ស្ត្រី​ជនជាតិវៀតណាម​ម្នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ចេញ​ពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

ស្នាក់ការត្រៀមបណ្ដេញចេញជនអន្តោប្រវេសន៍ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (Danielle Keeton-Olsen)

តាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះចែកចាយដោយអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះគេសង្កេតឃើញស្ត្រីជាជនជាតិវៀតណាមមួយរូបបាន​ស្នើសមត្ថកិច្ចឱ្យជួយសង្រ្គោះខ្លួនចេញពីទីតាំងប្រតិបត្តិការឆបោក​មួយនៅក្នុងខេត្តព្រះសីហនុ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរូបនេះត្រូវបាននាំយកចេញពីទីតាំងខាងលើ និងបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការបញ្ជូនត្រលប់ទៅកាន់ប្រទេសកំណើតវិញហើយ។

យោងតាមវីដេអូមួយដែលត្រូវបានចែកចាយបន្តជាង៥ម៉ឺនដងលើបណ្ដាញសង្គម​ហ្វេសប៊ុក បានបង្ហាញឱ្យឃើញថា ស្ត្រីជាជនជាតិវៀតណាមខាងលើ​នេះបានស្រែកយំដើម្បីសុំឱ្យមានការជួយសង្គ្រោះ ចេញពីបង្អួចនៃបន្ទប់លេខ៨១៩ ដោយតាមរយៈការសង្កេតដោយអ្នកយកព័ត៌មាន វីអូឌី នៅបរិវេណនៃទីតាំងប្រតិបត្តិការឆបោកនោះ គឺជាអាគារជីនប៉ី៤ (Jin Bei 4)

ទាក់ទិននឹងករណីនេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៥ ខែកញ្ញា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ​ដើម្បី​បកស្រាយបំភ្លឺពាក់ព័ន្ធនឹងវីដេអូដែលត្រូវបានបង្ហោះនេះផងដែរ។

រដ្ឋបាល​ខេត្តបានអះអាងថា ស្ត្រី​រូប​នេះធ្វើការនៅក្រុមហ៊ុនមួយស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលមានលក្ខខណ្ឌការងារតឹងរ៉ឹង ដោយតម្រូវឱ្យគាត់ធ្វើការច្រើនម៉ោងពី១៤ទៅ១៥ម៉ោងក្នុងមួយថ្ងៃ ដោយពេលចូលធ្វើការដំបូង ខាងក្រុមហ៊ុនក៏បានប្រាប់ថា ត្រូវធ្វើការ៦ខែ ទើបអាចស្នើសុំឈប់បាន។

បន្ទាប់ពីធ្វើការបានជិត៣ខែ ខាងក្រុមហ៊ុនក៏បានឱ្យគាត់ចុះកុងត្រាថ្មី ជាលាយលក្ខណ៍អក្សរជាមួយក្រុមហ៊ុន ដោយធ្វើការរយៈពេល៦ខែទៀត ជាហេតុធ្វើឱ្យគាត់មិនពេញចិត្ត។

ក្រោយមកទៀត ស្ត្រីជនជាតិវៀតណាមខាងលើនេះ ក៏ទទួលបានដំណឹងថាម្តាយរបស់គាត់មានជំងឺ ដូច្នេះហើយគាត់បានស្នើសុំក្រុមហ៊ុនឈប់ធ្វើការ តែក្រុមហ៊ុនមិនព្រម ទើបគាត់ប្តឹងសមត្ថកិច្ចឱ្យមកជួយគាត់យកចេញពីក្រុមហ៊ុនតែម្តង។

ទាក់ទងនឹងករណីដែលស្រ្តីខាងលើនេះអះអាងនៅក្នុងវីដេអូឃ្លីបថា គាត់បានឃើញជនជាតិចិននៅក្នុងក្រុមហ៊ុនមានអាវុធខ្លីប្រើប្រាស់ រដ្ឋបាល​ខេត្តក៏បានបញ្ជាក់ថាជារឿងមិនពិតឡើយ ខណៈស្រ្តីរូបនេះគ្រាន់តែឮគេនិយាយបន្តគ្នាដោយគ្មានប្រភពច្បាស់លាស់ឡើយ។

រដ្ឋបាលខេត្តបន្តថា៖ «មូលហេតុដែលគាត់ធ្វើបែបនេះ គឺគាត់ចង់ឱ្យសមត្ថកិច្ចមកជួយយកគាត់ចេញពីក្រុមហ៊ុនឱ្យបានលឿន ព្រោះគាត់ចង់ត្រលប់ទៅប្រទេសកំណើត ដើម្បីមើលម្តាយឈឺ»។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ស្ថាប័នសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកនូវព័ត៌មានបំភ្លៃ ដែលខុសពីហេតុការណ៍បានកើតឡើងពិតប្រាកដ ដែលធ្វើឱ្យសាធារណមតិមានការភ័ន្តច្រឡំ។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ​ឃាង ភារម្យ បានឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ស្រ្តីរូបនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់ការិយាល័យ​អន្តោប្រវេសន៍ហើយ។

ទោះជាយ៉ាងណា ប្រភពខាងលើនេះពុំបាន​ពន្យល់លម្អិត​ថាតើស្រ្តីខាងលើនេះមុនដំបូងចូលមកកាន់ប្រទេស​កម្ពុជាដោយវិធីណាឡើយ។

បុគ្គលិកនៃអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំខេត្តព្រះសីហនុ មួយរូប​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានលើកឡើងថា អង្គការរបស់ខ្លួនក៏ធ្លាប់បានធ្វើការជួយសង្គ្រោះ៥ករណីផងដែរ ដែលក្នុងនោះរួមមានមនុស្ស៥០នាក់។

ទោះជាយ៉ាងណា បុគ្គលិករូបនេះបន្តថា អាជ្ញាធរជានិច្ចកាលតែងតែចេញមុខបដិសេធរាល់ការលើកឡើងមួយចំនួនរបស់ជនរងគ្រោះ។

ប្រភពដដែលបន្ថែមថា៖ «ពួកគេ [អាជ្ញាធរ] ​តែងតែលើកឡើងថាជារឿងមិនពិត ហើយប្រតិបត្តិការ​ខុស​ច្បាប់​ទាំងឡាយក៏​កម្រ​នឹងត្រូវ​បាន​​លើក​ឡើង​ក្នុង​របាយការណ៍​របស់​សមត្ថកិច្ចផងដែរ។ ពួកគេមិនដែលបង្ហាញអត្តសញ្ញាណក្រុមហ៊ុនដែលបំពានច្បាប់ទាំងនោះឡើយ ដែលក្នុងនោះពួកគេថាសាធារណជនចែករំលែកព័ត៌មានក្លែងក្លាយ។ របាយការណ៍[របស់សមត្ថកិច្ច]ភាគច្រើន គឺតែងតែចេញមកបដិសេធ និងលាក់ករណីនានា។ វា​មាន​បញ្ហា​ច្រើន​ទៀត ប៉ុន្តែ​វា​ពិបាក​សម្រាប់​យើង​ក្នុង​ការ​រៀបរាប់»។

គួរបញ្ជាក់ថា អាជីវកម្មខុសច្បាប់នានានៅក្នុងខេត្តព្រះសីហនុ និងជុំវិញប្រទេសកម្ពុជា បាននិងកំពុងដំណើរការប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញយ៉ាងសកម្ម ខណៈកម្មកររាប់ពាន់នាក់ដែលត្រូវបានគេបញ្ជូនឱ្យមកធ្វើការដោយបង្ខំនៅក្នុងអាជីវកម្មទាំងនោះ ក៏ត្រូវបានរាយការណ៍ថាមិនអាចចាកចេញពីទីតាំងការងាររបស់ពួកគេផងដែរ។

កម្មករដែលភាគច្រើនជាជនបរទេសទាំងនោះមកពីប្រទេសចិន តៃវ៉ាន់ ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Woman Pleads in Khmer for Scam Rescue

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ