វិមាន​ក្រឹមឡាំង៖ លោក ពូទីន និង​លោក ស៊ី ជីនពីង នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​នៅ​អ៊ុយក្រែន និងតៃវ៉ាន់

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៩។ (REUTERS)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន និងប្រធានាធិប​តីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ នឹងជួបពិភាក្សាគ្នាលើប្រធានបទមួយចំនួន ដែលរួមមានបញ្ហានៅអ៊ុយក្រែន និងតៃវ៉ាន់ផងដែរ នៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងក្នុងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)។ នេះបើតាមការឱ្យដឹងពី​វិមានក្រឹមឡាំង ដែលត្រូវបានយកមកចុះផ្សាយ​បន្ត​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសន្និសីទមួយនៅទីក្រុងមូស្គូ លោក ​Yuri Ushakov​ ជាទីប្រឹក្សា​គោល​នយោបាយ​ការ​បរទេស​របស់​លោក ​ពូទីន បានឱ្យដឹងថា៖ «ប្រធានាធិបតីទាំង២ នឹងពិភាក្សាគ្នាលើប្រធានបទនានា ដែលបូករួមទាំងរបៀបវារៈទ្វេភាគី និងបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង នឹងចាកចេញពីប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍​ទៅកាន់តំបន់អាស៊ីកណ្ដាល ខណៈនេះក៏ជាដំណើរទៅក្រៅប្រទេសរបស់លោកជាលើកដំបូងផងដែរ ក្រោយខកខានអស់រយៈពេលជាង២ឆ្នាំ ដោយសារតែករណីឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

ប្រភពដដែលបន្ថែមថា ប្រធានាធិប​តីចិនរូប​នេះនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកាហ្សាក់ស្ថាន (Kazakhstan) នៅថ្ងៃពុធ​ ដោយបន្ទាប់​មកលោកក៏គ្រោងនឹងជួបជាមួយលោក ពូទីន នៅកិច្ច​ប្រជុំ​កំពូល​​​នៃ​អង្គ​ការ​សហប្រតិបត្តិការ​សៀងហៃ (SCO) ក្នុងទីក្រុងសាម៉ាកាន់ (Samarkand) ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) ផងដែរ។

យោងតាមវិមានក្រឹមឡាំង ពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ី បានកើនឡើងដល់ទំហំ១៤០ពាន់លាន​ដុល្លារ​ក្នុងឆ្នាំ​២០២១ ខណៈប្រទេសចិនក៏ជាអ្នកទិញប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ