ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិងកំពុងអំពាវនាវឱ្យលោកខាងលិចពន្លឿនការបញ្ជូនសព្វាវុធបន្ថែមទៀត ខណៈកងទ័ពរបស់ខ្លួនបង្កើនការចូលទៅគ្រប់គ្រងលើទឹកដីភាគឦសានដែលដណ្តើមបានមកវិញពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសុន្ទរកថាមួយតាមរយៈប្រព័ន្ធវីដេអូ កាលពីយប់ថ្ងៃចន្ទ លោក ហ្សេលេនស្គី បានឱ្យដឹងថា អ៊ុយក្រែន និងលោកខាងលិច ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីកម្ចាត់សកម្មភាពឈ្លានពានរបស់រុស្ស៊ី។
ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ក៏បានឱ្យដឹងដែរថា កងកម្លាំងអ៊ុយក្រែនបច្ចុប្បន្ន ហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ដោយមានការគាំទ្រពីលោកខាងលិច។
លោក Antony Blinken ថ្លែងថា៖ «សកម្មភាពរបស់ពួកគេ [អ៊ុយក្រែន] គឺត្រូវបានធ្វើឡើងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយក្នុងនោះក៏មានការគាំទ្រយ៉ាងសំខាន់ពីសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតផងដែរ ទាក់ទងនឹងការធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានឧបករណ៍ចាំបាច់គ្រប់គ្រាន់ក្នុងប្រតិបត្តិការយោធារបស់ខ្លួន»។
ការឈ្លានពានរបស់ រុស្ស៊ី លើ អ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់សប្តាហ៍ទី២៨ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់ បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង។
ទោះជាយ៉ាងណា កងកម្លាំងអ៊ុយក្រែន គិតត្រឹមដើមសប្ដាហ៍នេះ អាចវាយដណ្តើមយកផ្ទៃដីប្រមាណជា ៦ ០០០ គីឡូម៉ែត្រក្រឡា ដែលគ្រប់គ្រងដោយរុស្ស៊ីបានមកវិញ ដែលអាចត្រូវបានចាត់ទុកថា ជាសកម្មភាពដ៏ជោគជ័យមួយ។ នេះបើតាមការឱ្យដឹងពីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី៕