ពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាទៅចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ខណៈព្រះសពរបស់ទ្រង់ ត្រូវបានដង្ហែទៅតម្កល់នៅក្នុងសាល Westminster ក្នុងទីក្រុងឡុងដ៍។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមការបញ្ជាក់របស់មន្រ្តីអង់គ្លេស វេលានេះគឺជាឱកាសសម្រាប់សាធារណជនទូទៅ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធទ្រង់ដោយផ្ទាល់ ខណៈអ្នកចូលរួមត្រូវបានរំពឹងថានឹងមានចំនួនប្រមាណជាង៧០ម៉ឺននាក់ មុនពេលការបើកឱ្យចូលគោរពព្រះវិញ្ញាណក្ខន្ធដោយសេរីនេះបិទបញ្ចប់ទៅនៅព្រឹកថ្ងៃចន្ទសប្ដាហ៍ក្រោយ។
គួរបញ្ជាក់ថា ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ បានសោយទិវង្គតក្នុងព្រះជន្មាយុ៩៦ព្រះវស្សា កាលពីថ្ងៃទី៨ ខែកញ្ញា សប្ដាហ៍មុន ក្នុងប្រទេសស្កុតឡេន ខណៈមឈូសរបស់ទ្រង់ត្រូវបានដឹកបញ្ជូនតាមរយៈយន្តហោះមកកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារកន្លងទៅ។
ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ ដែលជាក្សត្រមួយអង្គសោយរាជ្យយូរជាងគេរបស់អង់គ្លេស (៧០ឆ្នាំ) និងក្នុងចំណោមស្ដេចដែលសោយរាជ្យយូរបំផុតក្នុងពិភពលោក ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ និងបានគ្រងព្រះសិរីរាជ្យសម្បត្តិតាំងពីទ្រង់មានព្រះជន្ម២៥ព្រះវស្សា ក្នុងឆ្នាំ១៩៥២ បន្ទាប់ពីព្រះបិតារបស់ទ្រង់ព្រះនាម ហ្សក ទី៦ (George VI) បានសោយទិវង្គតទៅ។
ព្រះរាជពិធីបុណ្យព្រះសពរបស់ទ្រង់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខនេះ ក្នុងទីក្រុងឡុងដ៍ ដែលក្នុងនោះ ឥស្សរជនជាន់ខ្ពស់មកពីជុំវិញពិភពលោកប្រមាណជា៥០០នាក់ ត្រូវបានគេរំពឹងថានឹងមកចូលរួម៕































