មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបើកកិច្ចប្រជុំស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់នៅជាជនបរទេស និងបុគ្គលិកនៅក្នុងបរិវេណអគាររបស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
កាលពីខែមុន នគរបាលនិងអាជ្ញាធរបានបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការជួញដូរពលករបរទេសទៅកាន់ទីតាំងឆបោកនៅក្នុងប្រទេសកម្ពុជា ខណៈមានសម្ពាធពីអន្តរជាតិ រួមទាំងការទម្លាក់ចំណាត់ថ្នាក់របស់កម្ពុជានៅក្នុងរបាយការណ៍របស់សហរដ្ឋអាមេរិក និងក្តីបារម្ភដែលលើកឡើងដោយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ។
នគរបាលបានបើកប្រតិបត្តិការនិងឆ្មក់ចូលទីតាំងឆបោកជាបន្តបន្ទាប់ ដោយបានជួយសង្រ្គោះពលករបរទេសរាប់សិបនាក់ និងចាប់ខ្លួនអ្នកគ្រប់គ្រងមួយចំនួន។
កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌចំការមន បានឆ្មក់ចូលអតីតសណ្ឋាគារ Frangipani Living Arts ក្នុងសង្កាត់ទួលទំពូង ដែលត្រូវបានសង្ស័យថាបង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ថា មនុស្សប្រុសស្រីជាច្រើននាក់ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០ព្រឹក នៅផ្លូវលេខ១២៣ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីករណីនោះទេ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារ និងអ្នកគ្រប់គ្រងអគារទាំងអស់រាយការណ៍ពីជនបរទេសដែលស្នាក់នៅនិងធ្វើការក្នុងបរិវេណរបស់ពួកគេ និងផ្តល់ព័ត៌មានទៅឱ្យនគរបាលឃុំ ឱ្យបានមុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។
ម្ចាស់អគារត្រូវបានតម្រូវឱ្យចុះហត្ថលេខាលើឯកសារដែលសន្យាថា បុគ្គលិកត្រូវមានទិដ្ឋាការ និងកិច្ចសន្យាច្បាស់លាស់។
នៅក្នុងកិច្ចសន្យានោះមានខ្លឹមសារដូចតទៅ៖ «ខ្ញុំសន្យាថា ខ្ញុំនឹងមិនទទួលយកជនបរទេសដែលគ្មានលិខិតឆ្លងដែនឬទិដ្ឋាការត្រឹមត្រូវ មកស្នាក់នៅនិងធ្វើការក្នុងទីតាំងរបស់ខ្ញុំឡើយ […] មិនអនុញ្ញាតឱ្យមានការជួញដូរមនុស្ស ការជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬការធ្វើទារុណកម្មកើតឡើងនៅក្នុងទីតាំងរបស់ខ្ញុំឡើយ»។
ក្នុងកិច្ចសន្យានោះលើកឡើងទៀតថា៖ «ក្នុងករណីដែលខ្ញុំបំពានលើកិច្ចសន្យាខាងលើ ខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបើកកិច្ចប្រជុំមួយផ្សេងទៀតនៅខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីរៀបចំទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស។
លោកបន្តថា លោក ស ខេង បានទទួលពាក្យបណ្តឹង និងរបាយការណ៍ចំនួន១៨៦ អំពីការជួញដូរមនុស្ស ចាប់តាំងពីចាប់ផ្តើមដាក់ឱ្យអនុវត្តបណ្តាញទូរសព្ទទាន់ហេតុការណ៍ប្រឆាំងការជួញដូរមនុស្សកាលពីខែមុន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាប្រធានក្រុមការងារខេត្ត ក៏បានចូលរួមកិច្ចប្រជុំនេះដែរ រួមជាមួយនឹងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងថ្នាក់ដឹកនាំខេត្ត អគ្គស្នងការនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីបានចេញរបាយការណ៍ជូនលោក ស ខេង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបង្កើន «ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស» ដើម្បីជួយសង្គ្រោះជនរងគ្រោះ ស្វែងរកជនល្មើសមកកាត់ទោស និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ របាយការណ៍ បានបន្ថែមថា ការស្រាវជ្រាវក៏គួរធ្វើឡើងដើម្បីស្វែងរកបទល្មើសលាងសម្អាតប្រាក់ខុសច្បាប់ផងដែរ។
ទោះយ៉ាងណា របាយការណ៍នេះក៏បានណែនាំដល់អាជ្ញាធរឱ្យឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានបង្កហេតុ និងស្នើសុំការកែតម្រូវ «ដើម្បីទប់ស្កាត់ការវាយប្រហារអវិជ្ជមានពីមជ្ឈដ្ឋានផ្សេងៗទាំងក្នុងនិងក្រៅប្រទេស និងដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិយាកាសនយោបាយនិងសន្តិសុខសង្គម»។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ ក៏បានបង្កើតក្រុមការងារមួយដើម្បីសម្របសម្រួលការស៊ើបអង្កេត និងជួយសង្គ្រោះជនបរទេសនៅក្នុងទីតាំងគួរឱ្យសង្ស័យ និងពង្រឹងការកាត់ទោសករណីជួញដូរមនុស្ស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការងារនេះនឹងត្រូវបន្ថែមលើការងារកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សតាមរយៈតុលាការ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សាយហ្វូឌីន អាប់ឌូលឡា (Saifuddin Abdullah) បាននិយាយថា ជនរងគ្រោះពីការជួញដូរមនុស្សជាពលរដ្ឋម៉ាឡេស៊ី ចំនួន២៤នាក់ទៀត ត្រូវបានជួយសង្គ្រោះពីប្រទេសកម្ពុជា ប៉ុន្តែយ៉ាងហោចណាស់ ៣០នាក់នៅតែបាត់ខ្លួន៕
រាយការណ៍បន្ថែមដោយ៖ លោក ភិន រតនា
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ More Government Meetings Held Over Human Trafficking