អាមេរិក​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ចិន ដើម្បី​កំញើញ​ប្រទេស​នេះ​ពី​ការ​ឈ្លានពាន​តៃវ៉ាន់

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។ (REUTERS/Jason Lee)

សហរដ្ឋអាមេរិក បច្ចុប្បន្ន​កំពុង​តែ​ពិចារណា​ជម្រើស​ទាំង​ឡាយ​ក្នុងការដាក់ជាកញ្ចប់ទណ្ឌកម្មប្រឆាំងនឹង​ចិន ដើម្បីរារាំងប្រទេសមួយនេះពីការឈ្លានពានតៃវ៉ាន់បន្ថែមទៀត ស្រប​ពេល​ដែល​កោះតៃវ៉ាន់​ក៏កំពុង​តែ​ស្នើឱ្យសហភាពអឺរ៉ុបចាត់វិធានការដូចគ្នានេះ​លើចិន​ផង​ដែរ។​ នេះបើតាមការបង្ហើបឱ្យដឹងពីប្រភពមួយចំនួនដែល​ត្រូវ​បាន​យក​មក​ចុះផ្សាយ​បន្ត​ដោយ​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters

ប្រភពដដែលបន្ត​ថា ករណីទាំងនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតប​ទៅនឹងការព្រួយបារម្ភនៃ​ការឈ្លាន​ពាន​របស់​ចិន​ដែល​ហាក់​កំពុង​តែ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។

ទោះ​ជា​យ៉ាង​ណា ប្រភព​រូបនោះពុំបាន​ផ្តល់​ព័ត៌​មាន​លម្អិត​ណាមួយ​ថា​តើវិធានការអ្វីដែលកំពុងតែត្រូវបានពិចារណានោះទេ ខណៈទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយពីសេតវិមាន ក្រសួងការបរទេសចិន ឬស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានផងដែរ។

ទាក់ទិននឹងករណីនេះ អតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Nazak Nikakhtar បានលើកឡើងថា៖ «ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ចិន គឺ​អាច​នឹង​មាន​ភាព​ស្មុគ​ស្មាញជាង​ការ​ដាក់​ទណ្ឌ​កម្ម​លើប្រទេស​រុស្ស៊ី ដោយសារតែសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តមានការជាប់ពាក់ព័ន្ធយ៉ាងទូលំទូលាយជាមួយសេដ្ឋកិច្ចចិន»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែល​ចិននៅតែបន្តអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ជាការឆ្លើយតប តៃវ៉ាន់ធ្លាប់បានលើកឡើងថា ខ្លួន​នឹង​បន្ត​ពង្រឹង​ការការពាររបស់ខ្លួន ដើម្បីធានា​ឱ្យ​បាន​​ថា​​ គ្មាននរណា​ម្នាក់​អាច​បង្ខំ​ឱ្យ​កោះ​នេះ​ ទទួលយកផ្លូវដែលចិនបានរៀបចំដោយមិនផ្តល់សេរីភាពនិង​ប្រជាធិបតេយ្យនោះទេ ខណៈសហរដ្ឋអាមេរិក​ក៏ធ្លាប់បានអះអាងនា​ពេលកន្លងទៅថា ខ្លួន​នឹង​​គិតគូរអំពីការការពារដែន​កោះ​ដែល​ចិន​អះអាងថា​ជាទឹកដីរបស់ខ្លួនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ