ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចោទអាជ្ញាធរថាយកដីស្រែជាង៨០ហិកតារបស់ពួកគេ ដើម្បីបែងចែកទៅឱ្យពលរដ្ឋផ្សេងធ្វើកម្មសិទ្ធិយ៉ាងអយុត្តិធម៌។
លោក ហូន ហ៊ុំ រស់នៅភូមិតានី ឃុំរុនតាឯក អះអាងប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ក្រោមគម្រោងអភិវឌ្ឍន៍តំបន់រុនតាឯក គឺអាជ្ញាធរខេត្តសៀមរាបបានយកដីស្រែ៨២,៤៥ហិកតារបស់អ្នកភូមិ២៣គ្រួសារ ទៅបែងចែកឱ្យប្រជាពលរដ្ឋមកពីតំបន់ផ្សេងរស់នៅ និងដោះស្រាយសំណងជូនពួកគាត់មិនបានសមរម្យ ខណៈពួកគាត់បានអាស្រ័យផលលើដីនោះជាង៣០ឆ្នាំ។
លោកបន្តថា ការដោះស្រាយកន្លងមក ខាងអាជ្ញាធរសម្រេចផ្ដល់សំណងជាដីឡូត៍ចំនួន «២០ម៉ែត្រ គុណ ៣០ម៉ែត្រ» ជូនពលរដ្ឋវិញ បើទោះដីស្រែរបស់ប្រជាពលរដ្ឋក្នុង១គ្រួសារមានទំហំប៉ុនណាក៏ដោយ។ លោកថា ពួកគាត់មិនអាចទទួលបានឡើយចំពោះការដោះស្រាយបែបនេះ។
លោកបន្ថែមថា៖ «ដំណោះស្រាយចុងក្រោយហ្នឹង គេឱ្យ២០ម៉ែត្រគុណ៣០ម៉ែត្រ[ក្នុងមួយគ្រួសារ] ដូចពលរដ្ឋមកពីតំបន់១ និងតំបន់២ដែរ។ ដូច្នេះ ពួកខ្ញុំមិនព្រមទទួលយកដំណោះស្រាយ២០ម៉ែត្រគុណ៣០ម៉ែត្រហ្នឹងទេ។ មូលហេតុ សំណង២០ម៉ែត្រគុណ៣០ម៉ែត្រហ្នឹង ជាសំណងដីឡូត៍សម្រាប់ធ្វើផ្ទះ ព្រោះដីដែលយើងប៉ះពាល់១គ្រួសារៗហ្នឹងជាប្រភេទដីស្រែចាប់ពី១ហិកតាដល់៥ហិកតា។ ដូច្នេះ បើឱ្យពួកខ្ញុំទៅយក២០ម៉ែត្រគុណ៣០ម៉ែត្រ តើឱ្យពួកខ្ញុំទៅធ្វើស្រែអាស្រ័យផលនៅណាវិញ? បើដីហ្នឹងជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ»។
លោក ហ៊ុប ទូច អាយុ៦០ឆ្នាំ អះអាងថារស់នៅភូមិតានី ឃុំរុនតាឯក បានឱ្យដឹងដែរថា គ្រួសារលោកមានដី៩ហិកតា បានកាន់កាប់និងអាស្រ័យផលធ្វើស្រែបន្តពីឪពុកម្តាយតាំងពីលោកនៅក្មេងៗ រហូតមកដល់ឆ្នាំ២០១៣ ទើបអាជ្ញាធរចេញមកអះអាងថា ពួកគាត់ចូលទៅកាន់កាប់លើដីរដ្ឋដោយខុសច្បាប់ទៅវិញ។
បុរសវ័យចំណាស់រូបនេះឱ្យដឹងថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ គ្មានមុខរបរអ្វីក្រៅពីចិញ្ចឹមគោក្របី និងធ្វើស្រែលើដីជម្លោះនោះសម្រាប់ចិញ្ចឹមជីវិតនោះទេ។ លោកថា ប្រសិនបើអាជ្ញាធរយកអស់ ដោយមិនកាត់ឆ្វៀលជូនពលរដ្ឋតាមទំហំជាក់ស្តែងទេ ពួកគាត់នឹងប្រឈមការលំបាកក្នុងជីវភាពគ្រួសារ ដោយសារតែគ្មានដីធ្លីសម្រាប់បង្កបង្កើនផល។
លោកបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់សម្តេច ហ៊ុន សែន ជួយដោះស្រាយដល់ប្រជាពលរដ្ឋខ្ញុំផង។ ពួកខ្ញុំមិនតវ៉ាទាមទារអីច្រើននោះទេ។ បើដីពួកខ្ញុំ២ហិកតា ដោះស្រាយដោយកាត់ឆ្វៀលឱ្យពួកខ្ញុំតាមទំហំជាក់ស្តែងមក ឱ្យពួកខ្ញុំបានបង្កបង្កើនផលចិញ្ចឹមជីវិតបន្តទៀត។ ពួកខ្ញុំមិនមែនយកមកសម្រាប់លក់ដូរនោះទេ គឺសម្រាប់តែធ្វើស្រែចិញ្ចឹមជីវិតប៉ុណ្ណោះ។ ដោះស្រាយឱ្យគ្នា ២០ម៉ែត្រគុណ៣០ម៉ែត្រ យកមកធ្វើអី? ធ្វើស្រែម៉េចកើត?»
លោក ហ៊ុប ទូច បន្ថែមថា អំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកញ្ញានេះ អ្នកភូមិបានព្យាយាមទៅជួបលោក ដើម្បីសុំឱ្យជួយអន្តរាគមន៍ដោះស្រាយដែរ ប៉ុន្តែត្រូវបានរារាំងដោយកម្លាំងអាជ្ញាធរ។
មេឃុំរុនតាឯក អ្នកស្រី ឈួន អឹម មានប្រសាសន៍ថា ការបន្តការតវ៉ារបស់ពលរដ្ឋ២៣គ្រួសារនោះជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែអាជ្ញាធរគ្មានការប្រែប្រួល ឬដោះស្រាយសំណងណាបន្ថែមលើសពីការផ្តល់ដី ២០ម៉ែត្រគុណ៣០ម៉ែត្រ នោះទេ។
មេឃុំរូបនេះមិនអាចបញ្ជាក់បានថាពលរដ្ឋទាំងនោះពិតជាបានចូលអាស្រ័យផលលើដីជម្លោះនោះយូរឆ្នាំឬយ៉ាងណាបានទេ ដោយថា អ្នកស្រីទើបឡើងកាន់តំណែងថ្មី។
អ្នកស្រីបន្ថែមថា៖ «យើងគ្មានការដោះស្រាយណាលើសពីនេះទៀតទេ ព្រោះទាំងអាជ្ញាធរស្រុក ខេត្ត តុលាការ គេសម្រេចបិទផ្លូវតវ៉ារបស់គាត់ហើយ ប៉ុន្តែគាត់នៅតែតវ៉ា យើងមិនដឹងធ្វើម៉េច យើងទៅហាមគាត់ម៉េចបាន»។
អភិបាលស្តីទីស្រុកបន្ទាយស្រី លោក ភន់ សុខុម និងអភិបាលរងខេត្តសៀមរាប លោក ឃឹម ហ្វីណង់ សុំមិនឆ្លើយតបជុំវិញរឿងនេះទេ ដោយបង្វែរឱ្យទៅសួរខាងអាជ្ញាធរជាតិអប្សរាវិញ។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានទេ នៅថ្ងៃចន្ទនេះ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន ដែលតាមដានករណីនេះ មានប្រសាសន៍ថា តាមការស្រាវជ្រាវរបស់លោក គឺពលរដ្ឋបានកាន់កាប់និងអាស្រ័យផលលើដីមានជម្លោះនោះជាច្រើនឆ្នាំមកហើយ និងមានលិខិតបញ្ជាក់ការកាន់កាប់ពីអាជ្ញាធរមូលដ្ឋានថែមទៀត។
លោកបន្តថា ការដោះស្រាយដោយផ្តល់ដីឡូត៍ត្រឹមតែ ២០ម៉ែត្រគុណ៣០ម៉ែត្រ ខណៈដីពលរដ្ឋមានទំហំរាប់ហិកតានោះ គឺពុំមានតម្លាភាព ហើយទង្វើនេះបានរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះបានទទូចដល់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរជាតិអប្សរា ពិចារណាដោះស្រាយជូនពលរដ្ឋឡើងវិញ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការទទួលបានដីធ្លី ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
លោកបន្ថែមថា៖ «មានលិខិតចុះហត្ថលេខាដោយអាជ្ញាធរភូមិឃុំទៀត ទៅលើការកាន់កាប់ដីធ្លីរបស់ពួកគាត់ហ្នឹង ហើយពួកគាត់តែងតែទាមទារយកដីរបស់ពួកគាត់តាមទំហំជាក់ស្តែងដែលមាននៅក្នុងលិខិតហ្នឹង ប៉ុន្តែគេអត់ព្រមដោះស្រាយឱ្យ។ អ៊ីចឹងមានន័យថា ការអនុវត្តបង្ខំឱ្យពួកគាត់យកដីឡូត៍ត្រឹម២០ម៉ែត្រគុណ៣០ម៉ែត្រហ្នឹង គឺជាការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីដោយស្របច្បាប់ ព្រោះថា មិនមានហេតុផលណាមួយដែលមិនអាចដោះស្រាយឱ្យពួកគាត់បានទេ ព្រោះថាដីទំហំដល់ទៅ១ ០០០ហិកតា គួរតែកាត់ឆ្វៀលឱ្យគាត់ទៅ វាចប់បាត់ហើយ»។
រដ្ឋាភិបាលកំពុងអភិវឌ្ឍដីឡូត៍នៅតំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញពីសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យទៅរស់នៅទីនោះ។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ អាជ្ញាធរពាក់ព័ន្ធបានរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើពីសំណង់ខុសច្បាប់ទៅតាំងទីលំនៅថ្មីនោះ បានទំហំជាង៣០០ហិកតា (២៩៩,៧០ហិកតា) និងបានចុះបោះបង្គោលព្រំដីឡូត៍នៅភូមិធម្មជាតិរុនតាឯក បានចំនួន១ ៤២៧ឡូត៍ ព្រមទាំងបានសាងសង់ផ្លូវសម្រេចបាន៤០ខ្សែ ដែលមានប្រវែង៩ ៩០០ម៉ែត្រ ឬស្មើជាង៨៨,៦២ភាគរយ។
ប្រភពដដែលបន្តថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់រុនតាឯកនោះ ក្នុងមួយគ្រួសារទទួលបានដីទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រ។ ក្រៅពីនោះ ក្រុមការងារបាននិងកំពុងសិក្សាគម្រោងប្លង់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដោយបន្ថែមនូវផ្សារ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹក អគ្គិសនី សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕