កម្រិត​កម្ពស់​ទឹក​ស្ទឹងព្រែកត្នោត​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ (ង៉ាយ ណៃ)

គម្រោងបង្ការទឹកជំនន់សម្រេចបាន ៧០% ជុំវិញទីតាំងសំខាន់ៗដែលបានជន់លិចក្នុងរាជធានីភ្នំពេញរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈប្រជាពលរដ្ឋនៅជុំវិញស្ទឹងព្រែកត្នោតនៅតែប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងរដូវនេះ ស្របពេលកម្ពស់ទឹកកើនឡើង។​​​​

ក្រសួងធនធានទឹក និងឧតុនិយម សង្ឃឹមថា ការងារដែល​បាន​ធ្វើ​រហូត​មក​ដល់​ពេល​នេះ គឺស្ដារ​ស្ទឹង និង​ដៃ​ស្ទឹង​ព្រែក​ត្នោត និងរៀបចំទ្វារទឹកដើម្បីរំដោះសម្ពាធទឹក ដែល​អាច​បង្ការ​មិនឱ្យ​មាន​ការ​ជន់លិចដូចកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលនៅពេលនោះ​ ប្រជាពលរដ្ឋរាប់រយ​គ្រួសារ​​រស់នៅជុំវិញស្ទឹងព្រែកត្នោត​ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានជម្លៀសចេញ។

លោក អ៊ាង ចាន់ថន អាយុ៦៤ឆ្នាំ រស់នៅសង្កាត់គងណយ ចម្ងាយប្រហែល១០០ម៉ែត្រពីស្ទឹងព្រែកត្នោត បាននិយាយថា ជារឿង​ចៀសមិនផុត​ពីទឹកជំនន់។ លោកបន្ត​ថា ទឹកជំនន់តែងតែកើតឡើងនៅចន្លោះចុងខែកញ្ញា ដល់ខែតុលា ស្ទើរតែរៀងរាល់ឆ្នាំ ហើយ​​​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទឹក​ជំនន់​បាន​វាយលុក​តំបន់​នេះ​កាន់​តែ​ខ្លាំង​ឡើង។

លោក​បន្ថែមថា​៖ «កាលពីឆ្នាំទៅ ​ផ្ទះ​របស់​ខ្ញុំ​​លិចជិត​​មួយ​ម៉ែត្រ​កន្លះ ​អស់​រយៈ​ពេល​មួយ​សប្ដាហ៍ ​ដោយសារ​ភ្លៀង​ធ្លាក់​​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​។ ប៉ុន្តែសំណាងល្អ យើងមានអាហារគ្រប់គ្រាន់ ក៏ដូចជាតម្រូវការជាមូលដ្ឋា​ន ដើម្បីរស់នៅបានសមរម្យ។ យើង​ដឹង​ថាទឹកមក​ដល់ហើយ ដូច្នេះ​យើង​បាន​ត្រៀម​ទុកជាមុន»។

លោកបន្តថា កាល​ពី​មុន គាត់ចិញ្ចឹមសត្វ និងត្រូវ​យកសត្វ​ចេញពីផ្ទះទៅរកទីទួលមានសុវត្ថិភាព​នៅពេ​ល​មាន​ទឹកជំនន់។ លោកថា ​ការ​រស់​នៅជាមួយទឹក​ជំនន់​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។

លោកបន្ថែមថា៖ «នៅពេលមានទឹកជំនន់ បន្ទប់ទឹករបស់យើងលិចទាំងស្រុង ដូច្នេះយើង​ត្រូវ​ដើរ​លុយទឹកទៅសុំចូលបន្ទប់ទឹក​អ្នក​ជិត​ខាង»។

គិតត្រឹមសប្ដាហ៍នេះ លោក អ៊ាង ចាន់ថន បានសង្កេតឃើញថា កម្ពស់ទឹកព្រែកត្នោតកើនឡើង​ប្រហែលកន្លះម៉ែត្រពីកម្រិតធម្មតា ដែលមិនទាន់មានការព្រួយបារម្ភនៅឡើយ។ ទោះយ៉ាងណា លោក​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន បើ​ទោះបីជា​​អាជ្ញាធរបានសាងសង់​ហេដ្ឋា​រចនា​សម្ពន្ធមួយចំនួនដើម្បីបង្ការក៏​ដោយ។

លោក​បន្ថែម​ថា៖​ «​ខ្ញុំ​គិត​ថា​ តំបន់​របស់​យើង​នៅ​តែ​អាច​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ប្រសិន​បើ​ភ្លៀង​ធ្លាក់​ខ្លាំង​ដូច​ឆ្នាំ​មុន​ បើ​ទោះ​ជា​ផ្នែកខ្លះនៃស្ទឹងត្រូវបានស្ដារ​នៅ​ពេល​នេះ​ក៏​ដោយ។ យើង​កំពុងស្ដាប់ព័ត៌មានដោយយកចិត្តទុកដាក់។ បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​កំពង់ស្ពឺ ប្រាកដណាស់ ស្ទឹងព្រែក​ត្នោតនឹងបង្កឱ្យមាន​ទឹក​ជំនន់។ យើង​ត្រៀម​ខ្លួន​ជានិច្ច»។

ស្ទឹងព្រែកត្នោត មានប្រភពចេញពីភ្នំនៅខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ខេត្តកោះកុង។ របាយការណ៍ឆ្នាំ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរកឃើញហានិភ័យកាន់តែខ្លាំងនៃទឹកជំនន់ ដោយសារការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍលំនៅឋាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីខែមុន លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍ថា គម្រោងបង្ការទឹកជំនន់ និងសាងសង់ប្រព័ន្ធធារាសាស្រ្តស្ទឹងព្រែកត្នោត ដែលផ្តល់មូលនិធិដោយប្រទេសចិន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺ សម្រេចបានជិត ៧០% ហើយ។

លោកបន្ថែមថា៖ «​អាទិភាព​របស់​យើង​នៅ​ពេល​នេះ គឺ​បង្ការ​រាជធានី​ភ្នំពេញ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កណ្តាល ​កុំ​ឱ្យ​ជន់លិចធ្ងន់ធ្ងរដោយស្ទឹងព្រែកត្នោត​ នៅ​ខែក្រោយនេះ។ យើងសង្ឃឹមថានឹងមិនមានទឹកជំនន់កើតឡើងឡើយ»។

លោក ម៉ៅ ហាក់ ប្រាប់វីអូឌីនៅសប្តាហ៍នេះថា គម្រោងនេះ រួមមាន ការស្ដារឡើងវិញនូវស្ទឹងព្រែកត្នោតប្រវែង២៦គីឡូម៉ែត្រ ព្រមទាំងដៃស្ទឹងផងដែរ។

លោក​​បន្ថែម​ថា៖​ «​គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ និងអាច​រំដោះ​ទឹក​បាន១ ៣៥០ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី​តាម​ទ្វារ​ទឹក​ ដែល​ស្មើនឹង​បរិមាណ​ទឹក​លិច​កាលពី​ឆ្នាំ​មុន​»​។

លោកបន្ត​ថា ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​លើកត្តា​​អាកាសធាតុ និង​តាម​ដាន​ស្ថានការណ៍​នៅ​ស្ទឹងព្រែក​ត្នោត។

លោក​បន្ថែមថា៖ «​អ្វីដែល​យើង​បាន​សាងសង់​ឥលូវ​នេះ ខ្ញុំ​គិត​ថា​យើង​អាចបង្ការ​ទឹកជំនន់​បាន​កាន់តែប្រសើរ​»​។

ចៅសង្កាត់គងណយ លោក អ៊ុន សុខរុំ មានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន៤៧៣គ្រួសារ ស្មើ​នឹង២ ១៦០​នាក់ មកពីភូមិទាំង៤ នៃសង្កាត់គងណយ បានរងផលប៉ះពាល់ដោយទឹកជំនន់កាលពីឆ្នាំមុន ក្នុងនោះមាន១១គ្រួសារ​​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែងរបស់ពួកគេ។

លោកថា យើងមិនទាន់អាចនិយាយ​ថា​​នឹងមិន​មាន​បញ្ហា​អ្វីកើតឡើងនោះទេ។

លោកបន្ថែមថា៖ «យើង​មិន​អាច​ធានា​១០០% ឡើយ ដោយសារ​ទឹក​ស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​នៅ​ភូមិ​គងណយ។ យើង​នឹងបន្តតាមដាន»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ https://vodenglish.news/flood-prone-prek-tnaut-under-close-watch-from-residents-authorities/

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ