មន្ត្រីថា​ទំនិញ​ក្លែងក្លាយ​នៅ​តែ​មាន​លើ​ទីផ្សារ​កម្ពុជា ដោយសារ​ការ​អនុវត្ត​ច្បាប់​ទើប​តែ​ចាប់​ផ្ដើម

សកម្មភាព​កម្ទេច​ផលិតផល​ក្លែងក្លាយ​និង​ឱសថ​ខុសច្បាប់ នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ខុសច្បាប់​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

មន្ត្រីជាន់ខ្ពស់នៃស្ថាប័នបង្ក្រាបការក្លែងបន្លំ អះអាងថា រហូតមកដល់ពេលនេះ ទំនិញក្លែងក្លាយនៅតែមានចរាចរលើទីផ្សារកម្ពុជានៅឡើយ ដោយសារកម្ពុជាទើបតែចាប់ផ្ដើមអនុវត្ត​ច្បាប់ពាក់ព័ន្ធបញ្ហានេះក្នុងរយៈពេលខ្លី បើធៀបជាមួយប្រទេសផ្សេង។

ការអះអាងនេះធ្វើឡើងស្របពេលសមត្ថកិច្ចជំនាញបន្តរកឃើញទំនិញខូចគុណភាព មានសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់ ជិត២០តោន ព្រមទាំងផលិតផលបំពានម៉ាកជាង៣ ០០០តោន ត្រឹមរយៈពេល៨ខែ ឆ្នាំ២០២២នេះ។

អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្រសួងពាណិជ្ជកម្ម លោក ផាន អូន ថ្លែងប្រាប់វីអូឌីតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៤ ខែកញ្ញា​ ថារយៈពេល៨ខែ ឆ្នាំនេះ មន្រ្តីស៊ើបអង្កេតរបស់ស្ថាប័នជំនាញបានបង្ក្រាបទំនិញខូចគុណភាព គ្មានស្លាកសញ្ញាឬស្លាកសញ្ញាមិនអនុលោមតាមបញ្ញត្តិ មានសារធាតុគីមីហាមឃាត់ ឬហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួនជិត២០តោន យកមកកម្ទេចចោល។

ក្នុងរយៈពេលដដែលនេះ លោកថា សមត្ថកិច្ចបានបង្ក្រាបទំនិញពាក់ព័ន្ធនឹងការបំពានម៉ាក ឬបន្លំម៉ាក ដោយមិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ចំនួន១១៦លើក ឃាត់ទំនិញទុកបណ្ដោះអាសន្នប្រមាណ៣ ២៧២ តោន ដើម្បីចាត់វិធានការតាមច្បាប់។

លោក ផាន អូន បន្តថា ពាក់ព័ន្ធនឹងទំនិញក្លែងក្លាយ សមត្ថកិច្ចបានពិន័យអន្តរការណ៍ ឬពិន័យជាប្រាក់ទៅតាមនីតិវិធីជាធរមាន ប៉ុន្តែមិនទាន់មាន​បណ្ដឹងទៅតុលាការនៅឡើយ។

លោកបន្តថា៖ «រហូតមកដល់ពេលនេះ ទំនិញក្លែងក្លាយនៅតែមានចរាចរលើទីផ្សារនៃប្រទេសកម្ពុជានៅឡើយ ដោយយោងលើកត្តាច្បាប់ និងការអនុវត្តច្បាប់នៅប្រទេសកម្ពុជាទើបតែចាប់ផ្ដើមក្នុងរយៈពេលខ្លី បើប្រៀបធៀបជាមួយបណ្តាប្រទេសនៅលើពិភពលោក»។

បើតាមលោក ផាន អូន ច្បាប់ដែលលោកចាត់ទុកថាកម្ពុជាទើបតែចាប់ផ្ដើមអនុវត្ត​រយៈពេលខ្លីនោះ​ គឺត្រូវបានប្រកាសដាក់ឱ្យប្រើតាំងពីឆ្នាំ២០០២មកម្ល៉េះ។ ច្បាប់ដែលមានអាយុកាល២០ឆ្នាំមួយនេះ ហៅថា «ច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះត្រង់»។ លោកថា កម្ពុជាបានអនុវត្តច្បាប់នេះជាបណ្ដើរៗតាំងពីច្បាប់នេះដាក់ឱ្យប្រើប្រាស់មក ប៉ុន្តែលោកមិនដឹងថាប្រទេសផ្សេងចាប់អនុវត្តតាំងពីពេលណាមកនោះទេ។

ក្រៅពីនោះ លោក ផាន អូន ថាការយល់ដឹងពាក់ព័ន្ធ​ទំនិញ និងសិទ្ធិអំណាចពាក់ព័ន្ធ​ផលប្រយោជន៍សម្រាប់ពលរដ្ឋដែលជាអ្នកប្រើប្រាស់​នៅមានកម្រិត។ លើសពីនេះ លោកថា ពលរដ្ឋកម្ពុជាមានកម្រិតជីវភាពក្រីក្រ ងាយនឹងរងគ្រោះពីការបោកបញ្ឆោតរបស់អាជីវករខិលខូចមួយចំនួន។

នាយកប្រតិបត្តិអង្គការថែទាំសុខភាពកម្ពុជា ហៅកាត់ថា រ៉ាក់ លោកវេជ្ជបណ្ឌិត វ៉ា ជីវ័ន លើកឡើងថា ផលិតផលក្លែងក្លាយ ខូចគុណភាព ឬមានសារធាតុគីមី​ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

លោកថា សារធាតុខ្លះប៉ះពាល់សុខភាពអ្នកប្រើភ្លាមៗ ដូចជា សារធាតុដែលមានក្នុងស្រា ជាដើម ប៉ុន្តែសារធាតុខ្លះទៀតមានផលប៉ះពាល់សន្សឹមៗ បង្កឱ្យក្លាយជាមហារីក ខូចថ្លើម តម្រងនោម ជាដើម។ ​លោកថា ស្ត្រីងាយរងនូវឥទ្ធិពលពីផលិតផលក្លែងក្លាយ ឬមានជាតិគីមីណាស់ ពិសេសស្រ្តីមានផ្ទៃពោះ ដែល​នាំឱ្យប៉ះពាល់ដល់រាងកាយ និងប្រាជ្ញាស្មារតីទារក។ ចំណែកសារធាតុខ្លះទៀតមិនមានការហាមឃាត់ទេ តែបើប្រើលើសកម្រិតក៏អាចប៉ះពាល់ដែរ។

លោកថា៖ «ជួនកាលយើងអត់ដឹង យើងឃើញរបស់ថោក ឬក៏របស់ហ្នឹងហូបទៅឆ្ងាញ់ ឬក៏របស់ហ្នឹងមានតម្លៃធូរថ្លៃ អ៊ីចឹងយើងគិតថា វាចំណេញៗដល់សេដ្ឋកិច្ចគ្រួសារ សហគមន៍យើង ប៉ុន្តែតាមពិតទៅ គឺអត់អ៊ីចឹងទេ។ ផលវិបាកយូរអង្វែង គឺទាំងគ្រួសារ ទាំងរដ្ឋ ត្រូវខាតបង់ [ប្រាក់កាស] លើជំងឺរបស់ប្រជាពលរដ្ឋ។ អ៊ីចឹងតែកាលណាមានអ្នកឈឺច្រើន រដ្ឋត្រូវចាយលើវិស័យសុខាភិបាលសាធារណៈហ្នឹងច្រើន វាខាតបង់ធំដុំ»។

លោកបន្តថា ប្រសិនបើពលរដ្ឋកម្ពុជាប្រើតែផលិតផលមិនល្អ នោះផលិតផលខ្មែរសម្រាប់នាំចេញនឹងត្រូវបានគេរើសអើង។

យ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លោក ផាន អូន អះអាងថា ដើម្បីកាត់បន្ថយ​ការចរាចរ​ទំនិញក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញា អគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវផែនការបង្កើនសកម្មភាពត្រួតពិនិត្យ ស៊ើបអង្កេតតាមបណ្ដាផ្សារ ឃ្លាំងស្តុក និងទីតាំងផ្សេងទៀត និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង​ចំពោះបុគ្គលប្រព្រឹត្តល្មើស។ បន្ថែមពីនេះ មន្ត្រីជំនាញនឹង​ផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ដល់ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិតករ អាជីវករ តាមគ្រប់មធ្យោបាយបន្ថែមទៀត។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ការដែលច្បាប់ត្រូវបានដាក់ឱ្យប្រើតាំងពី២០ឆ្នាំមុន ហើយការអនុវត្តនៅតែមិនមានប្រសិទ្ធភាពខ្ពស់នោះ វាជាកំហុសដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាលដែលមានការធ្វេសប្រហែសជាប្រព័ន្ធក្នុងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់។

លោកមើលឃើញថា អំពើពុករលួយជាជ្រុងដ៏ធំមួយដែលរារាំងដល់ការបោសសម្អាតផលិតផលមានបញ្ហាចេញពីទីផ្សារកម្ពុជា។

បណ្ឌិត សេក សុជាតិ បន្តថា ដរាបណាស្ថាប័នពាក់ព័ន្ធរបស់រដ្ឋគ្មានឆន្ទៈចង់លុបបំបាត់បទល្មើសទាំងនោះដោយស្មោះត្រង់ នោះអំពើគប់គិតពាក់ព័ន្ធបទល្មើសនៅតែកើតឡើងដដែល។

លោក សេក សុជាតិ ថា៖ «បញ្ហាអំពើពុករលួយនេះ បើមិនលុបបំបាត់ទេ ខ្ញុំគិតថា [បទល្មើស] វានឹងអាចនៅតែបន្តៗរហូតដល់គ្មានវិធីសាស្ត្រដោះស្រាយ។ […] នឹងអាចមានចំណាត់ការផ្សេងៗទៀត ក៏ប៉ុន្តែចំណាត់ការទាំងអស់ហ្នឹងហាក់បីដូចជាមិនមានផលជាវិជ្ជមានច្រើនទេ បើសិនជាអំពើពុករលួយនៅតែមានឥទ្ធិពលនៅក្នុងសង្គមរបស់យើងហ្នឹង»។

លោក សេក សុជាតិ ចង់ឃើញរដ្ឋាភិបាលចាត់វិធានការលើមន្ត្រីពុករលួយដោយតម្លាភាព គិតប្រយោជន៍ជាតិជាធំ ពិនិត្យឱ្យបានល្អិតល្អន់លើទំនិញនានាមុនអនុញ្ញាតឱ្យចែកចាយ ព្រមទាំងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ដឹងពីបញ្ហាផលិតផលខូចគុណភាពទាំងនេះ។

កាលពីខែមីនា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានចំៗដល់មន្ត្រីជំនាញថា​ លោកនឹងមិនមក​ចូលរួមដុត​កម្ទេចផលិតផលក្លែងក្លាយដែលបង្ក្រាបបានទៀតទេ​​ ប្រសិនបើមន្ត្រីទាំងនោះមិនចាប់អ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។

លោក ស ខេង អះអាងថា ការដុតបំផ្លាញផលិតផលខុសច្បាប់និងខូចគុណភាពទាំងនោះ​មិនមានប្រសិទ្ធភាពទេ ដរាបណាមិនចាប់អ្នកប្រព្រឹត្តយកមកផ្តន្ទាទោសតាមច្បាប់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ