អាមេរិក​ប្រកាស​ផ្ដល់​ជំនួយ​យោធា​ចំនួន​៦០០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្បែរ​ជួរ​មុខ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​​រុស្ស៊ី​ នៅ​ក្នុង​តំបន់ Donbass ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២១។ (REUTERS)

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បាន​ប្រកាសផ្ដល់ជំនួយជា​កញ្ចប់​សព្វាវុធ​ថ្មី ​ក្នុងទំហំទឹកប្រាក់៦០០លាន​ដុល្លារបន្ថែមទៀត​ ដើម្បី​ជួយ​យោធា​អ៊ុយក្រែន​ប្រយុទ្ធ​តទល់​នឹង​សង្រ្គាម​ឈ្លាន​ពាន​របស់​រុស្ស៊ី។ នេះ​បើ​តាម​លិខិតជូនដំណឹងរបស់​សេតវិមាន​ផ្ញើ​ទៅ​កាន់ក្រសួងការបរទេស ​កាលពី​​ថ្ងៃ​ព្រហស្បតិ៍ ដែល​ត្រូវ​បានយ​ក​មក​ចុះ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតាមមន្ទីរបញ្ចកោណ (Pentagon) កញ្ចប់ដែលអាមេរិក​ផ្ដល់ជូនទៅអ៊ុយក្រែននេះ រួមមាន ប្រព័ន្ធរ៉ុក្កែត​ចល័ត ហាយម៉ាស (HIMARS) វ៉ែនតាយោធាប្រើប្រាស់ពេលយប់ ឧបករណ៍បោសសម្អាតមីន គ្រាប់​កាំភ្លើង​​ផ្លោង​105mm​ 155mm ខណៈថវិកាមួយចំនួនទៀតក៏នឹងត្រូវប្រើប្រាស់សម្រាប់ការអប់រំ និង​ការបណ្តុះបណ្តាលយោធាផងដែរ។

មន្ទីរបញ្ចកោណបន្ថែមថា៖ «ដើម្បីបំពេញតាមតម្រូវការដល់អ៊ុយក្រែនក្នុងសមរភូមិដែលកំពុងវិវត្ត សហរដ្ឋអាមេរិកនឹង​បន្តធ្វើការ​ជាមួយសម្ពន្ធមិត្តនិងដៃគូរបស់ខ្លួន ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពសំខាន់ៗ ដើម្បីជួយឱ្យពួកគេអាចតទល់នឹងរុស្ស៊ីបាន»។

ភាព​តាន​តឹងរ​វាង​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ី​បាន​​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ជាការឆ្លើយ​តប សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានសម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី ខណៈដែលខ្លួនក៏បានផ្គត់ផ្គង់អាវុធ និងជំនួយជាបន្តបន្ទាប់ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារសម្រាប់ជួយគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ