តុលាការ​គ្រោង​នឹង​សួរ​សាក្សី​ពាក់ព័ន្ធ​សំណុំ​រឿង​លោក កឹម សុខា នៅខែក្រោយ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការគ្រោងនឹងសួរសាក្សីពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នៅដើមខែក្រោយ ខណៈលោក កឹម សុខា បានបដិសេធការទទួលខុសត្រូវបាតុកម្មហិង្សានៅស្ពាននាគ នៅពេលដែលតុលាការព្យាយាមភ្ជាប់លោកទៅនឹងករណីហិង្សាពេលនោះ។

ប្រធានក្រុមប្រឹក្សាជំនុំជម្ រះលោក កូយ សៅ នៅព្រឹកថ្ងៃពុធ​នេះ បានប្រកាសក្នុងបន្ទប់សវនាការថា នឹង​សួរសាក្សីក្នុងសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី៥ ខែតុលា ខណៈសាក្សីនៅតាមខេត្ត នឹង​សាកសួរនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

សវនាការជាង៣ម៉ោង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា​ ដែលសវនាការលើកទី៥៦ តំណាងអយ្យការ មេធាវីរដ្ឋាភិបាល និងមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានប្រើពេលវេលាភាគច្រើនវាយប្រហារគ្នា ក្រោយពីតំណាងអយ្យការបានសួរដេញដោលដោយព្យាយាមទាញភ្ជាប់ និងដាក់ការទទួលខុសត្រូវលើលោក កឹម សុខា ក្នុងសំណុំរឿងបាតុកម្មហិង្សានៅស្ពាននាគកាលពីឆ្នាំ២០១៤។

តំណាងអយ្យការ លោក ឆាយ ហុង អះអាងថា ក្នុងវីដេអូជាង៤នាទីដែលជាបាតុកម្មហិង្សានៅស្ពាននាគ មានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហូរ, លោក ហូ វ៉ាន់, លោក មាជ សុវណ្ណរ៉ា ជាដើម ដែលកំពុងថ្លែងសារនៅស្ពាននាគ ប៉ុន្តែលោក កឹម សុខា ជាថ្នាក់ដឹកនាំមួយដែរ​ បែរជាឆ្លើយមិនដឹងទៅវិញ។

លោកបន្តថា៖ «នេះជាការឆ្លើយដោះសារ គ្មានការទទួលខុសត្រូវ ដែលជាអ្នកដឹកនាំមួយរូបរបស់គណបក្សសង្គ្រោះជាតិ។ លោកថាបានបោះបង់សមាជិករបស់ខ្លួនចោល ហើយយករួចខ្លួន»។

ឈរនៅរង្វង់ក្រចកសេះ ក្នុងទឹកមុខមាំ លោក កឹម សុខា ថាតំណាងអយ្យការបានធ្វើសេចក្ដីសន្និដ្ឋាន និងវាយតម្លៃលើរូបលោកមិនត្រឹមត្រូវឡើយ។ លោកបន្តថា សកម្មភាពនោះជាការទទួលខុសត្រូវរបស់បុគ្គល មិនពាក់ព័ន្ធនឹងរូបលោក និងមិនមែនជាការទទួលខុសត្រូវរបស់គណបក្សសង្គ្រោះជាតិទេ។

លោកថា៖ «មន្ត្រីមួយក្រុមនោះធ្វើខុស ឱ្យថ្នាក់ដឹកនាំទទួលខុសត្រូវយ៉ាងណាម៉េច? តំណាងអយ្យការគួរតែរៀនឡើងវិញពីប្រព័ន្ធដឹកនាំ។ ភាសាតំណាងអយ្យការលើកឡើង ជាភាសាអ្នកនយោបាយ។ ភាសាហ្នឹងសម[តែ]អ្នកនយោបាយយកមកតតាំងគ្នា មិនគួរតំណាងអយ្យការយកភាសានយោបាយមកប្រើបែបនេះ វាមិនត្រឹមត្រូវ»។

ក្រោយពីមានភាពតានតឹងរវាងតំណាងអយ្យការ និងលោក កឹម សុខា នោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានចូលខ្លួនសម្របសម្រួល។

តែយ៉ាងណា មេធាវីការពារក្ដីឱ្យលោក កឹម សុខា បានប៉ះទង្គិចគ្នាជាថ្មីទៀតជាមួយតំណាងអយ្យការ ក្រោយពីចៅក្រម លោក សេង លាង បានតាំងសំណួរទៅកាន់លោក កឹម សុខា ដោយមានភ្ជាប់រូបភាពមួយចំនួនទាក់ទិនសន្តិសុខរងរបួសនៅស្ពាននាគ។ 

ចៅក្រមជម្រះ លោក សេង លាង បានសួរទៅលោក កឹម សុខា ថាមានការសោកស្ដាយទេ នៅពេលអាជ្ញាធរបង្រ្កាបទៅលើទៅក្រុមបាតុករ?

ឆ្លើយតបនឹងសំណួរចៅក្រម លោក កឹម សុខា បាននិយាយក្នុងអង្គសវនាការថា រូបលោកមិនមានចេតនាឱ្យថ្នាក់ដឹកនាំ និងសកម្មជនប្រើប្រាស់អំពើហិង្សា ឬធ្វើបាតុកម្មណាមួយប៉ះពាល់ដល់ផលប្រយោជន៍ជាតិនោះទេ។

ការតាំងសំណួររបស់លោកចៅក្រមនេះ ត្រូវបានមេធាវីការពារក្ដីលោក កឹម សុខា គឺលោកស្រី ម៉េង សុភារី ប្រតិកម្មដោយចាត់ទុកសំណួរចៅក្រមថា ជាសំណួរដាក់បន្ទុកលើកូនក្ដី។ លោកស្រីស្នើទៅចៅក្រមឱ្យសួរសំណួរកូនក្ដីទាំងដោះបន្ទុក និងដាក់បន្ទុក។

លោកថា៖ «សំណួរលោកចៅក្រមលើកឡើង គឺជាសំណួរដាក់បន្ទុកទាំងអស់។ រូបភាពក៏ដាក់បន្ទុក ហើយពាក្យសម្ដីក៏ជាការសន្មតទុកថាកូនក្ដីខ្ញុំមានទោស»។

យ៉ាងណាក៏ដោយ ក្រោយពីមានការប៉ះទង្គិចដោយពាក្យសម្តីគ្នានេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានចេញសម្របសម្រួល និងបិទបញ្ចប់ការសួរដេញដោលលើភស្តុតាងនៅស្ពាននាគ នាថ្ងៃពុធ​ ខណៈសវនាការសប្ដាហ៍ក្រោយនៅថ្ងៃទី២១​ ខែកញ្ញា​ តុលាការបន្តសួរដេញដោលលើភស្ដុតាង «ថ្ងៃចន្ទពណ៌ខ្មៅ សកម្មភាពជនជាតិតៃវ៉ាន់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងអង្គហេតុផ្កាឈូក» ជាដើម។

​​ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនទាំងយប់កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​​២០១៧។ លោក កឹម សុខា បានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព» ឬត្រូវរ៉ូវដោយសម្ងាត់ជា​​មួយរដ្ឋប​​រ​​ទេ​​ស ឬភ្នាក់ងារបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។

គិតពីថ្ងៃចាប់ខ្លួនមកដល់ពេលនេះ មានរយៈពេលជាង៥ឆ្នាំហើយ​​ តុលាការកម្ពុជានៅរកមិនទាន់ឃើញថាលោក កឹម សុខា មានទោសនៅឡើយ ខណៈសហគមន៍ជាតិ និងអន្តរជាតិ បានចាត់ទុកការចាប់ខ្លួនលោក កឹម សុខា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ