ក្រសួងមហាផ្ទៃ​បើកផ្លូវ​ឱ្យ​គណបក្ស​ក្រៅរដ្ឋាភិបាល​៤ ជួប​ពិគ្រោះ​យោបល់​អំពី​សេរីភាព​នយោបាយ

ប្រធានគណបក្សប្រជា​​ធិប​​តេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សំណើចងសម្ពន្ធនយោបាយ ២០២៣» ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សក្រៅរដ្ឋាភិបាល​ចំនួន​៤ គ្រោង​លើក​យកបញ្ហា​លំហសេរីភាពខាង​នយោបាយដែល​រង​​កា​រ​រឹត​ត្បិត ទៅជជែកជាមួយក្រសួងមហាផ្ទៃ នៅថ្ងៃស្អែកនេះ ខណៈបក្សទាំងនោះមើលឃើញ​​​ថា អ្នក​​នយោ​បាយ​​មួយ​​ចំនួនបាន​​​រង​​បណ្ដឹង​​នៅ​​តុលាការ ក្នុង​ពេល​ពួក​គេ​​​​លើ​​ក​​​ឡើងពីភាព​ប្រឈមក្នុង​ការ​អនុ​វត្ត​​សិទ្ធិ​​នយោបា​យដែល​ស្រប​ទៅតាម​ច្បាប់ដូច​មាន​ចែងនៅ​​​ក្នុ​​​ង​​​រដ្ឋ​​ធម្មនុញ្ញ។

ប្រាប់វីអូឌីនៅថ្ងៃពុធនេះ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិតេយ្យមូលដ្ឋាន ឱ្យដឹងថា នៅ​ពេល​​​ក្រុមអ្នកនយោបាយទាំង៤គណបក្សជួប​ជាមួយក្រសួងមហាផ្ទៃ គឺពួកគេ​​នឹង​​ជម្រាប​ស្ថាប័ន​អនុវត្ត​ច្បាប់មួយនេ អំពីទុក្ខលំបាកក្នុងការអនុវត្តកម្មវិធីនយោបាយ ជាពិសេ​​ស​លំ​​ហ​​សេរីភាព​ខាង​នយោបាយ របស់បក្សនៅក្រៅរដ្ឋាភិបាល។

លោកបន្តថា៖ «និយាយទៅ នៅពេលដែលយើងជួបជាមួយ គ.ជ.ប យើងនិយាយពីប្រព័ន្ធបោះ​​ឆ្នោ​​ត។ ដោយឡែក ពេលដែលយើងទៅជួបក្រសួងមហាផ្ទៃ យើងនឹង​លើក​អំពី​សំណើការ​លើក​ស្ទួ​យ​​​សេ​​​រីភាពនយោបាយ​នៅកម្ពុជាយើង»។

គណបក្សនយោបាយទាំង៤ ដែលនឹង​ត្រូវ​ជួប​ជាមួយ​ក្រសួង​មហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ស្អែក​នេះ រួម​​មាន ​​គ​ណ​​បក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន និងគណបក្ស​​​ប្រជាធិ​ប​តេ​យ្យ​​​មូ​​​​ល​​ដ្ឋាន។ នៅក្នុងខ្លឹមសារនៃលិខិតរួមគ្នាដែលតំណាងគណបក្សនយោបាយដាក់​​ទៅ​ក្រសួង​​​​ម​​ហា​​ផ្ទៃ កាលពីថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២២ គឺ​សុំជួបរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បី​​បង្ហាញ​អំពីសំណើលើកស្ទួយសេរីភាពខាងនយោបាយនៅកម្ពុជា។

ចំណែកលោក ចេប គីមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់ថា ក្រៅពីការជំរុញ​ឱ្យ​មាន​ការ​លើក​កម្ពស់​​​លំហ​សេ​​រីភាពខាង​​​នយោ​បាយ​ គណបក្សទាំង៤ក៏នឹងលើក​យក​របៀប​វារៈ​មួយ​ចំនួន​ផ្សេង​ទៀត រួម​ទាំង​​ដំណើ​​​​រ​ការបោះឆ្នោត និងកិច្ចសហប្រតិបត្តិល្អរវាងក្រសួងមហាផ្ទៃនិងបក្សក្រៅរដ្ឋាភិបាល មកជជែកជាមួយក្រសួងមហាផ្ទៃផងដែរ។

លោកបន្តថា៖ «គណបក្សទាំង៤ បាន​ធ្វើលិខិត​ទៅក្រសួង​មហាផ្ទៃ ស្ដីពី ជំនួប​រវាង​ក្រសួង​មហា​ផ្ទៃ​​ ស្តីពី​សេរីភាព​នៅក្នុង​កិច្ចការ​នយោបាយ។ អ៊ីចឹង​ហើយ​ក្រសួង​អនុញ្ញាត​ឱ្យ​យើង​ទៅ​ជួប ប៉ុន្តែ​យើង​លើក​ប្រធាន​បទ​ច្រើន​ជាង​នេះ​ទៀត ចង់​បង្កើត​ឱ្យ​មាន​យន្តការ​ទំនាក់​ទំនង​រវាង​ក្រសួង​មហា​ផ្ទៃជាមួយ​​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល ដោះស្រាយរាល់បញ្ហាផ្សេងៗដែល​ប្រឈម​នៅនឹង​មូល​ដ្ឋាន​រាល់​​​ពេល​បោះឆ្នោតម្តងៗ។ នេះជាគោលដៅដែលយើងត្រូវជួប​ក្រសួង ហើយក្រសួងក៏​​អនុញ្ញាត​ហើយ​​​ដែរ​»។

គណបក្សនយោបាយដែលនៅក្រៅរដ្ឋាភិបាលទាំង៤ ដែលរួមគ្នាចងសម្ពន្ធភាពនៅមុនកា​​​របោះ​​ឆ្នោ​ត​​​ថ្នា​​ក់ជាតិមកដល់នេះ ធ្លាប់ស្វែងរកកិច្ចពិគ្រោះយោបល់លើប្រធា​​​នបទ​ផ្សេងៗគ្នា​​រួចមក​​ហើ​​យពី​​ស្ថា​​ប័នជាតិរៀបចំការបោះឆ្នោត និងរដ្ឋសភា។ ក៏ប៉ុន្តែការសុំជួបពី​តំ​​ណា​​ង​​​បក្សនយោបាយជា​​​មួ​​យ​រដ្ឋ​សភា ត្រូវបរាជ័យ ដោយតំណាងរដ្ឋសភា​ចាត់ទុក​ការ​ស្នើ​​​សុំ​​​ជួបពី​​បក្ស​ក្រៅ​​​​រដ្ឋាភិ​​បា​​លនេះថា មិន​​មានចែងនៅក្នុងច្បាប់ និងលក្ខន្តិកៈ នៃបទបញ្ជា​​ផ្ទៃក្នុងរបស់​​​រដ្ឋ​​ស​​ភា​ឡើយ។

ស្ថាបនិក​នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់​ឃើញថា ជំនួប​នេះ​ទំនង​​​​ជា​​បា​ន​​​​​​​​​ផលតិ​ចតួច។ លោកបន្តថា មែនទែនទៅ ក្រសួងមហាផ្ទៃមិនមែនជាស្ថាប័នដែលធ្វើ​​សេចក្តី​​សម្រេ​ច​​​​​ចិត្តចុងក្រោយទេ ហើយ​​ចង់ឬមិនចង់ សំណើទាំងនេះអាចនឹងត្រូវបានរដ្ឋាភិបាល​​ផ្អឹបទុក​​​ក៏ថា​​បាន​​​។

បើតាម​លោក សេក សុជាតិ គោលការណ៍ដែលបក្សនៅក្រៅរដ្ឋាភិបាលមើលឃើញថាគួរ​មាន​ការកែ​​ល​​ម្អ​នេះ មិនមែនរដ្ឋាភិបាលឬអង្គភាពចំណុះឱ្យរដ្ឋាភិបាលមើលមិនឃើញទេ ប៉ុន្តែវាអាស្រ័យ​​លើ​​​ឆន្ទៈខាងនយោបាយច្រើនជាង ហើយបើធ្វើទៅ ថាតើគេទទួលបានផលចំណេញដែរទេ។

លោកបន្តថា៖ «ខ្ញុំយល់ថា ជំនួបនេះនឹងមិន​មាន​លទ្ធផល​ច្រើន​ទេ។ មូលហេតុ​អ្វីដែល​បក្ស​ទាំង​៤​ យក​ញត្តិ ឬនាំ​សារ ឬក៏បា​នពិភាក្សាគ្នាដើម្បីដាក់ចេញនូវផែនការរួមមួ​យ ដើម្បីស្នើឱ្យ​​ក្រសួងមហា​​ផ្ទៃ​ពិ​​និត្យ ឬក៏សម្រេចចំណុចអវិជ្ជមានហ្នឹង គឺឥតមានឥទ្ធិពលអ្វីធំ ឬក៏អាចធ្វើឱ្យ​​បក្សកាន់អំណាច​​ធ្វើ​​​តាម​នោះទេ។ ចំណុចមួយទៀត យើងដឹងហើយថា ក្រសួងមហាផ្ទៃមិនមែន​​ជាអ្នក​សម្រេច​​ចិត្ត​ចុ​​​ង​​ក្រោ​យទេ។ នៅក្នុងករណីបែបនេះ គឺមានតែប្រមុខរាជរដ្ឋាភិបាលដែលជានាយករដ្ឋមន្រ្តី ឬក៏​​មេ​ដឹក​នាំអង្គនីតិប្រតិបត្តិ »។

គេសង្កេតឃើញថា ការផ្តួចផ្តើមគំនិតដែលនាំឱ្យអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល​ទាំង៤​​​ លើក​ឡើង​​​ពី​​ភាព​ប្រឈមមួយចំនួននេះ ដោយសារតែ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិទី​​៥​ កន្លងទៅនេះ ពួកគេ​​បាន​រក​ឃើញចំណុចមិនប្រក្រតីដែលកើត​​ចេញ​ពី​លំហ​សេរី​​ភាព​ខាង​​​នយោ​​បា​យ និងដំណើរការបោះឆ្នោត ដែល​មិនអាចជឿទុកចិត្តបាន នៅតែ​បន្ត​កើត​ឡើង។

ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ២០២២ បង្ហាញថា គ​ណ​​​បក្ស​ភ្លើងទៀន ឈរលំដាប់​លេខ​រៀង​ទី​២ ដែល​មាន​សំឡេង​ជាង ១លាន ៦សែន​ ខណៈ​​បក្ស​​កា​ន់​​​​​​​​អំ​​ណាចទទួលបាន ៥លាន ៣សែនសំឡេង ឈរលំដាប់លេខរៀងទី១។ ក្រៅពីនេះ នៅសល់​​ប្រ​​​មា​ណ​​​​ជាង២ម៉ឺនសំឡេងទៀត ត្រូវធ្លាក់ទៅលើគណបក្សនយោបាយផ្សេងទៀតដែល​​ចូល​រួម​​ការ​​ប្រ​កួតប្រជែងនៅពេលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ