ពលរដ្ឋ​តាំង​ទីលំនៅ​លើ​ខ្នងអាងភាស​ខេត្តបាត់ដំបង​បារម្ភ​បាត់បង់​ទីជម្រក​ក្រោយ​មាន​ដំណឹង​ពី​គម្រោង​អភិឌ្ឍន៍

លោក ភោត ដាវុធ កំពុងតែអង្គុយក្នុងផ្ទះសាងសង់ពីស័ង្កសី ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ទុយ អេងលី)

​ពលរដ្ឋប្រមាណ២០០គ្រួសារដែលតាំងទីលំនៅលើខ្នងអាងភាស ​ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញក្ដីបារម្ភជុំវិញការបាត់បង់លំនៅឋានឬកន្លែងស្នាក់នៅ ក្រោយមានព័ត៌មានអំពី​គម្រោងអភិវវឌ្ឍន៍នៅតំបន់ពួកគេរស់​នៅ។

មានមាឌល្អិត សម្បុរសណ្ដែកបាយ ពាក់អាវពណ៌ស្លែ ស្លៀកខោ​ខូ​វ​ប៊​យពណ៌ខៀវស្រាល កំពុងអង្គុយនៅក្នុងផ្ទះសង់ពីស័ង្កសីទំហំប្រហែល៣ទៅ ៤ម៉ែត្រ ពេលខ្យល់បក់មកម្ដងៗ ផ្ទះស្ទើរដួលរលំទៅតាមកម្លាំងខ្យល់ផងនោះ លោក ភោត ដាវុធ មានប្រសាសន៍ថា លោកបានតាំងទីលំនៅលើខ្នងអាងភាស ដែលស្ថិតនៅភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ តាំងពីឆ្នាំ២០០៧។

លោកបន្តថា គិតមកដល់ពេលបច្ចុប្បន្នមានរយៈពេលប្រមាណ១៥ឆ្នាំ​ ប៉ុន្តែកាលពីពេលថ្មីនេះមានព័ត៌មានថា ខាង​រដ្ឋបាលខេត្តបាត់ដំបងមានគម្រោងអភិវវឌ្ឍន៍លើខ្នងអាងភាសនេះ។ ដូច្នេះ លោកថា ពលរដ្ឋ​រស់នៅតំបន់អាងទឹកមួយនេះអាចត្រូវឱ្យរើចេញក្នុងខែវិច្ឆិកាខាងមុខនេះ។

លោក ភោត ដាវុធ កំពុងតែអង្គុយផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងផ្ទះប្រក់ស័ង្កសី ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
លោក ភោត ដាវុធ កំពុងតែអង្គុយផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងផ្ទះសាងសង់ពីស័ង្កសី ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ទុយ អេងលី)

លោក ភោត ដាវុធ និយាយថា៖ «រស់នៅលើមាត់អាងភាស នៅក្នុងឆ្នាំ២០០៧។ មិនបានទិញដីទេ ដីរបស់រដ្ឋ អ្នកនៅខាងនោះក៏ទិញលក់អត់បានដែរ​។ អត់ដឹង! គេអត់ទាន់ប្រាប់យើង! គ្រាន់តែឮតៗគ្នាថា ខែ១១នេះ គេឱ្យរើ។ គេថាពង្រីកផ្លូវ»។

លោកបារម្ភថា ប្រសិនបើត្រូវការអភិវឌ្ឍអាងខ្នងភាសមែន ពលរដ្ឋមានតែរុះរើចេញ ប៉ុន្តែពលរដ្ឋដែលមានមុខរបរជាយោធារូបនេះស្នើ​ឱ្យថ្នាក់ដឹកនាំជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់ មុនឱ្យពួកគាត់ចាកចេញពីកន្លែងចាស់។ ​

លោក ភោត ដាវុធ៖ «ស្នើសុំឱ្យថ្នាក់លើជួយសម្រួលអាផ្លូវហ្នឹងតែល្មមបានហើយ ឱ្យប្រជាជនរស់នៅលើអាងនេះផង ហើយគ្នាអត់ចង់បានអីទេ គ្នាចង់មករស់នៅទីនេះយូរមកហើយ គ្នាអត់ចង់ចេញទៅណាអ៊ីចឹង ព្រោះគេធ្លាប់រស់តាំងពីសម័យខ្មែរក្រហម រស់មករហូត ដល់ពេលស្រុកស្រួលបួល[សន្តិភាព] ដេញគ្នាចេញ ដូចវាមិនសម»។

មិនខុសពីលោក ភោត ដាវុធ អ្នកស្រី ម៉ន ច័ន្ទនី មានមុខរបរលក់ដូរអីវ៉ាន់ចាប់ហួយលើខ្នងអាងភាសជាង១០ឆ្នាំមកហើយនោះ ​ប្រាប់ថា គាត់រស់នៅតាំងពីជំនាន់ឪពុកម្ដាយ។ យ៉ាងណា អ្នកស្រីនៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ថានឹងត្រូវឱ្យរុះរើពេលណានោះទេ។​

អ្នកស្រី ច័ន្ទនី ​បន្តថា គាត់ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែរ ​ស្នើសុំឱ្យអាជ្ញាធរជូនដំណឹងជាមុន ងាយស្រួសសម្រាប់គាត់អាចស្វែងរកទីតាំងថ្មីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។

គាត់ថា៖ «និយាយទៅ រឿងរើ វាគង់តែរើទេ គ្រាន់ថាឱ្យវាច្បាស់លាស់ សំខាន់យើងត្រូវមានការច្បាស់លាស់ បើអត់ច្បាស់លាស់ យើងក៏ចេះឱ្យរើតាមគ្នា មិនដឹងរើយ៉ាងម៉េច […] និយាយរួម អាហ្នឹងទាល់តែប្រាប់ឱ្យយូរមុនដែរហ្នឹង ឱ្យយើងយូរ ព្រោះយើងប្រាប់ត្រឹមបួនដប់ថ្ងៃ ក៏មិនដឹងរកអីទាន់។ និយាយរួម ចង់បានតែយូរ វាមិនដឹងប៉ុនណាដែរហ្នឹង ព្រោះយើងវាពិបាករកកន្លែង ខ្ញុំមិនដឹងថារកទៅកន្លែងណា»។

អ្នកស្រី ឡម លាភ ទើបតែទៅរស់នៅលើខ្នងអាងភាសជាងពីរឆ្នាំ ពោលគឺអំឡុងកូវីដ-១៩​ផ្ទុះឡើងខ្លាំង ដោយបានសង់​កូនខ្ទមស័ង្កសីរស់នៅជាមួយកូនប្រុសអាយុ១២ឆ្នាំ និងមានមុខរបរលក់ភេសជ្ជៈ និងទឹកអំពៅ​នៅខាងមុខវត្តសឹង្ហារាម ហៅវត្តទួលសឹង្ហ។ ស្រ្តីវ័យ៥២ឆ្នាំរូបនេះនិយាយទាំងសំឡេងញ័រនិងទទឹកភ្លៀងជោកថា​ គាត់មិនប្រាកដថាត្រូវរុះរើពេលណានោះទេ។

ផ្ទះរបស់អ្នកស្រី ឡម លាភ ដែលរស់នៅជាមួយកូនប្រុសអាយុ១២ឆ្នាំ ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ផ្ទះរបស់អ្នកស្រី ឡម លាភ ដែលរស់នៅជាមួយកូនប្រុសអាយុ១២ឆ្នាំ ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ទុយ អេងលី)

អ្នកស្រី ឡម លាភ៖ «អត់ដឹងផង! នេះចេះតែនៅៗ ផ្សងព្រេង។ មិនដឹងទៅណាទៅណីទេ។ ទាំងអស់គ្នាហ្នឹង មិនដឹងទៅណាទៅណីទេ។ គ្នាវាអត់! រត់មកនៅនេះ ដល់ពេលអ៊ីចឹង មិនដឹងធ្វើម៉េចទេ»។

​ឃុំពាមឯក ជាឃុំមួយស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានភូមិចំនួន៨​ រួមមាន ភូមិដូនទាវ សួសអី ពាមឯក គង់ទុំ ករហាល ព្រែកឆ្តោរ តាគម និងភូមិគោកដូង។

លោក អួង សារ៉ន អតីតមេឃុំពាមឯក បាន​ឱ្យដឹងថា អាងភាសបានសាងសង់ឡើងក្នុងរបបខ្មែរក្រហម អំឡុងឆ្នាំ១៩៧៧ និងមានទំហំដីប្រមាណ​១ ៣០០ហិកតា ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅសរុបចំនួនជាង២០០គ្រួសារ។

លោក អួង សារ៉ន បានលើកឡើងថា៖ «សរុបទាំងអស់ ទាំងនៅក្នុងអាង ទាំងនៅមាត់អាងហ្នឹង វាខ្ទង់២០០គ្រួសារជាង ប្រហែលជាលើសតិចតួច។ នៅក្នុងអាងហ្នឹង បើតាមស្ថិតិជំរឿនចុងក្រោយនេះមានតែប៉ុន្មាន៧៥គ្រួសារទេ! ហើយពីនោះប៉ុន្មានទៀត នៅខាងក្រៅអាង នៅជុំវិញហ្នឹងណា»។

ទិដ្ឋភាពផ្លូវនៅតំបន់ខ្នងអាងភាស ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
ទិដ្ឋភាពផ្លូវនៅតំបន់ខ្នងអាងភាស ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ទុយ អេងលី)

លោកបន្ថែមថា រាល់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឱ្យរុះរើនេះ ​អភិបាលខេត្តកំពុងតែស្វែងរកការដោះស្រាយ​ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះ លោកមិនទាន់អាចជម្រាបបាន​ទេ។

លោក អួង សារ៉ន៖ «បាទ! ដោះស្រាយហ្នឹង! ឯកឧត្តមអភិបាលខេត្តឃើញគាត់ឡើងចុះ ឡើងចុះ ប៉ុន្តែដំណោះស្រាយគាត់ មិនដឹងយ៉ាងណា។ ខ្ញុំអត់ហ៊ានថាម៉េចទេ ព្រោះនេះមិនទាន់ចេញជាគោលការណ៍»។ 

អភិបាលខេត្តបាត់ដំបង លោក សុខ លូ មានប្រសាសន៍យ៉ាងខ្លីថា មិនមានអ្នកណាដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទីជម្រកនោះទេ ហើយលោកក៏ប្រាប់ឱ្យសួរ​ព័ត៌មានបន្ថែមពីមន្ទីរធនធានទឹកវិញ។

លោក សុខ លូ៖ «ចុះពិនិត្យជាក់ស្ដែង។ សួរទៅមន្ទីរធនធានទឹក ទើបច្បាស់។ គ្មានអ្នកណាធ្វើឱ្យពួកគាត់បាត់បង់ទីជម្រកផង»។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង លោក​ ឡុង ផល្គុន បានឆ្លើយ​យ៉ាងខ្លីថា ​បញ្ហានេះមិនមានពាក់ព័ន្ធជាមួយ​មន្ទីរធនធានទឹក​ទេ។ លោកបន្ថែមថា ប្រជាពលរដ្ឋក៏ដឹងហើយថា គាត់កំពុងតែរស់នៅលើដីរបស់រដ្ឋ។

លោក​ ឡុង ផល្គុន លើកឡើងថា៖ «សំណួរនេះដូចមិនមានការពាក់ព័ន្ធខ្ញុំទេ […] គាត់ដឹង[ថាដីដែលគាត់រស់នៅបច្ចុប្បន្ននេះជា]ដីរដ្ឋហើយ»។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង​ និងប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថា ​ដីនៅបរិវេណអាងភាស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

សាលាបឋមសិក្សាភាស ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
សាលាបឋមសិក្សាភាស ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (ទុយ អេងលី)

លោកបន្តថា ក្រសួងមានគម្រោង​អភិឌ្ឍន៍ពង្រីកអាងភាស តាមការយល់ឃើញរបស់លោក ដោយសារតែអាជ្ញាធរមិនមានលទ្ធភាពគ្រប់គ្រាន់ ដូច្នេះអាជ្ញាធរបានផ្តល់សិទ្ធឱ្យក្រុមហ៊ុនឯកជនវិនិយោគ​ជីកយកអាចម៍ដីលក់ជាថ្នូរថ្លៃចំណាយ។ បញ្ហានេះ លោកថា ​បានបង្កឱ្យប្រជាពលរដ្ឋព្រួយបារម្ភ។

លោកបន្ថែមថា ប្រសិនបើអាជ្ញាធរស្នើឱ្យពលរដ្ឋរស់នៅតំបន់អាងភាសរុះរើតាម​គោលការណ៍រដ្ឋបាល យ៉ាងតិចណាស់ អាជ្ញាធរមុនពេលដែលឱ្យមានការរុះរើ ត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរឱ្យប្រជាពលរដ្ឋបានដឹងមុន​។ ​​

លោក យិន ម៉េងលី៖ «កាលណាអាជ្ញាធរលោកមានវិធានការ​ គឺការងាររដ្ឋបាល អាជ្ញាធរ គឺធ្វើជាលាយលក្ខណ៍អក្សរផ្ដល់ឱ្យអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបានដឹងនូវកាលបរិច្ឆេទពាក់ព័ន្ធនៃការរុះរើ ទីមួយ។ ទីពីរ គោលការណ៍រដ្ឋបាល គេត្រូវទុកពេលមួយអាទិត្យ ឬពីរអាទិត្យ បីសប្តាហ៍ ដើម្បីឱ្យអ្នករុះរើមានលទ្ធភាពក្នុងការរុះរើនូវសំណង់របស់ខ្លួន។ អ៊ីចឹងមិនអាចថ្ងៃហ្នឹង ស្អែក ខានស្អែក ឱ្យរើបានទេ»។

អនុក្រឹត្យស្ដីពី វិធាន និងលក្ខណៈវិនិច្ឆយនៃការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ប្រជាពលរដ្ឋ ឬមន្ត្រីរាជការ ដែលអនុញ្ញាតឱ្យបានកាន់កាប់ និងអាស្រ័យផលលើដីរដ្ឋ ទទួលបាននូវកម្មសិទ្ធិស្របច្បាប់ លុះត្រាតែមានប្រវត្តិ និងអត្តសញ្ញាណតាំងទីលំនៅ ឬអាស្រ័យផលលើដីនោះយ៉ាងតិច១០ឆ្នាំ និងត្រូវកំណត់ឆ្នាំចុងក្រោយបញ្ចប់ការដោះស្រាយការកាន់កាប់លើទ្រព្យសម្បត្តិរដ្ឋទៀត ដោយគិតត្រឹមឆ្នាំ២០១៥ និងដោយមានការបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។

ងាកទៅលោក ភោត ដាវុធ វិញ លោកនៅតែទទូចសុំ​ឱ្យរដ្ឋាភិបាលជួយសម្រួលសំណងខ្លះ ប្រសិនបើមានការតម្រូវឱ្យពួកគាត់រុះរើឆាប់ៗមែននោះ៖ «បើរដ្ឋអាណិតប្រជាជន រដ្ឋឱ្យជួយគ្នា​ ទឹកចិត្តតិចតួចចេះតែទ្រាំទៅ។ បើថាឱ្យយើងទៅតវ៉ា ម៉េចកើត តវ៉ាអត់កើតទេ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ