស្រីនិងពលរដ្ឋមួយចំនួនទៀតនៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កំពុងប្រឈម។ (ហ៊ុយ ឧស្សាហ៍)

ប្រជាសហគមន៍នៅឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ​អះអាង​ថា ​អាជ្ញាធរ​​​បាន​ដាក់​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង​​ឈូស​ឆាយ​​ដីស្រែរ​បស់​ពលរដ្ឋចំនួន៤គ្រួសារ ​ក្នុងចំណោម​១១៧គ្រួសារ​ ក្រោ​យពី​ពួកគាត់បដិសេធទទួល​យក​សំណង​ដែលអាជ្ញាធរ​ផ្ដល់​ឱ្យ​​ «៩០០​រៀល​ក្នុងមួយម៉ែត្រការ៉េ»។

វិវាទដីធ្លីនៅស្រុកស្វាយជ្រុំនេះកើត​ឡើង​​តាំងពីឆ្នាំ២០០៨ លើ​ទំហំដីប៉ះពាល់ជិត១០០ហិកតា។ ជម្លោះនេះ​កើតមានក្រោយពីក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចយកតំបន់នេះ​​ជាគម្រោងបង្កើត «អាងទឹកទន្លេវៃគោ»។ ​​បើតាមក្រុមប្រជាពលរដ្ឋ កន្លងមក រដ្ឋាភិបាលបានផ្តល់គោលនយោបាយ​ជា​សំណង​ជូន​ពួកគាត់​ក្នុង​មួយម៉ែត្រ​​​ការ៉េតម្លៃ៩០០​​រៀល​។

ប្រជា​​សហគមន៍ចេកមាស ឃុំឈើទាល អ្នកស្រី ប៉ុល ស៊ី បានឱ្យដឹងថា ​នាព្រឹកថ្ងៃចន្ទ​​នេះ ​កម្លាំង​​​​នគរ​បាល​​ប្រមាណ​​៧០នាក់​ និង​មាន​គ្រឿងចក្រចំនួន៥គ្រឿង​​​ផង បាន​ធ្វើការ​ឈូស​ឆាយ​​​ដី​ស្រែរបស់ពលរដ្ឋដែលមិនទាន់ទទួលយកសំណង​ចំនួន​៤គ្រួសារ​ ស្មើនឹង៧ហិកតា ​​ក្នុងនោះក៏មានដី​ស្រែរ​បស់​អ្នក​ស្រី​ផង​ដែរ​។ អ្នកស្រីចាត់​ទុកសកម្មភាពរបស់​អាជ្ញាធរ ថាធ្វើឡើងក្នុង​ចេតនា​​ខឹង​ស្អប់​នឹង​ពលរដ្ឋ​​ដែលមិន​ព្រម​​ចាក​ចេញ​ពី​លំនៅដ្ឋាន​។​

អ្នកស្រីថា​៖ «​ដីខ្ញុំកំពុងធ្វើស្រូវល្អហ្នឹង​ ឥលូវគេឈូសឆាយអស់រលីង​ គេអត់ឱ្យ​យើង​ទៅជិតទេ! គ្រាន់តែ​គោស៊ី​ស្រូវ​​​ ក៏​វា​មិនឱ្យខ្ញុំទៅដេញដែរ!​ ធ្វើ​បាប​ខ្ញុំ ​គ្រាន់​តែ​ទៅជិត ប្រតាយប្រតប់បោកដេញគ្នា បោក​ទូរសព្ទចៅ​ខ្ញុំមួយ​ កូន​ខ្ញុំ​មួយ​ សុទ្ធ​តែ​ព្រនង់​ កាំភ្លើង!​ ហើយខ្ញុំថា ​ម៉េច​មិន​បាញ់ខ្ញុំចោល​តែម្ដងទៅ?​»​

អ្នកស្រី ប៉ុល ស៊ី បន្តថា ​មូល​ហេតុ​ដែល​អ្នក​ស្រី​មិនព្រមផ្ដិតមេដៃទទួលយកសំណង​ដែលអាជ្ញាធរ​​ផ្ដល់ឱ្យត្រឹមតែ​៩០០រៀលក្នុងមួយម៉ែត្រការ៉ែនោះ ដោយសារតែតម្លៃនេះទាបពេក ដែល​ធ្វើឱ្យ​ពលរដ្ឋមិនអាចទៅរកទិញដីនៅតំបន់ផ្សេងសម្រាប់បង្កបង្កើនផលបាន។

ប្រធានសហគមន៍ចេកមាស អ្នកស្រី យស សោភ័ណ្ឌ​ បានលើកឡើងថា​​ ពលរដ្ឋមិន​ប្រឆាំងនឹង​ការ​អភិវឌ្ឍនេះទេ ប៉ុន្តែ​គួរ​​ផ្ដល់សំណងសមរម្យ​​ឱ្យទៅពួកគាត់​ ដើម្បីឱ្យពួកគាត់​​អាច​​មានលទ្ធ​​ភាព​ទៅរក​ដី​នៅកន្លែងផ្សេងសម្រាប់​បង្កបង្កើនផល​​ចញ្ចឹមជីវិត​បាន​។

អ្នកស្រីថា​៖ ​«បើអភិវឌ្ឍន៍ អភិវឌ្ឍន៍​ឱ្យប្រជាពលរដ្ឋ​មាន​ជីវភាព​​រស់​នៅ​សមរម្យ​ហើយ​​ថ្លៃថ្នូរ ​ប្រសិនបើអភិវឌ្ឍន៍ហើយប្រជាពលរដ្ឋទឹកភ្នែក តើយើងអភិវឌ្ឍដើម្បីនរណា​?»

មេឃុំស្វាយ​ធំ​ លោកស្រី​ កេត ថារី​ បានអះអាងថា ​ពិតជាមានគ្រឿងចក្រទៅឈូស​ឆាយ​ដំណាំ​​​ស្រូវ​របស់​​ពលរដ្ឋ​ដែល​កំពុងមានជម្លោះដីធ្លី​ពិតប្រាកដមែន ​ដោយសារ​តែតំបន់​នោះ​ជាតំបន់​ត្រូវ​អភិវឌ្ឍ។​ តែយ៉ាងណា លោកស្រីបដិសេធឆ្លើយលម្អិតជុំវិញករណីនេះ។

លោក​​ស្រីថា «រឿងហ្នឹងគេកំពុងធ្វើនៅហ្នឹងមែន!​ ក្មួយចង់សួរអី ទៅសួរចៅហ្វាយស្រុកដែលកំពុងរុះ​រើអ៊ីចឹងណា ​​ព្រោះកន្លែងហ្នឹងជាកន្លែងគេអភិវឌ្ឍ​»។

ចំណែកអភិបាលស្រុកស្វាយជ្រុំ លោក ហែម សារិទ្ធិ​ ​បដិសេធឆ្លើយតប​ ដោយប្រាប់ថា​កំពុង​ជាប់​​រវល់​។

អ្នក​សម្របសម្រួលសហគមន៍នៅ​សមាគម​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា លោក ញ៉ិល ភាព មាន​ប្រសាសន៍ថា​ ការដែល​អាជ្ញាធរប្រើគ្រឿងចក្រ ឈូស​ឆាយ​​​ដីស្រែរបស់ពលរដ្ឋនេះ គឺ​ធ្វើ​ឡើង​មិន​សម​ស្រប​ជាមួយ​មូលដ្ឋាន​ច្បាប់នោះឡើយ។ មួយវិញទៀត លោក​យល់​ថា ​ការ​ផ្តល់សំណង​​ដល់​ពលរដ្ឋ​ក្នុង​តម្លៃ​ដី៩០០រៀល​ក្នុ​​ងមួយម៉ែត្រ​ការ៉េនេះ ក៏​ជាសំណងដែលមិន​សម​​ស្រប​​នឹង​តម្លៃទី​ផ្សារ ដែល​អាចឱ្យប្រជា​ពលរដ្ឋ​មាន​លទ្ធភាព​ទិញដីផ្សេង​សម្រាប់ធ្វើកសិកម្មនោះដែរ។

លោក​ថា «​យើង​ឃើញ​ថា ​ដំណោះស្រាយកន្លងទៅ ជាដំណោះស្រាយចាប់បង្ខំ​ ជាដំណោះស្រាយមួយ​ដែល​​មិនស្រប​តាម​នីតិ​វិធី បទដ្ឋានគតិយុត្ត​នៃ​ច្បាប់​ ជាពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ​ដែលចែងថា រាល់ការ​ដកហូត​​ទ្រព្យ​សម្បត្តិឯកជន​ដើម្បីផលប្រយោជន៍សាធារណៈ ទាល់តែមានសំណងសមរម្យ​»។

​បើតាមក្រុមប្រជាពលរដ្ឋ ពួកគាត់បានរស់នៅ​និងបង្កបង្កើនផល​លើដីនេះតាំង​​ពី​​ឆ្នាំ​១៩៧៩មក។ កន្លងមក ពួកគាត់ធ្លាប់បាន​ស្នើសុំ​​​អាជ្ញាធរ​​ខេត្ត​​ស្វាយ​​រៀង និង​​ក្រសួង​​ធនធាន​​ទឹក ​​ប្ដូរ​គោល​​​​​នយោ​​បាយ​ ដោយ​​​ផ្ដល់​​សំណង​​​ឱ្យ​​​ពលរដ្ឋក្នុងមួយម៉ែត្រការ៉េ តម្លៃ១ ២០០រៀល​ ឬស្មើ៣​ដុល្លារ​ ប៉ុន្តែ​អាជ្ញាធរ​​បានបដិសេធសំណើនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ