យូនីសេហ្វ​រកឃើញថា​ ​កុមារ​៤៣​ភាគ​រយ​ត្រូវ​បាន​ដាក់​វិន័យ​នៅ​​ក្នុង​​ផ្ទះ​​​ដោយ​​ប្រើ​​​​អំពើ​ហិង្សា​​លើ​​រាង​កាយ​

ក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ដែលរងអំពើហិង្សាអំឡុងពេលបម្រើការងារនៅផ្ទះរបស់ស្រីម្នាក់ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អង្គការយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងថា តួលេខចុងក្រោយពីការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២២ បង្ហាញថា ៤៣ភាគរយ(៤៣%) នៃកុមារដែលបានអង្កេតបានរាយការណ៍ថា ពួកគេត្រូវបានគេដាក់វិន័យនៅក្នុងផ្ទះ ដោយប្រើអំពើហិង្សាលើរាងកាយ។

ការអះអាងនេះ ធ្វើឡើងក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយកាលពីថ្ងៃសុក្ររបស់អង្គការយូនីសេហ្វ(UNICEF) ប្រចាំកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​ស្តីពីការវាយតម្លៃ​ផែនការសកម្មភាព​ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ​នៅកម្ពុជា ២០១៧-២០២១។

លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះ នាយិកាយូនីសេហ្វប្រចាំកម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ ​មានប្រសាសន៍ថា អំពើហិង្សាលើកុមារមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់ជីវិតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញសហគមន៍ទាំងមូល និងមនុស្សជំនាន់ក្រោយទៀតផង។

លោកស្រីបន្តថា ការវាយតម្លៃនេះបង្ហាញពីវឌ្ឍនភាពនៅក្នុងផ្នែកមួយចំនួន ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដូចដែលបានកត់សម្គាល់ផងដែរ នៅក្នុងអនុសាសន៍របស់គណៈកម្មាធិការស្តីពីសិទ្ធិកុមារកាលពីខែមិថុនាឆ្នាំនេះ។ បន្ថែមពីនេះ ការបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនាពេលខាងមុខ និងការបង្កើនការវិនិយោគលើកម្លាំងការងារ​ក្នុងវិស័យសុខុមាលភាពសង្គម និងកម្មវិធីទប់ស្កាត់នានា មានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើយើងចង់ថែរក្សាសុវត្ថិភាពកុមារ និងកាត់ផ្តាច់វដ្តមិនចេះចប់នៃអំពើហិង្សាដែលបង្កផលប៉ះពាល់ដល់គ្រួសារយ៉ាងច្រើនរាប់មិនអស់។

ទោះជាយ៉ាងណាក៏ដោយលោកស្រីថា ការវាយតម្លៃនេះបានសង្កេតឃើញថា ការអនុវត្តផែនការសកម្មភាពស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ហើយចាំបាច់ត្រូវប្រមូលភស្តុតាងបន្ថែមទៀតអំពីផលប៉ះពាល់។ នេះគឺជាការព្រួយបារម្ភពិសេសមួយ ដោយហេតុថា ជំងឺរាតត្បាតជាសកលកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលនៃឆ្នាំអនុវត្តផែនការសកម្មភាពនេះ ហើយការសិក្សាជាសកលបានបង្ហាញថា រយៈពេលនេះអាចមានការកើនឡើងនៃអំពើហិង្សាលើកុមារ។

យូនីសេហ្វលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ៖«តួលេខចុងក្រោយពីការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២២ បង្ហាញថា ៤៣% នៃកុមារដែលបានអង្កេតបានរាយការណ៍ថា ពួកគេត្រូវបានគេដាក់វិន័យនៅក្នុងផ្ទះ ដោយប្រើអំពើហិង្សាលើរាងកាយ»។

សេចក្តីប្រកាសព័ត៌មានដដែលក៏បានលើកឡើងប្រសាសន៍របស់​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ​ថា ផ្អែកតាមការវាយតម្លៃលើផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ ប្រទេសកម្ពុ​ងកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវក្នុងការទប់ស្កាត់​អំពើហិង្សាលើកុមារ។

លោកបន្តថា ជាទិសដៅទៅមុខ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មក្នុងការធានាថា កុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង ដូចជានៅផ្ទះ សាលារៀន និងក្នុងសហគមន៍ ។ ជាងនេះទៅទៀតលោកថា រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំចំពោះការធានាឱ្យបានថា កុមារទាំងអស់នឹងរស់នៅក្នុងបរិយាកាសមួយប្រកបដោយភាពអំណោយផលដល់ការលូតលាស់ ព្រមទាំងទទួលបានការចិញ្ចឹមបីបាច់ និងកិច្ចការពារនានា សំដៅបញ្ចប់ឱ្យបានអំពើហិង្សាលើកុមារក្នុងគ្រប់ទម្រង់។ ជាងនេះទៀតលោកថា រាជរដ្ឋាភិបាលនឹង​សម្រេចឱ្យបាននូវការប្ដេជារបស់កម្ពុជាក្នុងក្របខណ្ឌតំបន់ និងសកលតាមរយៈការអនុវត្តនូវផែនការ និងគោលនយោបាយជាតិនានាដែលបានដាក់ចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ