យុវជន​ចលនា​មាតាធម្មជាតិ​ស្នើ​រដ្ឋាភិបាល​បង្ហាញ​ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​លក់ឈើ​នៅ​តំបន់ភ្នំតាម៉ៅ

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

សកម្មជនចលនាមាតា​ធម្មជាតិ ​នៅថ្ងៃព្រហស្បតិ៍នេះ​ បាន​ស្នើ​​​រដ្ឋាភិបាល​បង្ហាញពី​ប្រភព​អ្នក​ដែល​បាន​ទិញ​ឈើ និងទំហំ​​​​ទឹក​​​​ប្រាក់​​ដែល​​បាន​​មក​​​ពីការ​លក់​ឈើនៅ​តំបន់​ភ្នំតាម៉ៅ​ ក្នុង​ខេត្ត​តាកែវ។

ការស្នើនេះបានធ្វើឡើងក្រោយពី​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី៣១ ខែកក្កដា ធ្លាប់បានលើកឡើងថា ​អាជ្ញាធរ​ថ្នាក់​ក្រោម​ បាន​កាប់​ព្រៃ​ឈើ​​នៅ​​​​ក្នុង​​តំបន់​សួន​សត្វ​​ភ្នំតាម៉ៅ ដើម្បីយក​ឈើ​លក់ ហើយ​​យក​ថវិកា​ចូល​រដ្ឋ និង​ទុកដីឱ្យក្រុមហ៊ុន ឡេង ណាវ៉ា​ត្រា ធ្វើការអភិវឌ្ឍ។ តែយ៉ាងណា ក្រោយមានប្រតិកម្ម​ពីមហាជន រដ្ឋាភិ​បាល​បាន​បញ្ឈប់ការ​ឈូសឆាយដីព្រៃនៅតំបន់នោះវិញ ក្រោយពីបានឈូស​ឆាយ​អស់​ប្រមាណ៦០០ហិកតា។

សកម្មជនបរិស្ថាន​នៃច​លនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា​ បាន​បង្ហាញ​​ចង្ងល់​តាម​រយៈ​វីដេអូ​ឃ្លីប​​​​ដែល​មាន​រយៈពេ​ល​ជាង​១នាទី នៅលើបណ្តាញសង្គម​ហ្វេស​ប៊ុក​​ ទៅ​​កាន់​​​​រដ្ឋាភិ​បាល​​ ទាក់​ទងនឹ​ង​​ការឈូសឆាយដីព្រៃ និងការ​ដឹកឈើ​ចេញ​​នៅតំបន់​ភ្នំតាម៉ៅ កាលពីពេលថ្មីៗនេះ។ កញ្ញា​បានលើកឡើង​ថា ពាក់ព័ន្ធ​នឹងការឈូសឆាយ​​ព្រៃ​ឈើ​អស់ប្រមាណ៦០០ហិកតា​នៅ​​តំ​បន់​​ភ្នំតាម៉ៅនោះ​ ក្រសួង​​កសិកម្ម​​ធ្លាប់បានអះអាងថា​បាន​យកទៅលក់​ដើម្បីប្រមូល​ថវិកា​ចូលរដ្ឋ តែ​ក្រសួង​​មិនបានបង្ហាញថាយកទៅលក់នៅកន្លែងណា និង​ទទួលបានថវិកាចំនួនប៉ុន្មាននោះទេ​។​

កញ្ញាថា​៖ «ហេតុនេះហើយខ្ញុំមានចម្ងល់​កាន់តែខ្លាំង ថា​តើក្រសួងយកឈើនោះយកទៅលក់នៅឯណា​ ហើយ​បានលុយចំនួនប៉ុន្មាន​​ ព្រោះព័ត៌មាននេះហាក់មិនទាន់បានផ្សាយទាល់តែសោះ​ តើបងប្អូនមាន​ការឆ្ងល់​ដូចខ្ញុំដែរឬទេ?​»

យុវជនចលនាមាតាធម្មជាតិ​​ លោក លី ចាន់ដារ៉ាវុធ មាន​ប្រសាសន៍ថា ក្នុងនាមជាពលរដ្ឋខ្មែរ​ម្នាក់ លោក​មិន​ច​ង់​ឱ្យមាន​​ការកាប់ព្រៃ​ឈើ​នៅតំបន់​ភ្នំតាម៉ៅ​នោះទេ ប៉ុន្តែ​​បើ​ជ្រុល​ជាកាប់​រួច​ទៅហើយ​ លោកចង់​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ចំនួន​ទឹកប្រាក់​ដែលបានមកពីការលក់ព្រៃឈើនោះ ដើម្បីឱ្យ​ប្រជាពលរដ្ឋបានដឹង និង​បង្ហាញពីតម្លាភាពលើចំណូលចំណាយ​ថវិកា​រដ្ឋ ជាជាង​ការ​លាក់​បាំង​ព័ត៌​មាន​។​

​លោកថា៖ «ដូច្នេះហើយយើងក៏ឆ្ងល់ដែរថា ព្រៃឈើ៦០០ហិកតាហ្នឹងលក់បានលុយប៉ុន្មាន​​ ដើម្បីយកលុយចូលរដ្ឋហ្នឹង! ​ហើយវាជាចំណែកមួយក្នុងការ​រដ្ឋាភិបាលមាន​ការ​ទទួលខុសត្រូវ ​ជាពិសេស​ឱ្យ​បាន​តម្លាភាព​ក្នុង​ការ​ធ្វើចំណូល​និង​​ចំណាយហ្នឹង​»។​

វីអូឌី មិនទាន់អាចសុំការឆ្លើយតប​ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅឡើយទេ ខណៈអ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី​ នៅ​ពុំទាន់​អាច​បញ្ជាក់​បានទេ ដោយរង់ចាំរបាយការណ៍ពីរដ្ឋបាលព្រៃឈើសិន។

ចំណែក ប្រធាន​នាយកដ្ឋានឧទ្យាន​​សួនសត្វភ្នំតាម៉ៅ លោក ញឹក រតនៈពេជ្យ បញ្ជាក់យ៉ាងខ្លី​ថា លោក​​មិនមាន​​ព័ត៌មាន​ជុំវិញការដឹកឈើ​ដែលបានឈូសឆាយ​ចេញ​នៅតំបន់ភ្នំតាម៉ៅទេ គ្រាន់តែដឹងថា កន្លងមក មាន​ពលរដ្ឋ​នៅតំបន់នោះមួយ​ចំ​​នួនបាន​​​នាំគ្នា​ដឹកឈើតូចៗដែល​បាន​ឈូសឆាយចេញពីតំបន់នោះយក​ទៅ​ប្រើប្រាស់។

លោកថា «មានទាន់ដឹងណា!​ មានតែប្រជាពលរដ្ឋ​គាត់ធ្វើអុស​ធ្វើអី រួច​ពី​ហ្នឹង នៅ​ហ្នឹងទាំងអស់​តើ!​ អត់មាន​ទេៗ​! មានឈើណា! ដឹក​ឈើតូចៗហ្នឹង»។

មន្រ្តី​គម្រោងតស៊ូមតិ នៃគម្រោង​​អ្នកការពារ​ព្រៃឈើ​ នៃបណ្ដាញសមាគម​យុវជនកម្ពុជា​ លោក សាន ម៉ាឡា មានប្រសាសន៍ថា ​តាមរយៈការចុះទៅសង្កេតនៅតំបន់ភ្នំតាម៉ៅកន្លងមក ពិត​ជា​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួនបានចូលទៅដឹកឈើ​តូចៗដែលងាប់យក​ទៅធ្វើអុសមែន ប៉ុន្តែ​លោក​ជឿ​ថា ​នៅមាន​ប្រភេទ​ឈើ​ល្អៗ និងឈើប្រណិត​ជាច្រើនទៀត ដែលនៅក្នុងតំបន់​អភិ​រក្ស​​នោះ។ ករណីនេះ លោក​សង្ឃឹមថា រដ្ឋាភិ​បាល​​នឹង​​​បង្ហាញតម្លាភាព និងព័ត៌មាន​ជុំវិញ​ព្រៃ​ឈើ​ដែល​បាន​ឈូស​ឆាយ​​នេះ​ ដើម្បីឆ្លើយតបទៅនឹងចម្ងល់​របស់​ប្រជាពលរដ្ឋ។​​​

លោកថា​៖ ​«រដ្ឋាភិបាលត្រូវតែបង្ហាញតម្លាភាព ​ហើយពន្យល់ដោយមានការអះអាងច្បាស់លាស់​ មិន​មែនគ្រាន់​តែ​ឆ្លើយ​បដិសេធថា ប្រជាពលរដ្ឋ​ជាអ្នកប្រមូលឈើ រួចក៏ចប់នោះទេ ​ដោយសារ​រដ្ឋាភិបាលជាអ្នកសម្រច​ចិត្ត​ និងចុះ​ហត្ថលេខាឱ្យមានការឈូសឆាយ​»។

ផ្ទៃដីព្រៃ​ភ្នំតាម៉ៅ​ ទំហំជិត​៦០០ហិកតា​​ដែល​ស្ថិត​នៅក្រោម​​ការគ្រប់គ្រ​ង​​ដោយ​​រដ្ឋបាលព្រៃឈើ ​​ត្រូវ​បាន​កាប់បំផ្លាញ និងឈូសឆាយ​ គិត​ចាប់​តាំង​ពី​ចុង​ខែកក្ក​ដា រហូតដល់ដើមខែសីហា​កន្លង​​ទៅ​ បន្ទាប់​ពីតំបន់​នេះត្រូវបាន​​រដ្ឋាភិបាល​​ប្រគល់ទៅឱ្យ​​ក្រុមហ៊ុន​ឯកជ​​ន​​មួយចំនួន ក្នុងនោះ ក្រុមហ៊ុនចំនួន២ដែល​ត្រូវបានគេ​ស្គាល់ថា​​ជា​កម្មសិទ្ធិ​​លោក ​​​ឡេង ណា​​វ៉ា​​ត្រា និង​លោក ឃុន សៀ។

ទោះជា​​យ៉ាងណា ការដោះដូរ ​និងអភិវឌ្ឍ​ន៍តំបន់ភ្នំតាម៉ៅ​នេះ ​ត្រូវបាន​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី​៧ ខែសីហា កន្លងទៅ បានចេញ​បទ​បញ្ជា​ភ្លាមៗ​ឱ្យ​​លុប​​ចោល​​ទាំងអស់​ ដោយរក្សាទុកតំបន់ភ្នំតាម៉ៅឱ្យនៅដដែល ក្រោយ​មាន​​ប្រតិកម្មពី​​មហាជន​​យ៉ាងច្រើន ហើយលោក​ក៏បានបញ្ជាឱ្យក្រុមឈូសឆាយទទួលខុសត្រូវក្នុងការដាំដើម​ឈើ​ឡើងវិញ​។

ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយដាក់តំបន់ភ្នំតាម៉ៅ ជាតំបន់ឧទ្យានសួនសត្វ ព្រៃការពារ ដើម្បីធានានូវនិរន្តរភាពនៃការថែរក្សាអភិរក្សព្រៃឈើនិងសត្វព្រៃនៅតំបន់ដែលមានភាពចម្រូងចម្រាសមួយនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ