អង្គការ​អន្តរជាតិ​មួយ​ទាមទារ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្សប្រឆាំង​និង​សិទ្ធិមនុស្ស​មុន​ការបោះឆ្នោត

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា​​ «ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា​ សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ (Chamroeun Thy)

អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង សហជីព និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងសកម្មជនផ្សេងទៀត ក្នុងពេលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ។

ក្នុងអត្ថបទសង្ខេបរបស់អង្គការ CIVICUS ស្តីពីការរឹតត្បិតសេរីភាពពលរដ្ឋនៅកម្ពុជា ចេញនៅថ្ងៃទី២០ ខែកញ្ញានេះ ឱ្យដឹងថា អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំង ព្រមទាំងសកម្មជនផ្សេងទៀត នៅតែបន្តប្រឈមនឹងការគំរាមកំហែង និងគាបសង្កត់ពីអាជ្ញាធរនិងតុលាការកម្ពុជា។

ជាក់ស្ដែង រយៈពេល១ឆ្នាំកន្លងមក រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញ និងយាយីលើសកម្មជនបក្សប្រឆាំង ដោយចាប់ឃុំខ្លួននិងចោទប្រកាន់ពួកគេតាមអំពើចិត្ត ហើយមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឡើយ ខណៈសំណុំរឿងរបស់មន្រ្តីសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួន៤រូបដែលត្រូវកាត់ទោសពីបទ «សូកប៉ាន់» ក៏សាលាឧទ្ធរណ៍រាជធានីភ្នំពេញតម្កល់ដូចតុលាការថ្នាក់ក្រោមសម្រេចដែរ។

អង្គការ CIVICUS៖ «ការចោទប្រកាន់ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងនយោបាយលើអតីតសមាជិកគណបក្សសង្គ្រោះជាតិ [CNRP] កំពុងបន្តប្រឈម។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ តុលាការបានកាត់ទោសអ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង ចំនួន២១នាក់ លើការចោទប្រកាន់ដែលមិនមានហេតុផលថា “ញុះញង់” “ញុះញង់បុគ្គលិកយោធាឱ្យមិនស្ដាប់បង្គាប់” និង “រៀបចំផែនការ” ។ តុលាការបានកាត់ទោសអ្នកនយោបាយគណបក្សប្រឆាំងចំនួន៥១នាក់ទៀត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពីបទ “ញុះញង់” និង “សមគំនិត”»។

ក្រៅពីសកម្មជនបក្សប្រឆាំង និងសិទ្ធិមនុស្ស អង្គការ CIVICUS ថាតំណាងនិងសកម្មជនសហជីពយ៉ាងហោចណាស់១១នាក់នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ស្របពេលកូដករដែលធ្វើកូដកម្មអហិង្សាត្រូវបានអាជ្ញាធររុញច្រានទៅដីដោយហិង្សា ហើយរងការបៀតបៀនផ្លូវភេទពីសំណាក់ក្រុមអាជ្ញាធរផងដែរ។

ចំណែកសេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននៅតែរងការវាយប្រហារ ក្នុងនោះ ស្ថានីយវិទ្យុនិងកាសែតត្រូវបានបិទបន្ទប់ផ្សាយ ក្រោយពីអ្នកកាសែតត្រូវបានកាត់ទោស។

អង្គការ CIVICUS ចាត់ទុកការបន្តវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលកំពុងបំផ្លាញសារព័ត៌មានឯករាជ្យ ខណៈរបាយការណ៍ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានរកឃើញថា អ្នកសារព័ត៌មាននៅ
កម្ពុជាកំពុងទទួលរងនូវការបៀតបៀន និងសម្ពាធផ្សេងៗ ក៏ដូចជាអំពើហិង្សាផងដែរ។

អង្គការ CIVICUS៖ «ប្រទេសកម្ពុជា គឺជាភាគីនៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ [ICCPR] ដែលកំណត់កាតព្វកិច្ចលើរដ្ឋនានា ក្នុងការគោរព និងការពារលំហពលរដ្ឋ។ ទោះបីជាមានដំណោះស្រាយជាច្រើននៅក្រុមប្រឹក្សាសិទ្ធិមនុស្សក៏ដោយ ក៏អាជ្ញាធរនៅតែបន្តដាក់គោលដៅលើអ្នកការពារសិទ្ធិមនុស្ស សកម្មជនសហជីព និងអ្នកសារព័ត៌មាន ដោយនិទណ្ឌភាព។ រដ្ឋាភិបាលត្រូវតែទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងពួកគេភ្លាមៗ ក៏ដូចជាចាត់វិធានការ ដើម្បីកែប្រែ ឬលុបចោលបទប្បញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌដែលត្រូវបានប្រើប្រាស់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ»។ នេះបើយោងតាមលោក ចូសេហ្វ បេនីឌីក (Josef Benedict) អ្នកស្រាវជ្រាវអាស៊ីប៉ាស៊ីហ្វិក នៃអង្គការ CIVICUS។

អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) អំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស សហជីព បក្សប្រឆាំង និងសកម្មជនផ្សេងទៀត ដើម្បីបញ្ចប់ការរឹតបន្តឹងលើសេរីភាពជាមូលដ្ឋាន ខណៈលំហសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជាបានបន្តធ្លាក់ចុះ។

អង្គការនេះក៏អំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យគោរពនិងការពារសិទ្ធិមនុស្សតាមរយៈក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងដោយផ្ទាល់ មុនការបោះឆ្នោតឆ្នាំ២០២៣ខាងមុន ខណៈការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ សមាជិក និងសកម្មជនគណបក្សភ្លើងទៀន ប្រឈមមុខនឹងការយាយីពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។

អង្គការនេះក៏បានលើកឡើងពីករណីបណ្ដឹងប្រឆាំងនឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីបានរិះគន់ការបោះឆ្នោតឃុំសង្កាត់ និង គ.ជ.ប។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការ CIVICUS៖ «ទោះបីជាមានការបន្តចូលរួម និងរាយការណ៍ដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងដំណោះស្រាយជាច្រើននៅក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអនុសាសន៍របស់អង្គការសហប្រជាជាតិក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាមិនបានបង្ហាញឆន្ទៈនយោបាយក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់លំហពលរដ្ឋនោះទេ»។

ឆ្លើយតបចំពោះការលើកឡើងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្ដា អ៊ន លើកឡើងថា ទោះបីជាបុគ្គលរូបនោះជាអ្នកនយោបាយក្ដី និងការពារសិទ្ធិមនុស្សក្ដី បើអ្នកទាំងនោះប្រព្រឹត្តបទល្មើស ត្រូវទទួលទោសតាមច្បាប់។

លោកថា៖ «ជាទម្លាប់អាក្រក់នៅក្នុងរបាយករណ៍ផ្សេងៗ គាត់តែងតែលើកករណីផ្សេងៗដែលកើតឡើង ជាពិសេសគាត់ផ្ដោតសកម្មភាពរបស់គណបក្សនយោបាយ សកម្មជន អង្គការសង្គមស៊ីវិល បរិស្ថាន។ល។ គាត់មិនបានញែកអំពើណាមួយជាអំពើរំលោភសិទ្ធិមនុស្ស ឬអំពើណាមួយជាអំពើល្មើសច្បាប់ទេ ឱ្យតែអំពើកើតឡើងចំពោះក្រុមទាំងនោះ គាត់លាតត្រដាងជាអំពើរំលោភសិទ្ធិមនុស្សទាំងអស់ ដែលនេះជាការផ្ដល់នូវភាពអយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយនៅក្នុងក្របខណ្ឌច្បាប់ក្ដី ក្របខណ្ឌសិទ្ធិមនុស្សក្ដី យើងត្រូវតែមានស្ដង់ដារមួយ គឺស្ដង់ដារច្បាប់ យើងមិនអាចឱ្យមានស្ដង់ដារពីរក្នុងក្របខណ្ឌច្បាប់និងក្របខណ្ឌសិទ្ធិមនុស្សនៅកម្ពុជាទេ»។

ទោះជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើរដ្ឋាភិបាលកម្ពុជាមិនព្រមកែលម្អចំណុចខ្វះចន្លោះរបស់ខ្លួន ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតទេ កម្ពុជាអាចប្រឈមនឹងទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អឺរ៉ុប តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ពីសហរដ្ឋអាមេរិក។

លោកថា៖ «មួយទៀត ក៏វាប៉ះពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរ ទាក់ទងនឹងការប្រជុំអន្តរជាតិនានា ជាពិសេសការប្រជុំពិនិត្យឡើងវិញ នៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាការប្រជុំផ្សេងៗនៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ មួយទៀត ក៏វាប៉ះពាល់ទៅដល់មូលនិធិជំនួយសម្រាប់កម្ពុជា គេមើលថាតើកម្ពុជាយើងមានការកែប្រែ ឬវិវត្តយ៉ាងណា ចំពោះស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។

អង្គការ CIVICUS បានកំណត់ចំណាត់ថ្នាក់ប្រទេសនៅលើពិភពលោក ទាក់ទងនឹងការគោរពសិទ្ធិមនុស្សចំនួន៥ចំណាត់ថ្នាក់ ក្នុងនោះប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ មានន័យថា ជាប្រទេសដែលលំហ​ពលរដ្ឋ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង។ បុគ្គលសកម្ម និងសមាជិកសង្គមស៊ីវិល ដែលរិះគន់អ្នកកាន់អំណាច ប្រឈមនឹងការឃ្លាំមើល ការយាយី ការបំភិតបំភ័យ ការជាប់ពន្ធនាគារ របួស និងការស្លាប់។ ទោះបីជាមានអង្គការសង្គមស៊ីវិលមួយចំនួនក៏ដោយ ប៉ុន្តែការងារតស៊ូមតិរបស់ពួកគេត្រូវបានរារាំងជាប្រចាំ ហើយពួកគេប្រឈមនឹងការគំរាមកំហែងនៃការលុបឈ្មោះ និងការបិទដោយអាជ្ញាធរ។ អ្នកដែលរៀបចំ ឬចូលរួមក្នុងការតវ៉ាដោយសន្តិវិធី ទំនងជាត្រូវបានអាជ្ញាធរកំណត់គោលដៅ តាមរយៈការប្រើប្រាស់កម្លាំងហួសហេតុ រួមទាំងការប្រើប្រាស់គ្រាប់រំសេវ និងការប្រឈមមុខនឹងការចាប់ខ្លួន និងការឃុំខ្លួនយ៉ាងច្រើន។ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានកំណត់គោលដៅជាប្រចាំ តាមរយៈការវាយឆ្មក់ ការវាយប្រហារលើរាងកាយ ឬការបៀតបៀនផ្លូវច្បាប់ដែលអូសបន្លាយ។ ចំណែកគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានបិទ ហើយសកម្មភាពលើអ៊ីនធឺណិតត្រូវបានត្រួតពិនិត្យយ៉ាងខ្លាំង៕    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ