រុស្ស៊ី និងមីយ៉ាន់ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​ព្រះមហាក្សត្រី អេលីហ្សាប៊ែត

ផ្កា និង​រូប​គំនូរ​របស់​ម្ចាស់ក្សត្រី​ចក្រភព​អង់គ្លេស Elizabeth គរតម្រៀបគ្នា​នៅ​ខាង​ក្រៅ​ខ្លោង​ទ្វារ​វិមាន Balmoral ក្នុង​ទីក្រុង Balmoral ប្រទេស​ស្កុតឡេន ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (REUTERS/Hannah McKay)

ប្រភពមួយបានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ចក្រភពអង់គ្លេសមិនបានអញ្ជើញតំណាងណាមួយមក​ពី​ប្រទេស​រុស្ស៊ី បេឡារុស្ស និង​មីយ៉ាន់ម៉ា ដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់​​​ព្រះមហាក្សត្រី អេលី​ហ្សា​ប៊ែត ​​ទី២ (Elizabeth II) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ករណីនេះកើតឡើង​ស្រប​ពេល​ដែល​ចក្រ​ភព​អង់​គ្លេស រួមជាមួយនឹងបណ្ដាប្រទេសលោកខាងលិច បាន​និង​កំពុង​ព្យាយាមកាត់រុស្ស៊ី និងសម្ពន្ធមិត្តរបស់ខ្លួន បេឡារុស ចេញពីពិភពលោកទាំងមូល ដែលរួមមាន​ ទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការផ្សេងទៀតផងដែរ ដើម្បីឆ្លើយតបទៅនឹងការឈ្លាន​ពានរបស់រុស្ស៊ីដែលធ្វើឡើងលើអ៊ុយក្រែន។

ជាមួយគ្នានេះ ប្រទេសមីយ៉ាន់ម៉ា និងរបបយោធារបស់ខ្លួន ក៏ស្ថិតនៅក្នុងបញ្ជីនៃការដាក់ទណ្ឌកម្មរបស់អង់គ្លេសផងដែរ ទាក់ទងនឹងបទឧក្រិដ្ឋប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនភាគ​តិច​រ៉ូហ៊ីងយ៉ា (Rohingya)។

ព្រះមហាក្សត្រី អេលីហ្សាប៊ែត​ ទី២ ដែល​ជា​ក្សត្រមួយអង្គ​សោយ​​រាជ្យ​យូរ​ជាង​គេ​របស់អង់​គ្លេស និង​ក្នុង​ចំណោម​ស្ដេច​​ដែល​​សោយ​រាជ្យយូរ​បំផុត​ក្នុងពិភពលោក បាន​សោយ​ទិវង្គត​​ក្នុង​ព្រះជន្មាយុ៩៦​ព្រះវស្សា កាល​ពី​ថ្ងៃ​ទី៨ ខែកញ្ញា សប្ដាហ៍​មុន នៅក្នុងប្រទេសស្កុតឡេន។

ព្រះរាជពិធីបុណ្យព្រះសពរបស់​ទ្រង់​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា​ ខាងមុខនេះ ក្នុងទីក្រុងឡុងដ៍ ដែលក្នុងនោះ ឥស្សរជនជាន់ខ្ពស់មកពីជុំវិញពិភពលោកប្រមាណជា៥០០នាក់ ត្រូវបានគេរំពឹងថានឹងមកចូលរួម។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន BBC៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ