លោក ស៊ី ជីនពីង នឹង​ធ្វើដំណើរ​ទៅ​ជួប​លោក ពូទីន ក្រោយ​ខកខាន​ចាកចេញ​ពី​ប្រទេស​ជាង២ឆ្នាំ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៩។ (REUTERS)

ប្រធានាធិប​តីចិន លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍​ទៅកាន់តំបន់អាស៊ីកណ្ដាល ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ខណៈនេះជាដំណើរទៅក្រៅប្រទេសរបស់លោកជាលើកដំបូង ក្រោយខកខានអស់រយៈពេលជាង២ឆ្នាំ ដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ស្រង់ព័ត៌មានពី​វិមានក្រឹមឡាំង មកចុះផ្សាយ​បន្ត​ថា លោក ស៊ី ជីនពីង គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន (Kazakhstan) នៅថ្ងៃពុធ​ ដោយបន្ទាប់​មក ប្រធានាធិបតីចិនរូបនេះក៏គ្រោងនឹងជួបជាមួយលោក ពូទីន នៅកិច្ច​ប្រជុំ​កំពូល​​នៃ​អង្គ​ការ​សហប្រតិបត្តិការ​សៀងហៃ (SCO) ក្នុងទីក្រុងសាម៉ាកាន់ (Samarkand) ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) ផងដែរ។

ទាក់ទិននឹងករណីនេះ លោក ​Yuri Ushakov​ ជាទីប្រឹក្សា​គោល​នយោបាយ​ការ​បរទេស​របស់​លោក ​ពូទីន ក៏​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ​ថា ប្រធានាធិបតីរុស្ស៊ី គឺ​ត្រូវ​បាន​រំពឹងថា​នឹង​ជួប​ជាមួយ​លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលនោះ។

ទោះជាយ៉ាងណា វិមានក្រឹមឡាំង ពុំបានផ្តល់ព័ត៌មានលម្អិតថាតើមេដឹកនាំចិន និងរុស្សី នឹងធ្វើកិច្ចពិភាក្សាលើប្រធានបទអ្វីនោះទេ។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន ​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់​ទីក្រុង​ជាច្រើន​ប្រែក្លា​យ​ទៅ​ជា​គំន​រ​បាក់​បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់​លាន​នាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។

ទាក់ទិននឹងករណីនេះ ថ្នាក់ដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីពេលកន្លងទៅ ក៏ធ្លាប់បានជំរុញដល់ប្រទេសចិនឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីឱ្យប្រទេសមួយនេះបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនផងដែរ។

ទោះជាយ៉ាងណា ប្រទេសចិនបានធ្វើការឆ្លើយតបថា ការដាក់ទណ្ឌកម្មនានាលើរុស្ស៊ី គឺមិនអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែនបានឡើយ ខណៈខ្លួនក៏បានរិះគន់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ