នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្លាក់​ការ​គាំទ្រ ទាក់ទង​នឹង​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក ស៊ិនហ្សូ អាបេ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកន្លែងស្នាក់នៅផ្លូវការសម្រាប់នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។ (Eugene Hoshiko/Pool តាមរយៈ REUTERS)

ការស្ទង់មតិមួយបានបង្ហាញ​ថា ការ​គាំទ្រ​នាយករដ្ឋមន្ត្រីជប៉ុន ​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ក្នុងរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកឡើងកាន់តំណែង។ នេះ​បើតា​ម​ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ករណីនេះកើតឡើងដោយសារតែសាធារណជនមានការមិនពេញចិត្ត ទាក់ទង​នឹងការរៀបចំពិធីបុណ្យ​សពអតីតនាយករដ្ឋមន្ត្រីជប៉ុន​ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលពុំមានការពន្យល់ឱ្យបានច្បាស់លាស់។

យោងតាមការស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន​ជី​ជី ​(Jiji) ការគាំទ្រលោក ហ្វូមីអូ គីស៊ីដា បាន​ធ្លាក់ចុះដល់៣២,៣ភាគរយ ពីចំនួន៤៤,៣ភាគរយ កាលពីខែមុន ខណៈតួលេខនេះគឺកាន់តែកៀក​ទៅ​កាន់​កម្រិត​គ្រោះថ្នាក់ ៣០ភាគរយ ដែលអាចនឹងបង្កឱ្យរដ្ឋាភិបាលជួបប្រទះបញ្ហាក្នុងការអនុវត្ត​របៀប​វារៈ​នយោបាយរបស់ខ្លួន។

ជាមួយគ្នានេះ ការស្ទង់មតិដដែលបន្ថែម​ថា អ្នក​ដែល​មិន​គាំទ្ររដ្ឋាភិបាលរបស់លោក ហ្វូមីអូ គីស៊ីដា ក៏បានកើនឡើងដល់៤០ភាគរយផង​ដែរ។

គួរបញ្ជាក់ថា អតីត​នាយករដ្ឋមន្ត្រីជប៉ុន​ លោក ស៊ិនហ្សូ អាបេ (Shinzo Abe) បានស្លាប់បាត់បង់ជីវិត បន្ទាប់​ពី​រងនូវការបាញ់ប្រហារ​ពី​ក្រោយខ្នង​ដោយខ្មាន់កាំភ្លើងមួយរូប ខណៈលោកកំពុងថ្លែងសុន្ទរកថាមួយនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន កាលពីខែកក្កដាកន្លងទៅ។

ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលជប៉ុនក៏បានសម្រេចរៀបចំពិធីបុណ្យសពថ្នាក់ជាតិ​ទ្រង់ទ្រាយធំមួយក្នុង​ទីក្រុងតូក្យូ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ដែល​គ្រោងនឹង​ត្រូវ​ចំណាយថវិកា​ប្រមាណជា១២​លាន​ដុល្លារ​ក្នុងការរៀបចំ។

ទោះជាយ៉ាងណា ករណីនេះក៏បានរងនូវការ​រិះគន់ផងដែរ​ ខណៈការស្ទង់មតិជាបន្តបន្ទាប់បានបង្ហាញថា សាធារណជនជប៉ុនភាគច្រើនមិនគាំទ្រឱ្យមានការរៀបចំពិធីបុណ្យសពថ្នាក់ជាតិជូនលោក អាបេ ឡើយ ដោយពួកគេលើកឡើងថា ការរៀបចំពិធីបុណ្យដោយលោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា នេះគឺមិនមានការពន្យល់ពីមូលហេតុឱ្យបានគ្រប់គ្រាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ