ក្រុមយុវជន​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ស្នើ​បញ្ឈប់​ចេញ​បណ្ណស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

យុវជនម្នាក់មកពី​ខេត្ត​សៀម​រាប លោក ថេល ធីលែន ផ្ដល់បទសម្ភាសអំឡុងពេលពួកគេយកញត្តិទៅដាក់ជូនក្រសួងមហាផ្ទៃ ដោយស្នើសុំបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស​អន្តោប្រវេសន៍នៅកម្ពុជា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជនមកពីខេត្តសៀមរាប នៅថ្ងៃចន្ទនេះ បាននាំគ្នា​ដាក់​​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ស្នើរដ្ឋ​មន្ត្រី​ក្រសួង​មួយ​នេះ​បញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស ដើម្បីទប់ស្កាត់កុំឱ្យមានបញ្ហាប្រឈមនានានៅកម្ពុជា។

​​តំណាង​យុវជនដែល​អះ​អាង​ថាធ្វើដំណើរមកពីខេត្តសៀមរាប លោក អន រតនា មានប្រសាសន៍ថា ញត្តិដែលពួក​គាត់ដាក់នៅ​ក្រសួងមហាផ្ទៃនេះ គឺ​ស្នើ​ដល់ស្ថាប័នមានសមត្ថកិច្ចមួយនេះបញ្ឈប់​ការ​ចេញ​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ដល់ជនបរទេស ជាពិសេសជនជាតិវៀតណា​ម​នៅ​​កម្ពុជា ដើម្បី​កុំឱ្យ​មា​នប​ញ្ហាប្រឈមនានាដល់ប្រទេសជាតិ ដោយសា​រ​​តាម​ប្រវត្តិ​​សាស្ត្រ​ វៀតណាម​តែង​តែមា​ន​មហិច្ឆ​តា​ឈ្លាន​ពាន​កម្ពុជា។

លោកថ្លែងថា៖ «អ្វីដែលយើងអាចកំណត់សម្គាល់ឃើញហានិភ័យខ្ពស់បំផុត គឺប្រជាជាតិវៀតណាម និងកម្ពុជា គឺជាហានិភ័យខ្ពស់សម្រាប់កម្ពុជាតែម្ដង។ អ៊ីចឹង​ហើយបានជាក្រុមយុវជនយើងខ្ញុំទាំងអស់គ្នាបាន​ធ្វើជាញត្តិស្នើ​សុំ​ដល់ក្រសួងមហាផ្ទៃឱ្យយល់​ពីអារម្មណ៍ប្រជាពលរដ្ឋ ឱ្យដឹងអំពីបញ្ហានៃការប្រឈមទៅថ្ងៃអនាគត។ ហានិភ័យទៅថ្ងៃអនាគតហ្នឹង គឺយើងអាចនិយាយបានថា ការដាក់អាណានិគមមកលើកម្ពុជាដោយប្រយោល ក៏ដូចជាយុទ្ធ​សាស្ត្រតាមបែបគ្រប់រូបភាពណាដែលគេអាចធ្វើទៅបាន ហើយមាននិយមន័យជ្រៅបំផុតដែលយើងមិនអាច​មើលឃើញ»។

យុវជនម្នាក់ទៀត​មកពី​ខេត្ត​សៀម​រាប លោក ថេល ធីលែន បានលើកឡើងដែរ​ថា នៅព្រឹកមិញនេះ ក្រសួងមហាផ្ទៃបាន​ទទួល​យក​​ញត្តិ​​​ពី​​ពួក​​គាត់​ ហើយ​​សន្យា​ថានឹង​បញ្ជូន​ញត្តិនេះ​ទៅ​ថ្នាក់​ដឹក​នាំ ដើម្បី​​ពិនិត្យ​និង​​សម្រេច ប៉ុន្តែមន្ត្រីរូបនោះមិនបានបញ្ជាក់ថាពេលណានឹងផ្តល់ព័ត៌មានត្រលប់មកពួកគាត់ជាក់លាក់នោះទេ។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា យ៉ាងយូរមួយសប្ដាហ៍​ទៀត បើក្រសួងមហាផ្ទៃមិនជួយដោះស្រាយតាមសំណើរបស់​ពួក​គាត់​ទេ នោះពួ​ក​គាត់​នឹង​​នាំគ្នា​ដាក់លិខិតជូនដំណឹង​ទៅរដ្ឋបាល​រាជធានីភ្នំពេញជាថ្មីទៀត​​ ដើម្បី​ស្នើ​សុំ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ដោយមានអ្នកចូលរួមប្រមាណ១០០នាក់។

លោកបញ្ជាក់ថា ការជួបជុំនោះមានគោលបំណងធំៗចំនួនពីរ រួមមាន ស្នើសុំឱ្យរដ្ឋាភិបាលលុបចោល និងបញ្ឈប់ផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសនៅកម្ពុជា និងស្នើទៅ​ក្រសួងអប់រំ យុវជន និងកីឡា លុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម ។

លោកថ្លែងដូច្នេះថា៖ «បើសិនជា​អវិជ្ជមាន គឺយើងនឹងរៀបចំធ្វើលិខិតផ្លូវច្បាប់​ទៀត ដាក់​លិខិត​ផ្លូវ​ច្បាប់​អមជាមួយ​ស្នាមមេដៃប្រជាពលរដ្ឋ​ជាងមួយពាន់​ករណីនេះ​ទៀ​ត​ទៅ​សាលារាជធានីភ្នំពេញ ដើម្បីសុំជួបជុំជាផ្លូវការ ព្រោះ​នេះជាការចរចា​រវាងយើងជាមួយ​អភិបាល​រ​ង​នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកញ្ញានេះ ព្រោះគាត់ច្រានចោលការជួបគ្នាជាវត្តមាន គឺគាត់ឱ្យយើងដាក់ជាស្នាមមេដៃវិញ ហើយគាត់បានបង្ហាញឱ្យយើងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យវិញ ប៉ុន្តែពាក់ព័ន្ធនឹង​បញ្ហាដែ​ល​យើង​ធ្វើនៅទីលានប្រជាធិបតេយ្យ​នេះ គាត់​ទទួល​ខុសត្រូវ​នូវ​ពាក្យសម្តីគាត់ ឬមិនទទួលខុសត្រូវ យើងចាំមើលទាំងអស់គ្នា»។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងលោក ផាត សុផានិត បានទេ នៅថ្ងៃនេះ។

ក្នុងខ្លឹមសារនៃ​ញត្តិដែលដាក់ទៅក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បាន​លើកឡើង​​ថា ក្រុមយុវជននៅទូទាំងប្រទេសស្នើសុំបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស​អន្តោប្រវេសន៍នៅកម្ពុជា ដោយពួកគេព្រួយបារម្ភ​ពី​ហានិភ័យ​ជាច្រើន​ដែលកើតចេញពីការប្រកាស​ឱ្យមន្ត្រីក្រោមឱវាទ​ធ្វើសកម្មភាពផ្ដល់នូវបណ្ណដល់ជនបរទេស និង​សិទ្ធិស្មើគ្នា​នឹង​ប្រជាពលរដ្ឋ​ខ្មែរ ដែលនាំឱ្យមានអសន្តិសុខ ជាក់ស្តែងជនអន្តោប្រវេសន៍ទាំងនោះបានប្រព្រឹត្ត ចោរកម្ម ឆក់ប្លន់ ជួញដូរគ្រឿងញៀន ពេស្យាចារ និងការជួញដូរមនុស្ស ព្រមទាំងការលាងលុយកខ្វក់ ជាដើម។

ជុំវិញការស្នើរបស់ក្រុមយុវជននេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានជំរុញដល់​ក្រសួងមហាផ្ទៃ ត្រូវធ្វើការឆ្លើយតបទៅក្រុមយុវជន​ឱ្យស្របតាមគោលការណ៍ច្បាប់ ដើម្បី​កុំឱ្យពួកគេមានការព្រួយបារម្ភពី​ហានិភ័យផ្សេងៗដែលអាចកើតមានឡើងនៅកម្ពុជានាថ្ងៃអនាគត។

លោក​បន្តថា បើក្រសួងមហាផ្ទៃមិនឆ្លើយតប​ទៅនឹងសំណើរបស់ក្រុមយុវជនទេ លោកបារម្ភថា បញ្ហាប្រឈមនានាអាចនឹង​​បន្តកើ​ត​មាន ហើយធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។

លោកមានប្រសាសន៍ថា៖ «យើងឃើញហើយថា បច្ចុប្បន្ននេះមានការកើតឡើងបញ្ហាមិនប្រក្រតីជាច្រើនទាក់ទងនឹង​ការជួញដូរមនុស្ស ឬតាមប្រព័ន្ធអនឡាញ ជាដើម។ អ៊ីចឹងបញ្ហានេះ វាធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ឬអាចប៉ះពាល់ដល់វិស័យវិនិយោគ វិស័យទេសចរណ៍បរទេស ជាដើមទៅថ្ងៃក្រោយ»។

លោកបន្ថែមថា៖ «អ៊ីចឹង​ហើយយើងទាមទារឱមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ទាក់ទងនឹង​បញ្ហា​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់ផ្សេងៗទៀតដែលមានជាធរមាន ទាក់ទងនឹង​ការគ្រប់គ្រងលើជនអន្តោប្រវេសន៍នោះ»។

មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទមាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ