អាជីវករ​នៅ​រមណីយដ្ឋាន​អង្គរ​ដាក់​ញត្តិ​ទៅ​លោកនាយករដ្ឋមន្ត្រី​ស្នើសុំ​ដំណោះស្រាយ​ទីតាំង​លក់ដូរ​ថ្មី​នៅ​ក្នុង​តំបន់

សកម្មភាពរុះរើផ្ទះ និងហាងលក់ដូរនៅក្នុងតំបន់អង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ក្រុមអាជីវករនៅក្នុងតំបន់រមណីយដ្ឋាន​អង្គរ បានប្រមូលផ្ដុំគ្នាស្នើសុំឱ្យមានកិច្ចអន្តរាគមន៍មួយ ដើម្បីឱ្យពួកគេអាចបន្តសកម្មភាពលក់ដូរបាននៅក្នុងតំបន់នេះ។

ករណីនេះកើតឡើងបន្ទាប់ពីមន្ត្រីបានបញ្ជាឱ្យម្ចាស់តូបលក់វត្ថុអនុស្សាវរីយ៍ និងភោជនីយដ្ឋាន ប្រមាណជា៥៧ទីតាំងក្នុងបរិវេណរមណីយដ្ឋាន​អង្គរ រុះរើទីតាំងរបស់ពួកគេ និងចាកចេញពីតំបន់ ត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។

អាជីវករលក់វត្ថុអនុស្សាវរីយ៍អាយុ៥៥ឆ្នាំមួយរូប អ្នកស្រី អី រាម បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា អាជ្ញាធរបានបញ្ជាឱ្យពួកគេចាកចេញដោយមិនផ្តល់ដំណោះស្រាយ [ទីតាំងលក់ដូរថ្មី] អ្វីឡើយ។

ករណីនេះបានធ្វើឱ្យពលរដ្ឋចំនួន១៧១នាក់ដែលពាក់ព័ន្ធ កាលពីថ្ងៃចន្ទកន្លងទៅ បានប្រមូលគ្នាផ្ដល់ស្នាមមេដៃ និងបានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឱ្យមានកិច្ចអន្តរាគមន៍មួយ បន្ទាប់ពីអាជ្ញាធរបានជូនដំណឹងដល់ពួកគេឱ្យបញ្ឈប់យកទំនិញថ្មីមកលក់ឱ្យភ្ញៀវទេសចរតទៅទៀត។

យោងតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តី ការស្នើឱ្យមានការរុះរើតូបរបស់អាជីវកទាំងនេះ គឺធ្វើឡើងដោយសារតែតំបន់នេះស្ថិតនៅក្នុងរមណីយដ្ឋាន​អង្គរ ខណៈសកម្មភាពនេះ [លក់ដូរ] អាចប៉ះពាល់ដល់តំបន់បេតិកភណ្ឌ​ពិភពលោកដែលទទួលស្គាល់ដោយអង្គការ​យូណេស្កូ​មួយនេះ។

នៅក្នុងលិខិតរបស់ពលរដ្ឋជាអាជីវករដែលផ្ញើជូនលោក ហ៊ុន សែន បានលើកឡើងថា អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យពួកគេផ្លាស់ប្ដូរទីតាំងលក់ក្នុងបរិវេណរមណីយដ្ឋាន​អង្គរ ទៅកាន់តំបន់ដែលត្រូវបានរៀបចំជាផ្លូវការនៅខាងមុខប្រាសាទវិញ។

អ្នកស្រី អី រាម ថា៖ «កាលពីពេលកន្លងទៅ យើង​ធ្លាប់បាន​យល់​ព្រម​ក្នុងការផ្លាស់​ទៅ​កាន់ទីតាំងថ្មីនេះហើយ​ ដោយសារតែ​វា​ជា​សំណើ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែលម្អ​បរិស្ថានក្នុងតំបន់​ប្រាសាទ​អង្គរវត្ត»។

ទោះជាយ៉ាងណា អ្នកស្រីបន្ថែមថា ការផ្ដល់ជូននេះ [ផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី] បច្ចុប្បន្នហាក់​មិនមានទៀតឡើយ។

អ្នកស្រីបន្ត​ថា​៖ «[កាលពីពេលកន្លងទៅ]​ ពួកគេ​ធ្លាប់បានស្នើ​សុំ​យើងឱ្យ​ផ្តិត​មេដៃ​ទទួល​យក​ទីតាំងលក់ថ្មី​នៅ​មុខ​ប្រាសាទ។ ប៉ុន្តែបច្ចុប្បន្ននេះ នៅទីតាំងថ្មីនោះ គឺមាន​អាជីវករលក់ពេញអស់ទៅហើយ ខណៈពួកយើងដែលនៅសេសសល់ គឺគ្មានកន្លែងសម្រាប់លក់ដូរឡើយ»។

អ្នកស្រីថា៖ «ជាដំណោះស្រាយ ពួកគេបានស្នើឱ្យយើងទៅកាន់តំ​បន់រុន​តាឯកវិញ។ ​តើ​យើង​អាច​រក​ប្រាក់​ចំណូល​នៅ​ទីនោះ​បានដោយ​របៀប​ណា?»

គួរបញ្ជាក់ថា តំ​បន់រុន​តាឯក ដែលមាន​ចម្ងាយប្រមាណជា​​២០​គីឡូម៉ែត្រ​ពីភាគ​ខាង​កើត​ប្រាសាទ​អង្គរវត្ត និងក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​​ក្នុង​ខេត្ត​សៀមរាបនេះ គឺជាទីតាំងដែលត្រូវបានរៀបចំដោយមន្ត្រីសម្រាប់ផ្ដល់ជូនដល់ពលរដ្ឋដែលរុះរើចេញពីឧទ្យានអង្គរ។

ទោះជាយ៉ាងណា អាជីវករ​ដែលប្រមូលផ្ដុំគ្នា​ដាក់​ញត្តិទៅកាន់​លោក ហ៊ុន សែន លើក​ឡើង​ថា ពួក​គេមិនទាន់មានការសម្រេចចិត្តផ្លាស់ទៅកាន់តំ​បន់រុន​តាឯកខាងលើនេះនៅឡើយទេ ខណៈពួកគេមិនដឹងថាត្រូវប្រកបមុខរបរអ្វីដើម្បីចិញ្ចឹមជីវិតនៅទីតាំងថ្មីនោះឡើយ។

ទាក់ទិននឹងករណីនេះ អ្នកស្រី អី រាម បន្ថែមថា ពួក​គេ​នឹងបន្ត​ស្នាក់​នៅទីតាំងចាស់ដដែល ​រហូត​ដល់​អាជ្ញាធរ​អាច​រក​ទីតាំង​លក់ដូរសមស្របថ្មី​ឱ្យ​ពួក​គេ​បាន។

អ្នកស្រីថា៖ «យើងមិនមែនប្រឆាំងនឹងពួកគេឡើយ ដោយយើងនឹងរុះរើចេញដោយខ្លួនឯង ប្រសិនបើពួកគេមានដំណោះស្រាយត្រឹមត្រូវសម្រាប់យើង។ វាគឺជា​បញ្ហាដ៏ធំមួយ​សម្រាប់​យើង»។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្តសៀមរាប បានឱ្យដឹងកាលពីថ្ងៃពុធថា ការរុះរើទៅកាន់តំបន់រុនតាឯក គឺធ្វើឡើងសម្រាប់ប្រជាពលរដ្ឋដែលមានផ្ទះក្នុងឧទ្យានអង្គរតែប៉ុណ្ណោះ។

សម្រាប់ករណីអាជីវករលក់ដូរនៅរមណីយដ្ឋាន​អង្គរវិញ លោកថា៖ «​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូនដំណឹង​ពួកគេ​ឱ្យ​រុះរើតូប​ចេញ​ ដោយការងារនេះបាន​ចាប់​ផ្តើមធ្វើហើយ ​ប៉ុន្តែ​មិន​មាន​ការ​កំណត់ថ្ងៃ​សម្រាប់​ពួក​គេ​នោះទេ»។

ជាមួយគ្នានេះ​ លោកបន្តថា អង្គការយូណេស្កូក៏ធ្លាប់បានព្រមានរដ្ឋាភិបាលកម្ពុជាពីរដងរួចមកហើយកាលពីពេលកន្លងទៅ ទាក់ទងនឹងផលប៉ះពាល់របស់អ្នករស់នៅក្នុងឧទ្យានអង្គរមកលើប្រាសាទផងដែរ។

លោក​បាន​បន្ថែម​ថា ការរុះរើនេះគឺអាជ្ញាធរបានជូនដំណឹងឱ្យពួកគេធ្វើឡើងដោយ​ស្ម័គ្រ​ចិត្ត ហើយក្នុងនោះក៏ពុំ​មាន​ការ​ប្រើប្រាស់កង​កម្លាំង​លើ​ពលរដ្ឋ ឬ​អាជីវករនោះដែរ។

លោកថា៖ «ពួកគេភាគច្រើនបានយល់ ហើយបានស្ម័គ្រចិត្តធ្វើការរុះរើដោយខ្លួនឯង។ ទាក់ទងនឹងនីតិវិធី​បន្ទាប់​សម្រាប់​អ្នក​ដែល​មិន​ព្រម​ចាកចេញ​ ខ្ញុំមិនទាន់ច្បាស់នៅឡើយទេ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Angkor Wat Vendors Petition PM to Remain in Temple Park

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ