សហគមន៍ក្បាលរមាស ស្នើឱ្យអាជ្ញាធរជួយការពារព្រៃឈើរបស់ពួកគេពីក្រុមហ៊ុនចិន ស៊ីវ ហ្កិច (SevGek) និងពន្លឿនការបង្កើតដីសមូហភាពរបស់ពួកគេប្រមាណ៣ពាន់ហិកតាបន្ថែមទៀត។
សហគមន៍ជនជាតិពូនង នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានអះអាងថា ក្រុមហ៊ុនចិន ស៊ីវ ហ្កិច បានចាប់ផ្ដើមកាប់ឈើ និងឈូសឆាយព្រៃសហគមន៍ក្នុងតំបន់ដែលពួកគេស្នើឱ្យអាជ្ញាធរបង្កើតដីសមូហភាព។
ប្រជាសហគមន៍ជនជាតិពូនង លោក ឡាត់ វិបុល អាយុ២៦ឆ្នាំ បានឱ្យដឹងថា ក្រុមហ៊ុនចិនជួលកម្មករជាង១០នាក់ទៅកាប់ឈើប្រណិតៗ រួមមាន ផ្ចឹក សុក្រំ ជាដើម ក្នុងដែនដីសហគមន៍ជនជាតិពូនង។
លោកបន្តថា សហគមន៍បានចុះល្បាតជាទៀងទាត់ដែរ តែយ៉ាងណាការខិតខំរបស់សហគមន៍មិនទទួលបានជោគជ័យនោះទេ ចំណែកឯអាជ្ញាធរមូលដ្ឋានក៏មិនបានអើពើលើការស្នើសុំរបស់សហគមន៍នោះដែរ។
លោកបន្ថែមថា ក្រុមហ៊ុនបានឈូសដីសហគមន៍អស់ប្រមាណ២០ហិកតារួចទៅហើយ ដោយមិនបញ្ចូលការឈូសកន្លងមកអស់ប្រហែល១ពាន់ហិកតានោះទេ។ លោកថា ក្រោយឈូសឆាយ ក្រុមហ៊ុនមិនបានដាំដំណាំអ្វីទាំងអស់ ខណៈដែលសហគមន៍បែរជាមិនមានឈើធ្វើផ្ទះទៅវិញ។
លោកថា៖ «ឈើប្រភេទហ្នឹង គឺគាត់ចាត់ទុកថាប្រភេទឈើដែលល្អមួយសម្រាប់ការសាងសង់ផ្ទះរបស់គាត់ ព្រោះសហគមន៍បច្ចុប្បន្នកំពុងសាងសង់ផ្ទះឡើងវិញ ក្រោយពីផ្ទះនៅភូមិចាស់របស់គាត់ត្រូវបានទឹកលិច។ អ៊ីចឹងម្នាក់ៗព្យាយាមប៉ុនណាដើម្បីធ្វើផ្ទះរបស់គាត់ ប៉ុន្តែឥលូវរកឈើធ្វើផ្ទះមួយក៏មិនបានដែរ»។
ប្រធានសហគមន៍ក្បាលរមាស អ្នកស្រី ស្រាំង ឡាញ់ បានលើកឡើងថា ក្រុមហ៊ុនចិនបានចាប់ផ្ដើមកាប់ឈើសហគមន៍របស់ពួកគេតាំងពីខែមិថុនារហូតដល់បច្ចុប្បន្ន។ អ្នកស្រីបារម្ភថា ប្រសិនបើបន្តការឈូសឆាយបន្តទៀត សហគមន៍នឹងបាត់បង់ព្រៃទាំងស្រុង ក្នុងនោះក៏មានព្រៃអារក្ខរបស់ពួកគាត់ផងដែរ។
អ្នកស្រីថា៖ «សម្រាប់សហគមន៍ទាំងអស់ធ្លាប់ថែរក្សាការពារព្រៃឈើហ្នឹង មានការសោកស្ដាយមែនទែន ហើយមួយទៀតក៏ព្រួយបារម្ភយ៉ាងខ្លាំងបើអាជ្ញាធរមូលដ្ឋានយើងមិនជួយទប់ស្កាត់បញ្ឈប់ទេ មិនយូរទេ ប្រហែលមួយខែពីរខែទៀតនឹងបាត់បង់ហើយព្រៃឈើដែលសហគមន៍កំពុងថែរក្សាការពារហ្នឹង»។
ប្រធានសហគមន៍ជនជាតិពូនងនេះបន្តថា កន្លងទៅ ពួកគេបានស្នើទៅកាន់អាជ្ញាធរ រួមទាំងដាក់លិខិតទៅកាន់សាលាខេត្តទៀត តែពុំមានការចូលរួមការពារនោះទេ តែយ៉ាងណា អ្នកស្រីស្នើសុំសាជាថ្មីទៅកាន់មន្រ្តីពាក់ព័ន្ធទាំងអស់ចូលរួមការពារព្រៃសហគមន៍ និងចុះបញ្ជីដីសមូហភាពចំនួន៣ពាន់ហិកតាដែលជាអាយុជីវិត ជំនឿ និងអត្តសញ្ញាណរបស់ពួកគេ។
វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីមេភូមិក្បាលរមាស លោក ក្រុក យូ បាននៅឡើយទេ។ ចំណែកមេឃុំក្បាលរមាស លោក មែន សុបុល ថាលោកកំពុងជាប់រវល់។
តែយ៉ាងណា នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានឈូសឆាយលើដីដែលរដ្ឋាភិបាលផ្ដល់ឱ្យនោះទេ និងមិនបានឈូសចូលក្នុងដីសហគមន៍ ចំណែកឯការស្នើចុះបញ្ជីដីសមូហភាពរបស់ជនជាតិដើមពូនងនេះ ខាងថ្នាក់ខេត្តកំពុងពិចារណានៅឡើយ។
លោកថា៖ «ក្រុមការងារជំនាញ ក៏ដូចជាសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន គាត់បានចុះទៅហើយ តំបន់មូលដ្ឋានដែលក្រុមហ៊ុន[ធ្វើការឈូសឆាយ] ក្នុងផែនទីរបស់ក្រុមហ៊ុន គឺគាត់ធ្វើក្នុងក្របខណ្ឌក្រុមហ៊ុនទេ»។
អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន្នី មានប្រសាសន៍ថា ចំពោះការមិនអើពើលើការការពារព្រៃឈើ ឬបង្កើតដីសហគមន៍សមូហភាពរបស់ជនជាតិដើមភាគតិចពូនងនេះ បានបង្ហាញពីការមិនយកចិត្តទុកដាក់លើកង្វល់របស់ពលរដ្ឋនោះទេ។
សង្គមស៊ីវិលរូបនេះជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិចុះមកដោះស្រាយបញ្ហាដែលអូសបន្លាយរាប់ឆ្នាំនេះ ដើម្បីការពារសិទ្ធិរបស់ជនជាតិដើមភាគតិចដែលកំពុងរងបញ្ហាប្រឈមនេះ។
លោកថា៖ «ការមិនអើពើ មិនដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ គឺជាការបង្ហាញថា អាជ្ញាធរមិនបានចាត់ទុកប្រជាពលរដ្ឋជាម្ចាស់អំណាចទេ ហើយបានធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់របស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តខ្លួនឯង មិនមានការពឹងពាក់ ឬមិនមានសុវត្ថិភាព ឬមិនមានការពារសន្តិសុខរបស់ពួកគាត់»។
គួរបញ្ជាក់ថា កាលពីដើមខែមករា ឆ្នាំ២០២០ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង បានចុះបញ្ជីដីសហគមន៍ក្បាលរមាសតែ៩៤១ហិកតាប៉ុណ្ណោះ បើទោះបីជាប្រជាសហគមន៍ទាមទារការចុះបញ្ជីសរុបយ៉ាងតិចណាស់៣ពាន់ហិកតាក៏ដោយ៕