បក្សក្រៅរដ្ឋាភិបាល​មួយ​ទាមទារ​ឱ្យ​ដំឡើង​ប្រាក់ឈ្នួល​គោល​ជូន​កម្មករ ២១៥ដុល្លារ សម្រាប់​ឆ្នាំ២០២៣

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

គណបក្សភ្លើងទៀន បានទាមទារទៅភាគីពាក់ព័ន្ធឱ្យដំឡើងប្រាក់ឈ្នួល​គោល​​ចំនួន​២១៥ដុល្លារ​ ជូនកម្មករផ្នែកវាយន​ភណ្ឌ​កាត់​ដេរ ផលិតស្បែកជើង កាបូប និង​ផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់​ឆ្នាំ​២០២៣ ខណៈរដ្ឋាភិបាល​កំពុង​ពិភាក្សា​​​ជាមួយភាគីពាក់ព័ន្ធពី​​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ​ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានលើកឡើងថា កម្មករ-កម្មការិនី​មួយចំនួន​បាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន «​២១៥ដុល្លារ ក្នុង១ខែ» សម្រាប់​ឆ្នាំ២០២៣។

គណបក្សនេះ​យល់​ឃើញ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​២១៥ដុល្លារជូន​កម្មករ​នោះ គឺអាច​ជួយ​សម្រួល​ដល់ជីវភាព​ពួក​គេ​បាន​មួយ​ចំណែក បើ​ទោះ​ជា​ការ​ដំឡើង​កម្រិត​នេះនៅ​មិន​ទាន់​សម​ល្មមចំពោះការប្រឈមនឹងជីវភាពរស់នៅរបស់​កម្មករ ដោយសារ​ស្ថានភាពទំនិញនៅលើទីផ្សារមាន​ម្ហូប​អាហារ តម្លៃ​ប្រេង​សាំង ថ្លៃ​ការ​ស្នាក់​នៅ ថ្លៃ​ធ្វើដំណើរ បានហក់​​ឡើងខ្ពស់ជាង​ប្រទេសជិតខាងនោះ។

គណបក្សមួយនេះបានស្នើដល់រដ្ឋាភិបាលខិតខំ​រក​មធ្យោបាយ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​រោង​ចក្រ​សហគ្រាស ជួយ​កាត់បន្ថយការ​ចំណាយ​ក្រៅ​ផ្លូវ​ការ និង​សម្រួល​ដល់ការនាំចូលវត្ថុធាតុដើម ឬជំរុញដល់ការផលិត​វត្ថុ​ធាតុ​ដើម​នៅ​ក្នុង​ស្រុក ដើម្បី​អាច​ផ្តល់​លទ្ធភាព​ដល់ការដំឡើងប្រាក់ឈ្នួលគោល​ជូន​កម្មករលើសពី៣០០ដុល្លារ ចាប់​ពី​ឆ្នាំ​២០២៤​តទៅ។

បច្ចុប្បន្ន​នេះ កម្មករ-កម្មការិនីបម្រើការងារតាមបណ្ដារោងចក្រមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់​ឈ្នួលចំនួន​ «២១៥ដុល្លារ» សម្រាប់ឆ្នាំ២០២៣។

កម្មករទាំងនោះបាននាំគ្នាប្រមូលផ្ដុំឈរលើកបដាជាក្រុមតូចៗនៅក្នុងរោងចក្រឬសហគ្រាសរបស់ពួកគេ ហើយថតរូបផ្សព្វ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយទាមទារប្រាក់ឈ្នួលគោល​២១៥ដុល្លារ ក្រោយ​ហេតុ​ផល​ថា ពួក​គេ​កំពុងជួប​បញ្ហា​លើ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ ដោយសារទំនិញនៅលើទីផ្សារកំពុងហក់ឡើង​ខ្ពស់។

បើតាមសេចក្ដីប្រកាសព័ត៌មាន​​របស់ក្រសួងការងារ នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ គឺក្រោយការប្រជុំផ្ទៃក្នុង​​ភាគីពាក់ព័ន្ធ​​ចំនួន​​៣លើក ខាង​ភាគី​តំណាង​កម្មករ​​បាន​​បន្ថយ​តួលេខ​ពី​ចំនួន​​២១៥ដុល្លារ មកតួលេខ២១៣ដុល្លារវិញ។ ចំណែកតំណាង​និយោជកបានដំឡើងតួលេខពីចំនួន១៩៤ដុល្លារ​ ទៅតួលេខ​១៩៦​ដុល្លារ​វិញ។

ក្រសួងការងារបញ្ជាក់​ថា តាម​លក្ខ​ខណ្ឌ​បច្ចេក​ទេស និង​បម្រែបម្រួល​ទិន្នន័យនៃលក្ខណៈវិនិច្ឆយ​ទាំ​ង​​៧​ដែល​ជា​មូល​ដ្ឋានកំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់ឆ្នាំ​​២០២៣ គឺ «១៩៧,៨៦ដុល្លារ»

យ៉ាងណា​ ក្រុម​ប្រឹក្សា​​ជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំត្រីភាគីបន្តទៀត នៅថ្ងៃទី១៣ ខែកញ្ញា និង​ប្រជុំបញ្ចប់​នៅម៉ោង​២កន្លះ​រសៀល ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ២០២២។

អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងសហជីព បានលើកឡើងថា កម្មករនឹងបន្តប្រឈមបញ្ហាជីវភាពនិងសុខភាព ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញទីផ្សារ ខណៈផលប្រយោជន៍មួយចំនួនរបស់កម្មករត្រូវបានបាត់បង់ ក្រោយកាត់បន្ថយថ្ងៃឈប់សម្រាក និងមិនលើកពេលថ្ងៃបុណ្យជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ