CCHR រកឃើញថាអំពើពុករលួយនិងនិន្នាការនយោបាយជាឧបសគ្គរារាំងការជំនុំជម្រះដោយយុត្តិធម៌

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព ថ្លែង​ក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា អំពើពុករលួយ និងនិន្នាកា​រនយោ​បា​យក្នុងវិ​ស័​យ​យុ​ត្តិធម៌ ជា​ឧបសគ្គចម្បងមួយរារាំងដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលកា​រណ៍​នេះនឹងបង្កគ្រោះថ្នា​ក់សង្គម បើសិនជាស្ថា​ប័នពាក់ព័ន្ធ​មិនពិចារណាកែលម្អចំណុចខ្វះខាតទេនោះ។

ការថ្លែង​នេះធ្វើឡើងក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» ធ្វើឡើ​ងក្នុ​ងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកញ្ញានេះ។

នាយិកាប្រតិបត្តិ CCHR លោកស្រី ចក់ សុភាព លើកឡើងថា កម្ពុជាមានច្បា​ប់ជាតិគាំទ្រ​លិខិតូ​បក​រណ៍​អ​ន្ត​​រ​ជាតិជាច្រើន រួមទាំងច្បាប់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ជាដើម ដែលអនុ​លោ​មទៅ​តា​​ម​គោ​​​​ល​កា​រណ៍សិទ្ធិមនុស្ស ប៉ុន្តែថា ការអនុវត្តនៅមានភាពចម្រូងចម្រាស បើធៀបនឹងច្បាប់អន្តរជាតិ ពិសេ​ស​​ប​ទល្មើសតូចតាចមិនតម្រូវឱ្យមានមេធាវីទេ ខណៈច្បាប់អន្តរជាតិតម្រូវឱ្យមានទូទៅ ដើម្បីការពារអ្នកដែលរងការចោទប្រកាន់តាមផ្លូវតុលាការ។

លោកស្រីថា បញ្ហានេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដោយសារតែស​វនា​ការពេ​លខ្លះ​គ្មានមេធាវីការពារជនជាប់ចោទ និងពេលខ្លះជនជា​ប់ចោទ​គ្មានវត្តមាន​ក្នុងសវនា​ការដើ​ម្បីបា​នកា​​រពារខ្លួនជុំវិញបទចោទប្រកាន់ ពិសេសករណីដែលបានកើតឡើងលើសកម្មជនសិទ្ធិមនុស្ស និងសក​ម្មជ​​​នន​យោបាយភាគច្រើន ការជំនុំជម្រះដោយយុត្តិធម៌ត្រូវបានបំពាន។

បញ្ហានេះ លោកស្រីថា វាចាំបាច់ណាស់ត្រូវធានាភាពឯករាជ្យរបស់តុលាការ កុំឱ្យជ្រកក្រោមឥទ្ធិពលន​យោ​​បា​​​យ និងទប់ស្កាត់អំពើពុករលួយ តបតាមច្បាប់ជាតិ អនុលោមទៅតាមគោលការណ៍សិទ្ធិមនុស្ស ធា​នាសិ​ទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ។

លោកស្រីថា៖ «បើយើងមើលពីសន្ទស្សន៍ [កំណត់សម្គាល់ ឬលេខសម្គាល់] អំពើពុករលួយគឺស្ថាប័នតុ​លាការហ្នឹង ក៏ហាក់ដូចជាមានការលើកឡើងថាមានករណីពុករលួយច្រើន។ អ៊ីចឹងកន្លែងនេះក៏យើងត្រូវពិនិត្យ​មើ​​លនិងដោះស្រាយពាក់ព័ន្ធទៅនឹងការធានានិងជ្រើសរើសមេធាវី-ចៅក្រមជាដើម […]។ អ៊ីចឹងខ្ញុំ​គិត​ថា ដើ​ម្បី​សម្រេចបាននូវឆន្ទៈដែលរដ្ឋាភិបាលចង់សម្រេចបាន ចង់ឱ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ យើងត្រូវដោះ​​បញ្ហាទាំងអស់ហ្នឹង»។

លោកស្រី ចក់ សុភាព គូសបញ្ជាក់ថា សិទ្ធិទទួ​លបានការជំនុំជម្រះ​ដោយយុត្តិធ​ម៌ ជាសិ​ទ្ធិម​នុស្សសំ​ខាន់​ស​ម្រា​ប់​មនុស្សគ្រប់រូប រួមទាំងក្នុងមុខរបរជំនួញ និងវិស័យការងារ ត្រូវឈ្វេងយល់អំពីសិទ្ធិ ដោយថា បើសិទ្ធិ​នេះមិ​នត្រូវបានធានាទេ វានឹងបង្កើតឱ្យមានភាពអយុត្តិធម៌សង្គម បង្កឱ្យមានការឈឺចាប់ ប៉ះពាល់ដ​ល់​អភិបាលកិច្ច ពលរដ្ឋនឹងបាត់បង់ជំនឿលើប្រព័ន្ធច្បាប់ ដែលពេលនោះហើយ វានឹងជំរុញឱ្យមានអំពើហិ​ង្សា​កាត់ទោសជនសង្ស័យតាមដងផ្លូវ ដែលថានោះជាគ្រោះថ្នាក់ធ្ងន់ធ្ងររបស់ប្រទេសជាតិ។

បើតាមលោកស្រី ចក់ សុភាព មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានគម្រោងមួយសម្រាប់តាមដា​នសវនា​កា​រនៅតុលាការ ចាប់តាំងពីឆ្នាំ២០០៩មក ហើយថាមកដល់ពេលនេះ សិ​ទ្ធិទទួលបានកា​រជំនុំ​ជម្រះ​ដោ​យ​យុត្តិ​​ធម៌​ នៅតែរងការរំលោភបំពាន។

អ្នក​សម្រប​សម្រួល​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នៃ​អង្គការនេះ លោក ហ៊ុន ស៊ាង​ហាក់ ថ្លែ​ងក្នុងពិ​ធីនោះ​ដែរថា បញ្ហាប្រឈមមួយទៀត រារាំងដល់សិ​ទ្ធិទទួលបានកា​រជំនុំជម្រះ​ដោ​យយុ​ត្តិធម៌ដែ​រ​នោះ គឺតា​ម​ច្បា​​ប់កម្ពុជា ការមានមេធាវីគឺសម្រាប់តែនីតិវិធីជំនុំជម្រះក្នុងសំណុំរឿងបទឧក្រិដ្ឋនិងអ​នីតិជ​ន តែស​ម្រា​​ប់​​បទល្មើសមជ្ឈិម ច្បាប់ជាតិអាចដំណើរការនីតិវិធីទៅបានទោះគ្មានមេធាវី ខណៈច្បាប់​សិទ្ធិ​ម​នុស្សអន្ត​រជា​តិ​ គេ​ត​ម្រូវឱ្យមានមេធាវីទាំងអស់ក្នុងរឿងព្រហ្មទណ្ឌ ។

អ្នក​សម្រប​សម្រួល​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នៃ​ CCHR លោក ហ៊ុន ស៊ាង​ហាក់ ថ្លែង​ក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
អ្នក​សម្រប​សម្រួល​គម្រោង​ឃ្លាំ​មើល​សេរីភាព​មូល​ដ្ឋាន​នៃ​ CCHR លោក ហ៊ុន ស៊ាង​ហាក់ ថ្លែង​ក្នុងពិធីសម្ពោធកម្រងមេរៀន ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយតុត្តិធម៌» រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «ច្បាប់ជាតិយើងត្រង់នេះក៏ខុសគ្នាដែរ យើងថាក្រោយ២៤ម៉ោ​ងក្រោយការឃាត់​ខ្លួននៅដំ​ណា​ក់​​កា​ល​ប៉ូលិស ទើបយើងមានសិទ្ធិអាចជជែកសន្ទនាជាមួយមេធាវីឬអ្នកដែលពឹងពាក់បាន ប៉ុន្តែច្បា​ប់សិទ្ធិ​​មនុស្សអន្តរជាតិ គេអត់មានកំណត់ក្រោយ២៤ម៉ោងទេ កាលណាមានរឿ​ង[ភ្លាម] គឺ​អាចចូលទៅ​ជជែកបាន អ៊ីចឹងវាជាការមិ​នទាន់បានពេញលេញទេ​នៅពេលមុន២៤ម៉ោង ហេតុ​អីមិនឱ្យគាត់ជួ​ប? តើមា​នរឿ​ងអីកើតឡើង? អ៊ីចឹងយើងចង់ឱ្យបទដ្ឋានជាតិខ្មែរហ្នឹងស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែរ»។

លោកមេធាវី សេក សោភ័ណ និងជាក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចូលរួ​ម​កម្ម​វិធី​​នេះដែរ បានលើកឡើងថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជំរុញដល់ការអភិវឌ្ឍ និងសុ​ខ​​ដុ​ម​​​រ​​មនាសង្គម តែបើសិទ្ធិនេះត្រូវបានរំលោភបំ​ពាន វានឹងបង្កឱ្យ​មានការឈឺចាប់និង​ហានិភ័យស​ង្គម ​ដែលបញ្ហា​នេះ លោកគិតថា ត្រូវធ្វើកំណែទម្រង់ជាប្រព័ន្ធ ។

លោកថា៖ «វិស័យយុត្តិធម៌យើងនេះមិនមែនត្រឹមតែតុលាការពីរបីថ្នាក់នេះទេ តាំងពីសាលាច្បាប់ សាលា​បណ្តុះ​បណ្តាលមេធាវី តើការរើសមេធាវី រើសចៅក្រមអីហ្នឹង មនុស្សហ្នឹ​ងមាននិស័យខាង​យុត្តិធម៌​អត់? បើ​សិ​​ន​មា​នអំពើពុករលួយ ជ្រើសរើសចៅក្រម ក្នុងការជ្រើសរើសមេធាវី ជ្រើសរើសព្រះរាជ​អាជ្ញាអីហ្នឹង គឺ​អា​ហ្នឹង​មូ​​​លហេតុធំ»។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា បញ្ហានេះ ក្រសួង​បា​នធ្វើ​ការ​ច្រើ​នក្នុងការធ្វើកំណែទម្រង់ រួមទាំងផ្សព្វផ្សាយនិងបណ្តុះបណ្តាលមន្ត្រី ដើម្បី​អនុវត្តឱ្យ​បានត្រឹ​មត្រូ​វ និង​គោ​​រព​សិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ ដោយឡែក លោកថា មន្ត្រីដែលបំពានច្បាប់ ត្រូវបាន​ដាក់ទោ​សជាហូរហែ។

បន្ថែមពីនេះ លោកក៏ជំរុញឱ្យក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសវនាការនោះ ត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនឱ្យយល់ពីនីតិវិធីរបស់តុលាការផងដែរ ដើម្បីកុំឱ្យវាយតម្លៃខុស។

លោកថា៖ «អង្គកា​រសង្គមស៊ីវិលគួរតែត្រួតពិនិត្យឡើ​ងវិញទៅលើសមត្ថភាពនិងរបៀ​បធ្វើការរបស់មន្ត្រី​រប​ស់​ខ្លួន ចៀសវាងដាក់បន្ទុកតែទៅលើមន្ត្រីអនុវត្តច្បាប់តែមួយមុខ»។

បើ​តាម​សន្ទស្សន៍​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ ​ឆ្នាំ​២០២១​​ ចេញ​ផ្សាយដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី​​២៥ ខែ​មករា ឆ្នាំ​២០២២​ ​បង្ហាញ​ថា កម្ពុជាជាប់​ចំណាត់​ថ្នា​ក់​​​​លេ​ខ​១៥៧ ក្នុង​ចំណោម​ប្រទេស និងដែនដី​ចំនួន​១៨០ នៅ​លើ​ពិភព​លោក។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅ​​តែ​ជាប្រទេស​​មាន​កម្រិត​ពុក​រលួយអាក្រក់​ជាង​គេបំផុត ​ក្នុងចំ​ណោ​​ម​ប្រទេស​ទាំង​១០នៃ​សមាជិក​​អាស៊ាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ