មន្រ្តី​ទំនាក់ទំនង​សាធារណៈ​ម្នាក់​ឱ្យ វីអូឌី ដកឈ្មោះ​ក្រុមហ៊ុន Zhengheng Group ចេញ​ពី​អត្ថបទ​ព័ត៌មាន​ជាថ្នូរ​នឹង​ការផ្ដល់ប្រាក់

រូបថត​កាស៊ីណូ និង​សណ្ឋាគារ Long Bay ដែលបានបង្ហោះ​លើ​ទំព័រហ្វេសប៊ុករបស់ Zhengheng Group។

មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈម្នាក់បានស្នើឱ្យវីអូឌីដកឈ្មោះក្រុមហ៊ុន Zhengheng Group ចេញពីអត្ថបទព័ត៌មានដែលបានផ្សាយអំពីប្រតិបត្តិការឆបោក ដោយសន្យាផ្តល់ប្រាក់មួយចំនួន និងបាននិយាយថាក្រុមហ៊ុនកំពុងជួយអាជ្ញាធរក្នុងការបង្ក្រាបអាជីវកម្មខុសច្បាប់នៅទីតាំងរបស់ខ្លួនក្នុងខេត្តកោះកុង។

បន្ទាប់ពី វីអូឌី បដិសេធមិនធ្វើតាមសំណើ មន្ត្រីរូបនោះបានផ្ញើអ៊ីម៉ែលមក ដោយនិយាយថា៖ «យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ពីបទបង្ខូចឈ្មោះ និងមានបំណងវាយប្រហារមកលើក្រុមហ៊ុន Zhengheng Group មិន​ថា​នៅ​អាមេរិក ឬ​អាស៊ី​»។

លោក ថង ហុងហេង (Thong Hongheng) ដែលបានណែនាំខ្លួនថាជាជំនួយការនៅទីភ្នាក់ងារ PBS PR បានផ្ញើអ៊ីម៉ែលមក វីអូឌី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដោយសុំឱ្យ វីអូឌី «កែប្រែបន្តិចបន្តួច» នូវព័ត៌មានអំពីទីតាំងឆបោកនៅគម្រោងរបស់ក្រុមហ៊ុន ​យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ក្នុងខេត្តកោះកុង ដោយដកឈ្មោះបុគ្គលសំខាន់ៗ និងព័ត៌មាន​របស់បណ្តា​ក្រុម​ហ៊ុន​ជា​សមាជិក។

លោក ថង ហុងហេង បាននិយាយនៅក្នុងអ៊ីម៉ែលថា៖ «តំបន់អភិវឌ្ឍន៍តារាសាគររបស់កម្ពុជា ក៏ដើរតួក្នុងបេសកកម្មនៃគំនិតផ្ដួចផ្ដើម [ផ្លូវមួយ ខ្សែក្រវាត់មួយ]។ ដូច្នេះ រដ្ឋាភិបាលចិន និងកម្ពុជា ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការនេះដែរ។ អ្នកអភិវឌ្ឍន៍ក៏មានឆន្ទៈក្នុងការសហការជាមួយរដ្ឋាភិបាល និងនគរបាលក្នុងតំបន់ ហើយនឹងមិនបិទបាំងក្រុមហ៊ុនដែលខុសច្បាប់ឡើយ»។

បន្ទាប់ពីប្រាប់ថា វីអូឌី អាចកែតម្រូវអត្ថបទខ្លួន លុះណាតែមានកំហុសឆ្គងតែប៉ុណ្ណោះ លោក ថង ហុងហេង បានផ្ញើ «សេចក្ដីព្រាងដែលបានកែសម្រួល» នៃអត្ថបទព័ត៌មាននេះ ដោយដកចេញនូវកថាខណ្ឌចំនួន៦ ដែលនិយាយអំពីក្រុមហ៊ុន Zhengheng នាយកក្រុមហ៊ុន និងបុត្រសម្ពន្ធរបស់ខ្លួន។

លោក ថង ហុងហេង បាននិយាយនៅក្នុងអ៊ីម៉ែលថា៖ «ចាប់តាំងពី វីអូឌី ភាសាអង់គ្លេស [VOD English] បានបង្ហាញជាសាធារណៈនូវរចនាសម្ពន្ធក្រុមហ៊ុន និងបុគ្គលសំខាន់ៗរបស់ក្រុមហ៊ុន Zhengheng Group នៅក្នុងអត្ថបទព័ត៌មាន វាបានបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ក្រុមហ៊ុន ពួកគេ [ក្រុមហ៊ុន] សង្ឃឹមថា VOD English នឹងលុបអត្ថបទ ឬកែប្រែខ្លឹមសារសំខាន់នៅក្នុងអត្ថបទ»។

លោកបន្ថែមថា៖ «ក្រុមហ៊ុននឹងបង់ថ្លៃសេវាសម្រាប់ការលុប និងកែតម្រូវអត្ថបទនេះ»។

នៅពេលទទួលបានដំណឹងថា វីអូឌី មានបំណងផ្សាយអត្ថបទព័ត៌មានអំពីការផ្តល់ប្រាក់ លោក ថង ហុងហេង បានបញ្ជាក់ថា៖ «យើងបាននិយាយថា យើងអាចផ្តល់ថ្លៃសេវាសម្រាប់ការលុប និងកែតម្រូវអត្ថបទជាការគោរព និងយោគយល់ចំពោះអ្នកសារព័ត៌មាន»។

លោកបន្ថែមថា៖ «ក្រុមហ៊ុន Zhengheng Group សហការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ហើយការវាយប្រហារ​មកលើក្រុមហ៊ុន Zhengheng Group ដោយមានជំនួយពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏ជាបទឧក្រិដ្ឋដែរ។ យើង​នឹង​ចាត់វិធានការតាម​ផ្លូវ​ច្បាប់​ចំពោះប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមានបំណងបង្ខូចឈ្មោះ និងវាយប្រហារមកលើក្រុមហ៊ុន Zhengheng Group មិនថានៅអាមេរិក ឬអាស៊ី»។

យោងតាមគណនី​ហ្វេស​ប៊ុក​​របស់លោក ថង ហុងហេង បានបង្ហាញថា បុគ្គលរូបនេះគឺជា​អ្នក​បក​ប្រែ​​ឱ្យ​ក្រុម ZhengHeng។

អ្នករាយការណ៍ព័ត៌មាន វីអូឌី បានរកឃើញព័ត៌មានអំពីរចនាសម្ពន្ធ និងទំនាក់ទំនងរបស់ក្រុមហ៊ុន Zhengheng Group ជាមួយនឹងរមណីយដ្ឋាន ឡងបេ (Long Bay) នៅតាមអ៊ីនធឺណិត។ អ្នករាយការណ៍ព័ត៌មានបានព្យាយាមផ្ញើសំណួរទៅកាន់អាសយដ្ឋានអ៊ីម៉ែលចំនួន៣ ដែលមាននៅលើគេហទំព័ររបស់ក្រុមហ៊ុន Zhengheng ក្នុងអំឡុង​ពេលសរសេរអត្ថបទដើម។ នៅពេលដែលអ៊ីម៉ែលចំនួន២មិនដំណើរការ អ្នករាយការណ៍ព័ត៌មាន វីអូឌី បានទៅដល់ការិយាល័យរបស់ក្រុមហ៊ុន Zhengheng ក្នុងរាជធានីភ្នំពេញ ហើយបានសួររកអាសយដ្ឋានទំនាក់ទំនង និងមានគេប្រាប់ថាអាសយដ្ឋានអ៊ីម៉ែលមួយគឺត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុន Zhengheng មិនបានឆ្លើយតបឡើយនៅពេលនោះ។ នៅ​សប្តាហ៍នេះ វីអូឌី បានផ្ញើអ៊ីម៉ែល​មួយផ្សេងទៀត​ទៅ​កាន់​អាសយដ្ឋានអ៊ីម៉ែលដែលគេប្រាប់ថាត្រឹមត្រូវ​ ប៉ុន្តែមិនមានការឆ្លើយតបឡើយ៕


រាយការណ៍បន្ថែមដោយ Danielle Keeton-Olsen និង Ananth Baliga

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ PR Rep Offers Money to Remove Company From UDG Scam Article

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ