យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ដីព្រៃរបស់រដ្ឋប្រមាណ៤ ០០០ហិកតាត្រូវបានបែងចែកទៅជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី។
ការចេញបណ្ណកម្មសិទ្ធិសហគមន៍សម្រាប់ក្រុមជនជាតិដើមភាគតិច មានភាពយឺតយ៉ាវ ដែលចាប់ផ្ដើមតាំងពីឆ្នាំ២០០៩ និងអនុវត្តតាមគោលការណ៍៣ជំហាន រួមមាន ការទទួលស្គាល់សហគមន៍ជនជាតិដើមភាគតិចជាផ្លូវការ ការចុះបញ្ជីសហគមន៍ជានីតិបុគ្គល និងការចេញបណ្ណកម្មសិទ្ធិ។
ទោះយ៉ាងណា គិតត្រឹមឆ្នាំ២០១៩ សហគមន៍ចំនួន១៥០ ក្នុងចំណោម៤៥៥សហគមន៍ ត្រូវបានទទួលស្គាល់ ខណៈសហគមន៍ចំនួន១៣៩បានចុះបញ្ជី និងសហគមន៍ចំនួន២៤បានទទួលបណ្ណកម្មសិទ្ធិដីធ្លី។ នេះបើយោងតាមវេទិកាសង្គមស៊ីវិល។
អនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បានបែងចែកព្រៃរដ្ឋចំនួន១ ២១៧ហិកតា ទៅជាកម្មសិទ្ធិសមូហភាពរបស់ជនជាតិដើមភាគតិចគ្រឹង នៅក្នុងឃុំល្អក់ ស្រុកអូរជុំ, ដីព្រៃចំនួន១ ៩៨៦ហិកតា និងដីច្រករបៀងជីវចម្រុះចំនួន៦២ហិកតាទៀត ត្រូវបានបែងចែកទៅឱ្យសហគមន៍ជនជាតិដើមភាគតិចព្រៅ ដែលស្ថិតក្នុងឃុំតាវែងលើ ស្រុកតាវែង និងដីព្រៃចំនួន៧៦២ហិកតា ត្រូវបានបែងចែកទៅឱ្យសហគមន៍ជនជាតិដើមភាគតិចព្ រៅនៅក្នុងភូមិមួយផ្សេងទៀតក្នុងឃុំតែមួយ។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា ដីនេះកំពុងត្រូវបានបែងចែកជូនសហគមន៍ជនជាតិដើមភាគតិចចំនួន២៨ ទុកជាដីដូនតា ដីសម្រាប់បញ្ចុះសព និងដីកសិកម្ម។
លោក ញ៉ែម សំអឿន បានថ្លែងថា៖ «ទាក់ទងនឹងករណីនេះ យើងចង់ឱ្យពួកគាត់រក្សាប្រពៃណី និងវប្បធម៌របស់ពួកគាត់។ មិនចង់ឱ្យពួកគាត់លក់ទៅឱ្យអ្នកក្រៅ»។
ដោយមានបណ្ណកម្មសិទ្ធិសហគមន៍ មានលក្ខខណ្ឌជាច្រើនដែលដាក់កំហិតពួកគាត់មិនឱ្យលក់ទៅឱ្យអ្នកក្រៅ។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តរតនគិរី។
លោក ញ៉ែម សំអឿន បន្តទៀតថា ខេត្តមានតំបន់ការពារប្រហែល៧០ម៉ឺនហិកតា ហើយដីដែលត្រូវបានផ្ទេរទៅឱ្យសហគមន៍ជនជាតិដើមភាគតិច គឺពួកគាត់បានអាស្រ័យផលលើដីនោះរួចទៅហើយ។
លោក កែប ស៊ូ មេឃុំតាវែងលើ មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណ១ ០០០គ្រួសារដែលធ្វើស្រែចម្ការនៅក្នុងឃុំនេះ កំពុងរង់ចាំការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់។ លោកបានបន្តថា ពួកគាត់ធ្វើកសិកម្មវិលជុំ ប៉ុន្តែកំពុងជួបការលំបាកក្នុងការដាំដុះ ក៏ដូចជាការធ្វើចំណាត់ថ្នាក់ដីឡើងវិញ ដែលធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចភ័យខ្លាចក្នុងការប្រើប្រាស់ដី។
លោកប៉ាន់ប្រមាណថា គ្រួសារប្រហែល ៧០% យឺតយ៉ាវក្នុងការសងប្រាក់កម្ចី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើឯកសារផ្ទេរកម្មសិទ្ធិដីនេះ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
អនុក្រឹត្យផ្សេងទៀតដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ បង្ហាញថា ផ្ទៃដីចំនួន២២៥ហិកតា ក្នុងក្រុងបានលុង ខេត្តរតនគិរី ត្រូវបានបែងចែកជូនទៅឱ្យពលរដ្ឋចំនួន១ ២៤៩គ្រួសារ និងផ្ទៃដី៤០០ម៉ែត្រការ៉េ សម្រាប់សាងសង់អគារចំនួន៣ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរទៅឱ្យមន្ត្រីរដ្ឋាភិបាលចំនួន៣គ្រួសារ ដោយមិនបានបញ្ជាក់ថា មន្រ្តីទាំងនោះបម្រើការនៅស្ថាប័នណាឡើយ។ អនុក្រឹត្យនេះផ្តល់ព័ត៌មានតិចតួចអំពីសម្បទានដីទាំងនោះ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Brao, Kreung Communities Receive 4,000 Hectares in Ratanakiri