សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានសហការគ្នាចុះបង្ក្រាបជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ជាង១៤០នាក់ ដោយបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញចេញពីកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ បានឱ្យដឹងថា អាជ្ញាធរខេត្តសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ឹង សាន ទីង (ហៅ ឆាងឆឹង) ចំនួន៣អាគារ (A,B,C) ស្ថិតនៅដីឡូត៍មួយកន្លែង ក្នុងក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមម៉ោង១២ និង០០នាទីថ្ងៃត្រង់។
រដ្ឋបាលខេត្តបញ្ជាក់ថា ការចុះស្រាវជ្រាវទីតាំងទាំង៣អាគារនោះ ដើម្បីពិនិត្យលើស្ថានភាពរដ្ឋបាលទីតាំងអាជ្ញាបណ្ណប្រកបអាជីវកម្ម ការស្នាក់នៅ និងការបម្រើការងាររបស់ជនបរទេស ព្រមទាំងស្រាវជ្រាវស៊ើបអង្កេតបទល្មើសបង្ខាំងមនុស្សខុសច្បាប់ ការធ្វើទារុណកម្ម និងបទល្មើសជួញដូរមនុស្ស ដោយប្រើប្រាស់កម្លាំងសរុប១៣៧រូប។
ប្រភពដដែលបន្តថា ក្រោយពីស្រាវជ្រាវបានចំនួន៥ថ្ងៃកន្លងមកនេះ សមត្ថកិច្ចចម្រុះបានរកឃើញជនបរទេសខុសច្បាប់អន្តោប្រវេសន៍ចំនួន១៤១នាក់ (ស្រី៦នាក់) មាន២សញ្ជាតិ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ (ស្រី០៣នាក់) និងជនជាតិវៀតណាមចំនួន១១នាក់ (ស្រី០៣នាក់) ដោយបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។
បន្ថែមពីនេះ សេចក្តីប្រកាសព័ត៌មានដដែលបន្តថា មន្ត្រីជំនាញបានរកឃើញបទល្មើសចំនួន៦ផ្សេងទៀត រួមមាន បទល្មើសល្បែងស៊ីសងខុសច្បាប់ បង្ខាំងមនុស្ស និងធ្វើទារុណកម្មមនុស្សដោយខុសច្បាប់ បទល្មើសសញ្ចារកម្ម ការជួញដូរមនុស្ស ការកាន់កាប់និងរក្សាទុកអាវុធខុសច្បាប់ រួមទាំងបទល្មើសសម្អាតប្រាក់ ជាដើម។
ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការមួយចំនួនផងដែរ ដូចជា សម្រេចធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យរួច ឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត, បិទអាជីវកម្មទាំងអស់ដែលនៅបរិវេណទីតាំងឈ្មោះ ស៊ីង សានទីង (ហៅ ឆាង ឆឹង), បិទអាគារ A B និង C ដើម្បីបន្តស៊ើបអង្កេតរហូតដល់កិច្ចស៊ើបអង្កេតត្រូវបានបញ្ចប់, បន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់, ការរក្សាអាវុធខុសច្បាប់ និងស្រាវជ្រាវចាប់ជនជនសង្ស័យម្នាក់ដែលជាមេខ្លោងក្នុងសំណុំរឿងនេះផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្តាទីតាំងអាជីវកម្មដែលសង្ស័យមិនមានច្បាប់អនុញ្ញាត ព្រមទាំងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបរទេសដែលបានត្រួតពិនិត្យ និងមានកិច្ចសន្យាអប់រំរួចហើយ តែនៅបន្តធ្វើការខុសច្បាប់ និងអំពាវនាវដល់អាជីវករទាំងអស់ដែលកំពុងសម្ងំលួចលាក់ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងឡាយណាដែលច្បាប់ហាមឃាត់៕