សាលាឧទ្ធរណ៍តម្កល់រឿងក្ដីសកម្មជនបក្សប្រឆាំង និងអតីតមន្ត្រីក្រសួងមហាផ្ទៃ ១៣នាក់ ឱ្យជាប់់ពន្ធនាគារ៣ឆ្នាំ៨ខែដដែល

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ធ្វើដំណើរចូលទៅសវនាការសាលាឧទ្ធរណ៍ ក្រោយពេលពួកគេប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានដាក់ពន្ធនាគារពួកគេម្នាក់ៗ ៥ឆ្នាំ ក្រោមបទ «រួមគំនិតក្បត់ និងញុះញង់​បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» ដោយអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ។ (ហ៊ាន រង្សី)

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​តម្កល់​សាលក្រម​របស់​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ឱ្យ​សកម្មជន​បក្សប្រឆាំង និង​អតីត​មន្ត្រីក្រសួងមហាផ្ទៃ​ទាំង១៣​នាក់ ជាប់​ពន្ធនាគារ «៣ឆ្នាំ ៨ខែ» ដដែល ខណៈ​សកម្មជន​ទាំងនោះ​ចាត់ទុកការ​​សម្រេច​​របស់​តុលាការ​ថ្នាក់លើ​នេះថា «ជា​រឿង​អយុត្តិធម៌»។

ការ​សម្រេច​នេះ បន្ទាប់ពី​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញបាន​បើក​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារក្ដីឱ្យ​សកម្មជនបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលា​ការ​​រំលាយ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ២០២២ ដោយ​ពួកគេ​មិន​សុខចិត្ត​ចំពោះ​សេចក្ដីសម្រេច​​របស់សាលាដំបូង​រាជធានីភ្នំពេញ ដែល​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​៥ឆ្នាំ និង​អនុវត្តទោស​ក្នុងពន្ធនាគារ​ចំនួន ៣ឆ្នាំ៨ខែ។

ចៅក្រម​ជំនុំជម្រះសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង នៅថ្ងៃទី១៣ ខែកញ្ញា បាន​ប្រកាស​សាល​ដីកា​ដោយ​សម្រេច​តម្កល់​សាលក្រម​សាលដំបូង​រាជធានី​ភ្នំពេញទុកជា​បានការដដែល ហើយបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនសកម្មជនបក្សប្រឆាំង និងអតីតមន្ត្រីក្រសួងមហាផ្ទៃ ទាំង១៣នាក់ ក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែបន្តទៀត។

ក្រោយពីស្ដាប់ចៅក្រមប្រកាសសាលដីការួច សកម្មជនបក្សប្រឆាំងម្នាក់ ក្នុងចំណោមជនជាប់ចោទ៥នាក់ទៀតដែលមានវត្តមានក្នុងសវនាការ ខណៈ​អ្នក​ផ្សេងទៀត​មិនអាចចូលរួមបានដោយសារបញ្ហាសុខភាពនោះ លោក ស៊ុន ធន់ បានស្រែកថាជាការសម្រេចមួយ​ដែល​អយុត្តិធម៌សម្រាប់ពួកគេ។ លោក​បន្តថា​ សំណុំរឿងនេះជារឿងនយោបាយ បែរជាចាប់ពួកគេ​មកឃុំខ្លួន​នៅក្នុងពន្ធនាគារ​ទាំងមិនបានធ្វើអ្វីខុសទាល់​តែសោះ។

អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិរូបនេះ បញ្ជាក់ថា ការចោទប្រកាន់និងឃុំខ្លួនពួកគេនាពេលនេះ ដោយសារ ពួកគេ​មិនព្រម​ចុះចូល​ជាមួយគណបក្សប្រជាជនកម្ពុជា។

ភរិយាលោក យឹម សារ៉េត គឺអ្នកស្រី អ៊ុក ចន្ធី បង្ហាញការសោកស្ដាយ ដោយចាត់ទុកការសម្រេចរបស់តុលាការជាន់ខ្ពស់ថាជារឿងអយុត្តិធម៌។

អ្នកស្រីថា៖ «ខ្ញុំទទួលយកអត់បានទេ តាំងពីតុលាការថ្នាក់ទាបរហូតដល់តុលាការជាន់ខ្ពស់ គឺគាត់មិនឯករាជ្យទេ បើសិនជាគាត់ជាតុលាការឯករាជ្យ គាត់ទម្លាក់រាល់បទចោទប្រកាន់របស់សាលាដំបូងហ្នឹងហើយ។ ​គាត់មិនឯករាជ្យ គាត់នៅតែរក្សាសាលក្រមសាលាដំបូងទុកជាបានការដដែល។ តាំងពីសាលាដំបូងគាត់កាត់ទោសប្ដី និងក្រុមគ្រួសារយើងទាំងអស់ដោយគ្មានភស្ដុតាងសម្អាងទាល់តែសោះ គឺជាការចោទប្រកាន់ទាំងស្រុង។ ខ្ញុំទទួលយកអត់បានទេ»។

ក្រោយពីស្ដាប់ការប្រកាសសាលដីការួច ក្រុមគ្រួសាររបស់​សកម្មជនបក្សប្រឆាំងចំនួន៣នាក់ទៀត បាននាំគ្នាទៅធ្វើបន់ស្រន់និងកោរសក់នៅមុខព្រះអង្គដងកើ ដើម្បីស្នើសុំឱ្យជួយបន្ទន់ចិត្តរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបញ្ជូនស្វាមីពួកគេមកឃុំនៅពន្ធនាគារព្រៃសវិញ។

ពួកគេបានរៀបរាប់ដោយដៃសំពះនៅមុខព្រះអង្គដងកើ ភ្ជាប់ជាមួយផ្កាឈូកនិងទៀនធូបថា ស្វាមីពួកគេកំពុងធ្លាក់ឈឺ ខណៈគ្រួសារនិងសាច់ញាតិ មិនអាចទៅមើលគ្រួសារបានទៀងទាត់ ដូចពេលឃុំខ្លួននៅពន្ធនាគារព្រៃស។

ក្នុងចំណោមជនជាប់ចោទចំនួន១៣នាក់ គឺមានវត្តមានអំឡុងពេលប្រកាសសាលដីកាតែ៥នាក់ទេ ក្នុងនោះមានលោក ស៊ុន ធន់, លោក សុខ ចាន់ថា, លោក ជុំ ចាន់, លោក យឹម សារ៉េត និងលោក ឈុន ប៊ុនឆាត ខណៈសកម្មជនចំនួន៨នាក់ទៀតអវត្តមាន។

កូនរបស់លោក កែវ ថៃ គឺលោក កែវ ចាន់សួរ បញ្ជាក់ថា មូលហេតុដែលឪពុករបស់លោកមិនបានស្ដាប់ការប្រកាសសាលដីកាថ្ងៃនេះ ដោយថា ឪពុករបស់ខ្លួននិងអ្នកផ្សេងទៀតមានបញ្ហាសុខភាព ខណៈឪពុករបស់លោកឈឺពិបាកធ្វើដំណើរផ្លូវឆ្ងាយ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ វាជារឿងអយុត្តិធម៌សម្រាប់គ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់នោះ ដោយថា ការចោទប្រកាន់និងដាក់ពន្ធនាគារនេះ ដោយសារពួកគេចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រឆាំង។

លោកចាត់ទុកការសម្រេចរបស់តុលាការថាមិនមានអ្វីចម្លែកឡើយ ដោយសារសំណុំរឿងនេះជារឿងនយោបាយ បើគ្មានការចរចារវាងអ្នកនយោបាយនោះទេ ពួកគេនឹងមិនងាយមានសេរីភាពដែរ។

លោកថា៖ «ក្រុមគ្រួសារពួកគាត់តែងតែតវ៉ាជារៀងរាល់ថ្ងៃសុក្រ ដើម្បីឱ្យមានការដោះលែង ហើយនឹងទទូចឱ្យមានការដោះលែងនៅពេលមានបុណ្យទាន ​ជាពិសេសរដូវភ្ជុំបិណ្ឌ ជាដើម ហើយវាប៉ះពាល់ដល់ផ្លូវចិត្ត សតិអារម្មណ៍គ្រួសារ ​ទាំងជនជាប់ចោទ ដោយពួកគាត់យល់ថាជារឿងអយុត្តិធម៌​សម្រាប់ពួកគាត់ ដែលគ្រាន់តែបំពេញសិទ្ធិនៅក្នុងការអនុវត្តការចូលរួមជីវភាពនយោបាយ​ដែលធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ ​ត្រូវបានជាប់ពន្ធនាគារ អាហ្នឹងជារឿងធ្ងន់ធ្ងរសម្រាប់ផ្លូវចិត្តពួកគាត់។ ទី២ រឿងនេះនឹងនៅតែបន្តរងការរិះគន់ពីសហគមន៍អន្តរជាតិ ទាក់ទងការឃុំខ្លួនបន្តនៃសកម្មជនអតីតបក្សប្រឆាំង ដែលគិតថាវាជារឿងនយោបាយ»។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និង​សកម្មជនគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយ​ ចំនួន២១នាក់ ព្រមទាំងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់​ ឱ្យជាប់ពន្ធនាគារចន្លោះ៥ដល់១០ឆ្នាំ​ ពាក់ព័ន្ធ​ដំណើរវិលត្រលប់របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងចំណោមជនជាប់ចោទ២១នាក់នោះ មានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ​ ចំនួន៧នាក់ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសចំនួន១០ឆ្នាំ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និងរួមគំនិតក្បត់»

ចំណែក​សកម្មជនបក្សប្រឆាំងចំនួន១២នាក់ និងអតីតមន្ត្រីក្រសួងមហាផ្ទៃម្នាក់ ដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោមបទ «រួមគំនិតក្បត់ និងញុះញង់​បង្កឱ្យមានភាព​វឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារចំនួន៣ឆ្នាំ៨ខែ។

សកម្មជនបក្សសង្រ្គោះជាតិជាង១០នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពី​ឃុំខ្លួន​នៅពន្ធនាគារព្រៃស រយៈពេល២ឆ្នាំ។

យ៉ាងណា ការបញ្ជូនអ្នកទាំងអស់នេះ​ទៅឃុំនៅពន្ធនាគារ​ជាប់ព្រំដែនវៀតណាមនោះ មន្ត្រីពន្ធនាគារ​ក្រសួងមហាផ្ទៃ​មិនបានបញ្ជាក់ពី​​មូ​លហេតុឡើយ ដោយ​គ្រាន់តែ​ថាជានីតិវិធី​របស់ខាង​ពន្ធនាគារ​ដែលតែងធ្វើ​សម្រាប់​អ្នកជាប់ឃុំ​ទូទៅ មិនចំពោះ​ក្រុមណាមួយទេ ខណៈក្រុម​គ្រួសារ​ចាត់ទុកការ​ផ្លាស់ប្តូរ​កន្លែង​ឃុំខ្លួននេះថាជាការធ្វើទុក្ខ​បុកម្នេញក្រុមគ្រួសារពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ