ម្ដាយក្មេងស្រីដែលកូនត្រូវបានគេរំលោភ បន្តស្វែងរកយុត្តិធម៌ក្រោយតុលាការចេញដីកាតម្កល់ទុកឥតចាត់ការ

អ្នកស្រី ព្រាប សាម៉ុន ម្តាយកុមារីរងគ្រោះ ។ រូបភាព៖ (កញ្ញា ហ៊ន ថូវ៉ាន)

​ម្ដាយក្មេងស្រីដែលកូនរបស់គាត់ត្រូវបានគេចាប់រំលោភកាលពីឆ្នាំមុន នៅតែបន្ត ស្វែងរកយុត្តិធម៌សម្រាប់កូនស្រី ព្រោះកើតទុក្ខមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការ។ 

អ្នកស្រី​ ព្រាប សាម៉ុន ដែលអះអាងថា ​កូនស្រីរបស់គាត់​មានអាយុ​៥ឆ្នាំនៅពេលត្រូវបានគេ​ចាប់រំលោភ​ ថ្លែងប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា គ្រួសារអ្នកស្រីមិនទាន់ទទួលបានយុត្តិធម៌ នោះទេ​ ក្រោយពី​ព្រះ​រាជអាជ្ញារងខេត្តព្រៃវែងចេញដីកាកាលពីថ្ងៃទី​២៥ ខែសីហា ដោយ​ តម្កល់ទុកឥតចាត់ការទៅលើសំណុំរឿងរំលោភសេពសន្ថវៈលើកូនស្រីរបស់អ្នកស្រី។

អ្នកស្រី​ ព្រាប សាម៉ុន ដែលសព្វថ្ងៃរស់នៅ​ភូមិអង្គក្កោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃ​វែង បានអះអាងថា​ ក្រោយពី​កូនរបស់​អ្នកស្រី​ត្រូវបានជនសង្ស័យឈ្មោះ កូយ​ ហើម​ ​ ចាប់រំលោភកាលពីថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យមិនត្រូវបានសមត្ថកិច្ចចាត់ វិធានការតាមផ្លូវច្បាប់នោះទេ។ ចំណែកសុខភាពកូនរបស់អ្នកស្រីវិញ កាន់តែមានសភាព ស្លេកស្លាំង ទោះបីជា​បានយកកូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យចំនួន៥ដងរួចហើយក្ដី​។

ករណីនេះ អ្នកស្រី​ សាម៉ុន បានដាក់ពាក្យបណ្ដឹង​ទៅកាន់សាលាដំបូង​ខេត្តព្រៃវែង​ កាលពីថ្ងៃ​២៧ ខែ​វិច្ឆិកា ​ឆ្នាំ២០២១ ប៉ុន្តែរហូតដល់ខែកញ្ញានេះ ​ទើបខាងតំណាង​ព្រះរាជអាជ្ញា​ថា​មិនចាត់ការ​លើករណី​នេះនោះ​ទេ​។ អ្នកស្រីថា ​ខាងព្រះរាជអាជ្ញា​មិនចាត់ការលើជនសង្ស័យ​ប្រហែល​ជា​ភាគីម្ខាងទៀតមាន​លុយមានអំណាច​ ទើបមកទល់ពេលនេះ តុលាការ មិនទាន់អាច​ស្វែងរកយុត្តិធម៌សម្រាប់គ្រួសារអ្នកស្រីបាន​។

​អ្នកស្រីថា៖ «​រឿងហ្នឹងបើបានជួបគ្នានៅតុលាការតែម្ដងក៏អស់ចិត្តដែរ លោកគ្រូ! តែនេះអត់​បានជួបមុខគ្នាផង ស្រាប់តែដាក់ដីកាអត់ចាត់ការឱ្យ​។ ខ្ញុំអាណិតកូនខ្ញុំណាស់ នៅតែស្លេកស្លាំង អត់មានសាច់មានឈាម​ ហើយខ្មាសគេ ពេលគេនិយាយ ឱនមុខចុះ​»។

មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃទទឹង លោក អាត រ៉ានី​​ បានឱ្យដឹងថា ​ពិតជាមាន​ករណី​ចាប់រំលោភកើតមានឡើងនៅក្នុងមូលដ្ឋានលោកពិតប្រាកដមែន​​ តែយ៉ាងណា លោកថា​បន្ទាប់ពី​លោកបានសហការក្នុង​ការដាក់ពាក្យបណ្ដឹងទៅ​តុលាការ ​​ព្រះរាជអាជ្ញា​​សម្រេច​ ​​តម្កល់រឿងនេះ​មិនចាត់ការនោះទេ​។

លោកថា​៖ «​យើងបាន​ធ្វើសំណុំរឿងជាមួយមន្រ្តីជំនាញ ហើយយើងបានបញ្ជូនទៅតុលាការ​អស់​ហើយ​ តែសាលដីកាចេញមក ដោយថាមិនមាន​ការរំលោភ​ ដោយសារលោកអធិការដឹកទៅកោសលវិច័យ ​មិនមានការរំលោភ​»។

វីអូឌី ​មិនទាន់អាចសុំការឆ្លើយតបពី​ជនសង្ស័យ​​ លោក កូយ​ ហើម​ បាននៅឡើយទេ។ តែយ៉ាងណា​ លោកបានអះអាងក្នុងដីការតម្កល់​រឿង​ទុកឥតចាត់ការ​របស់​ព្រះរាជអាជ្ញា​ ចាន់ វណ្ណៈ ថា​​លោក​មិនបាន​រំលោភដូច​ករណី​​ដែល​​អ្នកស្រី ​ព្រាប សាម៉ុន​ លើកឡើង​នោះទេ។​លោកអះអាងក្នុងដីកាថា ​ក្នុងថ្ងៃ​ទី​២៣ ខែវិច្ឆិកា​ បន្ទាប់ពីលោកបានភ្ជួរបានមួយសន្ទុះ​លោកក៏បានចុះទៅងូតទឹក​ ស្រាប់តែលឺ​ក្មេងស្រី​លោតទឹក និងក្រោយមក​បានស្រែក​ និងមានហូរឈាម​ លោកក៏ដឹកយកនាងទៅផ្ទះតែម្ដង​។

ក្នុងដីកា​ថា​​៖​ «ខ្លួន​មិនបាន​យកដៃទៅប៉ះប្រដាប់​ភេទរបស់​ក្មេង​ស្រី ដូចការអះអាង​របស់ឈ្មោះ​ព្រា​ប​ សាម៉ុន​ ជាដើមបណ្ដឹងនោះទេ​​។ ចំពោះករណីនេះ ​ខ្លួន​គ្រាន់តែឃើញ​ឈាមហូរ​ដល់ក្រោមជង្គង់​ ខ្លួនឃើញដូច្នេះ​ក៏យក​ដៃ​ទប់ឈាម​នៅត្រង់​ជង្គង់​ក្មេងស្រីនោះទៅ​»។

ចំណែកអ្នកនាំពាក្យតំណាង​អយ្យការអមសាលាដំបូង​ខេត្តព្រៃវែង លោក ចាន់ វណ្ណៈ​ ថ្លែងប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា លោកមិនទាន់អាច​ឆ្លើយភ្លាមៗចំពោះករណីនេះបាននៅឡើយទេ​ ដោយលោកត្រូវការ​ពិនិត្យមើលសំណុំរឿងសិន​។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រៃវែង លោក ព្រីង​ សាគាន់​ លើកឡើងថា បើការអះអាងរបស់​អ្នកស្រី ​ព្រាប សាម៉ុន ជាការពិតមែននេះ វាគឺជារឿងអយុត្តិធម៌​។ តែយ៉ាងណា​ លោកថា ​ប្រសិនបើ​ជនរងគ្រោះប្ដឹង​ទៅសាលា​ឧទ្ធរណ៍​ អង្គការលីកាដូនឹងជួយ​ស្វែងរកភស្ដុ​តាង និងឯកសារពីមន្ទីរពេទ្យម្ដងទៀត​ បើទោះណាជា​ខាងតុលាការ​ធ្លាប់យកក្មេងស្រី​ទៅ​មន្ទីពេទ្យ​ធ្វើកោសលវិច័យថាមិនមានការរំលោភ យ៉ាងណាក្ដី​។

លោកថា​៖​ «​ចំពោះខ្ញុំដែលជា​អ្នកជួយជនរងគ្រោះ ពួកខ្ញុំរកឃើញថា​ រឿងហ្នឹងវា​ពិបាកនឹងទទួលយក ​ដោយសារតែខាងព្រះរាជអាជ្ញា​ បើយោងទៅតាមព្រះរាជអាជ្ញារកឃើញអ៊ីចឹង​»។

របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២០ បានឱ្យ​​ដឹង​​​ថា ​ក្នុង​​រយៈ​ពេល​​ជិត​​៣​ឆ្នាំ គឺ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៧​ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩ អង្គការ​លីកាដូ ​បាន​សិក្សា​ស្រាវ​ជ្រាវ​ករណី​រំលោភ​សេព​សន្ថវៈ ឬ​បទ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ សរុបចំនួន​ ៤៤៦​ករណី ក្នុងនោះមាន ៣៥៨​ករណី ​ឬ​​ស្មើ​នឹង ​៨០%​ ជាប់​ពាក់ព័ន្ធ​នឹងកុមារ​អាយុ​ក្រោម១៨​ឆ្នាំ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ