អង្គភាព​សារព័ត៌មាន​២ស្ថាប័ន​ផ្ដួចផ្ដើម​បង្កើត​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា

អ្នកថតរូបម្នាក់មកពីស្ថាប័នសារព័ត៌មានមួយ ធ្វើការផ្ដិតយករូបភាពនិងវីដេអូក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រព័ន្ធផ្សព្វផ្សាយដែលមានជំនាញផ្នែកវិស័យសារព័ត៌មានចំនួន​​២ស្ថាប័ន ចាប់​ផ្ដើមកៀរគរ​ ដើម្បី​​បង្កើត​​​អង្គ​​ភាពឯករាជ្យ​មួយ​​ឈ្មោះថា «ក្រុមប្រឹក្សា​សារព័ត៌​មាន​នៅ​កម្ពុជា»​ ​ដែល​​អង្គភាពនេះ​​ដើរ​តួ​​នា​​ទី​​​​ក្នុងការសម្រ​​​ប​ស​​ម្រួ​​ល និងលើក​កម្ពស់​ឱ្យ​វិស័យ​ដ៏​ចាំបាច់​មួយ​នេះមានភាពលូសលាស់ និង​​បានជាបង្អែកសម្រាប់អ្នកសារព័ត៌មានអាជីពនិងឯករាជ្យ។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និង​សមាគម​សម្ព័ន្ធ​អ្នក​សារ​​​ព័ត៌​​មាន​កម្ពុជា ​(ខេមបូចា) បានរួមគ្នា​ដាក់ឱ្យមានការពិគ្រោះយោបល់ និងប្រមូលធាតុចូល ​​នៅ​​ក្នុង​​សិក្ខា​សាលាមួយនៅព្រឹកថ្ងៃសុក្រនេះ ស្ដីពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា។

ថ្លែងក្រោយ​ពី​សម្រាក​នៃកិច្ចពិគ្រោះយោបល់ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា​នេះ នៅឯសណ្ឋា​​គារ​​​សា​​​ន់​​​វ៉េ រាជធានីភ្នំពេញ នាយកប្រតិបត្តិ​នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី លើក​ឡើង​ថា វាជា​ការ​ចាំបាច់​ណាស់ ដែលកម្ពុជាត្រូវបង្កើតឱ្យមានស្ថាប័ននេះឡើង ដើម្បីដើរ​​​ឱ្យ​​ទាន់​​​​​សភាពការណ៍ដែលមានចំពោះមុខនេះ។

លោកបន្តថា ការជំរុញឱ្យមាន​ស្វ័យ​សម្រេចនេះជា​​ការឆ្លើយតបមួយដែលខ្វះមិនបាន ពី​តួនាទី ឬអំណាច​ដូច​មាន​ចែង​នៅក្នុង​ច្បាប់​ថា វិស័យសារ​​ព័ត៌​មាន គឺជាសសរស្ដម្ភទី៤ ក្នុងចំណោម​​អំ​​ណា​​​​​​​​ច​​ធំៗ៣ផ្សេងទៀត រួមមាន នីតិបញ្ញត្តិ នីតិប្រតិ​​បត្តិ និង​តុលាការ​​​។ ក្នុងន័យនេះ លោកថា បើ​ការ​ជំរុញ​ឱ្យមា​ន​​​ស្ថា​​​​​​ប័ន​ឯករាជ្យ​​មួយ ក្រោមឆ័ត្រ​​​ជាក្រុមប្រឹក្សាសារ​ព័ត៌មាន​​នេះ ពិតជាសក្តិសម ដោយសារ​អង្គភាពនេះ​មិន​​ចំ​​ណុះ​​ឱ្យអង្គភាពរបស់រដ្ឋ ឬស្ថិតនៅក្រោមឆ័ត្រ​​របស់​​រដ្ឋា​​ភិ​​បា​​ល។

លោកបន្តថា៖ «រឿងសេរីភាពរបស់អ្នកសារព័ត៌មាននេះ គឺយើងអត់អាចឱ្យនៅក្នុងការរឹតត្បិតមួយ ឬ​​ក៏​ឥទ្ធិពលអំណាចរបស់អាជ្ញាធរមករឹតត្បិតអ៊ីចឹងទេ ព្រោះប្រមុខដឹកនាំរដ្ឋាភិបាល​​​ លោកក៏​​បាន​​ផ្ត​​​ល់​​តម្លៃសារព័ត៌មានជាអំណាចទី៤។​ ​ហើយបើអំណាចទី៤ ស្ថិតនៅ​​ក្រោមការគ្រប់គ្រងរបស់​​រដ្ឋា​​ភិបាល វាអត់ត្រូវ! អ៊ីចឹងវាគួរមានស្ថាប័នឯករាជ្យមួយ ដែលយើងមានអំ​ណាចគ្រប់គ្រាន់ និងមាន​​កា​​​រ​​​​​ចូលរួមពីអង្គការសមាគមសារព័ត៌មានទាំងអស់ ដើម្បីរៀបចំ​ឱ្យមានជាក្រុមប្រឹក្សា​​សារព័​​ត៌មាន​​មួយ​​ដែលអាចធ្វើកិច្ចការងារហ្នឹងបាន»។

បើតាមលោក ណុប វី ក្រៅពីបញ្ហាជាអាទិភាពនេះហើយ បញ្ហាក្រមសីលធម៌ វិជ្ជាជីវៈ​ និង​លំហ​សេរីភាព​សារ​ព័ត៌​មាន ក៏​ជា​ក្ដីបារម្ភនៅក្នុងកម្រិតមួយដែលខ្ពស់​នៅ​ឡើយក្នុង​ពេល​​​បច្ចុ​​ប្បន្ន​នេះ ដូច្នេះ​ការផ្ដួចផ្ដើម​គំនិត ដើម្បីជំរុញឱ្យមានក្រុមប្រឹក្សាសារព័ត៌មានកម្រិតថ្នាក់ជាតិនេះ គឺ​ជា​តម្រូវ​ការ​ដ៏​ចាំបាច់​មួយ។

មិនខុសគ្នាទេ នាយិកា​នៃនាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​នៃមជ្ឈមណ្ឌលកម្ពុជាដើម្បី​​ប្រ​​ព័​​ន្ធ​​​​​​ផ្សព្វផ្សាយឯករាជ្យ លោកស្រី ឆន សុគន្ធា ឱ្យដឹងថា វេទិកាដែលមាននៅថ្ងៃនេះ គឺជាការឆ្លុះ​​ប​ញ្ចាំ​​ង​ឱ្យ​ឃើញ​ពីការ​វិវត្តទៅរកភាពរឹងមាំនិងឯករាជ្យនៃ​វិស័យសារព័ត៌មាន ជាពិសេសអ្នកដែល​​មា​​ន​​​បំណងចង់ប្រឡូកក្នុងអាជីពមិនចំណុះឱ្យអង្គភាពរបស់រដ្ឋ​នៅកម្ពុជា។ លោកស្រីប​ន្ត​ថា ក្រុម​​​ប្រឹ​​ក្សា​​​​សារព័ត៌មាននេះ គឺសំខាន់ណាស់ ដែល​វា​ដើរតួនាទីក្នុងការការពារផង និងជា​​ថ្នាល​​សម្រាប់​​អប់រំ​​អ្នកសារព័ត៌មានឱ្យស្ថិតនៅក្នុងអាជីពមួយដែលមានវិជ្ជាជីវៈផង។

លោកស្រីបន្តថា៖ «សម្រាប់ក្រុមប្រឹក្សាព័ត៌មាន គឺជាស្ថាប័នមួយដែលយើងចង់ឱ្យបង្កើត​​ឡើងនៅ​​ក្នុ​​ង​​ប្រទេសកម្ពុជា ដើម្បីជួយដល់អ្នកសារព័ត៌មាន ជាពិសេសគឺអ្នកសារព័ត៌មានឯករាជ្យ ដែល​​​គា​ត់​​​​​​ហ៊ាន​​​រាយការណ៍ព័ត៌មានពិត មិនមានកាន់និន្នាការគណបក្សនយោបាយ ឬស្ថិតក្រោមបុគ្គល​​មា​ន​​អំណាចណាមួយ ដោយសារស្ថាប័នឯករាជ្យ វា​​មានសារៈសំខាន់ខ្លាំងណាស់​​ក្នុងការជួយ​​ពួក​គាត់ រួម​​ទាំង​ជួយបើកវគ្គបណ្តុះបណ្តាលឱ្យចេញជាអ្នកសារព័ត៌មានអាជីព នៅពេល​ដែល​ពួក​គាត់​ចង់​​​ក្លាយ​ខ្លួន​​​ជាអ្នកសារព័ត៌មានឯករាជ្យ»។

បើតាមលោកស្រី ឆន សុគន្ធា ចំនួន​អ្នកសារព័ត៌មានឯករាជ្យបានថយចុះ បើគិតតាំងពីឆ្នាំ២​​០​០​​៧ រហូតដល់ឆ្នាំ២០១៧។ ការថយចុះនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនេះ ដោយសារការយាយី និង​​ការ​​​គំរាមកំហែង រួមទាំងបិទអាជ្ញាបណ្ណ​ព័ត៌មាន ជាដើម។

លោកស្រីបន្តថា នៅឆ្នាំ២០២១ មាន​អ្នក​​សា​​​រព័ត៌​មានចំនួន៩៥នាក់ត្រូវចាប់ខ្លួន ដោយ​សារ​ការ​បំពេញវិជ្ជាជីវៈ និងកំហុស​​ផ្សេងៗ​ទៀត​​។ ​​ដោយ​ឡែក ក្នុងឆ្នាំ២០២២​នេះ លោកស្រីថា ​មាន​អ្នក​សារព័ត៌មាន​ចំនួន២៣​នាក់ត្រូវបាន​​ដោះលែង និងមានអ្នក​​សារព័ត៌មាន​ម្នាក់​ទៀតនៅក្នុង​ខេត្ត​បាត់​ដំបង ត្រូវបាន​ឃុំខ្លួននៅក្នុងពន្ធនាគារនៅឡើយ ដោយ​​ជាប់​​ចោទ​​ពីបទ​ចុះផ្សាយ​អំពី​រឿង​កូវីដ-១៩។

លោក ប៊ិន សុខឃៀន អ្នកសារព័ត៌មានរបស់កាសែតមួយនៅក្នុងស្រុក ដែល​បានចូលរួម​​នៅ​​ក្នុង​​វេ​​​​ទិ​កាពិគ្រោះយោបល់នៅថ្ងៃសុក្រនេះដែរ យល់ឃើញថា ប្រសិនបើស្ថាប័នមួយនេះត្រូវបាន​​ប​​ង្កើ​​ត​ឡើងមែន នោះ​ជាជម្រើសដ៏ប្រសើរបំផុត ព្រោះវា​អាចជា​​បង្អែក​មួយដ៏រឹងមាំសម្រាប់​​អ្នក​​សារ​​ព័ត៌​​មា​​ន​​អាជីព។

លោកបន្តថា៖ «ខ្ញុំគិតថាល្អ ស្ថាប័ននេះ! តិចឬច្រើនវាជួយពង្រឹង ឬក៏ជួយជំនួយផ្នែកច្បាប់​​សម្រាប់​អ្ន​ក​សារព័ត៌មានរបស់យើង។ យើងគិតថា អ្នកសារព័ត៌មានរបស់យើងប្រឈមច្រើនទាំងផ្លូវច្បាប់ និង​ការ​​យាយីអីផ្សេងៗ។ បើមានស្ថាប័ននេះជួយឃ្លាំមើលនិងជួយតាមដាន​ទៀត រឹតតែ​​ធ្វើឱ្យ​​វិជ្ជា​​ជីវៈ​សា​រ​​ព័ត៌​មានរបស់យើងមានការលើកកម្ពស់មួយកម្រិតថែមទៀត »។

ប្រហាក់ប្រហែល​គ្នានេះដែរ កញ្ញា ឡេង ឡែន ជាអ្នកសារព័ត៌មានអាជីព ក៏ឯកភាពដែរថា ការ​​ប​​ង្កើ​​​​​​​ត​​ឱ្យមានស្ថាប័នក្រុមប្រឹក្សាសារព័ត៌មាននេះ នឹងជួយជាស្មារតីបន្ថែមទៀតដល់អ្នកសារព័ត៌​​មាន​​អា​ជីព នៅ​​​ពេលណាពួកគេបំពេញវិជ្ជាជីវៈ ហើយត្រូវរងការធ្វើទុក្ខបុកម្នេញ។ បើតាមកញ្ញា ឡែន នៅ​​ចំ​ពោះ​​មុខ​នេះ មិនទាន់មានស្ថាប័នណាមួយដែលអាចធានាដល់ការការពារ​អ្នកសារព័ត៌មាន​អាជីព​​នៅ​ឡើ​​យ​ ហេតុនេះខ្លួន​ក៏ចង់ឃើញស្ថាប័នមួយ​ដែលបំពេញតួនាទី និងជាស្ថាប័នកណ្តាលមួយ សម្រាប់​​​ជួយ​​​ជ្រោមជ្រែងអ្នកកាសែតអាជីពនិងឯករាជ្យដែរ។

កញ្ញាបន្តថា៖ «បើមានក្រុមប្រឹក្សាសារព័ត៌មាន​ដូច្នេះនៅកម្ពុជាយើង ខ្ញុំ​គិតថា គាត់​អាចដើរតួនាទី​​មួ​យ​ជាក្រុម​ប្រឹក្សា ដើម្បី​បម្រើ​សាធារណជន​ទាក់​ទង ​ប្រសិន​បើ​ថា​ប្រជាពលរដ្ឋ​ណាគាត់​មាន​បណ្ដឹង​ទាក់​ទង​​ការផ្សាយណាមួយ គាត់អាចដាក់ពាក្យបណ្ដឹង ឬក៏មានការសម្របសម្រួល​ណា​មួយ​​ពី​​​ក្រុ​ម​ប្រឹក្សាសារព័ត៌មានបាន»។

តាមរយៈបទបង្ហាញនៅក្នុងវេទិកា​នៅព្រឹកថ្ងៃសុក្រនេះ បង្ហាញថា ប្រទេសមួយចំនួន​ ​​រួម​​មាន ​​ប្រ​​ទេ​ស​ហ្វីលីពីន និង​បង់ក្លាដែស ជាដើម ក្រុមប្រឹក្សាសារព័ត៌មាននេះត្រូវបាន​គេ​បង្កើត​​ឡើង ហើយ​កំពុងដើរតួនាទីយ៉ាងសំខាន់និងទូលំទូលាយ។

លោក ណុប វី លើកឡើងថា ចំពោះស្ថាប័នដ៏សំខាន់មួយនេះ សម្រាប់កម្ពុជាមិនទាន់​​មាននៅ​​ឡើ​យ​​ទេ ហើយ​​វេទិកានៅថ្ងៃនេះជាការដាក់ឱ្យមាន​​ការពិគ្រោះ​​​យោបល់​ជាលើក​ដំ​បូង​​។

ជាទីប្រឹក្សា និងជាអគ្គនាយករង​ នៃអគ្គនា​យកដ្ឋាន​ព័ត៌មា​ន​សោតទស្សន៍ នៃក្រសួងព័ត៌មាន លោក គិន វិបុល ដែលបានចូលរួមដោយ​ផ្ទាល់នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ បដិសេធ​ក្នុងការអត្ថា​​ធិ​​ប្បា​យ​​​ជុំវិញ​ការដាក់ឱ្យមានការពិគ្រោះយោបល់ទាក់ទងការបង្កើត​​ក្រុមប្រឹក្សា​​សារព័ត៌​​មាន​​នេះ​។ ​​លោ​​​ក វិបុល បញ្ជាក់ថា វត្តមានរបស់លោកថ្ងៃនេះ គឺគ្រាន់តែជាអ្នកចូលរួម ហើយការ​​សម្រេច​បែប​ណា​នោះ​អា​ស្រ័យ​​លើការសម្រេចចិត្តរបស់ថ្នាក់នាំនៃស្ថាប័នព័ត៌មាន។

លោកបន្តថា៖ «ពួកខ្ញុំគ្រាន់តែមន្រ្តីបច្ចេកទេសទេ ថ្នាក់ដឹកនាំ​លោក​ចាត់​តាំង​ឱ្យ​ចូល​រួម​សិក្ខា​សាលា​​ពិ​​គ្រោះ​យោបល់ហ្នឹង អ៊ីចឹងពាក់ព័ន្ធនឹងលទ្ធផលសិក្ខាសាលាពិគ្រោះយោបល់​នេះ ខ្ញុំ​នឹង​ពាំនាំ​​ទៅ​​ថ្នា​ក់​​ដឹកនាំខាងខ្ញុំលោកទទួលជ្រាប និងមានយោបល់​យ៉ាងណា គឺ​ថ្នាក់ដឹកនាំខាង​​ក្រសួង​​ ​រីឯខាង​ខ្ញុំ​​​គ្រាន់តែមកចូលរួមទេ»។

របាយការណ៍ប្រចាំឆ្នាំ ពីរ​ឆ្នាំជាប់ៗគ្នា ពីឆ្នាំ​២០២០ ដល់ឆ្នាំ២០២១ របស់អង្គការអ្នកសារព័ត៌មាន​​គ្មាន​​ព្រំដែន បង្ហាញថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១៤៤ ក្នុង​ចំណោមប្រទេស១៨០ នៅលើពិភពលោក។ ដោយឡែក ទិន្នន័យចុងក្រោយនៅក្នុ​ងឆ្នាំ​​២០​២​​​២ អង្គការអន្តរជាតិដដែលនេះបានវាយតម្លៃដោយរកឃើញថា ពិន្ទុនៃសេរីភាពសារព័ត៌មាននៅ​តែ​​បន្តធ្លាក់ចុះ១៤២ ក្នុងចំណោមប្រទេស១៨០ នៅលើពិភពលោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ