លោក ហ៊ុន សែន៖ មិន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​លើ​ក្រុម ខឹម វាសនា តែ​ប្រើ​លើ​អ្នកណា​ចង់​ផ្ដួលរំលំ​លោក

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា លោកមិនជ្រើសរើសវិធីប្រើកម្លាំងប្រដាប់អាវុធលើករណី «ប្រមូលផ្ដុំមនុស្សនៅខេត្តសៀមរាប» តាមការកៀរគររបស់លោក ខឹម វាសនា ឡើយ បើទោះមានការជំរុញក្ដី ខណៈលោកចាត់ទុកថា ជម្រើសប្រើ «ចុងកាំភ្លើង» គឺសម្រាប់ប្រើតែទៅលើក្រុមដែលប៉ុនប៉ងផ្ដួលរំលំលោកប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មកទីតាំងថ្មីដែលរដ្ឋាភិបាលផ្ដល់ដីដល់ពលរដ្ឋ​ នៅថ្ងៃទី១៣ ខែកញ្ញា​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មានបុគ្គលមួយចំនួនបានជំរុញនិងវាយប្រហាររូបលោក ពាក់ព័ន្ធការកៀរគរប្រមូលផ្ដុំពលរដ្ឋនៅខេត្តសៀមរាប ថាហេតុអ្វីបានជាលោកមិនចាប់លោក ខឹម វាសនា ដាក់គុក?

លោកចាត់ទុកថា អ្នកជំរុញទាំងនោះមានចេតនាចង់ឱ្យលោកប្រើកម្លាំងរដ្ឋាភិបាលដើម្បីបង្ក្រាបពលរដ្ឋដែលគាំទ្រលោក ខឹម វាសនា។ យ៉ាងណា លោកថា នឹងមិនប្រើកម្លាំងទៅបង្ក្រាបជំនឿខុសរឿងបែបនេះទេ ប៉ុន្តែលោកថា កម្លាំងប្រដាប់អាវុធអាចប្រើបានសម្រាប់​ក្រុមដែលប៉ុនប៉ងផ្តួលរំលំលោកប៉ុណ្ណោះ។

លោក ហ៊ុន សែន បន្តថា៖ «ហើយបើធ្វើតាមការញុះញង់របស់អ្នកទាំងនោះ ក្រុម ខឹម វាសនា ហ្នឹងមិនដឹងចូលគុកអស់ប៉ុន្មាន ហើយក៏មិនដឹងរបួសងាប់អស់ប៉ុន្មានដែរ ព្រោះនៅក្បែរខាងនេះ វាមានអីពិបាក! ដីត្រឹមប៉ុន្មានហិកតាហ្នឹង វាមានអីពិបាក! បើសិនប្រើចុងកាំភ្លើងនោះ! ប៉ុន្តែរឿងហ្នឹង វាមិនមែនជាជម្រើសរបស់ ហ៊ុន សែន ត្រូវប្រើទេ។ ជម្រើស ហ៊ុន សែន ប្រើប្រាស់កម្លាំងប្រដាប់អាវុធ [ទៅលើ] អ្នកណាចង់ផ្ដួលរំលំ អ្នកហ្នឹងត្រូវទទួលរងនូវការប្រតិកម្មពីកម្លាំងប្រដាប់អាវុធ។ អាហ្នឹងនិយាយឱ្យច្បាស់ ព្រោះអ្នកឯងចង់ផ្ដួលខ្ញុំហើយ រឿងអីខ្ញុំទប់? វាមិនដែលម៉ែអាណាធ្វើនាយករដ្ឋមន្ត្រី ទុកឱ្យគេផ្ដួលទេវ៉ី»។

លោក ហ៊ុន សែន បន្ថែមថា មានបុគ្គលមួយចំនួនបានវាយប្រហារថា លោកជាអ្នកបញ្ជាឱ្យលោក ខឹម វាសនា បង្កើតព្រឹត្តិការណ៍ «ប្រមូលផ្តុំមនុស្សនៅខេត្តសៀមរាប» ដើម្បីបង្វែរស្ថានការណ៍រឿងផ្សេង។

លោកចាត់ទុកការចោទនេះថាជារឿងឆ្កួតឡប់ ព្រមទាំងអំពាវនាវឱ្យលោក ខឹម វាសនា និងក្រុមអ្នកគាំទ្រចេញមុខឆ្លើយតបលើករណីនេះ។

លោក ហ៊ុន សែន ថា៖ «បើ ហ៊ុន សែន បញ្ជាព្រះព្រហ្មបានហើយ អាហ្នឹងគឺល្អហើយ។ អ៊ីចឹងខ្ញុំមិនធំជាងព្រះព្រហ្ម ខឹម វាសនា! វាទៅ[ជា]ឆ្កួតឡប់អ៊ីចឹងទៅ។ ដូច្នេះ ខ្ញុំអំពាវនាវទៅលោក ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រលប់ទៅវិញ ព្រោះគេចោទថាខ្ញុំជាអ្នកបញ្ជាឱ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍ហ្នឹង ដើម្បីបង្វែរពីរឿងនេះរឿងនោះទៅជារឿង[ផ្សេង] វាចោទទៅអ៊ីចឹង! អ៊ីចឹងមានតែឯកឧត្ដម ខឹម វាសនា ទេ! តើឯកឧត្ដមសុខចិត្តឱ្យគេចោទថាឯកឧត្ដមជាអាយ៉ងរបស់ខ្ញុំ អ្នកគាំទ្រឯកឧត្ដមជាអាយ៉ងរបស់ខ្ញុំ ឬក៏ឯកឧត្ដមចេញមុខបដិសេធ? ខ្ញុំគ្រាន់តែលើកប៉ុណ្ណឹងទេ»។

វីអូឌី បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក កូវ គា ប៉ុន្តែទូរសព្ទមិនអាចទាក់ទងបាន​ នៅថ្ងៃទី១៣ ខែកញ្ញា។

កាលពីថ្ងៃទី៣០ ខែសីហា ហ្វេសប៊ុករបស់លោក ខឹម វាសនា បានបង្ហោះសារ៤លើកជាប់ៗគ្នា ​ដោយសរសេរប្រើពាក្យជេរប្រមាថធ្ងន់ៗទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅតែពីបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ លោក ខឹម វាសនា ក៏បានចេញផ្សាយផ្ទាល់ ឬឡាយ (Live) ជាវីដេអូលើហ្វេសប៊ុករបស់លោកថា អ្វីដែលលោកបានបង្ហោះជេរប្រមាថលោក ហ៊ុន សែន នោះ គឺលោកជាអ្នកសរសេរ ហើយលោកក៏ដឹងថា ក្រុមលោក ហ៊ុន សែន មិនហ៊ានធ្វើអ្វីលោកនោះឡើយ។ ​

ហ្វេសប៊ុកលោក ខឹម​ វាសនា សរសេរថា៖ «កុំខ្លាចពួកអាខ្វាក់ ពូមិនដែលជេរវាអ៊ីចងទេ តែពេលនេះពូដឹងថាពួកវាធ្វើក្ដិតអាចម៍អីពូមិនកើតទេ ហើយធ្វើកូនចៅពូទាំងអស់នៅក្នុងលោកក៏មិនកើតដែរ។ កុំថាប៉ះរោមជើង ប៉ះតែអាចម៍កូនពូទាំងអស់ម្នាក់ណាក៏ដោយ វាធ្វើអីពួកយើងមិនកើតទេ។ ពូជាស្ដេចចក្រ បើពូគ្មានឫទ្ធិទេ ពួកអាចោរអស់ខ្វាក់អស់នេះ វាមកធ្វើកពូភ្លាម ឱ្យពួកវាមកទៅ ធ្វើអាចម៍អីពូមិនកើតទេ»។

ក្រោយលោក ខឹម វាសនា ជេរប្រមាថមួយថ្ងៃ ក្នុង​ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកបានដឹងពីការជេរប្រមាថនោះ។ ភ្លាមៗ លោកបានប្រាប់ទៅមន្ត្រីទាំងអស់​ឱ្យទ្រាំនឹងការប្រមាថនេះ ដោយថា ទ្រាំមិនបានក៏ត្រូវតែទ្រាំដែរ ​​ដោយបា​រម្ភខ្លាចចូលអន្ទាក់លោក ខឹម វាសនា ដែលទាញពីអបិយ​​ជំនឿ​ទៅ​កាន់រឿងនយោ​បាយ​។  ​

ស្នងការនគរបាលខេត្តសៀមរាប ​លោក តេង ច័ន្ទណាត ប្រាប់វីអូឌីនៅថ្ងៃទី១៣ ខែកញ្ញា ​ថាពលរដ្ឋ​ជិត២ ០០០នាក់ទៀតកំពុងស្នាក់នៅចម្ការរបស់លោក ខឹម វាសនា ដោយមិនទាន់ចាកចេញនៅឡើយ។ លោកថា ស្ថានភាពសុខភាព ការរស់នៅរបស់ពួកគេ មើលទៅមានភាពលំបាក ប៉ុន្តែពួកគេនៅមិនទាន់ចាកចេញ ហើយក៏មិននិយាយស្តីជាមួយសមត្ថកិច្ច​ដែរ។

ស្នងការរូបនេះបន្តថា អាជ្ញាធរនៅមិនទាន់មានវិធានការជាក់លាក់ណាមួយបន្ថែមនៅឡើយ ដោយ​បន្តប្រើវិធីសាស្ត្រត្រជាក់សិន។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ​លោកបណ្ឌិត មាស នី យល់ថា រដ្ឋាភិបាលមិនចេញប្រតិកម្មបង្ក្រាបលើក្រុមលោក ខឹម វាសនា ដោយសារបារម្ភពីការបង្ហូរឈាម។ លោកថា បើមានកម្លាំងប្រដាប់អាវុធចូលទៅ អ្នកមានជំនឿជ្រុលនិយមមួយចំនួនអាចស៊ូស្លាប់ មិនព្រមចាកចេញ នោះជាហេតុផលដែលរដ្ឋាភិបាលមានការប្រយ័ត្នខ្ពស់ពាក់ព័ន្ធចំណាត់ការលើជំនឿដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។

ដោយឡែក ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា មេដឹកនាំជាអ្នកមានសិទ្ធិសម្រេចថាគួរប្រើមធ្យោបាយដោះស្រាយដោយប្រើកម្លាំងប្រដាប់អាវុធ ឬយ៉ាងណានោះ។

យ៉ាងណា លោកមើលឃើញថា ក្រុមលោក ខឹម វាសនា និងក្រុមបក្សកាន់អំណាច ធ្វើការស៊ីចង្វាក់គ្នា បើទោះពួកគេមិននៅក្នុងក្រុមតែមួយក៏ដោយ ដែលលោកចាត់ទុកថា បក្សទាំងពីរមិនមែនជាសត្រូវនឹងគ្នាទេ។

លោកថា៖ «ទោះបីជាក្រុមលោក ខឹម វាសនា ប្រើពាក្យអសុរោះ ជេរបញ្ចោរ ឬក៏វាយបកទៅលើបក្សកាន់អំណាច ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សកាន់អំណាចក៏ដោយ ក៏ប៉ុន្តែមិនមានព័ត៌មានណាមួយដែលបង្ហាញថាពួកគាត់ជាសត្រូវនឹងគ្នា។ អ៊ីចឹងយើងគិតថា អាចថាជនណាក៏ដោយឱ្យតែមានសកម្មភាពស្របជាមួយបក្សកាន់អំណាច គេនឹងមិនចាត់វិធានការក្តៅទេ។ ដូច្នេះ នេះគឺជាចំណុចដែលយើងអាចសន្និដ្ឋាននៅក្នុងកម្រិតដំបូងបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ