ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ចុះ​រុះរើ​កន្លែង​ចិញ្ចឹមត្រី​របស់​ពួកគេ ខណៈ​ជម្លោះ​ដីធ្លី​មិនទាន់​ដោះស្រាយ​ចប់

ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោក ចុះរារាំងសកម្មភាពអាជ្ញាធរដែលមករុះរើស៊ងចិញ្ចឹមត្រីរបស់ពួកគេនៅលើផ្ទៃបឹងតាមោក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ (ពលរដ្ឋ៌)

ប្រជា​ពល​រដ្ឋប្រហែល​៤០​នាក់ រស់​នៅ​ជាប់​បឹង​តាមោក​ ក្នុង​សង្កាត់សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរខណ្ឌដែលចុះ​​រុះ​រើ​​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួកគាត់​នៅលើផ្ទៃបឹងតាមោក ខណៈជម្លោះដីធ្លីមិនទាន់បានដោះស្រាយចប់នៅឡើយ។

អ្នកស្រី ​ផន សុខុម អាយុ​៥​០​ឆ្នាំ​ ដែល​កំពុង​​រស់​​នៅ​​ជាប់​បឹង​តាមោក ​ក្នុង​សង្កាត់​សំរោង​ ​ប្រាប់​វីអូឌីថា នៅថ្ងៃអង្គារ​នេះ អាជ្ញាធរ​ខណ្ឌព្រែកព្នៅបាន​ដាក់​កម្លាំងប្រជាការពារ​ភូមិ កម្លាំងកងរាជអាវុធហត្ថ និង​អាជ្ញាធរពាក់ព័ន្ធផ្សេងទៀត​ប្រហែល១០០​នាក់ ចុះ​រុះរើស៊ងចិញ្ចឹមត្រីរបស់​ប្រជា​ពលរដ្ឋ​នៅលើផ្ទៃបឹងតាមោក ​អស់​ប្រហែល​៣០ទៅ៤០​កន្លែង។

ពលរដ្ឋរូបនេះបន្ត​ថា ការរុះរើ​កន្លែង​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ​នេះបានធ្វើឱ្យពលរដ្ឋខាតបង់ផលប្រយោជន៍ជាច្រើន ដូចជា សម្ភារចិញ្ចឹម​ត្រី ថវិកា និងផលត្រី ជាដើម។ អ្នកស្រីអះអាង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេដែល​អាជ្ញាធរធ្វើបែប​នេះ ខណៈ​​មិនទាន់បានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋនៅ​ឡើយ។

អ្នកស្រី ផន សុខុម ឱ្យដឹងថា ក្រោយប្រជាពលរដ្ឋផ្ទុះ​ការតវ៉ា អាជ្ញាធរខណ្ឌ​​បានផ្អាកសកម្មភាពរុះរើ និង​ហៅ​ប្រជាពលរដ្ឋទៅជួបប្រជុំរកដំណោះស្រាយនៅសាលាខណ្ឌជាថ្មីទៀតនៅថ្ងៃនេះ។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរគាត់មិនបានគិ​ត​ពី​ផលប្រយោជន៍ប្រជាពលរដ្ឋ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះទេ។ គាត់​គិត​តែ​ផល​ប្រយោជន៍​របស់​ក្រុម​ និងបក្សពួករបស់គាត់។ នៅសង្កាត់ខ្ញុំនេះ ប្រជាពលរដ្ឋកំពុងរងទុក្ខលំបាក​ខ្លាំងណាស់​ ទី១ បញ្ហា​លំនៅឋាន និងទី២ ការបាត់បង់កន្លែងអាស្រ័យផលដោយសាររឹបអូសយក»

ពលរដ្ឋកំពុងរស់នៅជាប់បឹងតាមោកម្នាក់ទៀត​ កញ្ញា សៀ ដាវី និយាយថា ក្រោមគម្រោងអភិវឌ្ឍន៍​នៅលើ​​ផ្ទៃបឹង​តាមោករបស់​រដ្ឋាភិបាល បានធ្វើឱ្យប្រជាពលរដ្ឋ២៥០គ្រួសាររង​ទុក្ខ​លំបាក ដោយ​សារ​បាត់​បង់​កន្លែងអាស្រ័យផល ហើយផ្ទះសម្បែង​​របស់​ពួក​គាត់​១០៩ខ្នង​ប្រឈមការបាត់បង់​ និង​រង​ការ​បណ្តេញចេញដោយបង្ខំ ជាដើម។

ពលរដ្ឋរូបនេះបន្តថា ការចុះរុះរើកន្លែងចិញ្ចឹមត្រី​របស់ប្រជាពលរដ្ឋនៅ​ព្រឹកមិញនេះ ដឹកនាំ​ដោយ​អភិបាលខណ្ឌ​ព្រែក​ព្នៅដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ធឹម សំអាន ដើម្បីយកកន្លែងនោះចាក់ដីលុប ​​សម្រាប់ឱ្យអ្នកមានលុយមានអំណាចធ្វើការអភិវឌ្ឍ​ផ្សេងៗ។

អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរបំពាន​រហូត គាត់ថានឹងដោះស្រាយឱ្យប្រជាពលរដ្ឋ ប៉ុន្តែពួកគាត់បានដាក់កម្លាំងមកឱ្យប្រជាពលរដ្ឋរុះរើផ្ទះ​។ ឥលូវនេះ ពួកគាត់ចាប់ផ្តើមដាក់កម្លាំងមកហើយ មានទាំងកម្លាំងកងរាជអាវុធហត្ថ កម្លាំងប្រជាការពារភូមិ គ្រប់​សព្វ​បែបយ៉ាង ចុះមកកាប់ស៊ងត្រី និងបំផ្លាញរោង​ចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ដែលមានបន្តិចបន្តួច​សម្រាប់​ចិញ្ចឹមជីវិត​ហ្នឹង គឺ​ពួក​អាជ្ញាធរទាំងអស់ហ្នឹង​ធ្វើគ្រប់បែបយ៉ាង គឺមិនមែន​ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺដើម្បី​បក្ខពួកគាត់ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ប៉ុណ្ណោះ»

វីអូឌី មិន​អាច​សុំការ​ឆ្លើយ​ត​ប​ពីអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានទេ នៅថ្ងៃអង្គារនេះ ដោយទូរសព្ទចូលគ្មានអ្នក​ទទួល។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមពលរដ្ឋបានជួបប្រជុំជាមួយតំណាងរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីស្វែងរកដំណោះស្រាយដីធ្លី។ ក្នុងជំនួបនោះ ពលរដ្ឋអះអាងថា អាជ្ញាធរបានបង្ខំឱ្យពួកគេដោះដូរដីទៅរស់នៅទីតាំងថ្មី ស្ថិតនៅសង្កាត់សំរោងដូចគ្នា ប៉ុន្តែក្រុមពលរដ្ឋមិនព្រមទទួលយកឡើយ ដោយទាមទារអភិវឌ្ឍន៍នៅនឹងកន្លែង។

យ៉ាងណា អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ធ្លាប់ប្រាប់វីអូឌីថា អាជ្ញាធរ​មិនអាចអភិវឌ្ឍនៅនឹងកន្លែងបានឡើយ ដោយសារ​​ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវ​លេខ​១៥១ ដោយខុសច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលគ្រោងពង្រីកឱ្យបាន៥០ម៉ែត្រ។

មន្ត្រីសម្របសម្រួលគម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត ចាត់ទុកអាជ្ញាធរខណ្ឌព្រែកព្នៅចុះរុះរើកន្លែងចិញ្ចឹមត្រី និងបង្ខំឱ្យពលរដ្ឋដោះដូរទៅថ្មីកន្លែងនោះ ថា​ជាទង្វើខុសច្បាប់។ លោក​បង្ហាញក្តីបារម្ភ​​ចំពោះអំពើហិង្សាផ្សេងៗ​ដែលអាចកើតមានឡើង​ជាយថាហេតុ​ណាមួយរវាង​ពលរដ្ឋនិងអាជ្ញាធរ ​ជុំវិញជម្លោះដីធ្លីនេះ ហើយប្រជាពលរដ្ឋនឹង​ប្រឈម​ការ​រងគ្រោះធ្ងន់ធ្ងរ និងរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ​ផ្សេងៗជាដើម។

លោក វណ្ណ សុផាត បាន​ទទូចដល់អាជ្ញាធរដោះស្រាយជូនពលរដ្ឋ ដោយឈរលើគោលការណ៍យុត្តិធម៌និង​តម្លាភាព ដើម្បី​កុំឱ្យប៉ះពា​ល់​​ដល់​​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋាន និងសិទ្ធិដីធ្លី ដែលធានាដោយ​ច្បាប់ជាតិ និងអន្តរជាតិ ខណៈរដ្ឋាភិបាលបានកាត់ដីផ្ទៃបឹងតាមោករាប់ពាន់ហិកតាផ្តល់ទៅឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអ្នកមានលុយមានអំណាចធ្វើកម្មសិទ្ធិ។

លោកបន្ថែមថា៖ «គាត់អត់ធ្វើតាមច្បាប់ទេ គាត់ធ្វើតាមបញ្ជាថ្នាក់លើ ហើយការ​ធ្វើតាម​បញ្ជា​ថ្នាក់​លើ​ ដោយមិនគោរពច្បាប់​នេះ គឺវាគ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងរបបប្រជាធិបតេយ្យ ជាពិសេស​ប្រជាពលរដ្ឋនឹង​ក្លាយទៅ​ជា​អ្នក​គ្មាន​ផ្ទះសម្បែង​ និងចំណាកស្រុកទៅប្រទេសផ្សេងៗ ហើយ​នឹង​ទទួលរងការគំរាមកំហែងនិងរងទារុណកម្មខាងការ​ងារ​ទៀត ហើយប្រជាពលរដ្ឋកាន់តែរងគ្រោះថែមទៀត»

គួរបញ្ជាក់​ថា បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់យក​បឹង​ធម្មជាតិ​មួយ​នេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង២ ០០០​ហិកតា​ហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ពន្ធផ្សេង​ៗ ព្រម​ទាំង​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ