ពលរដ្ឋ៧នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូនៅខេត្តឧត្ដរមានជ័យ

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខនិង​កម្លាំង​សមត្ថ​កិច្ច​ការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់ និង​អាជ្ញាធរ​ នៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ។

មន្ត្រីផ្នែក​សិទ្ធិមនុស្សនៅខេត្ត​ឧត្ដរមា​ន​​ជ័យ ឱ្យដឹងថា មាន​ពលរដ្ឋចំនួន៧នាក់ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ពាក់​ព័ន្ធជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខនិង​កម្លាំង​សមត្ថ​កិច្ច​ការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់ និង​អាជ្ញាធរ​ នៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ក្នុង​វីដេអូ​ឃ្លីប​ចំនួន​៣ ដែលវីអូឌី​ទទួល​បាន គឺ​ក្រុម​ប្រជាពលរដ្ឋ​ប្រដាប់​ដោយដំ​បង និង​កាំបិត បា​ន​រុ​ញ​ច្រាន​ជាមួយ​សមត្ថកិច្ច​ជា​ច្រើន​នាក់ ប្រដាប់ដោយកាំភ្លើង នៅលើដីកំពុងមានជម្លោះនោះ។

មន្រ្តី​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដ​​ហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន ដែល​កំពុងស្រាវជ្រាវករណីជម្លោះដីធ្លីនេះ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះការកើតឡើង​នូវអំពើហិង្សាធ្ងន់ធ្ងរ​ណាមួយជាង​នេះ ប្រសិនបើអាជ្ញាធរមិនពន្លឿន​ការដោះស្រាយបញ្ចប់ទេនោះ​។ លោក​អះអាង​ថា ពលរដ្ឋចំនួន៧នាក់ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅតុលាការ និង​បាន​ឃុំខ្លួន​ជា​បន្ត​បន្ទាប់ ក្នុងរឿង​ជម្លោះដីធ្លីនេះ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ​ជាពិសេស​អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ ត្រូវ​សម្រប​សម្រួល​ដោះស្រាយ​ករណីនេះ​ដោយសន្តិវិធី ចៀសវាងការប្រើអំពើហិង្សា ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពលរដ្ឋ បើ​ទោះ​បី​ពលរដ្ឋ​ទាំងនោះ​បាន​ចាញ់បោក​មេខ្យល់​​​ទៅអាស្រ័យផលលើ​ដីរបស់ក្រុមហ៊ុនក៏ដោយ។

លោកបន្ថែមថា៖ «សុំ​ឱ្យខាងអាជ្ញាធរហ្នឹងកុំ​ឱ្យ​ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ ដោយដោះស្រាយតាមសន្តិវិធី​ជូន​ពួកគាត់។ កាល​ណាដោះ​ទៅ​ដោយប្រើហិង្សា អាហ្នឹងវាអាច​ប៉ះទ​ង្គិច​គ្នាដោយ​ប្រការណាមួយម្តងទៀតជាមិនខានទេ។ បើសិ​នជាការដោះស្រាយ​បាន​លទ្ធផល​ដោយ​ប្រើ​អំពើ​ហិង្សា​ វាមិនល្អទេ ហើយភាគីណាមួយ​ក៏​មិន​ពេញចិត្ត​ដែរ ដែល​វាបង្ក​ឱ្យ​មានភាព​អយុត្តិធម៌»

អ្នកស្រី សំ សុភ័ក្រ្ត មាន​ស្រុកកំណើតនៅខេត្ត​សៀមរាប អះអាង​ថា ស្វាមីរបស់អ្នកស្រីឈ្មោះ ណែត ហ៊ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅឃុំខ្លួន​នៅពន្ធនាគារ កាលពីថ្ងៃទី១០ ខែកញ្ញានេះ ក្រោយពីគ្រួសារគាត់បាន​ទៅរស់នៅ និង​អាស្រ័យ​ផល​ដាំ​ដំឡូងមី​នៅ​លើដីជម្លោះ ក្នុងខេត្តឧត្ដរមានជ័យ​​​​ រយៈពេល​៨ឆ្នាំមកហើយ​។ អ្នកស្រីថា ករណីសមត្ថកិច្ចចាប់ខ្លួនស្វាមីគាត់​នោះ គឺពុំមាន​ដីកា ឬការជូនដំណឹងណាមួយពីអាជ្ញាធរនោះឡើយ។

ពលរដ្ឋរូបនេះបន្តថា គ្រួសារគាត់ទៅ​អាស្រ័យ​ផល​លើ​ដី​មាន​ជម្លោះ​នោះតាម​រយៈ​មេខ្យល់​នាំទៅ​ ដោយមា​នការបង់ប្រាក់បន្តិចបន្តួច ហើយ​មិន​ដឹង​ថាកន្លែង​ដី​អាស្រ័យផលនោះជាដីរបស់ក្រុមហ៊ុនឡើយ។ អ្នកស្រីថា ការអាស្រ័យផលរយៈពេល៨ឆ្នាំមកនេះ គឺ​ពុំមាន​អាជ្ញាធរណាមកហាមឃាត់ឡើយ ទើបតែនៅដើមឆ្នាំ២០២២នេះ​ អាជ្ញាធរប្រាប់ថា ពួកគាត់កាន់កាប់លើដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។

អ្នកស្រីបន្ថែមថា៖ «ប្រសិនជាអាជ្ញាធរចុះមកចាប់ មានការកោះហៅអី ក៏ពួកខ្ញុំអស់ចិត្តដែរ ថាប្តីខ្ញុំខុសអីៗ! តែការចុះមកចាប់​នេះ​អត់​មាន​ដីកា​សោះ អ៊ីចឹងខ្ញុំមិនអស់ចិត្តទេ ហើយខ្ញុំអំពាវនាវដល់អភិបាលខេត្ត និង​សម្តេច ហ៊ុន សែន ជួយ​ដោះស្រា​យរឿងនេះឱ្យពួកខ្ញុំផង ព្រោះពួកខ្ញុំជាពលរដ្ឋស្លូតត្រង់ និងក្រីក្រណាស់»

ពលរដ្ឋក្នុងរឿងជម្លោះដីធ្លីនេះ​ម្នាក់ទៀត អ្នកស្រី ផ្លេន ធី និយាយ​ថា​ គ្រួសារ​អ្នក​ស្រីបាន​​ចូលទៅរស់នៅ និង​អាស្រ័យផលលើដីមាន​ជម្លោះតាំង​ពី​ឆ្នាំ២០១៣ ដោយ​ដាំដំឡូមី ចេក ខ្នុរ និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ទៀត ដោយ​មិន​ធ្លាប់​មាន​អាជ្ញាធរ​ណាចុះ​មក​ហាម​ឃាត់​ឡើយ ទើប​តែ​នៅ​ដើម​ឆ្នាំ២​០២២​នេះ អាជ្ញាធរ និង​តំណាងក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង បានមកអះអាងថាជាដីក្រុមហ៊ុនទៅវិញ។

អ្នកស្រីអះអាង​ថា បច្ចុប្បន្ន មានពលរដ្ឋប្រហែល៣៧០គ្រួសារកំពុងអាស្រ័យផល​លើដី​មានជម្លោះនោះ​ ក្នុង​នោះ​មាន​​ពលរដ្ឋមួយចំនួន​បាន​​រង​នូ​វអំពើហិង្សា និងការ​ចាប់ខ្លួន ក្នុងពេល​ដែល​​សន្តិសុខ​ក្រុម​ហ៊ុន និង​​សមត្ថកិច្ច​ចុះ​ទៅ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ដីជម្លោះ​នោះ។ អ្នកស្រីថា ពលរដ្ឋមានដីចន្លោះ២ហិកតា​ទៅ៥ហិកតាប៉ុណ្ណោះ​ក្នុង១គ្រួសារ សម្រាប់អាស្រ័យផល។

អ្នកស្រីបន្ថែមថា៖ «មេការ​ខាងក្រុមហ៊ុន​ គាត់មកអះអាងថា ដីហ្នឹង​ជាដីរបស់គាត់។ គាត់មករករឿងប្រជាជន គាត់​មានកាំភ្លើង គាត់មានតាំង​ពី​ដាវ ខ្នោះដៃ មានពូថៅ! ហើយម្សិលមិញនេះ គាត់មានដំបង និងកាំភ្លើងមកទៀត។ គាត់គំរាមកំហែង​ប្រជាជន ​ឱ្យ​ប្រជាជន​រើផ្ទះចេញ ដកដំឡូងចេញ កុំឱ្យមកនៅលើដីគេ។ ហេតុអីគាត់ទើបមករករឿងយើងនៅពេលនេះ? ម៉េចមិនមក​រករឿងតាំងពីដំបូង? យើងធ្វើដីបានវាលហើយទើបមករករឿងអ៊ីចឹង»

អធិការ​នគរបាល​ស្រុកត្រពាំង​ប្រាសាទ​ លោក អ៊ូច ម៉ៅ មា​ន​ប្រសាសន៍​ថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៧នាក់ទៅតាមដីការបស់តុលាការ និងបណ្តឹងរបស់ក្រុមហ៊ុនដែលប្តឹងពលរដ្ឋថា​ទន្ទ្រានយកដីរបស់​ខ្លួន។

ចំពោះការប៉ះទង្គិចគ្នាវិញ លោក អ៊ូច ម៉ៅ បានច្រានចោល ដោយថា អាជ្ញាធរ ឬសមត្ថកិច្ច​ មិន​បាន​ប្រើប្រាស់​​ហិង្សាណាមួយ​​ ឬទៅ​គំរាមកំហែងប្រជាពលរដ្ឋឡើយ​​។ លោកបន្ត​ថា កាលពីថ្ងៃ​ទី​១២ ខែ​កញ្ញា​នេះ សមត្ថកិច្ច​បា​នចុះទៅបង្ក្រាបករណី​ប្លន់​ម៉ូតូ​​​តាមបណ្តឹងរបស់ភាគីក្រុមហ៊ុន នៅតំបន់នោះ ប៉ុន្តែ​ពេល​សមត្ថកិច្ចដល់កន្លែង​កើត​ហេតុ ស្រាប់​តែ​មាន​ក្រុមពលរដ្ឋ​ប្រដាប់​ដោយ​កាំបិត​ និង​ពូថៅ ស្ទុះមករក​សមត្ថ​កិច្ច ហើយសមត្ថកិច្ចបានដកថយទៅវិញ និងមិនមានបង្ករបួសស្នាមអ្វីនោះ​ទេ។

លោកបន្ថែមថា៖ «ការចាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ គឺយើងធ្វើឡើងតាមសាលក្រមរបស់តុលាការ ហើយតុលាការបាន​ចេញដីកាចាប់ខ្លួនប្រជាពលរដ្ឋជាបន្តបន្ទាប់ហ្នឹង ដោយសារពួកគាត់ចូលទន្ទ្រានដីក្រុមហ៊ុន សុខ សំណាង តាម​ការញុះ​ញង់​របស់​មេខ្លោង។ ហើយ​ក្រុម​ហ៊ុន​របស់​ សុខ សំណាង នេះ​ ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ដែល​ចុះ​បញ្ជី​ត្រឹមត្រូវ»

អភិបាល​ខេត្តឧត្តរមានជ័យ ​លោក ប៉ែន កុសល្យ មានប្រសាសន៍​ថា លោក​មិន​ចង់​ឃើញការប៉ះទង្គិចគ្នា ឬហិង្សាណាមួយរវាង​ពលរដ្ឋ និង​សមត្ថកិច្ច ក្នុងទឹកដីដែលលោកកំពុងគ្រប់គ្រងនោះទេ ប៉ុន្តែសំណុំរឿងនេះបានធ្លាក់ដល់ដៃតុលាការ ដែលហួសពីដែនសមត្ថកិច្ចរបស់លោកក្នុងការដោះស្រាយ។

លោក​បន្តថា ប្រសិន​បើ​​ពលរដ្ឋទាំងនោះជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដមែន និងបានចូលទៅរស់នៅលើដីជម្លោះយូរឆ្នាំ ដោយមានឯកសារ ឬមានភស្តុតាងគ្រប់គ្រាន់ នោះ​ពួកគេអាចដាក់សំណើទៅរដ្ឋបាល​ខេត្ត ដើម្បី​ឱ្យ​លោក​សម្របសម្រួលជាមួយ​ក្រុមហ៊ុន ដើម្បីកាត់ឆ្វៀលជូនពួកគេ។

លោកបន្ថែមថា៖ «តែពេលនេះ សំណុំរឿងនេះ វាបានទៅដល់ដៃតុលាការហើយ វាហួសពីសមត្ថភាពយើង​ក្នុង​ការ​ដោះស្រាយ។ ប្រសិន​បើបងប្អូនប្រជាពលរដ្ឋគាត់ប្តឹងមកយើងទៅ យើងអាចទៅសម្របសម្រួលជូនគាត់ ហើយ​ថាគាត់​មាន​​អីសម្អាង! គាត់រស់នៅលើដីហ្នឹងយ៉ាងម៉េច! យើងអាចកាត់ឆ្វៀលបាន ប្រសិនជាពួកគាត់មានឯកសារច្បាស់លាស់»

វីអូឌី មិនអាចរកការឆ្លើយតបពី​លោក ឃុត ចន្ថា ដែលអ្នកភូមិប្រាប់ថាជាតំណាងក្រុមហ៊ុន សុខ សំណាង បានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

ប៉ុន្តែសារព័ត៌មានក្នុងស្រុកមួយបាន​ស្រង់សម្តីតំណាងក្រុមហ៊ុនរូបនេះយកមកចុះផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២២នេះ​ថា មាន​ពលរដ្ឋជិត ២០០គ្រួសារ​ មកពីបណ្តាខេត្តផ្សេងៗ បាន​ចូល​ទៅទ​ន្ទ្រានកាន់កាប់​លើ​ដី​របស់​ក្រុមហ៊ុន ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

កាលពីខែមិថុនា ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំ១ ៨៦៥​ហិកតា ពីដែនជម្រកសត្វព្រៃគូលែនព្រហ្ម​ទេព ​ស្ថិតនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដើម្បី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន សុខ សំណាង វិនិយោគលើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ