ក្រុមមនុស្សចាស់​នៅ​កម្ពុជា​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់ ខណៈ​គ្មាន​លទ្ធភាព​រក​ចំណូល

បុរសវ័យចំណាស់ម្នាក់ថ្លែងពីស្ថានភាពនិងសំណូមពរ ក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី២ ក្រោមប្រធានបទ “សោធនសង្គមសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា” ក្នុងខេត្តបាត់ដំបង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Oxfam in Cambodia)

ក្រុមមនុស្សចាស់បានអំពាវនាវទៅរដ្ឋាភិបាល​ឱ្យ​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់ម​នុស្សវ័យ​ចំណាស់ ក្រោយ​ពួក​គាត់​គ្មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ និង​សុខភាពខ្លួនឯង។

ក្រុម​អង្គ​ការ​សង្គមស៊ី​វិលជាតិ និងអន្តរជាតិ រួម​មាន អង្គ​ការ OXFAM អង្គការ​ HelpAge Cambodia និងអង្គការ​ UNDP បានសហការ​ជាមួយ​ក្រសួង​សង្គម​កិច្ច រៀប​ចំ​វេទិកា​មនុស្សវ័យ​ចាស់​ថ្នាក់​ជាតិ​ លើក​ទី២ ក្រោមប្រធានបទ «សោធនសង្គមសម្រាប់​មនុស្សវ័យចាស់នៅកម្ពុជា» នៅថ្ងៃទី១៣ និងទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងខេត្តបាត់ដំបង។

បើតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​អង្គការ​ទាំង​នេះ គឺ​មាន​មនុស្សចាស់ជិត២០០នាក់ តំណាងឱ្យមនុស្សចាស់ជាង៣ម៉ឺន​នាក់ មក​ពី២៥​រាជធានី-ខេត្ត បានចូលរួមក្នុង​វេទិកានេះ។

តំណាង​មនុស្ស​វ័យ​ចំណាស់​ចំនួន​៥នាក់ត្រូវបាន​ស្រង់​សម្តី​យក​ដាក់​ក្នុង​សេចក្ដីប្រកាសព័ត៌មាននេះ ដោយ​ពួក​គាត់​បានអំពាវ​នាវដល់​រដ្ឋាភិបាលឱ្យពិចារណាផ្ដល់ប្រាក់ឧបត្ថម្ភ​ដល់​មនុស្សជរា​ជា​អាទិភាព ដើម្បីជួយដោះស្រាយបញ្ហាជីវភាព សុខភាព ទាំង​អំឡុងនិងក្រោយប៉ះពាល់​នៃជំងឺកូវីដ-១៩។

លោក ធីវ សំអាត អាយុ៧៥ឆ្នាំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាន​លើក​ឡើង​ក្នុង​វេទិកា​នេះថា ពេលដែលលោកឈានចូលដល់វ័យនេះ លោកបានបាត់បង់ការងារ និងប្រាក់​ចំណូល ហើយលោកចង់ឱ្យរដ្ឋាភិបាលជួយផ្ដល់ប្រាក់ឧបត្ថម្ភ​ដល់​មនុស្ស​​ចាស់​​ ដើម្បីមាន​លទ្ធភាពចំណាយ​ទៅលើ​តម្រូវការប្រចាំថ្ងៃ ដូចជា អាហារ​ហូប​ចុក និង​ទិញថ្នាំពេទ្យ​សម្រាប់ព្យាបាល​ជំងឺ​ ជា​ដើម។

លោកបន្ថែមថា៖ «នៅពេលខ្ញុំឈានដល់វ័យចាស់ បាត់​បង់ប្រាក់ចំណូល និងការងារ។ ខ្ញុំត្រូវការប្រាក់ឧបត្ថម្ភពី​រដ្ឋាភិបាល ដើម្បីខ្ញុំមានលទ្ធភាពចំណាយទៅលើតម្រូវ​ការ​ប្រចាំថ្ងៃ ដូចជា ទិញ​អាហារ​ហូប​ចុក និង​ទិញថ្នាំពេទ្យ ជាដើម»

អ្នក​ស្រី សេក សុវណ្ណ អាយុ៦២ឆ្នាំ នៅរាជធានីភ្នំពេញ មាន​ប្រសាសន៍​ថា ដោយសារ​ឈានដល់​​​វ័យ​ចាស់​ អ្នក​ស្រីពុំ​អាច​ទៅប្រកប​របរ​​រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ឡើយ ដែល​ធ្វើឱ្យអ្នកស្រី​ជួបបញ្ហាខ្វះខាតក្នុងជីវភាព។

អ្នកស្រីបន្ថែមថា៖ «បាន​ជា​ខ្ញុំត្រូវការប្រាក់ឧបត្ថម្ភ​ក្នុងវ័យចាស់ ព្រោះខ្ញុំគ្មានលទ្ធភាពរកចំណូលទៀតទេ ដូច្នេះខ្ញុំត្រូវការប្រាក់ដើម្បី​ទិញ​ម្ហូប​អាហារ​ហូប​ចុក និង​ដោះ​ទ័លជីវភាពប្រចាំថ្ងៃ»

អ្នកស្រី អ៊ូ វណ្ណដា អាយុ៦៧ឆ្នាំ ប្រធានបណ្ដាញ​មនុស្សវ័យ​ចំណាស់​កម្ពុជា លើក​ឡើង​ថា ប្រាក់​ឧបត្ថម្ភ​សង្គម​សម្រាប់មនុស្ស​វ័យ​ចំណាស់​​ពិតជា​ចាំបាច់ និង​មាន​សារៈសំខាន់ខ្លាំងណាស់​សម្រាប់ពួកគាត់ ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និង​រួច​ផុត​ពីជីវ​ភាព​ក្រីក្រនិង​ងាយ​រ​ង​គ្រោះ។ អ្នកស្រី​បន្ត​ថា​​ មនុស្ស​វ័យ​ចាស់​ជួប​​បញ្ហា​​ច្រើន​ ដូច​ជា​ គ្មាន​ប្រាក់​ចំណូល បញ្ហាជីវភាព និងបញ្ហាសុខភាព ជាដើម។

អ្នកស្រីបន្ថែមថា៖ «ប្រាក់ចំណូល គឺគាត់អត់អាចរកបានទេ​ ​រឿងសំខាន់ទី១។ ទី២ ប៉ះពាល់នឹ​ង​រឿង​សុខភាព ដល់​ពេលចាស់​គាត់​​មាន​ជួប​ជំងឺ​មិន​ឆ្លង​ជា​ច្រើន​ ដែលជាជំងឺត្រូវការព្យាបាលរយៈពេល​យូរ ឬក៏មួយជី​វិត​ផង ដូចជា ជំងឺទឹកនោមផ្អែម លើស​ឈាម ​ឈឺ​សន្លាក់ អ៊ីចឹងពួកគាត់មានការលំបាកណាស់។ អ៊ីចឹងហើយ ពួកខ្ញុំចង់បានថា ឱ្យតែឈានដល់វ័យចាស់ គឺទទួល​បានប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល និងបណ្ណមួយទៀត​សម្រាប់ឱ្យពួកគាត់អាចទៅទទួលសេវាសុខាភិបាលដោយ​ឥត​គិតថ្លៃ​ផង​ដែរ»

នាយិកានៃ​អង្គការ​អុកស្វាម​ លោក​ស្រី ភាណ សោភ័ណ មានប្រសាសន៍ថា តាម​របាយការណ៍​វិភាគ​លើ​ស្ថាន​ភាព​ក្រុម​ជនងាយ​រង​គ្រោះ និង​ការ​រើសអើង​បំផុត​ បានបង្ហាញថា មនុស្សវ័យចំណាស់បានប្រឈមនឹងការរើសអើង មានការលំបាកក្នុងការស្វែងរកការងារធ្វើ សិទ្ធិសម្រេចក្នុងគ្រួសារ មានបញ្ហាសុខភាព រួមទាំងឯកាផងដែរ។

មួយទៀតនោះ លោក​ស្រីថា ការធ្វើចំណាកស្រុក​ផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យបន្ទុកគ្រួសារធ្លាក់មកលើមនុស្សចាស់​ជា​អ្នកទទួល​ខុស​ត្រូវ ​រួម​ទាំង​ត្រូវ​មើល​ថែ​ចៅៗនិង​សមាជិក​គ្រួសារ​ផ្សេង​ទៀត ហើយ​ត្រូវ​រក​ប្រាក់​ចំណូល បាត់បង់​ឱកាស​ចូល​រួមសកម្មភាពផ្សេងៗ និងការថែទាំ​សុខ​ភាព​ខ្លួន​ឯង ខណៈកិច្ច​គាំពារ​សង្គ​មនៅ​មិន​ទាន់​បាន​គ្របដណ្ដប់​ដល់​មនុស្ស​វ័យ​ចំណាស់​​បាន​​ពេញលេញនៅឡើយ។

អ្នកស្រីបន្ថែមថា៖ «អង្គការអុកស្វាម មានមោទកភាពដែលបានចូលរួមគាំទ្រ និងសហការដោយផ្ទាល់​ជាមួយអង្គការមនុស្ស​ចាស់​កម្ពុជា ក្នុង​ការ​ពង្រឹង​ភាព​អង់​អាច និង​បង្កើនសំឡេង​របស់មនុស្សវ័យចាស់ ដើម្បីទទួលបាននូវកិច្ចគាំ​ពារសង្គម ឱ្យ​មាន​ការ​ងារ​សមរម្យ ទទួល​បាន​ការ​ការ​ពារ​ពេញ​លេញ​ ជាពិសេសក្នុងពេលមានវិបត្តិ និងគ្រោះអាសន្នជាដើម»

នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា មាន​ប្រសាសន៍​ថា បើទោះបីជារដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ រួមទាំងមនុស្សចាស់​ ប៉ុន្តែ​មនុស្សចាស់នៅតែប្រឈមនឹងបញ្ហាជាច្រើនដែលពុំទាន់​បាន​ដោះស្រាយ។ ដើម្បីដោះស្រាយបញ្ហាមនុស្ស​ចាស់ លោកថា ​គោលការណ៍​ការផ្តល់ប្រាក់ឧបត្ថម្ភ​ដល់មនុស្សវ័យ​ចំណាស់ ជាអាទិភាពទីមួយ។

លោក ទុំ វីរ៉ា ឱ្យដឹងថា តាមជំរឿនឆ្នាំ២០១៩ មនុស្សវ័យចាស់​នៅកម្ពុជា​មាន​ចំនួន១ ៣៨០ ០០០​នាក់ ឬ​ស្មើ​៩ភាគរយ​នៃចំនួន​ប្រជាជន​កម្ពុជា​សរុប។

លោកបន្ថែមថា៖ «បើយើង​ប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែលរួមទាំងប្រទេសទីម័រ​ផង​នោះ គឺមាន​តែប្រទេសកម្ពុជា និងប្រទេសឡាវប៉ុណ្ណោះ ដែលពុំទាន់មានកម្មវិធីសោធនសង្គម ឬកម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​សម្រាប់មនុស្ស​ចាស់​ទូទៅ។ ខ្ញុំសង្ឃឹមថា លទ្ធផល​នៃ​វេទិកា​ថ្ងៃនេះ អាចផ្តល់នូវសក្ខីភាពបន្ថែម និងក្លាយជាធាតុចូលយ៉ាងចាំបាច់សម្រាប់​រដ្ឋាភិបាល​ ដើម្បី​ឆ្លើយ​តប និ​ង​យកទៅពិចារណាបន្ថែមជាមួយការរៀបចំកម្មវិធីកញ្ចប់​គ្រួសារ»

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ថា ការបើកវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី២ នៅខេត្តបាត់ដំបងនេះ គឺដើម្បីស្រង់មតិ​យោបល់ និង​សំណូមពរ​ពី​ក្រុម​មនុស្សចា​ស់​ទាំងនោះ។ លោក​ថា សំណើរបស់ពួកគាត់នោះ រដ្ឋាភិបាលកំពុងគិតគូរដោះស្រាយហើយ ប៉ុន្តែអ្វីជាតម្រូវការរបស់ពួកគាត់​នោះ គឺ​លោក​នៅ​មិនទាន់អាចឆ្លើយតប​ភ្លាមៗនៅពេលនេះ​បានទេ។

លោកបន្ថែមថា៖ «សិក្ខាសាលានៅបាត់ដំបងនេះ គឺជាសិក្ខាសាលាមួយចង់ដឹងពីសំណូម​ពររបស់​មនុស្ស​ចាស់ ​ថាពួក​គាត់ចង់​បាន​អី ហើយយើង​នឹង​រៀបចំ​តម្រូវ​ទៅតាម​ការ​សំណូមពរ​របស់​ពួក​គាត់។ ប៉ុន្តែឥលូវ ​ខ្ញុំ​មិន​ទាន់​ហ៊ាន​ឆ្លើយ​ថាអាយុប៉ុន្មាន​ត្រូវ​ឱ្យ​អ្វី​នោះទេ​ ប៉ុន្តែយើង​បាននិងកំពុងគិតគូរហើយថាយើង​ត្រូវ​ឱ្យ​អ្វី​ដល់​ពួក​គាត់ ឱ្យយ៉ាងម៉េច? ប៉ុន្មានខែ? តែយើង​មិន​ទាន់បាន​កំណត់​នៅ​ឡើយ​ទេ។ ប៉ុន្តែយើងសង្ឃឹមថា នៅពេលខាងមុខ យើង​នឹងមាន​ ព្រោះផ្នែកជំនួយសង្គម គេកំពុង​គិតគូររឿងនេះហើយ»

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយ ស្តីពី «ប្រាក់ចំណូលរបស់មនុស្សវ័យចំណាស់ និងកិច្ចគាំពារសង្គមនៅកម្ពុជា ក្នុងអំឡុង​ពេល និង​ក្រោយ​ពេល​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩» ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថានជាតិ​សង្គម​កិច្ច​ នៅ​ឆ្នាំ២០២១ បាន​ឱ្យដឹង​ថា មនុស្សចាស់ប្រមាណ ៥៥ភាគរយ ដែលត្រូវជ្រើសរើសក្នុងការសិក្សា បាន​រង​ផល​ប៉ះពាល់​ផ្នែកប្រាក់​ចំណូល និង​ពុំទាន់​បំពេញ​ទៅ​នឹង​តម្រូវ​ការ​មូល​ដ្ឋាន​ក្នុងការរស់នៅរបស់ពួកគាត់នៅឡើយ ខណៈ​៤៥ភាគរយក្នុងចំណោម​ពួក​គាត់​ទទួលបានប្រាក់ឧបត្ថម្ភ​ពីរដ្ឋាភិបាលអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

របាយការណ៍ដដែលនេះបញ្ជាក់ថា មនុស្សចាស់ភាគច្រើន​ត្រូវការប្រាក់ឧបត្ថម្ភ​ក្នុងវ័យចាស់ជាចាំបាច់ ដើម្បី​ទ្រទ្រង់​ជីវ​ភាពរស់នៅរបស់​ពួក​គាត់ ជាពិសេស​ក្នុង​អំឡុង​ពេលនិង​ក្រោយពេលនៃផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ចំណែករបាយការណ៍របស់វិទ្យាស្ថានជាតិសង្គមកិច្ច នៅឆ្នាំ​២០១៨ បាន​ឱ្យដឹងថា​ ប្រភព​ចំណូល​របស់​មនុស្សវ័យចាស់ គឺពឹងផ្អែកសំខាន់ទៅលើការផ្គត់ផ្គង់​របស់​សមាជិកគ្រួសារ ឬកូនចៅរបស់ពួកគាត់ ដែលមានរហូតទៅដល់៧១ភាគរយ និងមាន​លទ្ធភាព​តិចតួចបំផុ​តក្នុងការរកចំណូលដោយខ្លួនឯង។

របាយការណ៍នេះបញ្ជាក់ថា មនុស្សចាស់ភាគច្រើនបានធ្លាក់ចូលក្នុងស្ថានភាពលំបាកនៅពេលឈានចូលទៅដល់វ័យ​ចាស់​ ដោយសារពួកគាត់បានបែងចែកទ្រព្យធន កេរអាករ​ទៅឱ្យកូនចៅអស់ ជាពិសេសមនុស្សចាស់ជាស្ត្រីមិនសូវមានឱកាស​ទទួល​បានការងារដែលមានប្រាក់ចំណូលទេ ភាគច្រើនពួកគាត់ពឹងផ្អែកទៅលើសមាជិកគ្រួសារ​​ស្ទើរតែពីរ​ដង​ប្រៀបធៀប​ជាមួយ​​បុរស ដោយ​សារ​មនុស្ស​ស្រីវ័យ​ចាស់​ភាគច្រើនធ្វើការងារមិនមាន​កម្រៃដូច​ការ​ងារ​ផ្ទះ និង​មើល​ថែទាំ​ចៅៗ​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ