បក្សក្រៅរដ្ឋាភិបាល​ថា រដ្ឋសភា​មិនទាន់​ឆ្លើយតប​លើ​សំណើ​សុំ​កែ​ទម្រង់​ច្បាប់​និង​ប្រព័ន្ធ​បោះឆ្នោត

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងគណបក្សនយោបាយ​​ក្រៅរដ្ឋាភិបាលមួយចំនួនលើកឡើងថា រដ្ឋសភាមិនទាន់មានការឆ្លើយតបជាថ្មីទៀតមកកាន់ពួកគេ ពាក់ព័ន្ធនឹងសំណើ​សុំជួបពិភាក្សាគ្នា​ធ្វើកំណែទម្រង់ច្បាប់ស្ដីពីគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដើម្បីឱ្យការបោះឆ្នោតទទួលបានសេរី ត្រឹមត្រូវ និងយុត្តិធម៌។

អគ្គលេខាធិការគ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ គណបក្សនយោបាយ៤ ដែលដាក់លិខិតជាថ្មីទៀតទៅប្រធានរដ្ឋសភា ស្នើសុំជួប​​ពិ​​គ្រោះ​​​​​​យោបល់លើកំណែទម្រង់ច្បាប់ស្តីពីគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ប៉ុន្តែរហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា​ មិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ។

លោក សាម អ៊ីន ហាក់មានជំនឿតិចតួចលើរដ្ឋសភាដែលអនុញ្ញាតឱ្យគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានជួបពិភាក្សា ដើម្បីជជែកអំពីការស្នើសុំឱ្យស្ថាប័នកំពូលនេះធ្វើកំណែទម្រង់ច្បាប់ស្តីពីគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និងធ្វើឱ្យប្រព័ន្ធបោះឆ្នោតខាងមុខនេះមានសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក សាម អ៊ីន បង្ហាញក្ដីបារម្ភថា បើរដ្ឋសភាមិនកែទម្រង់ច្បាប់ស្តីពីគណបក្សនយោបាយ និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជាទេ នោះ​នឹងធ្វើឱ្យពលរដ្ឋម្ចាស់ឆ្នោត​បាត់បង់ទំនុកចិត្ត និងមិនទៅបោះឆ្នោតថ្នាក់ជាតិខាងមុខ​ ដោយសារការបោះឆ្នោតកន្លងមកនៅតែរងការរិះគន់ថាមិនទាន់មានសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយ។

លោកមានប្រសាសន៍ថា៖ «បើសិនជាប្រព័ន្ធបោះឆ្នោតមិនមានការកែលម្អទេ ទីមួយ វាអាចក្រោយការបោះឆ្នោតនីមួយៗ វាអាចមានបញ្ហាប្រឈម ដូចថា មានក្រុមមួយទទួលយកលទ្ធផល មានក្រុមមួយទៀតមិនទទួលយកលទ្ធផល។ អ៊ីចឹង ​វាធ្វើឱ្យការទុកចិត្តរបស់សាធារណជន ទាក់ទងនឹងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់យើង វានៅមានបញ្ហាប្រឈម។ នៅពេលដែលគាត់បាត់ទំនុកចិត្តទៅលើប្រព័ន្ធបោះឆ្នោត បាត់ទំនុកចិត្តទៅលើស្ថាប័ន គ.ជ.ប គាត់អាចបដិសេធលែងទៅបោះឆ្នោត ដែលអាចធ្វើឱ្យចំនួនអ្នកបោះឆ្នោតថយចុះច្រើន»។

អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ មានសំឡេងប្រជាពលរដ្ឋរាប់លាននាក់គាំទ្រ បើរដ្ឋសភាមិនឆ្លើយតបតាមសំណើ​ ឬបដិសេធទទួលយកធាតុចូល ដើម្បីកែទម្រង់ច្បាប់បោះឆ្នោត និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជាឱ្យបានល្អទេ នឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ បន្ថែមពីនេះ នឹងបណ្ដាលឱ្យមានបញ្ហាប្រឈមចំពោះការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះបន្តទៀត ពិសេសនឹង​រងការរិះគន់​ដូចអាណត្តិមុនៗផងដែរ ។

លោកមានប្រសាសន៍ថា៖ «បើសភាមិនទទួលយកទេ មិនមានស្ថាប័នណាទៅជជែកជាមួយសភា ដើម្បីពិនិត្យមើលច្បាប់គណបក្សនយោបាយហ្នឹងទេ ព្រោះយើងសំដៅទៅលើការ[ធ្វើ]វិសោធនកម្មច្បាប់គណបក្សនយោបាយ ហើយសភាជាស្ថាប័នមួយគត់ដែលអាចសម្រេចវិសោធនកម្មទៅលើច្បាប់ទាំងឡាយ។ យើងទាំងអស់គ្នាបានលើកឡើងញឹកញាប់ហើយថា ច្បាប់គណបក្សនយោបាយមានកន្លែងខ្លះធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា»។

រីឯអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ មានប្រសាសន៍ថា កន្លងមក មុនពេល អំឡុង​ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលប្រកាសលទ្ធផលបោះឆ្នោត ភាពមិនប្រក្រតីនៅតែបន្តកើតមានជារៀងរាល់អាណត្តិ។ ជាមួយគ្នានេះ លោកថា នៅពេល​មានការតវ៉ាអំពីលទ្ធផលបោះឆ្នោតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺ គ.ជ.ប តែងតែលើកឡើងថា ខ្លួនធ្វើតាមច្បាប់តែប៉ុណ្ណោះ។

ករណីនេះ លោកជំរុញទៅរដ្ឋសភាពិនិត្យនិងកែច្បាប់ស្តីពីគណបក្សនយោបាយ និងកែប្រព័ន្ធបោះឆ្នោត ដើម្បីឱ្យការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ទទួលបានផលវិជ្ជមាន និងមានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «គួរតែរដ្ឋសភាយកសំណើ​ដែលយើងស្នើទៅ ពិចារណាដើម្បីកែលម្អ ពីព្រោះការបោះឆ្នោតនៅឆ្នាំក្រោយនេះ មានសារៈសំខាន់ណាស់សម្រាប់ធ្វើឱ្យកម្ពុជាទទួលយកបានពីសហគមន៍អន្តរជាតិ ហើយវាជួយទៅដល់សេដ្ឋកិច្ចដែលនាំទំនិញចេញរបស់យើង [អនុគ្រោះពន្ធ EBA] ទៅប្រទេសសេរី នៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានកាន់តែច្រើន»។

គណបក្សនយោបាយទាំង៤ ដែលទាមទារឱ្យកែលម្អប្រព័ន្ធ​នៃការបោះឆ្នោត និងសិទ្ធិសេរីភាព​ខាងនយោ​​បាយ នៅមុនការបោះឆ្នោតជាតិ​ដែលប្រព្រឹត្តទៅ​នៅខែកក្កដា ឆ្នាំក្រោយ រួម​មាន គណ​បក្សភ្លើងទៀន គណបក្ស​​ប្រជាធិបតេយ្យមូលដ្ឋាន គណបក្ស​​​ឆន្ទៈខ្មែរ និង​គណបក្ស​កែ​ទម្រង់​កម្ពុជា។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានទេ នៅថ្ងៃអង្គារ។

បើទោះបែបណា រដ្ឋសភា កាលពីថ្ងៃទី២៥ ខែ​សីហា បានច្រានចោលសំណើសុំជួបពីតំណាង​​គណ​​បក្ស​​នយោបាយទាំង៤នេះម្តងរួចមកហើយ បន្ទាប់ពី​គណបក្សនយោបាយ​​ទាំង៤ បាន​ដាក់​​​សំ​ណើ​​សុំ​លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី​១៧ ខែ​សីហា តែត្រូវបរាជ័យ។​​ លិខិ​ត​​​ឆ្លើយ​​តប​​​​របស់រដ្ឋសភា សម្អាងហេតុថា បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុងនៃ​រដ្ឋ​សភា ពុំ​មាន​​​ចែ​ង​​​អំ​​ពីបទបែបបទនិងនីតិវិធីនៃការជួបពិភាក្សារវាងរដ្ឋសភា និងគណ​បក្សន​យោ​បាយដែល​​គ្មាន​​អា​​សនៈ​​នៅក្នុងរដ្ឋសភាឡើយ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា រាល់សំណើ​របស់គណបក្សនយោបាយក្រៅរដ្ឋាភិបាល​ ដែលស្នើទៅរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនោះ ជាសិទ្ធិរបស់គណបក្សទាំងនោះ ដោយ គ.ជ.ប មិនមានអ្វីត្រូវបកស្រាយនោះទេ ។

ប៉ុន្តែលោកថា គ.ជ.ប អនុវត្តតួនាទីរបស់ខ្លួនតាមច្បាប់តែប៉ុណ្ណោះ បើសិនជារដ្ឋសភាសម្រេចវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ឬធ្វើកំណែទម្រង់ គ.ជ.ប នោះ គ.ជ.ប នឹងអនុវត្តតាមច្បាប់ដែលបានកំណត់។

លោកមានប្រសាសន៍ថា៖ «គ.ជ.ប គឺអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន ហើយការអនុវត្តច្បាប់នេះទៀត គ.ជ.ប កើតចេញពីសភា ហើយបើសិនជាសមាសភាព គ.ជ.ប រូបណា ឬក៏ប៉ុន្មាននាក់ដែលលោកសុំលាលែង ឬក៏ក្នុងច្បាប់ចែងថាទទួលមរណភាព គឺសភាមានតួនាទីរៀបចំចាត់ចែងដើម្បីបំពេញសមាសភាព គ.ជ.ប នេះវិញ»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស សង្កេតឃើញថា រាល់ការស្នើសុំធ្វើវិសោធនកម្មច្បាប់ និងធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ជាពិសេសក្បាលម៉ាស៊ីន គ.ជ.ប ជាដើម ភាគច្រើនផ្តើមចេញពីអ្នកនយោបាយបក្សប្រឆាំង និងគណបក្សកាន់អំណាច។ ​

លោកបញ្ជាក់ថា នៅក្នុងច្បាប់ សំណើ​របស់តំណាងគណបក្សនយោបាយ ឬប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលដាក់ទៅរដ្ឋសភា សុំធ្វើវិសោធនកម្មច្បាប់ និងកំណែទម្រង់ប្រព័ន្ធបោះឆ្នោត គឺរដ្ឋសភាត្រូវទទួលយកពិនិត្យនិងពិចារណា ដោះស្រាយតាមសំណើ​ដែលកំពុងកើតមាន ដើម្បីធ្វើឱ្យប្រព័ន្ធបោះឆ្នោតមានភាពល្អប្រសើរ និងកុំឱ្យមានការរិះគន់បន្តទៀត។

លោក កន សាវាង្ស បន្ថែមថា ប្រសិនបើសំណើ​របស់គណបក្សក្រៅរដ្ឋាភិបាលពេលនេះ​ត្រូវបានរដ្ឋសភាច្រានចោលនោះ នឹងធ្វើឱ្យការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះកាន់តែមានការរិះគន់​និងជួបផលវិបាកបន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «ការតវ៉ា ការប្ដឹងផ្ដល់ ការស្រែកតវ៉ាពីភាពមិនប្រក្រតីផ្សេងៗដែលកើតចេញអំពីដំណើរការនៃការបោះឆ្នោត លទ្ធផលនៃការបោះឆ្នោត និងការចូលរួមកាន់អំណាច គឺថាវានៅតែកើតមានបញ្ហា មានន័យថា អ្នកឈ្នះក៏ឈ្នះមិនបានពេញមុខពេញមាត់ ហើយអ្នកចាញ់ក៏ចាញ់ដោយមិនអស់ចិត្ត រួមទាំងអ្នករៀបចំការបោះឆ្នោតមិនមានកិត្តិយសពេញលេញថែមទៀត។ នេះជាចំណុចដែលកើតចេញពីផលវិបាកក្នុងការជជែកគ្នាឱ្យបានពេញលេញអំពីបញ្ហាដែលបានជួបប្រទះកន្លងមក»។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួ​ល​ការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ