លោក កឹម សុខា ផ្ញើសារ​ឱ្យ​ខ្មែរ​ឈប់​ចងពៀរ​គ្នា ខណៈ​វិបត្តិ​នយោបាយ​នៅ​តានតឹង

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​​លោក ​កឹម​ សុ​ខា​ ប្រធា​នគ​ណប​ក្សស​ង្គ្រោះ​ជាតិ​​​ដែ​ល​តុលាកា​រ​រំលាយ ​បាន​យក​ពិធី​​កា​ន់​បិ​ណ្ឌប្រពៃណីជាតិ​​ ផ្ញើ​​​សារ​​ឱ្យខ្មែរ​មា​ន «ចិ​ត្តធ​ម៌ ​ធ្វើអំពើ​ល្អ និង​ឈ​ប់ចងពៀ​រគ្នា» ខ​ណៈតុ​លាការនៅបន្តបិទសិទ្ធិ​ធ្វើ​​​ន​យោបាយ​រ​បស់​​​​​លោក​​ជា​​​ង​​​៥ឆ្នាំ តា​មបណ្ដឹង​គ​ណ​​​បក្ស​​កា​ន់អំ​ណា​ច ​ដែ​លគេ​មើល​ឃើញថាជាប​ទ​​ចោទ​​ន​យោបាយ។

លោក កឹម សុខា បានលើកឡើងលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំថ្ងៃកា​ន់បិ​​​ណ្ឌ​​ទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ថាការធ្វើបុណ្យ រក្សាសីល គឺ​ជាការធ្វើចិត្តឱ្យប​រិសុ​ទ្ធនិងជ្រះថ្លា ទោះ​បី​មា​​ន​មារ​តាម​ព្យាបាទ ប្រមាថ ចោទប្រកាន់លោកយ៉ាងណា​ក្ដី ក៏លោកត្រូវតែធ្វើអំ​ពើ​ល្អ​​​​​​​បន្តទៀត។

លោ​​កបញ្ជាក់ថា៖ «សូម្បីតែព្រះសម្មាសម្ពុទ្ធ ក៏មានមារតាមចងពៀរ មួលបង្កាច់ដែរ។ នេះមិនមែនជាកម្មរបស់ព្រះទេ គឺជាអំពើបាបរបស់មារ។ សូមឧទ្ទិសឱ្យខ្មែរមានចិត្តធម៌ ធ្វើអំពើល្អ ឈប់ចងពៀរគ្នា»។

បន្ថែមពីនេះ ក្នុងសវនាការតតាំង​ក្ដីនៅតុលាកា​រ​ កា​លពីថ្ងៃពុ​ធ លោក​​​ក៏បា​នលើ​ក​ឡើងចំពោះមុ​ខ​​ចៅក្រម និ​​​ងព្រះរាជអាជ្ញា ដែល​កាន់សំណុំរឿង​របស់​លោក ពីជំនឿលើបុ​ណ្យបា​ប​នេះ ដែល​ពេលនោះ​លោក​រំឭកថា អ្នកដែលចោទប្រ​កា​​ន់លោកខុសពីការពិត នឹងទទួលរងនូវបាបកម្ម។

លោក កឹម​ សុខា ត្រូវតុលាការដកសិទ្ធិ​​ធ្វើនយោបាយ​ជា​​​ង៥​ឆ្នាំ​មកហើយ​ គិតពីថ្ងៃដែល​​​​សម​ត្ថកិ​ច្ចឆ្ម​ក់ចូ​ល​​ចាប់​ខ្លួ​ននៅ​​​គេហ​ដ្ឋាន​ ​​ក្នុង​រា​ជ​ធានី​ភ្នំ​ពេ​ញ ​កា​លពី​ថ្ងៃទី​៣ ​ខែក​ញ្ញា ​ឆ្នាំ​២០​​១៧​ ​ដោយ​​ចោទ​​ថា​ «គ​ប់គិ​តជា​មួ​​យ​បរ​ទេ​ស ​​ចង់ផ្ដួល​រំលំរ​ដ្ឋាភិបាល»​ ហើយ​មកដល់​​​ប​ច្ចុប្បន្ន តុលាការមិនទាន់បើកផ្លូវ​ឱ្យលោក​ធ្វើ​នយោបាយឡើងវិញនៅឡើ​​យទេ។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក​​ នី សុខា ​​មើលឃើ​ញថា ​សំ​ណុំរឿ​ង​ចោទ​ប្រ​កាន់​នេះ​ជារឿងនយោបាយ ដែលបានដកសេចក្តីទុកចិត្តពីសហគមន៍ជាតិនិងអន្តរជាតិរួចទៅហើយ លើការកាត់សេចក្តីតាមផ្លូវតុលាការ។ ដោយឡែក ​​លោ​កថា​ សា​ររ​ប​ស់លោ​ក​ កឹ​ម ​សុខា ពេលនេះហាក់បាន​​ព្យាយាម​យ​ក​ធ​ម៌​ព្រះពុ​ទ្ធ ​ដើម្បីដោះស្រាយប​ញ្ហាជា​តិ​។

យ៉ាងណា លោកថា សារនេះ ចង់មិនចង់ នឹងអង្រួនស្មារតីអ្នកគាំទ្រ និងដៃគូប្រកួត ឱ្យគិតគូរពីដំណោះស្រាយ​ផ្សះផ្សាជាតិ ខណៈសហគមន៍អន្តរជាតិកំពុងជំរុញឱ្យកម្ពុជាវិលទៅស្ដារប្រជាធិបតេយ្យឡើងវិញ។ លោក​កត់សម្គាល់ថា សារនេះក៏ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងផងដែរ ពីលទ្ធផលដឹកនាំ​របស់មេដឹកនាំផ្ដាច់​​កា​រមួយចំនួន រួមទាំងមេដឹកនាំខ្មែរ ដែលមិនជឿលើអំពើបាប ហើយចុងបញ្ចប់ ពួកគេទទួលរងនូវកម្មពៀរ តាមរយៈកាត់ទោស និងព្យួរក ជាដើម។

លោកថា៖ «មេដឹកនាំយើងបច្ចុប្បន្ននេះ គិតឱ្យមែនទែន ចំពោះបញ្ហាហ្នឹង បើកាលណាយើងនៅតែបន្តមិនដោះ​ស្រា​យបញ្ហាជូនប្រជាពលរដ្ឋ ឬក៏ធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋ​ ទៅលើសង្គមជាតិ ថ្ងៃក្រោយ​ខ្ញុំគិ​​តថា ​ថ្ងៃក្រោយយើងមិនត្រឹមតែមិនបានទទួលកេរ្តិ៍ឈ្មោះល្អទេ យើង​បែរ​ជាធ្វើឱ្យមានទុក្ខទោសទៅដល់ខ្លួន​ឯង​ទៀត​ផង»។

ពលរដ្ឋមួយ​រូបរស់​នៅរាជធានីភ្នំពេញ លោក ម៉ៅ ឆន យល់ថា បើអ្នកនយោបាយជ្រើសរើសយកការប្រកួតអំ​ណា​ច​ដោយ​ឈរលើគោលការណ៍​យុត្តិធម៌ និង​តម្កល់ប្រយោជន៍ជាតិជាធំ នឹងធ្វើឱ្យជាតិថ្កុំថ្កើង។

លោ​កថា៖ «យើងឃើញស្រាប់​ហើយ កន្លងមក នយោបាយ “មាន​ឯង​ អត់អញ [ឬ] មានអញ​ អត់ឯង” វាគ្រោះថ្នា​​​​ក់​ណា​​ស់សម្រាប់សង្គមជាតិយើង។ តែបើយើងយកធម៌​អហិង្សាមួយ មិនគុំកួន មិនសងសឹក​ រវាងខ្មែរនិងខ្មែ​រ រ​ក​ដំណោះស្រាយ​តាម​ផ្លូវ​អហិង្សា គឺថាល្អសម្រាប់សង្គមជាតិរបស់​យើង»។

​​តែយ៉ាងណា អ្នកនាំ​ពា​ក្យគ​ណប​ក្សប្រ​ជា​ជនកម្ពុ​ជា លោ​ក ​សុ​ខ ​ឥសា​ន ​​យល់ឃើញផ្សេងពីនេះ។

លោ​កថា​៖ «ផ្លូវធម៌ ​និង​ផ្លូវរដ្ឋ វា​ខុស​គ្នា។ ផ្លូវធម៌​ គេ​គិតពីសីលធម៌ ព្រោះខាងផ្លូវរដ្ឋ គេគិតពីការអនុវត្តច្បាប់ វា​ខុ​​សគ្នាត្រង់ហ្នឹង។ ធ្វើខុសច្បាប់ ហើយមានភស្តុតាងមានពិរុទ្ធភាពហើយ ទៅយកសីលធម៌ឱ្យ​សម្រប​​ស​ម្រួល​គ្នា​ម៉េច​កើត!​ វាអត់ដែលមានអ៊ីចឹងទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា​​ មើល​ឃើញថា ​សាររ​បស់លោក ​កឹម​​​ សុខា ជា​ការដា​ស់អា​រម្មណ៍ដៃ​គូប្រកួ​តឱ្យពិ​ចារណាផ្ត​ល់សេរីភាព​ធ្វើនយោបាយឡើងវិញ តែគ្មានប្រសិទ្ធភាពជំរុញដំណោះ​ស្រាយនយោបាយទេ ដោយសារ​កាលៈទេសៈ​បច្ចុប្បន្ន អ្នក​នយោបាយ​ភាគ​ច្រើន មិន​មាន​សីលធម៌ និង​បាត់បង់ការយោគយល់និងអធ្យា​ស្រ័យ​គ្នាទៅហើយនោះ។

លោកថា៖ «វាអាចប្រែប្រួល ប្រសិនបើសហគមន៍អន្តរជាតិចាប់អារម្មណ៍ ឬក៏យកចិត្តទុកដាក់ច្រើនមកលើ​អ្ន​​ក​​​នយោបាយនៅកម្ពុជា។ ហើយការយកចិត្តទុកដាក់ច្រើនឬតិច អាស្រ័យទៅលើពលរដ្ឋកម្ពុជា និងអ្នកន​យោ​​បាយកម្ពុជា ​ធ្វើចលនា ឬធ្វើសកម្មភាព​ស្នើសុំ ឬទាមទារ​ឱ្យមានអន្តរាគមន៍ពី​សហគមន៍អន្តរជាតិ»។

បញ្ហានេះ សហរដ្ឋ​អាមេរិក និងសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន ក្នុងដំណើរមកកាន់កម្ពុជា នាកិច្ចប្រជុំអាស៊ានកាលពីពេល​ថ្មីៗនេះ បានជំរុញជាថ្មីទៀត​ឱ្យរដ្ឋាភិបាលកម្ពុជាបើក​លំហ​សិទ្ធិ​ធ្វើនយោ​បាយ​របស់​ពលរដ្ឋ រួមទាំងមេដឹ​ក​នាំ​គណបក្សប្រឆាំង មុនការបោះឆ្នោតជាតិ​ឆ្នាំ២​០​២៣​មក​ដល់ ដើម្បី​ឱ្យការ​បោះឆ្នោតដំណើរការទៅដោយសេ​រី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

បញ្ហា​នេះ ភាគីទាំងនោះសម្តែងការព្រួយបារម្ភ​​ថា ការ​វិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅក​ម្ពុ​ជា កាន់តែរួមតូចផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ