តំណាង​គណបក្ស​៤​ថា ក្រសួងមហាផ្ទៃ​មិន​បាន​បង្ហាញ​ជំហរ​ក្នុង​ការ​ស្វែងរក​អ្នកប្រើហិង្សា​លើ​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល

លោក សុន ឆ័យ ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងអ្នកនយោបាយដែលជាភាគីមួយក្នុងចំណោមបក្សនយោបាយទាំង៤ បានលើកឡើងពី​​កា​​រ​​​ខកចិត្តចំពោះ​ការ​ឆ្លើយ​តប​ពី​ក្រសួង​មហាផ្ទៃ ដែលនៅមិនទាន់បង្ហាញឆន្ទៈពិតប្រាកដក្នុង​​ការ​​​ចា​​​ត់​​​​​​វិធាន​​ការ​ប្រឆាំង​អ្នក​ប្រព្រឹត្តបទល្មើសដែលធ្លាប់លបវាយប្រហារនិងធ្វើទុក្ខ​បុក​ម្នេញទៅ​លើ​​​អ្ន​​ក​​​​​គាំទ្រ​​​គណបក្ស​ក្រៅរដ្ឋាភិបាលក្នុងពេលកន្លងទៅ។  

លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់​កូតាមក​ពីគណបក្សភ្លើងទៀន ក្នុងចំណោមបក្សន​​យោបាយ​ចំនួន​៤ ប្រាប់ ​វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះថា តំណាង​ក្រសួង​មហាផ្ទៃ ដែល​ទទួល​ជួប​ពិ​​​គ្រោះ​​យោ​​បល់ នៅ​តែ​មាន​ភាព​លាក់​លៀមអំពី​ជំហរ​ក្នុង​ការ​ទប់​ស្កាត់ និងវែកមុខអ្នកលបវាយប្រហារស​​ក​​​ម្ម​ជន​​​​គណ​បក្សប្រឆាំង ក្នុង​ពេល​កន្ល​ងទៅ បើទោះជាមានភស្តុតាង និងមានកិច្ចសហការ​​ពីជនរ​​ង​គ្រោះ​​ក្តី​។ លោក​បន្ត​ថា ឥរិយាបថនេះនឹងនៅតែជាមន្ទិលសង្ស័យ ចំពោះការបំពេញនីតិវិធី និងការ​​អ​នុ​​​វត្តច្បាប់របស់សមត្ថកិច្ចជំនាញ ក្នុងការកំណត់មុខសញ្ញាជនដៃដល់យកទៅផ្តន្ទាទោសតាម​​ច្បាប់ ​ដើម្បីផ្តល់យុត្តិ​ធម៌​​​ជូន​ជនរងគ្រោះ។

លោកបន្តថា៖ «ពាក់ព័ន្ធនឹងការស្រាវជ្រាវជនខិលខូច ឬអ្នកប្រព្រឹត្តបទល្មើស​ហ្នឹង​មកផ្តន្ទាទោស មក​​ដល់ថ្ងៃនេះ សូម្បីតែរបាយការណ៍ក៏យើងមិនទាន់បានទទួល។ ចំណុចនេះហាក់ដូចជានៅ​​ប្រ​​​ឈ​​មគ្នា ខាងក្រសួងនៅតែនិយាយថាត្រូវកា​​រកិច្ចសហការពីជនរងគ្រោះអី​​ៗជាដើម។ ប៉ុន្តែ​​ភស្តុ​តាង​​​នៃការវាយបែកក្បាល​ វាយអីហ្នឹង គឺមានតាំងពីកាមេរ៉ា មានតាំងពីលេខម៉ូតូ និងមាន​អី​ទាំង​អស់ ហើ​​យ​ជនរងគ្រោះតែងតែប្តឹងទៅសមត្ថកិច្ច ហើយផ្តល់កិច្ចសហការ ប៉ុន្តែយើងមិនដែល​​​ឃើញ​​​របាយការណ៍ និងការបង្ហាញពីការខិត​​ខំរបស់ក្រសួងក្នុងការស្រាវជ្រាវ​​រកឧក្រិដ្ឋជននេះនៅ​​ឡើយ​​​ទេ»។

បើទោះ​ជាបែប​ណា សម្រាប់​លោក សុន ឆ័យ ថ្វីបើមានចំណុចខ្លះនៅមិនទាន់ស្របគ្នា ក៏​​ជំនួប​​ជា​​​​មួយលោក សក់ សេដ្ឋា ដែលជារដ្ឋលេខា​​ធិ​​ការ និងជាតំណាងពីខាងក្រសួងមហាផ្ទៃ នៅថ្ងៃ​​​នេះ ក៏មាន​លទ្ធផលមួយវិជ្ជមានដែរ។ ជាងនេះទៀត លោកថា ​ជាការបើក​​ផ្លូវ​​មួយ សម្រាប់​​បក្សន​​យោ​​​​​​បា​​យ​នៅ​​ក្រៅ​រដ្ឋាភិបាលអាចមានឱកាសជួប​​ពិគ្រោះយោបល់គ្នាទៅថ្ងៃខាងមុខទៀត ដើម្បី​​ដោះ​​​ស្រាយបញ្ហារួមគ្នា។

បើតាមអ្នកនយោបាយចាស់វង្សារូបនេះ ក្នុងចំណោមបញ្ហាអាទិភាពទាំង៧ចំណុចដែលស្នើ​​ឡើង​ដោយគណបក្សនយោបាយទាំង៤ ដូចជា ស្នើឱ្យ​​មាន​​ការបើកទូលាយលំហសេរី​​ភាព​​ខាង​នយោ​បា​​យ ​​​​​ជា​​ដើម ភាគីតំណាងក្រសួងមហាផ្ទៃសន្យាដោះស្រាយ និងជួយសម្របសម្រួលករណីនេះ។

គណបក្សនយោបាយទាំង៤ ដែលបាន​​ជួប​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​​នេះ រួម​​មាន ​​គ​ណ​​បក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន និងគណបក្ស​​​ប្រជាធិ​ប​តេ​យ្យ​​​មូ​​​​ល​​ដ្ឋាន។

វីអូឌី បានព្យាយាមសុំការបំភ្លឺជុំវិញបញ្ហានេះជាមួយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង​​ម​​ហា​​ផ្ទៃ ប៉ុន្តែមិនមានការឆ្លើយតប នៅថ្ងៃទី១៥ ខែកញ្ញានេះ។ យ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះធ្លាប់អះ​​អា​​ង​​​​​​ជាមួយ វីអូឌី ថា សមត្ថកិច្ចជំនាញមិនដែលព្រងើយកន្តើយទេ ឱ្យតែមានពាក្យ​​បណ្តឹង​​ពី​ជន​​រង​​គ្រោះ​​។

ដោយឡែក លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​​បានព្រមាននៅក្នុងពិធី​មួយកាល​ពី​អំឡុង​ឆ្នាំ២០១៩ ដែលទំនងសំដៅ​លើលោក សម រង្ស៊ី ពាក់ព័ន្ធនឹងការ​អំពាវនាវឱ្យ​​សហភាពអឺរ៉ុបផ្តាច់ជំនួយពី​​កម្ពុជា​​។​​ អំឡុងពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិនបើផែនការនេះត្រូវលេចចេញជារូបរាងមែន នោះវាសនាក្រុម​​អ្នកប្រឆាំងនៅ​ក្នុង​​ប្រទេសកម្ពុជាក៏រស់នៅគ្មានសេចក្តីសុខដែរ។

លោកបន្តថា៖ ​«អ៊ីចឹងអាណាត្រៀមខ្លួនរត់ ត្រៀមទៅ! បើថាអាហ្នឹងមកដល់ [ទណ្ឌកម្មផ្តាច់ជំ​នួយ] អ្នកត្រៀមរត់ ត្រូវត្រៀមឱ្យហើយទៅ។ ប៉ុន្តែខ្ញុំមិនទៅតាមចាប់ត្រលប់ពីថៃមកវិញទេ ឯងត្រៀ​ម​រត់ទៅ​។ ពិតហើយ ខ្ញុំនិយាយត្រឹមប៉ុណ្ណឹង ល្មមយល់គ្រប់គ្នាហើយ។ បើចង់ឱ្យពួកប្រឆាំងងាប់ អាហ្នឹង​​​​កាត់ទៅ។ បើចង់ឱ្យពួកប្រឆាំងរស់ អាហ្នឹងធ្វើ ហើយមកជជែកគ្នា កែលម្អសភាព​​ការណ៍ជា​​មួយ​គ្នា បន្ត​​ទៅមុខជាមួយគ្នា ជាដៃគូស្មើភាពលើការគោរពឯករាជ្យ និងអធិបតេយ្យ»។

នេះមិនមែនជារឿងថ្មីទេដែលគណបក្សនយោបាយទាំង៤ ព្យាយាមសុំកិច្ចអន្តរាគមន៍​​ពីក្រសួង​​ម​​ហា​​​​ផ្ទៃ​។ ស្របពេ​ល​ដែលពិនិត្យឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​​​ក​​ន្ល​​​ង​​ទៅនេះ មានចំណុចដែលគួរមានការកែលម្អបន្ថែម បក្សនយោបាយទាំង៤ក៏​បាន​ព្យាយាម​​​សុំ​​ការ​​​ពិគ្រោះយោបល់ពីស្ថាប័នជាតិរៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័នរដ្ឋ​​សភាដែរ។

តំណាងសម្ពន្ធភាព​អ្នកប្រ​​ជា​​ធិ​​ប​​​​តេយ្យ លោក យ៉េង វីរៈ ធ្លាប់លើកឡើងថា មូលហេតុចម្បង​​ដែល​​ជំរុញ​ឱ្យគណបក្ស​ទាំង៤ទាមទារចង់ឱ្យមាន​​ការកែលម្អ​ចំ​ណុ​​​​ច​​ខ្វះខាតនេះ ដោយសារតែរក​​ឃើញ​ថា លំហ​សេ​​រីភាព​ខាង​​ន​​យោ​​បាយ ប្រព័ន្ធនៃការបោះឆ្នោត នៅតែមិន​​អាចជឿទុកចិត្តបាន និង​វិសោធន​កម្ម​មា​​​ត្រាច្បា​ប់​​មួយ​​​ចំនួននៃ​​រដ្ឋ​​ធម្ម​នុ​ញ្ញ​ផង ឆ្លុះបញ្ចាំង​​​ពី​​ភាព​​ប្រឈ​មកា​ន់តែខ្ពស់ទៅ​ដល់​លទ្ធផល​នៃ​​ការ​​បោះឆ្នោត​​ថ្នាក់ជាតិ នា​​ពេល​ខាងមុខនេះ។

គេសង្កេតឃើញថា មួយរយៈពេលកន្លងទៅនេះ ស្របពេលស្ថានភាពនយោបាយកាន់តែមាន​​ភា​​ព​​​​​​​​​តានតឹង មានសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងត្រូវទទួលរងការធ្វើទុក្ខ​បុកម្នេញ និងយាយី​​ខាង​​ន​​យោ​​បាយជាបន្តបន្ទាប់។ ក្នុងចំណោមអ្នករងអំ​ពើហិង្សា មានអ្នកខ្លះត្រូវជនមិនស្គាល់អត្ត​​សញ្ញា​​ណ​ល​​ប​វាយរហូតដល់ស្លាប់ និងពិការក៏មាន។

សម្រាប់លោក អំ សំអាត នាយកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ សង្កេត​​​ឃើ​​ញ​​​​​ថា ភាពយឺតយ៉ាវក្នុងការចាត់វិធានការ ប្រឆាំងការប្រើប្រាស់អំពើហិង្សានេះ បណ្តាលមកពីឆន្ទៈ​​ន​យោ​​​បា​យ​​​ច្រើនជាង។ លោកបន្តថា មានសំណុំរឿងច្រើនណាស់ដែលសមត្ថកិច្ចជំនាញអាចធ្វើ​​​អន្តរាគ​​ម​ន៍​បានភ្លាមៗ ខុសពីអ្វីដែលកើតឡើងចំពោះសកម្មជននយោបាយ និងអ្នកការពារ​​សិទ្ធិ​​មនុស្ស គឺអ្នកប្រព្រឹត្តបទល្មើស កម្រឃើញសមត្ថកិច្ចនាំខ្លួនទៅអនុវត្តទោសបានណាស់។

លោកបន្តថា៖ «ខ្ញុំយល់ថា អាជ្ញាធរកម្ពុជា​មិន​មែន​អសមត្ថ​ភាព​ទេ។ យើង​ឃើញ​ហើយ​រឿង​ធំៗ​ជា​ច្រើន ​​​អាជ្ញាធរ​បា​នធ្វើការស៊ើបអង្កេត បង្រ្កាប ទប់ស្កាត់ និង​ធ្វើការចាប់ខ្លួនបាន​​ភ្លាមៗ ​ប៉ុន្តែមាន​​ករ​ណី​​​មួយចំនួន​ដែលគេមើល​ឃើញថា ដែលពាក់ព័ន្ធនឹង​​និន្នាការនយោបាយ​​ហ្នឹង វាហាក់​​ដូចជា​​មិន​​មា​ន​​ការជឿនលឿនទៅមុខទេ ជាពិសេសទាក់ទង​​ការលបវាយដំទៅលើ​​អតីតសកម្មជន​​គណ​​បក្ស​​ប្រឆាំ​​ង ឬក៏ថ្មីៗទៅលើសកម្មជនគណបក្សភ្លើងទៀនអីជាដើមហ្នឹង»។

គណបក្សនយោបាយទាំង៤ លើកឡើងថា បើទោះជានៅចំពោះមុខនេះត្រូវជួបឧបសគ្គខ្លះក្តី ក្នុ​ង​​ដំណើរការស្វែង​​រក​​កិច្ច​​អន្តរាគមន៍ពីភាគីរដ្ឋាភិបាល ក្នុង​ការស្វែងរកយុត្តិធម៌សម្រាប់ជន​រង​គ្រោះ ការ​​​ជំ​​​រុញឱ្យ​មានយុត្តិធម៌សង្គម ការលើកកម្ពស់ឱ្យមានលំហសេរីភាពខាងនយោបាយ និងការ​កែ​លម្អ​​​ប្រព័ន្ធ​បោះឆ្នោតក្តី ក៏គណបក្សទាំងនេះនៅតែបន្តសកម្មភាព​​ដើម្បី​ទាម​ទារ​ឱ្យ​តម្លាភាព​សង្គម និង​​​ប​​ញ្ចៀស​​​​បានពីការខ្វែង​គំនិតគ្នាខាងនយោបាយ៕     

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ