អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​ព្រះសីហនុ អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​និង​ដោះលែង​ពលរដ្ឋ​៤នាក់

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋមួយចំនួនប្រដាប់ទៅដោយកាំបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បានចេញមុខតវ៉ារហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះខេត្តព្រះសីហនុដែលបានចុះទៅអប់រំណែនាំឱ្យប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់សង់លើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ)។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំ​ចំនួន២ នៃស្រុ​ក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ អំពាវនាវទៅរដ្ឋាភិបាល​ឱ្យជួយដោះស្រាយ និងដោះលែងពលរដ្ឋ៤នាក់ឱ្យមានសេរីភាពវិញ ក្រោយអាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្ទះសម្បែងផលដំណាំ និងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារក្រោម​ជម្លោះដីធ្លី​នេះ។

ពលរដ្ឋ​ម្នាក់​ដែល​អះ​អាង​ថានៅ​ស្រុក​ព្រៃនប់​ លោក ទឹម សុភ័ក្រ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​សុក្រ​​នេះ​ថា ប្រជាពលរដ្ឋចំនួន៣៣៤គ្រួសារ បា​ន​​ចូលទៅ​​អាស្រ័យ​ផល​លើ​ដី​ប្រហែល១០០ហិកតា ស្ថិតនៅភូមិស្មាច់ដែង​ ឃុំរាម និង​ភូមិពូធឿង ឃុំបិតត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តាំង​ពី​ឆ្នាំ២០០៤ និងឆ្នាំ២០០៥ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។

លោកបន្តថា អាជ្ញាធរបានទទួលស្គាល់ការកាន់កាប់របស់ប្រជាពលរដ្ឋ​កាល​ពី​ជំនាន់​គ្រប់​គ្រង​ដោយ​អតីត​អភិបាល​ខេត្តព្រះសីហនុ​ លោក យន្ត មីន ហើយបា​ន​សម្រេច​កាត់ឆ្វៀលចេញពីដីគម្របព្រៃឈើ និង​មាន​ការឯកភាពពីក្រសួងកសិ​កម្ម​ផង​ដែរ។

ប៉ុន្តែលោកថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុបានដាក់គ្រឿងអមដោយកម្លាំង​សមត្ថកិច្ច​ចម្រុះរាប់​រយ​នាក់ចុះ​រុះរើ ឈូស​ឆាយ​ផ្ទះ និង​ផល​ដំណាំព​លរដ្ឋ​អស់ ព្រមទាំង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​៤នាក់​ដាក់ពន្ធនាគារថែមទៀត ដោយចោទ​ពួកគាត់​ថា​បានទៅចូលទន្ទ្រានដីក្រុម​ហ៊ុន «សីហនុវីល ស្តេសល អ៊ីខននើមី ហ្សូន» នៃ​តំបន់សេដ្ឋកិច្ចពិសេស SIHANOUK VILLE SEZ ដោយខុសច្បាប់ទៅវិញ។

លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន ជួយរកយុត្តិធម៌ជូនរងគ្រោះ អ្នកទន់​ខ្សោយ​ក្រខ្សត់។ ពេលដែលអាជ្ញាធរដាក់គ្រឿងចក្រមកឈូសឆាយអ៊ីចឹង ធ្វើឱ្យពលរដ្ឋខាតបង់ទ្រព្យសម្បតិ្ត គ្មានកន្លែងរស់នៅ នាំគ្នាបោះតង់ជ្រក​តាម​ព្រៃ កូនយំពេញព្រៃគួរឱ្យអាណោចអាធ័មណាស់។ យើង​ខ្មែរ​ដូច​គ្នា បើមា​ន​បញ្ហា​អី​មួយ ​វាគួរតែដោះស្រាយ​គ្នាតាមនីតិវិធីទៅ»

ពលរដ្ឋម្នាក់ទៀត​ដែល​សុំមិន​បញ្ចេញឈ្មោះដោយ​បារម្ភពីសុវត្ថិ​ភាព និយាយ​ថា ករណីអាជ្ញាធរដាក់កម្លាំងចុះបង្ក្រាបនិងឈូស​ឆាយ​ផ្ទះពលរដ្ឋ គឺជាការគប់គិតគ្នាជាប្រព័ន្ធរបស់អាជ្ញាធរខេត្ត ដើម្បីយកដីរបស់ពួកគាត់ចែកគ្នាតែប៉ុណ្ណោះ ខណៈតម្លៃ​ដីនៅខេត្តព្រះសីហនុហក់ឡើងខ្ពស់។

ពលរដ្ឋរូបនេះបន្តថា កន្លងមក មានមន្ត្រី និងបុគ្គលមានលុយមានអំណាចមួយ​ចំនួន បាន​ទៅដេញពលរដ្ឋចេញ​ពី​ដី​ជម្លោះនោះ ដោយ​អះអាងថាជាដីរបស់ខ្លួន ប៉ុន្តែពលរដ្ឋមិនព្រមចេញ ហើយក្រោយមកទៀត អាជ្ញាធរចាប់ផ្តើមចោទពលរដ្ឋថាចូល​កាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសដោយខុសច្បាប់ទៅវិញ។

លោកបន្ថែមថា៖ «ហើយមួយទៀត​ អាជ្ញាធរចោទថា ប្រជាពលរដ្ឋរស់នៅ[លើ]ដីកម្មសិទ្ធិរបស់គេ តែការពិតពួកខ្ញុំរស់នៅតាំងពីឆ្នាំ២០០៤ម៉្លេះ មានដំណាំស្វា​យ ដូ​ង ខ្នុរ និង​ដំណាំ​ផ្សេងៗ​ទៀត ប៉ុន្តែ​ឥលូវនេះ ខ្ទេចអស់ហើយ វាឈូសឆាយ កាយ​កប់ចោល​ ជាន់​ចោល​អស់ ហើយឥលូវនេះរកតែមួយសន្លឹកក៏គ្មានផង។ ការពិតដីហ្នឹងរដ្ឋាភិបាលកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋអស់ហើយ​តើ! ប៉ុន្តែដោយសារដីតំបន់នេះវាមានតម្លៃ អ៊ីចឹង​អ្នកមា​នលុ​យ​មាន​អំណាច គាត់គប់គិតគ្នាយកធ្វើកម្មសិទ្ធិ ហើយចោទ​ពលរដ្ឋ​ថាទន្ទ្រានយកដីគេ។ និយាយទៅ វាអយុត្តិធម៌ណាស់»

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានអំពាវនាវដល់​ប្រជាពលរដ្ឋឱ្យ​ចាកចេញពីដីរបស់ក្រុមហ៊ុន «សីហនុវីល ស្តេសល អ៊ីខននើមី ហ្សូន» នៃតំបន់សេដ្ឋកិច្ចពិសេស SIHANOUK VILLE SEZ ជាបន្ទាន់។

រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា មានពលរដ្ឋជាច្រើនគ្រួសារបាន​ចាញ់បោក​មេខ្យល់ ដោយបាននាំគ្នាចូលទៅសង់ខ្ទម​រាប់​រយ​ខ្នង​លើដី​របស់​ក្រុមហ៊ុន​ដែលមានបណ្ណកម្មសិទ្ធិតាំងពីឆ្នាំ២០០៨ ហើយ​រដ្ឋបាលខេត្តនេះក៏បានព្រមានចាត់វិធាន​ការច្បាប់តឹងរ៉ឹងចំពោះពលរដ្ឋណាដែលរឹងរូសមិនព្រមចាកចេញផងដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីតាមតេឡេក្រាម​ថា ក្រោយ​ចេញ​សេចក្តីប្រកាសព័ត៌មាននេះ គឺមានពលរដ្ឋមួយចំនួនមិនព្រមចាកចេញ ហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានចុះអប់រំណែនាំឱ្យពលរដ្ឋទាំងនោះរុះរើខ្ទមម្តងទៀត ប៉ុន្តែពលរដ្ឋមួយចំនួនប្រដាប់ទៅដោយ​កាបិត ចម្ពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំង បាន​ចេញមុខតវ៉ាប្រឆាំង​រហូតដល់ប្រើអំពើហិង្សាលើក្រុមការងារចម្រុះរបស់ខេត្ត។

អ្នកនាំពាក្យរូបនេះ​បន្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋ៤នាក់បញ្ជូនទៅតុលាការផងដែរ។

យ៉ាងណា មន្ត្រីសមាគមសម្ព័ន្ធសហគមន៍ក​សិករ​កម្ពុជា លោក ស៊ុន សុផាត បានទទូចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ជាតិ ត្រូវចុះសិក្សាស្រាវជ្រាវផ្ទាល់ឱ្យបានច្បាស់លាស់ ថាតើពលរដ្ឋទាំងនោះពិតជាបានទៅអាស្រ័យផលយូរដូចពួកគេអះអាងឬយ៉ាងណា ហើយត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនេះឱ្យយុត្តិធម៌និងតម្លាភាពផងដែរ។

លោក ស៊ុន សុផាត បន្តថា តាមលោកដឹង គឺមានពលរដ្ឋមួយចំនួនបានទៅកាន់កាប់និងអាស្រ័យផលលើដីគម្របព្រៃឈើឆ្នាំ២០០២ នៅក្នុងតំបន់កំពុងមានជម្លោះនោះយូរមកហើយដែរ។

លោកបន្ថែមថា៖ «ខ្ញុំសុំឱ្យអាជ្ញាធរនិងក្រុមហ៊ុនត្រូវមានការយោគយល់និងអនុគ្រោះដល់ប្រជាពលរដ្ឋដែលគាត់បានចូលទៅរស់នៅនិងអាស្រ័យតំបន់នោះផង ហើយមុនរុះរើផ្ទះពលរដ្ឋ ត្រូវបង្ហាញឯកសារជូនដំណឹងឱ្យពួកគាត់ដឹងជាមុនផង​ដែរ កុំឱ្យជូនដំណឹងភ្លាម ចុះរុះរើភ្លាម​ វាមិនល្អនោះទេ វានឹងធ្វើឱ្យជួបការលំបាក»

កាលពីឆ្នាំ​២០០៨ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់​ដី​ទំហំ២ ០១៧,១៤ហិកតា ពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុ​បយោគ និងប្រគល់សិទ្ធិកាន់កាប់ទៅឱ្យក្រុមហ៊ុន «សីហនុវិល ស្ពេសល អ៊ីខននើមី ហ្សូន» ដើម្បីអភិវឌ្ឍ​ជាតំបន់សេដ្ឋកិច្ចពិសេស «SIHANOUK VILLE SEZ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ