នាយករដ្ឋមន្ត្រី​អំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​ដល់​ពលរដ្ឋ​នៅ​តំបន់រុនតាឯក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរមើលគម្រោងផ្ទាំងពណ៌នាគម្រោងនានាសម្រាប់ការអភិវឌ្ឍនៅតំបន់រុនតាឯក ក្នុងថ្ងៃជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុផ្ដល់ប្រាក់កម្ចី​ក្នុងអត្រាការប្រាក់​ទាបទៅដល់ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរើ​លំនៅឋានពីតំបន់រមណីយដ្ឋាន​អង្គរ ​ទៅរស់នៅតំ​បន់រុន​តាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយ​សម្រួល​ឱ្យពួកគាត់​។

ក្នុងពិធី​ជួបជាមួយ​ពលរដ្ឋ​នៅតំបន់រុនតាឯក នាព្រឹកថ្ងៃអង្គារនេះ ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យ​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​ផ្ដល់ការប្រាក់ទាប​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់រុនតា​ឯក ដោយ​សារ​តែពលរដ្ឋ​​មួ​យ​ចំនួនអាច​​នឹងត្រូវការ​​ដើម​ទុន​ដើម្បីបង្កើតមុខរបរ ​ក្រោយពីផ្លាស់ប្ដូរទីលំនៅ​​ទៅកន្លែងថ្មី​។​

លោកថ្លែង​ថា៖ «ខ្ញុំអំពាវនាវចំពោះម្ចាស់ហិរញ្ញវត្ថុ​ជួយផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ​​ដែលបានរស់នៅតំបន់រុនតាឯកនេះ​ ដោយអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ​ ព្រោះបងប្អូន​ប៉ុន្មានពាន់គ្រួសារ​នេះអាចនឹង​មានមួយ​ចំនួន​ត្រូវការដើម​ទុន ដើម្បីបង្កើតនូវមុខរបរ»។​

ប្រធាន​​ទំនាក់ទំនង និង​ជា​អ្នក​នាំ​ពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី មានប្រសាសន៍ថា ​គ្រឹះ​ស្ថាន​​​មីក្រូហិរញ្ញវត្ថុបានយល់ព្រម​ក្នុងការ​​បន្ធូរបន្ថយការប្រាក់​ និងអនុគ្រោះ​​ដល់ពល​​រដ្ឋ​ដែលរស់​​​នៅ​តំបន់​រុន​តាឯក តាមការ​អំពាវនាវរបស់​លោក​នាយករដ្ឋមន្ត្រី។ ​ចំណែកនីតិវិធី​បន្តបន្ទាប់ទៀតយ៉ាងណានោះ លោកថា ខាងសមាគម​នឹង​កំណត់ឱ្យ​បាន​ជាក់លាក់ក្នុង​ពេលឆាប់ៗខាងមុខនេះ​។​

លោកថា៖ «​បន្ទាប់ពីជជែកគ្នាជាមួយថ្នាក់ដឹកនាំ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមក​ យើងយល់ព្រម​ជាគោលការណ៍​​ថា យើងនឹងជួយគាំទ្រដល់ប្រជាពលរដ្ឋ​ដែលនឹងផ្លាស់ប្ដូរទីលំនៅនៅ​តំបន់រុនតាឯកនេះ​ ដោយយើង​នឹងបន្ធូរបន្ថយអត្រាការប្រាក់ ក៏ដូចជា​សម្រួលក្នុងការផ្ដល់ឥណ​ទាន​ដល់​ប្រជាពលរដ្ឋផងដែរ​»​។​​ ​​

នាយកទទួលបន្ទុកកិច្ចការទូទៅ​ នៃអង្គការការ​ពារ​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍គាំទ្រ​ចំពោះ​​ការ​ផ្ដល់ការប្រាក់ទាប និងការ​អនុគ្រោះដល់ប្រជា​ពលរ​ដ្ឋ​​ដែលរស់នៅតំបន់រុនតាឯកនេះ​ ដោយសារពួកគាត់​អាច​​​ប្រឈម​នឹង​កង្វះថវិកា ក្រោយទៅរស់នៅទីតាំងថ្មី​។​

តែយ៉ាងណា លោកចង់ឃើញ​ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់យោគ​យល់​ដល់​ពលរដ្ឋទូ​ទៅផង​ដែរ​​ ដោយសារបច្ចុប្បន្ន​​ប្រជាពលរដ្ឋទូទៅ​ក៏​​មាន​ស្ថានភាព​ជីវភាពមិនទាន់ប្រសើរឡើងវិញនោះដែរ ក្រោយ​​ពីមានវិបត្តិកូវីដ-១៩។​

លោកថា៖ «ប៉ុន្តែប្រសិនបើមានការបញ្ចុះ​ការប្រាក់ទាបរាល់អតិថិជនរបស់ខ្លួន​ ឬក៏កូនបំណុលរបស់ខ្លួន ​ក៏កាន់​តែ​ប្រសើរដែរ​ នេះ​ក៏​ជាសំណើរបស់បង​ប្អូនប្រជាពលរដ្ឋទូ​ទៅ​ ដែលបានខ្ចីបំណុលនៅធនាគារហិរញ្ញវត្ថុផង​ដែរ ​[…] ប្រសិន​បើយើងមើលស្ថានភាពជាក់ស្ដែង ជាការពិតហើយ បន្ទាប់ពីឆ្នាំ២០២០មក សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់មិនទាន់មានភាព​ប្រសើរ​ឡើង​វិញ​ទេ ជាផលប៉ះពាល់សម្រាប់គាត់ផងដែរ»។

បើតាម​របាយ​ការណ៍របស់ក្រសួងរៀបចំដែនដី ​គិតត្រឹមថ្ងៃទី៧ ខែកញ្ញា​ ឆ្នាំ​២០២២ ក្រុមការ​ងារ​​ចម្រុះ និងអាជ្ញាធរពាក់ព័ន្ធ បានរៀប​ចំដីឡូត៍នៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ពលរដ្ឋដែល​ស្ម័គ្រចិត្ត​រុះរើសំណង់ខុសច្បាប់ បានតាំងទីលំនៅថ្មី បាន​ទំហំជាង៣០០​ហិកតា (២៩៩,៧០ហិកតា) និង​​បានចុះ​បោះ​បង្គោល​​ព្រំ​ដី​ឡូ​ត៍​នៅភូមិធម្មជាតិរុនតាឯក បាន​ចំនួន​១ ៤២៧​ឡូត៍ ព្រមទាំងបានសាងសង់ផ្លូវសម្រេចបាន៤០ខ្សែ ដែលមាន​ប្រវែង៩ ៩០០ម៉ែត្រ ឬស្មើជាង៨៨,៦២ភាគរយ។

ប្រភពដដែលបន្តថា ប្រជាពលរដ្ឋដែលស្ម័គ្រ​ចិត្តរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់​តំបន់​រុន​តាឯកនោះ ក្នុងមួយគ្រួសារទទួលបានដីទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រ។ ក្រៅពីនោះ​ ក្រុម​​ការ​​ងារ​បាននិ​ង​កំពុង​សិក្សា​គម្រោង​ប្លង់​អភិវឌ្ឍន៍​ភូមិធម្មជាតិ​រុនតាឯក ដោយ​​បន្ថែមនូវ​​ផ្សារ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក អគ្គិសនី សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ