អាមេរិក​បារម្ភ​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​ចិន​និង​រុស្ស៊ី បន្ទាប់ពីលោក ស៊ី ជីនពីង ជួប​ជាមួយ​លោក ពូទីន

ប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចូលរួមកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaa Khurelsukh នៅកិច្ចប្រជុំកំពូលមួយរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand ប្រទេស Uzbekistan ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ០២២។ (Sputnik/Alexandr Demyanchuk/Pool តាមរយៈ REUTERS)

ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា អាមេរិកមានការព្រួយបារម្ភអំពីការពង្រឹងទំនាក់ទំនងកាន់​តែ​ស៊ី​ជម្រៅ​រវាងចិន និងរុស្ស៊ី​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ​នេះ។

ការថ្លែងលើកឡើងពីក្ដីបារម្ភនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិប​តីចិន លោក ស៊ី ជីនពីង បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ដោយផ្ទាល់នៅក្នុងប្រទេសអ៊ូសបេគីស្ថាន (Uzbekistan) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានឱ្យដឹងថា ការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងចិន និងរុស្ស៊ីនេះ មិនមែន​ធ្វើ​ឡើង​តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ មួយសប្តាហ៍ ឬមួយខែឡើយ ប៉ុន្តែអាចនឹងធ្វើឡើងក្នុងរយៈពេលជាច្រើន​ឆ្នាំ។

លោកថា៖ «ជា​ការ​ពិត​ណាស់ យើង​បាន​សង្កេតឃើញថា ​ទំនាក់​ទំនង​រវាងពួកគេ គឺ​កាន់​តែមានភាពស៊ីជម្រៅ។ ករណីនេះបានបង្កឱ្យមានជាការព្រួយបារម្ភមិនមែនត្រឹមតែយើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជាក្ដីបារម្ភដល់បណ្ដាប្រទេស​ជុំវិញ​ពិភព​លោក​ ចំពោះទំនាក់​ទំនង​នេះផង​ដែរ»។

គួរបញ្ជាក់ថា លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ​កន្លង​ទៅ បាន​ចាក​ចេញ​ពី​ប្រទេស​ចិន សម្រាប់​ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍​ ទៅកាន់តំបន់អាស៊ីកណ្ដាល ខណៈនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ រូប​លោក​ក៏​បាន​ជួប​ជាមួយ​លោក​ ពូទីន ដោយភាគីទាំង២ ក៏ជួបពិភាក្សាគ្នាលើប្រធានបទមួយចំនួន ដែល​រួម​មាន​បញ្ហា​នៅ​អ៊ុយ​ក្រែន​ផង​ដែរ។

ទាក់ទិននឹងករណីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បាន​ព្រមាន​លោក​ប្រធានាធិបតី ស៊ី ជីនពីង អំពីផលវិបាកដែលចិនអាចនឹងទទួលបាន ប្រសិនបើប្រទេសមួយ​នេះ​ផ្ដល់ការគាំទ្រណាមួយ ដើម្បីជួយឱ្យរុស្ស៊ីរួចផុតពីផលប៉ះពាល់នៃ​ទណ្ឌកម្មរបស់លោក​ខាង​លិច ឬផ្តល់ជំនួយផ្នែកយោធាជាដើមនោះ។

ទោះជាយ៉ាងណា ប្រទេសចិនបានបដិសេធម្ដងហើយម្ដងទៀតនូវផែនការបែបនេះ ក្នុងនោះខ្លួនក៏ធ្លាប់ច្រាន​ចោល​ការ​​អះអាង​របស់​មន្ត្រី​អាមេរិក​ ដែល​ថា ​រុស្ស៊ី​បានព្យាយាមស្វះ​ស្វែងរក​ជំនួយ​យោធាពីខ្លួន​នៅ​អ៊ុយក្រែនផង​ដែរ​ និង​​បាន​ចោទ​អាមេរិក​ថាបាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​​ដែល​​ធ្វើឱ្យស្ថានការណ៍ជម្លោះ​កាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ