ប្រធាន​អាស៊ាន​ជំរុញ​ប្រទេស​ក្នុង​តំបន់​ឆ្លើយតប​បន្ថែម​ទៅ​នឹង​និន្នាការ​ថ្មី ដើម្បី​ស្ដារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ ​នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រធាន​ប្ដូរវេនអាស៊ាន ជំរុញដល់បណ្ដាប្រទេសក្នុងតំបន់ គិតគូរបន្ថែម និងរួមគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលទាំងអស់គ្នា ជាពិសេសជំរុញការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ​ប្រកបដោយ​ចីរភាព ខណៈ​ពិភព​លោកកំពុង​ជួប​វិបត្តិ​ប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ ជំងឺឆ្លងរាតត្បាត និងបញ្ហាផ្សេងៗមួយចំនួន​ទៀត។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃពុធនេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​​​អាស៊ាន​ប្ដូរវេន បានថ្លែងថា កម្ពុជាបានកំណត់គោលដៅជាយុទ្ធសាស្ត្រចំនួន៤ នៅ​ក្រោមសរសរ​ស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន រួមមាន ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការកាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ជំរុញ​សមាហរណកម្ម, បរិយាបន្ន ភាពធន់ និង​ភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន។

លោកបន្តថា ក្នុងពេលដែលពិភពលោក​កំពុងប្រឈមនឹង​ឧបសគ្គជាច្រើនក្នុងការភិវឌ្ឍ អាស៊ាន​ត្រូវ​ផ្តល់​សារសំខាន់​កាន់​តែខ្លាំងថែមទៀតដល់ការរក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធាន​ច្បាប់ គោល​ការណ៍​សកល​ភាវូបនីយកម្ម យន្តការពហុភាគី​និយម និងសេរី​ភាវូបនីយកម្ម ពាណិជ្ជកម្ម និងវិនិយោគ, ការប្រឆាំងនឹងការ​គាំពា​រ​និយម ការលើកកម្ពស់ភាពធន់រឹងមាំ និងចង្វាក់ផ្គត់ផ្គង់ដល់​តំបន់ និង​សកល, ការតភ្ជាប់ និងភស្តុភារកម្ម, កសាងសេដ្ឋកិច្ចឌីជីថល, កិច្ចការពារបរិស្ថាន, ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាដើម។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ដល់​បណ្ដាប្រទេស​ក្នុង​តំបន់ គិត​គូរ​បន្ថែម និ​ងរួ​មគ្នា​ជា​ធ្លុងមួយ ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេល​ទៅ​នឹងនិន្នាការថ្មីៗ និងដោះស្រាយបញ្ហាប្រឈមជាសកលទាំងអស់គ្នា ជាពិសេសជំរុញការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព ខណៈពិភព​លោក​កំពុង​ជួប​វិបត្តិប្រេង​ឡើង​ថ្លៃ អត្រាអតិផរណាខ្ពស់ ជំងឺ​ឆ្លង​រាត​ត្បាត និងបញ្ហាផ្សេងៗមួយចំនួនទៀត។

លោកថ្លែង​បន្ថែម​ថា ចក្ខុ​វិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតលើការគិតគូរយុទ្ធ​សាស្ត្រ​លើ​បញ្ហា​ថ្មីៗ រួមមាន ការវិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ឌីជីថល ការ​កាត់​បន្ថយ​គម្លាតឌីជីថលក្នុងតំបន់ ការពង្រឹងភាពធន់អាស៊ានទៅលើគ្រោះមហន្តរាយ ជំងឺ​ឆ្លងរាតត្បាតនានា ការលើកកម្ពស់អភិវឌ្ឍន៍​សេដ្ឋកិច្ចបៃតង ការ​ការពារពលករចំណាកស្រុក ការអភិវឌ្ឍ​ពលករ​ជំនាញ ការអភិវឌ្ឍ​សហ​គ្រាស​ធន់​តូចនិង​មធ្យ​ម ​ជា​ដើម។

ជាមួយ​គ្នា​នេះដែរ លោកថា អាស៊ាន​​គួរ​បន្តការភ្ជាប់ការទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើ​គោល​ការណ៍សម​ភាព និង​ការ​ផ្តល់​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​ការ​ទាញ​យក​ផលប្រយោជន៍ជាអតិបរមាសេដ្ឋ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូកមួយ ដែលមានស្រាប់ ដោយមានការដំឡើង​កម្រតិបន្ថែម ជាពិសេសការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមាន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ទាក់ទិនការកេងយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងអាស៊ាន។

មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជំរុញ​ដល់​ប្រទេសជា​សមាជិក គួរតែ​​ខិត​ខំ​អនុវត្ត​នូវការ​សន្យា​នានា ហើយ​បន្ត​ការចរចា​បើក​ច្រក​ទីផ្សារ​សំដៅ​កា​រ​ទាក់ទាញចូលរួមពីបណ្ដា​ប្រទេស​ដែលមានសេដ្ឋកិច្ចធំៗដទៃទៀតក្នុងកិច្ចព្រមព្រៀងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ