សកម្មជនព្រៃឡង់ អះអាងថា មន្រ្តីបរិស្ថានខេត្តកំពង់ធំចំនួន ៦នាក់ ប្រដាប់ដោយកាំភ្លើង បានឃាត់ខ្លួន និងសួរនាំសកម្មជនព្រៃឡង់ជិត ២០នាក់ នៅចំណុចចម្ការកៅស៊ូក្រុមហ៊ុន ស៊ីអស៊ីខេ (CRCK) ជាប់ក្រុមហ៊ុន ធីង៉ា ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅជាប់ព្រំប្រទល់ស្រុករវៀង ខេត្តព្រះវិហារ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី បានឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញានេះថា បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារសរុប ១៦នាក់ បានជិះម៉ូតូចំនួន ១០គ្រឿង ដើម្បីធ្វើដំណើរត្រលប់ទៅភូមិរបស់ពួកគាត់វិញ ក្រោយពីពួកគាត់ទៅចូលរួមកម្មវិធីបំបួសដើមឈើ និងប្រជុំសហគមន៍ នៅក្នុងសហគមន៍ក្បាលខ្លា ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
លោកបន្តថា ក្នុងកំឡុងពេលធ្វើដំណើរនៅម៉ោងប្រមាណជិត៨យប់ថ្ងៃអាទិត្យម្សិលមិញនោះ ស្រាប់តែមន្ត្រីបរិស្ថានខេត្តកំពង់ធំចំនួន ៦នាក់ ប្រដាប់ដោយកាំភ្លើង បានហៅពួកគាត់ឱ្យឈប់ និងបានសួរនាំពួកគាត់ជាង១ម៉ោង ហើយសំណួរដែលមន្ត្រីទាំងនោះសួរភាគច្រើន គឺចង់ដឹងថាតើពួកគាត់មានបានចូលទៅល្បាតនៅក្នុងតំបន់ព្រៃឡង់ដែរឬយ៉ាងណា។
លោក ស្រី ថី បានដាក់ការសង្ស័យថា មូលហេតុនៃការឃាត់នេះ ធ្វើឡើងដោយសារតែមន្រ្តីបរិស្ថានទាំងនោះ សង្ស័យថាពួកគាត់ចូលល្បាតប្រមូលភស្ដុតាងបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ ខណៈដែលមន្ត្រីទាំងនោះមិនឃើញពួកគាត់នៅក្នុងភូមិ។
លោកថា៖«បើយើងមើលទៅ យើងអន់ចិត្តត្រង់ថា ពួកខ្ញុំដើរកាត់ផ្លូវ ហើយគេឱ្យយើងធ្វើកិច្ចសន្យា បញ្ឈប់នូវសកម្មភាពអ្វីផ្សេង សួរថាធ្វើអ្វីខុស ការដាំ ការបំបួស[ឈើ] ក៏មិនមានខុសច្បាប់ឯណា ព្រៃឡង់ក៏មិនមែនរបស់បរិស្ថានផ្ដាច់មុខឯណា ព្រៃរបស់ប្រទេសកម្ពុជាទាំងមូលទេ ហេតុអ្វីបានជារាំរាំងតែក្រុមពួកខ្ញុំ»។
បើតាមសកម្មជនព្រៃឡង់រូបនេះ មន្ត្រីបរិស្ថានខេត្ត បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ក្រោយសាកសួរជាង១ម៉ោង និងតម្រូវឱ្យពួកគាត់ធ្វើកិច្ចសន្យា។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា បានទេ នៅរសៀលថ្ងៃចន្ទនេះ។
តែយ៉ាងណា អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ បានអះអាងថា មិនមានការឃាត់សកម្មជនព្រៃឡង់ទាំងនោះទេ។
លោកថា៖ «ជួនកាលគ្រាន់តែរបាយការណ៍ជាបុគ្គលទេ ឥឡូវហ្នឹងទាំងខាងបរិស្ថាន ទាំងអាជ្ញាធរស្រុក អត់បានឃាត់បុគ្គលណាមួយសួរនាំនោះទេ»៕